នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី៩ ចំនួន៨នាក់(ស្រី៤នាក់) មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ បានធ្វើដំណើរមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហមតាមរយៈការអានសៀវភៅប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ក្នុងជំពូកទី៨៖ ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម និងចូលរួមចែករំលែកអំពីព្រឹត្តិការណ៍ជម្លោះនៅព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំកិច្ចពិភាក្សានេះឡើងមានគោលបំណងចំនួន៣ មានដូចជា៖ ១) ដើម្បីផ្លាស់ប្ដូរ និងចែករំលែកចំណេះដឹងអំពីព្រឹត្តិការណ៍សង្រ្គាមនៅតាមបណ្ដាព្រំដែនកម្ពុជា-ថៃ។ ២) ដើម្បីផ្លាស់ប្ដូរ និងចែករំលែកចំណេះដឹងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ និង ៣) ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងជាមួយសិស្សានុសិស្សតាមរយៈការចូលរួមរៀនសូត្រ។
មុនកិច្ចពិភាក្សា ស្រីណុច ជាបុគ្គលិកប្រចាំការនៅការិយាល័យ បានសួរសំណួរទៅកាន់សិស្សានុសិស្សទាំងអស់ថា តើប្អូនៗទាំងអស់គ្នា បានដឹងរឿងរ៉ាវអ្វីខ្លះដែលបានកើតឡើងក្នុងពេលមានជម្លោះព្រំដែនរយៈពេល៥ថ្ងៃរវាងកម្ពុជា-ថៃ ក្នុងខែកក្កដា ឆ្នាំ២០២៥? និងជម្លោះព្រំដែនរវាងកម្ពុជា-ថៃរយៈពេល២១ថ្ងៃ ក្នុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ? បន្ទាប់ពីនោះ សិស្សានុសិស្សបានចែករំលែកដូចជា នៅពេលកើតមានបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ គឺឃើញមានប្រជាជនភៀសសឹក ផ្លាស់មកស្នាក់នៅក្នុងភូមិប្រម៉ោយជាច្រើន និងបញ្ហាខ្វះខាតស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ប្រជាជនភៀសសឹក។ ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ចំនួន២លើក បានធ្វើឱ្យសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅសាលាតាមព្រំដែនត្រូវខកខានការរៀនសូត្រ។ ទាហានថៃបានទម្លាក់គ្រាប់បែកកម្ទេចស្ពានមេទឹក បំផ្លាញផ្ទះសម្បែងរបស់ប្រជាជនស៊ីវិល និងកាស៊ីណូក្នុងឃុំថ្មដា។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានចាប់ខ្លួនទាហានកម្ពុជាចំនួន១៨នាក់ ប៉ុន្តែទើបនឹងត្រូវដោះលែងវិញកាលពីចុងខែធ្នូ ឆ្នាំ២០២៥។ ទាហានថៃបានបាញ់សម្លាប់ប្រជាជនស៊ីវិលស្លូតត្រង់នៅភូមិព្រៃចាន់។ ការប្រើប្រាស់យន្តហោះចម្បាំង និងដ្រូនគ្មានមនុស្សបើកទម្លាក់គ្រាប់បែកបំផ្លាញភូមិឋានរបស់ប្រជាជនស៊ីវិល សាលារៀន មន្ទីរពេទ្យ ថែមទាំងធ្វើឱ្យកុមារនិងប្រជាជនរងរបួស និងស្លាប់បាត់បង់ជីវិត។ ថៃបានកម្ទេចប្រាសាទតាក្របី និងបានបំផ្លាញរូបសំណាក់ព្រះវិស្ណុនៅលើទឹកដីកម្ពុជា និងបាញ់បំផ្លាញប្រាសាទព្រះវិហារ។
ជាកិច្ចបន្ទាប់ ស្រីណុច បានលើកយកឈ្មោះទីតាំងចំនួន១៤មានភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា(ច្រកជ័យជម្នះ) តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ តំបន់អូស្មាច់ ប្រាសាទខ្នារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូលគ្រួស។ ដែលទីតាំងទាំងនេះ ត្រូវបានទាហានថៃចូលទន្រ្ទាន កាន់កាប់ និងឈរជើង ក្នុងអំឡុងពេលប្រតិបត្តិការទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយគ្រប់គ្រងជាក់ស្ដែងលើតំបន់ដែលស្ថិតច្បាស់ក្នុងទឹកដីកម្ពុជាក្នុងខេត្តចំនួន៤ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ។ ជាចុងបញ្ចប់ ស្រីណុច បានឱ្យសិស្សានុសិស្សទាំងអស់ចំណាយពេល៤០នាទី ដើម្បីស្វែងរកឈ្មោះភូមិ ឃុំ ស្រុក និងខេត្តទីតាំងទាំង១៤ខាងលើ និងឱ្យសិស្សានុសិស្សស្ម័គ្រចិត្តអានមេរៀនក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅជំពូកទី៨៖ ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីនោះ សិស្សានុសិស្សអាចបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនបាន។
ទុយ សែយ ភេទប្រុស រៀនថ្នាក់ទី៩ នៃវិទ្យល័យហ៊ុនសែនប្រម៉ោយ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមពិភាក្សាស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងដឹងអំពីទីតាំងចំនួន១៤កន្លែងដែលត្រូវបានថៃចូលមកឈ្លានពាន។ បន្ទាប់ពីចូលរួមពិភាក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងបញ្ហាជម្លោះព្រំដែនដែន ខ្ញុំទទួលបានចំណេះដឹងជាច្រើនដែលទាក់ទងនឹងរឿងរ៉ាវនៅក្នុងប្រវត្តិសាស្រ្តខ្មែរក្រហម និងយល់ដឹងកាន់តែច្បាស់ជាងមុនអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ»។
វង្ស បូរមី ភេទស្រី រៀនថ្នាក់ទី៩ មកពីវិទ្យល័យហ៊ុនសែនប្រម៉ោយ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «នាងខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដែលបានចូលរួមពិភាក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងបានដឹងពីឈ្មោះភូមិ ឃុំ ស្រុក ខេត្ត ទីតាំងទាំង១៤ ដែលថៃបានចូលមកឈ្លានពាន។ បន្ទាប់ពីដឹងរឿងរ៉ាវនៅតាមព្រំដែន នាងខ្ញុំពិតជាមានចិត្តអាណិតអាសូរដល់ប្រជាជនដែលរស់នៅតាមបណ្ដោយព្រំដែនដែលត្រូវបានទាហានឈ្លានពានថៃព័ទ្ធយកដី និងផ្ទះសម្បែងរបស់ពួកគាត់»។
រតនៈ វសនា ភេទប្រុស រៀនថ្នាក់ទី៩ មកពីវិទ្យល័យហ៊ុនសែនប្រម៉ោយ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមពិភាក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ហើយបានដឹងព័ត៌មានបន្ថែមទាក់ទងនឹងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ ជាពិសេស ខ្ញុំបានស្គាល់ពីភូមិ ឃុំ ស្រុក ខេត្ត ទីតាំងចំនួន១៤ដែលត្រូវបានថៃចូលឈ្លានពានខុសច្បាប់។ បន្ទាប់ពីបានចូលរួមពិភាក្សាស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ខ្ញុំទទួលចំណេះដឹងថែមមួយកម្រិតទៀតអំពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ ប្រសិនបើមានឪកាសលើកក្រោយទៀត ខ្ញុំពិតជាចង់ចូលរួមម្ដងទៀត ដើម្បីសិក្សាអំពីរឿងរ៉ាវប្រវត្តិខ្មែរឱ្យកាន់តែច្បាស់ជាងមុនបន្ថែមទៀត»។
អត្ថបទ៖ មឿន ស្រីណុច បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា







