"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ការប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ក្នុងទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា នៅចេតីយ៍សម្រាប់សហគមន៍នៅខេត្តកំពង់ចាម

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំគគរ គាំទ្រដោយមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម​​នៅ​ចេ​តី​យ៍​​សម្រាប់​សហគមន៍ និង​ដើម្បី​រំឭកដល់​ការចងចាំ​ពី​អំពើ​ប្រល័យពូជសាសន៍នៅក្នុងរបបខ្មែរក្រហម។ ចេ​តី​យ៍​​សម្រាប់​សហគមន៍ មានទីតាំងស្ថិតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់​សៀម ដែលមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។

ចេ​តី​យ៍​​សម្រាប់​សហគមន៍ ត្រូវបានកសាងជានិមិត្តរូបដើម្បី​រំឭក​ការចងចាំ​ជា​សមូហភាពដល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម និងជា​វេទិកា​ផ្ទាល់សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​នៅ​កម្រិតមូលដ្ឋាន​ដើម្បីចែករំលែក​បទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហម​ដល់​ក្មេងជំនាន់ក្រោយ​​ ក្នុងការឈ្វេងយល់​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន។ ចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ​១៩៧៩ ក្នុងភូមិសាស្រ្តឃុំគគរ ត្រូវបានខ្មែរក្រហមរៀបចំធ្វើជាទីតាំងធ្វើទារុណកម្ម សួរចម្លើយ និងទីតាំងសម្លាប់ប្រជាជនចំនួន៣កន្លែងដែលធ្វើឲ្យជនរងគ្រោះរាប់រាយនាក់ស្លាប់បាត់បង់ជីវិត ។ ទីតាំងសម្លាប់ទី១) ការ​ដ្ឋានវាលស្រែក្នុងភូមិចំការសាមសិប (ដែលជាទីតាំងចេ​តី​យ៍​​សម្រាប់​សហគមន៍សព្វថ្ងៃ)។ ប្រជាជន​មូលដ្ឋាន ដែលប្រព្រឹត្តខុស និងប្រជាជនបញ្ញើ ​ត្រូវបាន​ខ្មែរក្រហមយកទៅ​សម្លាប់​នៅវាលស្រែ។ ទីតាំងទី២) ឡដុតថ្នាំជក់ ដែលខ្មែរក្រហមប្រើប្រាស់សម្រាប់សម្លាប់ជនជាតិភាគតិចចាមដែលរស់នៅភូមិចំការសាមសិប និងភូមិកំពង់ក្របី។​ ជនជាតិភាគតិចចាមជាច្រើនគ្រួសារត្រូវបានខ្មែរក្រហមដឹកយកទៅសម្លាប់ និងកប់នៅក្នុងឡថ្នាំជក់ស្ថិតនៅឆ្ងាយពីផ្ទះអ្នកភូមិ។ ទីតាំងសម្លាប់​ទី៣) មន្ទីរសន្តិសុខវត្តគគរ ដែលបានបង្កើតឡើង​នៅ​ឆ្នាំ​១៩៧៥។ នៅពេលដែល​កម្មាភិបាល​ខ្មែរក្រហមមកពី​​ភូមិភាគ​និរតីចូលមក​គ្រប់គ្រង​ភូមិសាស្ត្រ​ឃុំ​គគរ រវាងពាក់កណ្ដាលឆ្នាំ១៩៧៧ រហូតដល់​ចុងឆ្នាំ​១៩​៧៨​ ការកាប់សម្លាប់​ប្រជាជនកើតមានកាន់តែច្រើនឡើង​។ ប្រជាជន​មូលដ្ឋាន និងជនជាតិភាគតិចចាមត្រូវបាន​យកទៅ​សម្លាប់ជាបន្តបន្ទាប់ ខណៈពេលដែល​អតីត​ក​ម្មា​ភិ​បាល​ភូមិភាគ​បូព៌ា​កម្រិត​មូលដ្ឋានជាច្រើន និង​អ្នកពាក់ព័ន្ធ​ត្រូវបាន​ចាប់​ឃុំឃាំង​ សួរចម្លើយ និង​សម្លាប់​នៅ​មន្ទីរ​សនិ្ដ​សុខ​ឃុំ​គគរ​។ កម្មាភិបាល​ខ្មែរក្រហមមកពី​​ភូមិភាគ​និរតី បានឲ្យអ្នកទោសជីករណ្ដៅសាកសពរួមជាច្រើន​មុនពេលសម្លាប់។

ជារៀងរាល់ឆ្នាំ នៅថ្ងៃទិវាជាតិនៃការចងចាំ អាជ្ញាធរមូលដ្ឋាន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម នៅក្នុងបរិវេណវត្តគគរ។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ សំណង់ចេ​តី​យ៍​​សម្រាប់​សហគមន៍បានលេចចេញ​រូបរាង​ឡើងជា​លើកដំបូង​នៅភូមិសាស្រ្តឃុំគគរ ដែលអាចឲ្យប្រជាជនមូលដ្ឋានរៀបចំប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះនៅចេ​តី​យ៍​​សម្រាប់​សហគមន៍នេះ នៅទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។

នៅក្នុងពិធីសូត្រមន្តបង្សុកូលឧទ្ទិសដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម លោកយាយ ប៊ុន សេងហាន អាយុ៧៦ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម បានរៀបរាប់ថា «ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តរាល់ពេលដែលខ្ញុំនឹកឃើញពីការស្លាប់របស់ប្ដី និងបងប្អូនប្រុសស្រីរបស់ខ្ញុំសរុបចំនួន៩នាក់ក្នុងរបបខ្មែរក្រហម។ ជារៀងរាល់ឆ្នាំ ខ្ញុំនិមន្តព្រះសង្ឃសូត្រមន្តឧទ្ទិសកុសលជូនគ្រួសារដែលបានស្លាប់ក្នុងរបបខ្មែរក្រហមនៅផ្ទះ។ ប៉ុន្តែនៅឆ្នាំនេះ ខ្ញុំអាចចូលរួមការប្រារព្ធទិវាជាតិនៃការចងចាំក្នុងមូលដ្ឋានរបស់ខ្ញុំ ដែលមានការកសាងចេ​តី​យ៍​​សម្រាប់​សហគមន៍នេះ។ ខ្ញុំរំភើបផង និងនឹកឃើញពេលវេលានៃការបាត់បង់គ្រួសារផង នៅពេលដែលព្រះសង្ឃសូត្រមន្ត។ ខ្ញុំសូមឧទ្ទិសកុសលជូនគ្រួសាររបស់ខ្ញុំ និងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម»។

លោក សៀង ស៊ីផាន ក្រុមប្រឹក្សារឃុំគគរ បានលើកឡើងថា  «នៅថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃមួយដែលប្រជាជនកម្ពុជាត្រូវតែចងចាំពីរងទុក្ខវេទនា និងការកាប់សម្លាប់ប្រជាជន។ យើងមិនអាចបំភ្លេចរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហមទាំងនៅកម្រិតមូលដ្ឋាន និងទូទាំងប្រទេសទេ។​ ខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានជួយកសាងចេ​តី​យ៍​​សម្រាប់​សហគមន៍នេះជានិមិត្តរូបសម្រាប់ឲ្យអ្នករស់រានមានជីវិតសិស្សា​នុសិស្ស និងប្រជាជនមូលដ្ឋានអាចមកចែករំលែកបទពិសោធន៍ជីវិត និងប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម»។

ជាចុងក្រោយ លោក តុង​ សុភា អ្នករស់រានមានជីវិត និងជាតំណាងសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានឃុំគគរ បញ្ជាក់ថា «ចេ​តី​យ៍​សម្រាប់​សហគមន៍នេះជានិមិត្តរូបសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅមូលដ្ឋានឃុំគគរ និងនៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ខ្ញុំ ការប្រារព្ធទិវាចងចាំនេះ គឺមានសារសំខាន់ខ្លាំងណាស់ ដែលអាចជួយឲ្យអ្នករស់រានមានជីវិតនិយាយប្រាប់ពីអ្វីដែលបានកើតឡើងនៅក្នុងមូលដ្ឋានទៅកាន់ក្មេងៗជំនាន់ក្រោយ ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមកុំឲ្យកើតឡើងម្តងទៀត»។

អត្ថបទ ៖ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម