"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

និសិ្សតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្មខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្រុមនិសិ្សតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន១៩នាក់ និងលោកសាស្ត្រាចារ្យ បាន​មកទស្សនកិច្ចសិក្សា​នៅ​មជ្ឈមណ្ឌលឯកសារកោះថ្ម​ខេត្តត្បូង​​ឃ្មុំ។ លោក ឡុង ដានី គឺជានាយកនៅមជ្ឈមណ្ឌលឯកសារកោះថ្ម បានទទួលស្វាគមន៍ សាស្ត្រាចារ្យ និស្សិត ហើយក៏បានជម្រាបអំពីប្រវត្តិនៃការបង្កើត មជ្ឈ​មណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ។

មជ្ឈមណ្ឌលឯកសារកោះថ្មត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។ មជ្ឈមណ្ឌលឯកសារកោះថ្មត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណកាលពីថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២០ ក្នុងគោលបំណង ៖

១)បង្ហាញអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០។ ជាពិសសេសដំណើរ ឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត, សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូប កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

២) ពង្រឹងដល់ដំណើរការសន្តិភាព និងទប់ស្កាត់ជម្លោះនានាតាមរយៈកម្មវិធីអប់រំដែល នឹងផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយដែលភាគច្រើនរស់នៅតាមជនបទ។ ៣) លើកទឹកចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងការចែករំលែកអំពីរឿងរ៉ាវ ឬបទពិសោធន៍ផ្ទាល់ខ្លួនដល់ក្មេងៗជំនាន់ក្រោយ។

៤) ប្រមែប្រមូលរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងបទឧក្រិដ្ឋដែលបន្សល់ពីរបបខ្មែរក្រហម។

៥)លើកកម្ពស់សុខុមាលភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតាមរយៈការវាយតម្លៃស្ថានភាពសុខភាព និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាព សុខភាពពួកគាត់។

៦)ពង្រឹងតួនាទីជាអ្នកដឹកនាំដល់អ្នកធ្វើការងារស្ម័គ្រចិត្តតាមរយៈការចូលរួមការបណ្តុះបណ្តាលផ្នែកប្រវត្តិសាស្ត្រ និងសុខភាព និងផ្តល់ឱកាសដល់អ្នកស័្មគ្រចិត្តធ្វើការងារដោយផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

បន្ទាប់មកលោក ឡុង ដានី បានដឹកនាំនិសិ្សត និងសាស្ត្រាចារ្យដើរទស្សនាពិព័រណ៍រូបថតចំនួន១៣៣សន្លឹក រូបគំនូរចំនួន៣៦ផ្ទាំង និងផែនទីចំនួន៦ផ្ទាំង។ រូបថត និងរូបគំនូរទាំងនោះបង្ហាញអំពី ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដោយសង្ក្រាមចាប់ផ្តើមចេញពីតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្រុកស្នួល ខេត្តក្រចេះ,បណ្តុំរូបថត នៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) ,ភ័ស្តុតាងមួយចំនួន អំពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមមកលើប្រជាជនកម្ពុជា, ដំណើរសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តទាំង៤រូបធ្វើដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧, ការបង្កើតអង្គភាព១២៥ និងរូបថតនៃការផ្តួចផ្តើមបង្កើតគោលនយោបាយឈ្នះឈ្នះរបស់ សមេ្តចតេជោ ហ៊ុន សែន នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងការទទួលបានសន្តិភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨។​ រូបថតទាំងនោះថត ដោយ លោក ដេវីត ហក គឺជាអ្នកថតរូបជនជាតិអាមេរិក, លោក ឆាំង យុ គឺជាអ្នកថតរូបជនជាតិកម្ពុជា,  លោកស្រី ស៊ីវវ៉ាណា ហ្វរ គឺជាអ្នកថតរូបជនជាតិអាមេរិក, លោក ម៉ៃ ឡាំ គឺជាអ្នកថតរូបជនជាតិវៀតណាម, លោក ហ្គនណារ ប៊ើកស្ត្រម គឺជាអ្នកថតរូបជនជាតិស៊ុយអែត។ ចំណែករូបគំនូរគូរដោយវិចិត្រករ អ៊ុត រឿន។

នៅចុងបញ្ចប់ លោក ឡុង ដានី បានបន្ថែមថា មជ្ឈមណ្ឌឯកសារកោះថ្ម គឺជាទីតាំងប្រវត្តិសាស្ត្រយោធាមួយដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតធ្វើជាដើមទុនដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងប្រដាប់អាវុធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាប្រមាណ៥លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់។ ចាប់ផ្តើមពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបរួមមាន៖ នុត ថត, សន សាញ់, ញឹក ហួន និង វ៉ា ប៉ោអ៊ាន បានចាកចេញពីទីបញ្ជាការដ្ឋាន វរសេនាធំតំបន់២១ ស្ថិតនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទាំងយប់ឆ្ពោះទៅកាន់​ស្រុកឡុកនិញ ខេត្តសុងប៊ែ (បច្ចុប្បន្នស្រុកឡុកនិញ ខេត្តប៊ិញហ្វឿក) ប្រទេសវៀតណាមប្រកបដោយគ្រោះថ្នាក់បំផុត។ ឱកាសល្អនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ អង្គភាព១២៥ ដែលជាកងកម្លាំងប្រដាប់អាវុធដំបូង​ដើម្បីតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល​ ពត ត្រូវបានប្រកាសឡើងនៅក្នុងប្រទេសវៀតណាមដោយមាន សមមិត្ត ហ៊ុន សែន​ ជាប្រធានទទួលបន្ទុកនយោបាយ និងយោធា, សមមិត្ត នុត ថន គឺជាអនុប្រធានទទួលផ្នែកនយោបាយ,សមមិត្ត ហែម សាមិន គឺជាអនុប្រធានទទួលបន្ទុកភស្តុភារ និងហិរញ្ញវត្ថុ។ បន្ទាប់ពីការប្រកាសបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែឆ្នូ ឆ្នាំ១៩៧៨ អង្គភាព១២៥​បានកើនឡើងរហូតទៅដល់២២វរសេនាតូចបុរស និងមួយកងវរសេនាតូចនារី ​ដែលមានសមមិត្តនារី មាន សំអាន គឺជាប្រធានកងវរសេនាតូច និងមានកម្លាំងសរុបរហូតដល់ជាង១ម៉ឺននាក់។​​ ចាប់ផ្តើមពីថ្ងៃទី២៣ ខែ​ឆ្នូ ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធអង្គភាព១២៥ និងកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយសម្រុកជាទ្រង់ទ្រាយធំមកលើរបបខ្មែរក្រហម និងបានចូលកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុងនៅថ្ងៃទី៧ ខែមករា ឆ្នាំ​១៩៧៩។​ បន្ទាប់មកអង្គភាព១២៥ បានក្លាយទៅជាកងទ័ពប្រជាជនបដិវត្តន៍នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជាពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣។ ថ្នាក់ដឹកនាំកងយោធពលខេម រភូមិន្ទនាពេលបច្ចុប្បន្នភាគច្រើនបានប្រសូត្រចេញពីអង្គភាព១២៥នេះ។

និស្សិតមកទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកោះថ្ម មានចំណាប់អារម្មណ៍ថា៖

គង់ តាយសេង ភេទប្រុស អាយុ២១ ឆ្នាំ គឺជានិសិ្សតឆ្នាំទី៣ផ្នែកទំនាក់ទំនងអន្តរជាតិ សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋ​កិច្ច លើកឡើងថា« នៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម គឺជាកន្លែងមួយដែលអាចឲ្យខ្ញុំស្រាវជ្រាវទាក់ទងនឹងឯកសារមួយចំនួនអំពីដំណើររបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តទាំង៤រូប ធ្វើដំណើរទៅប្រទេស​វៀតណាមនៅក្នុងគោលបំណងសង្គ្រោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត។ ចំពោះឯកសារមួយចំនួនទៀតដូចជា រូបថតអំពីរបបខ្មែរក្រហមថា ប្រជាជនកម្ពុជាពិតជាលំបាកវេទនាខ្លាំង។ ចំណែកផែនទីដំណើររបស់សម្តេចតេជោ ហ៊ុន សែន ទៅវៀតណាមវិញ ខ្ញុំគិតថា បើសិនខ្ញុំចង់ស្រាវជ្រាវលើប្រធានបទនេះ ខ្ញុំអាចរកបាន នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ យើងជាយុវជនជំនាន់ក្រោយទាំងអស់ ត្រូវតែរៀនសូត្រអំពីប្រវត្តិសាស្ត្ររបបខ្មែរក្រហមដើម្បីទប់ស្កាត់កុំឲ្យរបបនេះវិលមកវិញម្តងទៀត»។

ត្រាំង គីមជូ ភេទស្រី អាយុ២០ឆ្នាំ ជានិសិ្សតឆ្នាំទី៣ផ្នែកទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច« ខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងទាក់ទងនឹងរបបខ្មែរក្រហម ព្រោះលោកតា លោក​យាយខ្ញុំតែងតែនិយាយរឿងរ៉ាវកាលពីសម័យខ្មែរក្រហមប្រាប់ខ្ញុំជាច្រើន គាត់និយាយថាកាលពីសម័យខ្មែរក្រហម អង្គការបង្ខំប្រជាជនឲ្យធ្វើការងារពលកម្មធ្ងន់ៗ ខ្មែរក្រហមបានបែងចែងឲ្យប្រជាជនឲ្យធ្វើពលកម្មទៅតាមកងនីមួយៗ ដូចជាមនុស្សចាស់ធ្វើពលកម្មនៅតាមកងដូចជាលើកដី, ធ្វើស្រែ។ ចំណែកកូនក្មេងធ្វើពលកម្មនៅក្នុងកងកុមារ។ នៅពេលឮលោកតា លោកយាយខ្ញុំនិយាយ ខ្ញុំចាប់ផ្ដើមចង់ដឹងពី​​​​​ម័យខ្មែរក្រហម ព្រោះរបបនេះបានធ្វើបាបប្រជាជនខ្មែររាបលាននាក់។ ខ្ញុំគិតថាខ្លួនឯងមានសំណាង ដែលមិនបានឆ្លងកាត់របបខ្មែរក្រហម។ អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺនៅពេលបានមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលពោលពេញទៅដោយរូបភាពនៅក្នុងរបបខ្មែរក្រហម។ ខ្ញុំគិតថាការសិក្សាប្រវត្តិសាស្រ្ត វាមានសារសំខាន់ណាស់ ព្រោះធ្វើឲ្យយុវជនជំនាន់ក្រោយ បានយល់ដឹងអំពីប្រវិត្តសាស្រ្តខ្មែរ និងទប់ស្កាត់របបខ្មែរក្រហមកុំឲ្យកើតមានឡើងម្ដងទៀត។

អត្ថបទ ៖ គាត ស្រីឡែន បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា