រត់ឆ្ពោះទៅទិសឦសាន៖ ជម្លោះនិងការភៀសសឹកតាមរយៈបទពិសោធន៍របស់ក្រុមគ្រួសារមួយ

ឈឿម សង្ហារ អាយុ៣៥ឆ្នាំ និង ប្រពន្ធឈ្មោះ អ៊ី ស៊ីដា អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិពង្រ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ផ្ទះរបស់គាត់មានចម្ងាយប្រហែល១០គីឡូម៉ែត្រពីច្រកជប់គគីរ ជាប់នឹងខេត្តបុរីរម្យ ប្រទេសថៃ។ គាត់ទាំងពីរមានកូន៣នាក់ (ប្រុស២នាក់ និងស្រី១នាក់)។ កូនប្រុសច្បងអាយុ១១ឆ្នាំ ចំណែកកូនប្រុសនិងស្រីដែលមានអាយុប្រហែល៧ខែ គឺជាកូនភ្លោះដែលប្រសូត្រចេញមកដោយសារការវះកាត់នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ក្រុមគ្រួសាររបស់គាត់បានភៀសខ្លួនពីការទម្លាក់គ្រាប់បែករបស់យោធាថៃ តាំងពីភាគឧត្តរ ដល់ភាគពាយ័ព្យ រហូតដល់ភាគឦសាន ដើម្បីស្វែងរកទីតាំងសុវត្ថិភាព ហើយតាំងទីលំនៅបណ្តោះអាសន្ននៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។ សង្ហារ សម្លឹងមើលមុខកូនតូចទាំងពីរបណ្តើរ ពោលពាក្យនេះបណ្តើរ «គ្នាកើតមកតូចប៉ុណ្ណេះសោះ ស្គាល់រស់ជាតិសង្រ្គាមបាត់ទៅហើយ។ រត់ដល់ទៅ៣ដងហើយ»។ ចំណែក ស៊ីដា និយាយថា «យើងនាំគ្នារត់ឱ្យឆ្ងាយរហូតលែងឮសំឡេងយន្តហោះសៀមទម្លាក់គ្រាប់បែក»។ រយៈពេលជិតមួយខែបន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ហើយ ឈឿម សង្ហារ និង អ៊ី ស៊ីដា ព្រមទាំងក្រុមគ្រួសារ មិនទាន់បានវិលត្រឡប់ទៅផ្ទះនៅឯខេត្តឧត្តរមានជ័យ នៅឡើយ ដោយសារគាត់យល់ថា មិនទាន់មានសុវត្ថិភាពពេញលេញនៅឡើយ។

ខាងក្រោមនេះគឺជាការរៀបរាប់របស់ អ៊ី ស៊ីដា និង ឈឿម សង្ហារ អំពីការជម្លៀសដោយបង្ខំពីទីតាំងមួយទៅទីតាំងមួយទៀតក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥៖

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ គឺរយៈពេល២ថ្ងៃបន្ទាប់ពីទាហានថៃបើកការវាយលុកលើប្រទេសកម្ពុជា ជាលើកទីពីរ ក្នុងឆ្នាំ២០២៥ ខ្ញុំបាននាំកូនភ្លោះតូចរបស់ខ្ញុំអាយុ៧ខែ ព្រមទាំងកូនប្រុសអាយុ១១ឆ្នាំ រត់គេចពីការទម្លាក់គ្រាប់បែក។ ចំណែកប្តីរបស់ខ្ញុំនៅមើលថែផ្ទះ។ នៅពេលយប់ ប្តីខ្ញុំចូលទៅពួននៅក្នុងលេនដ្ឋាននៅក្បែរផ្ទះ។ ខ្ញុំបានមកស្នាក់នៅជាមួយប្អូនថ្លៃនៅឯឃុំបន្ទាយឆ្មារប្រហែលមួយអាទិត្យ។ ដោយសារស្នូរកាំភ្លើងធំនៅតែបន្តឮ ខ្ញុំផ្លាស់ទៅស្នាក់នៅវត្តត្រពាំងស្វាយរយៈពេល២ យប់។ បន្ទាប់មកខ្ញុំបន្តទៀតទៅស្នាក់នៅក្បែរអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្រោយមក ខ្ញុំបានធ្វើដំណើរទៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ ដោយសារកូនតូចរបស់ខ្ញុំយំពេក ខ្ញុំបានវិលត្រឡប់មកផ្ទះដើម្បីជួបជុំប្តី នៅភូមិពង្រវិញ។

នៅពេលត្រឡប់មកដល់ផ្ទះវិញ ខ្ញុំនិងគ្រួសារបានចូលពួនក្នុងលេនដ្ឋាននៅក្បែរផ្ទះ។ ដោយសារលេនដ្ឋានមានទំហំតូចមិនអាចផ្ទុកមនុស្សរហូតដល់៥នាក់ ប្តីរបស់ខ្ញុំសុខចិត្តចេញមកពួនក្បែរលេនដ្ឋាន ដោយទុកឱ្យខ្ញុំនិងកូនពួននៅទីនោះ។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃវាយប្រហារយើងកាន់តែខ្លាំងជាងពេលមុន។ យើងបានសម្រេចចិត្តរត់ចេញពីផ្ទះជាថ្មីម្តងទៀត ដើម្បីទៅរកកន្លែងដែលមានសុវត្ថិភាព។ យើងបានជិះឡានឈ្នួលទៅស្នាក់នៅជំរំភៀសសឹកនៅឯវិទ្យាល័យប៉ោយចារ ខេត្តបន្ទាយមានជ័យ ដោយសារស្នាក់នៅទីនោះបានប្រហែល១យប់។ បន្ទាប់មកក៏ធ្វើដំណើរទៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ យើងធ្វើដំណើរកាន់តែឆ្ងាយកាន់តែល្អ ដោយសារទាហានថៃទម្លាក់គ្រាប់លើសពីទីតាំងសមរភូមិទៀត។ ទាហានថៃធ្លាប់បានទម្លាក់គ្រាប់បែកពីលើយន្តហោះនៅក្បែរជំរំភៀសរបស់យើងជាច្រើនកន្លែង។ ចុងក្រោយ យើងក៏បង្ខំចិត្តធ្វើដំណើរមករស់នៅជាមួយបងស្រី ដែលបានរៀបការជាមួយបងថ្លៃខ្ញុំនៅឯខេត្តមណ្ឌលគីរី ដោយជិះឡានឈ្នួលពីសៀមរាបទៅខេត្តរតនគីរី និងបន្តតាមឡានក្រុងមកខេត្តមណ្ឌលគីរី។ យើងនាំគ្នារត់ឱ្យឆ្ងាយរហូតលែងឮសំឡេងយន្តហោះសៀមទម្លាក់គ្រាប់បែក។

បន្ទាប់ពីធ្វើដំណើររអស់យៈពេល១៦ម៉ោងគឺចាប់តាំងពីម៉ោង៧ព្រឹក ដល់ម៉ោង ១១យប់ យើងបានឈានជើងចូលមករស់នៅជាមួយបងស្រី នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។ នៅទីនេះប្រជាជននិងអាជ្ញាធរមានចិត្តល្អនិងមានភាពរួសរាយរាក់ទាក់ ដល់យើងដែលជាជនភៀសសឹក។

នៅពេលបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យើងមានអារម្មណ៍ធូរស្បើយបន្តិច ដោយសារទាហានសៀម លែងទម្លាក់គ្រាប់ដូចមុនទៀត។ ប៉ុន្តែប្រជាជននៅទីនោះនៅតែភ័យខ្លាច ព្រោះ មិនទាន់មានសុវត្ថិភាពពេលលេញនៅឡើយទេ។ ទាហានសៀមនៅតែរករឿងយើង ហើយ លួចបាញ់ចូលមកទឹកដីកម្ពុជាមួយៗ។ ទោះយ៉ាងណា យើងមិនឃើញវីរកងទ័ពកម្ពុជាបាញ់តបតឡើយ ដើម្បីរក្សាភាពស្ងប់ស្ងៀម។

ខ្ញុំនឹកផ្ទះនិងតែងតែទាក់ទងទៅបងប្អូនមួយចំនួនដែលបានវិលចូលភូមិឋានវិញ។ បងខ្ញុំរៀបរាប់ទាំងភ័យនិងយំប្រាប់ខ្ញុំថា «ឯងសំណាងហើយដែលបានចាកចេញផុត។ ទាហានសៀមបានចូលមកទម្លាក់គ្រាប់បែកយ៉ាងគំហុតនិងជញ្រ្ជាំនៅកែ្បរនោះរយៈពេល៣ថ្ងៃចុងក្រោយ។

រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់រកការងារជាក់លាក់បានធ្វើនៅឡើយទេ។ អ្នកភូមិបានបបួលខ្ញុំទៅជួយដកដំឡូងមីនៅឯចម្ការ គ្រាន់បានប្រាក់ខ្លះ សម្រាប់ទិញទឹកដោះគោនិងអាហារឱ្យកូន។ ខ្ញុំបានចុះឈ្មោះកូនប្រុសច្បងរបស់ខ្ញុំឱ្យចូលរៀននៅសាលាបឋមសិក្សាពូតាំង ថ្នាក់ទី៥ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកគ្រូអ្នកគ្រូ និងមិត្តរួមថ្នាក់។

ជម្លោះនិងការឈ្លានពានរបស់ថៃ មិនត្រឹមតែបង្កភាពអសន្តិសុខនិងប៉ះពាល់ដល់ជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែបានបង្កផលប៉ះពាល់ខាងផ្លូវចិត្តដល់អ្នកជម្លៀសដូចជារូបខ្ញុំនិងក្រុមគ្រួសារ។ នៅពេលមកដល់ទីនេះភ្លាមៗ ខ្ញុំនិងក្រុមគ្រួសារនៅតែមានការភ័យខ្លាចនឹងសំឡេងយន្តហោះឬសំឡេងដែលស្រដៀងយន្តហោះ ដោយសារយើងមានអារម្មណ៍ដក់ជាប់នឹងសន្ធឹកយន្តហោះទម្លាក់គ្រាប់របស់ថៃមកលើភូមិឋានរបស់យើង។ សំឡេងនិងទម្ងន់គ្រាប់ដែលបានទម្លាក់នេះខ្លាំងណាស់ រហូតដល់រញ្ជួយដី ទោះយើងស្ថិតនៅជាង១០គីឡូម៉ែត្រក៏ដោយ។

នៅទីនេះ ខ្ញុំមានអារម្មណ៍សុវត្ថិភាពដោយសារស្ថិតនៅឆ្ងាយពីតំបន់ជម្លោះ និងស្ថិតនៅភាគឦសាន។ ខ្ញុំនឹកផ្ទះនិងចង់ត្រឡប់ទៅផ្ទះវិញ ដើម្បីប្រកបរបរស្រែចម្ការចិញ្ចឹមជីវិត ប៉ុន្តែមិនទាន់ហ៊ានត្រឡប់ទៅវិញនៅឡើយទេ ដោយខ្លាចក្រែងមានការវាយប្រហារពីទាហានថៃទៀត។ ខ្ញុំតែងទូរសព្ទសួរសុខទុក្ខបងប្អូននិងសាច់ញាតិនៅឯភូមិ។ ខ្ញុំបន់ស្រន់ឱ្យមានសន្តិភាពឆាប់ៗ ដើម្បីវិលទៅផ្ទះនិងបានជួបជុំសាច់ញាតិវិញ។ ខ្ញុំអាណិតកូនតូចៗទាំងពីរណាស់ គ្នាកើតមកតូចប៉ុណ្ណេះសោះ ស្គាល់រស់ជាតិសង្រ្គាមបាត់ទៅហើយ។ រត់ដល់ទៅ៣ដងហើយ។

អត្ថបទ ៖ សូ ហ្វារីណា នាយកមជ្ឈមណ្ឌលចងចាំសហគមន៍ជនជាតិដើមភាគតិច

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖