"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ឈា សុខឿន៖ នារីពេទ្យឃុំសម័យខ្មែរក្រហម

នៅឆ្នាំនេះ ឈា សុខឿន មានអាយុជិត៧០ឆ្នាំហើយ។ គាត់មិនសូវមានពេលទំនេរនៅផ្ទះឡើយ ព្រោះគាត់មានភារកិច្ចសំខាន់មួយចំនួនដែលកំពុងអនុវត្តន៍នៅក្នុងភូមិ ឃុំ របស់គាត់។ សុខឿន ក្រៅពីជួយរៀបចំម្ហូបអាហារសម្រាប់ចង្ហាន់ប្រគេនព្រះសង្ឃនៅក្នុងវត្ត គាត់គឺជាជំនួយការរបស់ក្រុមគ្រូពេទ្យឃុំ។ សុខឿន បានអប់រំអ្នកភូមិឲ្យយល់ដឹងអំពីសារសំខាន់នៃ ការប្រើប្រាស់មន្ទីរពេទ្យសម្រាប់ថែរក្សាសុខភាពផ្ទាល់ខ្លួន។ សុខឿន មានសុខភាពល្អ និងរឹងប៉ឹងដូចពេលដែលគាត់ស្ថិតក្នុងវ័យក្មេងអញ្ចឹង។ កាលពីទសវត្សរ៍ឆ្នាំ១៩៧០ សុខឿន គឺជាកម្មាភិបាលនារីភូមិកែវស្នា គឺជាកម្មាភិបាលពេទ្យឃុំព្រៃឃ្នេស និងជាអ្នកដែលអង្គការចាត់តាំងជាខ្មែររំដោះប្រចាំឃុំព្រៃឃ្នេសដែលទុកចិត្តក្នុងការសម្រេចបញ្ជូនយុវជន និងយុវនារី នៃឃុំព្រៃឃ្នេសឲ្យចូលបម្រើបដិវត្តន៍។ សុខឿន បានត្អូញត្អែរថា គាត់សោកស្តាយចំពោះការចំណាយពេលវេលាចូលបម្រើបដិវត្តន៍របស់គាត់នាពេលកន្លងមក។ ខាងក្រោមនេះ គឺជាសម្តីរបស់ សុខឿន ដែលបាននិយាយប្រាប់ក្រុមការងារមជ្ឈមណ្ឌលឯកសារខ្មែរក្រហម ខេត្តព្រៃវែង   អំពីបទពិសោធន៍របស់គាត់៖

«ខ្ញុំឈ្មោះ ឈា សុខឿន អាយុ៦៧ឆ្នាំ។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិកែវស្នា ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ នៅក្នុងឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ ខ្ញុំសម្រេចចិត្តចូលធ្វើជាកងឈ្លបនៅក្នុងភូមិកំណើតរបស់ខ្ញុំ ដើម្បីទាមទារឲ្យសម្ដេចឪ ឡើងគ្រប់គ្រងអំណាចវិញ និងដើម្បីការពារប្រជាជននៅក្នុងភូមិ។ ក្រុមរបស់ខ្ញុំមានសមាជិកចំនួន១២នាក់។ ម៉ន និង សារ៉ាត គឺជាអ្នកគ្រប់គ្រងក្រុមកងឈ្លប។ ពួកយើងគឺជាកម្លាំងជួរមុខ ដែលត្រៀមខ្លួនគ្រប់ពេលសម្រាប់ការស្ម័គ្រចិត្តចូលធ្វើជាយោធា។ ក្រុមកងឈ្លបទាំងអស់ តម្រូវឲ្យចូលរៀនវគ្គនយោបាយនៅពេលយប់ ដូចប្រជាជនឯទៀតដែរ។ យើងរៀនអំពី «គោលមាគា៌សង្គ្រាមប្រជាជន»។ ក្រៅពីរៀនសូត្រវគ្គនយោបាយ តួនាទីរបស់យើងជាកងឈ្លប គឺដើរមើល យាមកាម និងស៊ើបយកការណ៍ពីប្រជាជននៅក្នុងភូមិអំពីសកម្មភាពធ្វើទំនាក់ទំនងក្បត់ ឬលក់ស្រូវអង្ករនិងសត្វចិញ្ចឹមផ្សេងៗទៅឲ្យខាង លន់ នល់ យកទៅរាយការណ៍ឲ្យប្រធានសហករណ៍បានដឹង។ នៅឆ្នាំ១៩៧២ ម៉ន និងសារ៉ាត បានបញ្ជូនសមាជិកក្រុមរបស់ខ្ញុំមួយចំនួន ឲ្យចូលបម្រើជាយោធាដើម្បីប្រយុទ្ធជាមួយទាហាន លន់ នល់។ ចំណែកខ្ញុំ ត្រូវបានផ្លាស់ប្ដូរឲ្យទៅគ្រប់គ្រងកងយុវនារីភូមិជំនួសវិញ។ ខ្ញុំមានតួនាទីជាអនុប្រធានកងនារី មានភារកិច្ចគ្រប់គ្រង និងមើលការខុសត្រូវនារីៗនៅក្នុងភូមិកែវស្នា ការការពារសន្តិសុខរបស់ប្រជាជននៅក្នុងភូមិ និងជ្រើសរើសនារីៗឲ្យចូលបម្រើជាយោធា។ ក្នុងពេលដែលខ្ញុំធ្វើជាអនុប្រធានកងនារីភូមិ ខ្ញុំនិងមិត្តនារីពីរនាក់ទៀត ត្រូវថ្នាក់លើចាត់តាំងឲ្យចូលរៀនវិជ្ជាពេទ្យ ដើម្បីចូលបម្រើការជាកម្មាភិបាលពេទ្យនៅមន្ទីរពេទ្យភូមិស្វាយជោរ ឃុំព្រៃឃ្នេស។ ខ្ញុំរៀនពេទ្យអស់រយៈពេលបីខែ ជាមួយគ្រូពេទ្យជំនាញនៅក្នុងឃុំព្រៃឃ្នេស។ នៅខែដំបូង ខ្ញុំរៀនផ្សំថ្នាំ រៀនចំណាំឈ្មោះថ្នាំ និងរៀនចាក់ថ្នាំលើខ្នើយ។ នៅខែទីពីរនិងទីបី ខ្ញុំចេញទៅព្យាបាល និងចាក់ថ្នាំឲ្យប្រជាជននៅក្នុងឃុំជាមួយគ្រូពេទ្យជំនាញប្រចាំឃុំព្រៃឃ្នេស។ ខ្ញុំសប្បាយចិត្តក្នុងការធ្វើការងារនេះខ្លាំងណាស់ ព្រោះខ្ញុំគិតថា ខ្ញុំធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងប្រជាជនមានសុខភាពល្អ។

នៅឆ្នាំ១៩៧៣រហូតដល់ថ្ងៃជ័យជំនះ១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំចូលបម្រើការជាកម្មាភិបាលពេទ្យប្រចាំព្រៃឃ្នេសពេញលេញ។​ តួនាទីរបស់ខ្ញុំគឺព្យាបាលប្រជាជនក្នុងឃុំ។ មុនដំបូង ការព្យាបាលគឺប្រើប្រាស់ថ្នាំពេទ្យដែលបានមកពីការរៃអង្គាសលុយពីអ្នកភូមិយកទៅទិញថ្នាំពីស្រុកមេសាង។ បន្ទាប់មក ការព្យាបាលគឺប្រើប្រាស់ថ្នាំបុរាណ ថ្នាំឬសឈើជំនួសវិញ។

បន្ទាប់ពីថ្ងៃ១៧ មេសា ១៩៧៥មក ខ្ញុំនៅតែធ្វើជាកម្មាភិបាលពេទ្យប្រចាំការនៅក្នុងឃុំព្រៃឃ្នេសដដែល។ ការហូបចុកនៅពេលនោះ គឺខ្វះខាតខ្លាំងណាស់។ របបអាហារតិចទៅៗ។ ម្នាក់ៗទទួលបានអង្ករតែពីរខាំកន្លះប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប្រជាជនចាប់ផ្ដើមខ្វះខាតស្បៀងអាហារក្នុងការហូបចុក ហើយក៏មានជំងឺរាតត្បាតច្រើនទៀត ដូចជាជំងឺគ្រុនចាញ់ រាគមូល និងក្ដៅខ្លួនជាដើម។ ខ្ញុំនៅព្យាបាលជំងឺអ្នកទាំងនោះគ្មានពេលទំនេរឡើយ។

ទេសភាពវាលស្រែ ស្ថិតនៅឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៧ ខ្ញុំសុំប្រធានសហករណ៍ចុះទៅធ្វើការនៅតាមការដ្ឋានវិញម្តង ព្រោះខ្ញុំគិតថាខ្ញុំអាចស្គាល់កន្លែងផ្សេងៗ និងអាចទទួលបានរបបអាហារគ្រាន់បើជាងនៅក្នុងសហករណ៍។ អង្គការបានយល់ព្រម និងបានបញ្ជូនខ្ញុំទៅកាន់មូលដ្ឋានកៅទៃ ក្នុងតួនាទីជាអ្នកព្យាបាលជំងឺឲ្យក្រុមកងចល័តដែលបំពេញភារកិច្ចលើកសណ្ដរ ទឹក(ទំនប់ទឺក) និងមើលការខុសត្រូវពីសុខភាពកងចល័តនារីៗ។ ក្រោយមក អង្គការបញ្ជូនខ្ញុំឲ្យទៅធ្វើការនៅក្នុងមូលដ្ឋានស្រែជម្រៅបន្តទៀត ក្នុងតួនាទីដដែល។ នៅស្រែជម្រៅ ខ្ញុំត្រូវរបួសភ្លៅដោយគ្រាប់កាំភ្លើងរបស់កងទ័ពវៀតណាម។ ខ្ញុំដឹងរឿងរ៉ាវជាច្រើនទាក់ទងនឹងការប្រយុទ្ធគ្នា និងផែនការគប់គ្រាប់បែកសម្លាប់កងចល័តក្នុងពេលបំពេញការងារនៅកន្លែងលើកទំនប់ទឹកនៅស្រែជម្រៅ។ ផែនការនេះ បានបែកការណ៍ ហើយពុំមាននរណាម្នាក់ចូលក្នុងការដ្ឋានលើកសណ្តរនេះទៀតទេ។

ដោយសារខ្ញុំត្រូវរបួស អង្គការបានបញ្ជូនខ្ញុំឲ្យមកព្យាបាលខ្លួននៅក្នុងភូមិវិញនៅឆ្នាំ១៩៧៨។ ពេលមកដល់សហករណ៍ ខ្ញុំឃើញយោធាខ្មែរក្រហមមកពីភូមិភាគនិរតី កំពុងបញ្ជាឲ្យប្រជាជនជីករណ្ដៅជាច្រើននៅភូមិកែវស្នា ដោយមិនប្រាប់ពីមូលហេតុនៃការជីកឡើយ។ ខ្ញុំបានឮដំណឹងមិនច្បាស់ការថា ការជីករណ្តៅទាំងនេះគឺសម្រាប់ត្រៀមទុកសម្លាប់ប្រជាជន។ គ្រាន់តែឮដំណឹងនេះ ខ្ញុំនិងមិត្តនារីពេទ្យផ្សេងទៀតបានត្រៀមថ្នាំទុកសម្រាប់សម្លាប់ខ្លួន ឯងរួចជាស្រេច​ ប៉ុន្តែក្រោយមក យើងមិនបានលេបថ្នាំសម្លាប់ខ្លួនឡើយ។

នៅដើមខែមករា ឆ្នាំ១៩៧៩ ខ្ញុំធ្វើដំណើរចេញពីភូមិទាំងជើងនៅឈឺ ព្រោះវៀតណាមជិតចូលមកដល់ឃុំព្រៃឃ្នេស។  ខ្ញុំធ្វើដំណើរទៅដល់ឃុំបាបោង រៀបនឹងធ្វើក្បូនឆ្លងទឹកទៅបន្តទៀត ក៏ត្រូវកងទ័ពវៀតណាមតាមទាន់ ហើយកងទ័ពវៀតណាមទាំងនោះបានប្រាប់ខ្ញុំឲ្យវិលត្រឡប់មកភូមិកំណើតវិញ។

បន្ទាប់ពីខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំក៏បានចូលធ្វើការស្ម័គ្រចិត្តនៅក្នុងឃុំព្រៃឃ្នេសបន្តទៀត គឺនៅក្នុងក្រុមទ្រទ្រង់សុខភាព ដើម្បីណែនាំប្រជាជនឲ្យមកព្យាបាលជំងឺនៅមណ្ឌលសុខភាព រួមទាំងការឆ្លងទន្លេ។ ក្នុងឆ្នាំ១៩៨២ ខ្ញុំរៀបការជាមួយបុរសម្នាក់នៅក្នុងភូមិ និងបានរស់នៅជាមួយគ្នារហូតមានកូន៥នាក់។ ប៉ុន្តែឥឡូវកូនរបស់ខ្ញុំស្លាប់អស់៣នាក់ហើយ។ ជាចុងក្រោយ ខ្ញុំមានការសោកស្ដាយខ្លាំងណាស់ដែលបានចូលបម្រើការងារឲ្យខ្មែរក្រហម ព្រោះខ្ញុំចង់ឲ្យប្រទេសមានសន្តិភាព និងយុត្តិធម៌ ប៉ុន្តែអង្គការធ្វើឲ្យប្រទេសធ្លាក់ក្នុងសង្គ្រាម និងកាប់សម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់»។

អត្ថបទ ៖ ភា រស្មី បុគ្គលិករបស់មជ្ឈមណ្ឌលឯកសារខ្មែរក្រហម ខេត្តព្រៃវែង