"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

យុត្តិធម៌មិនមែនឥតប្រយោជន៍ទេ

ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អង្គជំនុំជម្រះតុលាការកំពូល បានចេញសេចក្តីសម្រេច​របស់ខ្លួនលើសំណុំ រឿងប្រឆាំងនឹង មាស មុត។ សេចក្តីសម្រេចនេះបាន​បញ្ចប់នូវរាល់​ឱកាស​ក្នុងការ​ជំនុំជម្រះអំពីការទទួលខុសត្រូវ ព្រហ្មទណ្ឌរបស់ជនជាប់ចោទ នៅក្នុង​អង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលា​ការ​កម្ពុជា។ ការសម្រេចរបស់អង្គជំនុំជម្រះ តុលាការកំពូលនេះ​ ធ្វើ​ឲ្យ​មាន​ការ​លើកឡើងពីគ្រួសាររបស់ មាស មុត ថា​មិនសមស្រប​ និងមិនត្រឹមត្រូវ​។

ផ្ទាំងរូបភាពរបស់គម្រោង ការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជួយដល់អ្នករស់រានមានជីវិតទាំងនេះទៅពិនិត្យសុខភាពនៅតាមមន្ទីរសម្រាកព្យាបាលឯកជនដោយឥតគិតថ្លៃ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ដោយគ្មានមន្ទិល អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលា​ការ​កម្ពុជា ដំណើរការទៅ​យឺតយ៉ាវ និង​អប្រសិទ្ធភាព ដែលបង្កជា​ការឈឺចាប់​ដល់​អ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម និង​ក្រុម​គ្រួសារ។​ អង្គជំនុំ​ជម្រះវិសាមញ្ញ​ក្នុងតុលា​ការ​កម្ពុជា មិនបានបំពេញស្រប​ទៅតាម​ការ​រំពឹងទុក ដែលបាន​ធ្វើ​ឲ្យអាប់ឱនដល់​កេរ​ដំណែល​របស់​ស្ថាប័ននេះ ព្រមទាំងចោទជាសំណួរអំពី​ផល​ប៉ះពាល់នៃអង្គជំនុំជម្រះនេះ​ចំពោះ​បច្ចុប្បន្ន និងអនាគត។ ការរិះគន់​ខាងលើ និង​មតិ​ដទៃ​ទៀត ​គឺពិតជាសមហេតុសមផល។

ប៉ុន្តែនាពេល​​ថ្មីៗ​នេះ ​គ្រួសាររបស់​​មាស មុត បាន​លើកឡើង​ថា “[ការបន្ត​]សំណុំ​រឿង [ប្រឆាំង​នឹង​​ជន​ជាប់​ចោទ​] គឺ​ឥត​ប្រយោជន៍ទេ [. . .] ការនាំខ្លួនអ្នក​ទាំងនេះមកកាត់ទោស​គឺ​ឥត​ប្រយោជន៍ ពីព្រោះថា [ជនជាប់ចោទទាំង​ឡាយ​] មានវ័យចំណាស់ ហើយខ្លះបានបាត់បង់​ជីវិត​ទៅហើយ។

យុត្តិធម៌​មិនមែន​ឥត​ប្រយោជន៍​ទេ។ កាលពី​៤០ឆ្នាំកន្លងទៅជនរងគ្រោះកម្ពុជាប្រមា​ណ​ជាងពីរលាននាក់​បាន​បាត់​បង់​សិទ្ធិការពារខ្លួន ឬសូម្បីតែសិទ្ធរៀបរាប់​រឿងរ៉ាវរបស់ខ្លួន។ ប្រជា​ជនកម្ពុជាប្រមាណជាងពីរលាន​នាក់ បានបាត់បង់សិទ្ធិក្នុងការប្តឹងតបតចំពោះការកាត់​ទោស​ប្រហារជីវិតរបស់ខ្លួន ភាព​អត់​ឃ្លាន ការធ្វើការហួស​កម្លាំង និងជំងឺ ដែល​បង្កឡើង​ដោយ​សារ​តែការគ្រប់គ្រង​នៃរបបខ្មែរក្រហម​ ឬការចាប់ខ្លួន ការធ្វើទារុណកម្ម និងការ​ប្រហារ​ជីវិតដែល​បញ្ជាដោយ​របបខ្មែរក្រហមនេះផ្ទាល់​។ ពុំ​មានវត្តមាន​នៃ​អង្គជំនុំជម្រះតុលាការកំពូល អង្គជំនុំ​ជម្រះ​សាលាដំបូង ឬមេធាវីការពារក្តី ដើម្បីការពារសិទ្ធិរបស់ជនរងគ្រោះដែលបានស្លាប់ភាគ​ច្រើនដោយឯកោ  ដោយសារ​ការកម្ទេច និង​ការបំផ្លិចបំផ្លាញដ៏ឃោរឃៅរបស់ខ្មែរក្រហម។ ខ្មែរ​ក្រហមគ្មាន​ការ​អាណិត​អាសូរ​ចំពោះ​មនុស្ស​គ្រប់វ័យ ជនពិការ ឬ លក្ខណៈវិនិច្ឆ័យផ្សេង​ទៀត​ដែលលើក​ឡើង​​ដោយគ្រួសាររបស់ មាស មុត។

មាស មុត ក៏ដូចជាជនជាប់ចោទទាំងអស់ដែរ​ បានទទួលសិទ្ធិច្រើនលើសពី​​ជន​រង​គ្រោះ​​ក្នុង​របប​ខ្មែរក្រហម។ ពិត​ជាមានការ​​​ពិបាកក្នុង​ការ​កំណត់ថា​ បុគ្គល​ម្នាក់​ស្អាតស្អំគ្មាន​ទោស​ ដោយមិន​ឆ្លងកាត់​ដំណើរ​ការ​ផ្លូវច្បាប់​ ដែលជា​សិទ្ធិជនជាប់​ចោទត្រូវ​ទទួលបាន ហើយ​យើង​ក៏មិន​អាច​មិន​រវីរវល់​នឹងជន​រងគ្រោះ​នៃ​បទឧក្រិដ្ឋ​ដែលចោទ លើ​បុគ្គលរូបនោះ។ ការ​មាន​ទោស ឬភាពស្អាតស្អំរបស់ជនជាប់ចោទនឹង​មិនសាបរលាបទៅតាម​អាយុទេ ហើយ​យុត្តិធម៌​ក៏​មិនបាត់បង់សារសំខាន់របស់ខ្លួន​ទៅតាមសេចក្តីស្លាប់ដែរ។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានវ័យចំណាស់ដូចជនជាប់ចោទដែរ។ សព្វថ្ងៃ​នេះ​ នៅមាន​អ្នក​រស់​រាន​មាន​​ជីវិត​ពីរបប​ខ្មែរក្រហម​ប្រមាណជាង ៥ លាននាក់ ដែលជាសាក្សី​រស់​​នៃអ្វីដែលបានកើតឡើងក្នុងរបប​ខ្មែរ​ក្រហម។ ភាគច្រើន​នៃ​អ្នករស់រានមាន​ជីវិត​ពីរបប​ខ្មែរក្រហមទាំងនោះ គឺជាសាក្សីនៃឧក្រិដ្ឋកម្មដែលបាន​ប្រព្រឹត្ត​ឡើង និង​ឧក្រិដ្ឋកម្ម​ដែល​ចោទ​ទៅ​លើ​ជន​ជាប់ចោទ​។ អ្នករស់រាន​មានជីវិត​ជាច្រើន ទន្ទឹងចង់​បាននូវ​​យុត្តិធម៌ ​ដែល​ពួកគេ​មិន​អាច​ទទួល​បាន​តាម​ដំណើរការ​របស់​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលា​ការ​កម្ពុជា។ អ្នករស់រាន​មានជីវិត​មួយភាគធំ​បាន​បោះបង់​ក្តីសង្ឃឹមរបស់ខ្លួន​តាំងពីយូរលង់ណាស់ទៅហើយ។

អ្នក​រស់រាន​​មាន​ជីវិត​មួយ​ចំនួនធំទៀត ​បាន​លើក​លែង​ទោស​ដល់​ឧក្រិដ្ឋកម្ម​របស់​ខ្មែរក្រហមដែរ។ ការលើកលែងទោស​ដ៏លើសលប់ (អាចនិយាយបាន​ថា​​លើសលប់​ជ្រុល) ត្រូវ​បាន​ផ្តល់រួចហើយ ដូច្នេះសូមកុំបង្ខំឲ្យ​អ្នករស់រានមានជីវិតទាំងអស់​បន្ត​លើកលែង​ទោស​ទៀត។ រឿង​រ៉ាវរបស់អ្នកទាំងនេះ (មិនមែនតាមរយៈ​ការរៀបរាប់របស់ មាស មុត​ តែង​មានភាព​លម្អៀងជាមូលដ្ឋាន ហើយ​​កត្តានេះគឺជា​ការ​ចំអក​ដ៏ធ្ងន់ធ្ងរ) ត្រូវ​ទទួលស្គាល់​ដោយ​​មនុស្ស​ជំនាន់​​ក្រោយ​ ដែល​ជាអ្នក​ទទួលខុសត្រូវ​ក្នុងការ​ធានា​ថា​ប្រវត្តិសាស្ត្រ​នេះ​នឹង​មិនត្រូវ​បាន​បំភ្លេច​ចោលជា​រៀង​រហូត។​

——-

លោក ឆាំង យុ គឺជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ជា​អ្នក​រស់រាន​មាន​ជីវិតម្នាក់​​ពី​វាល​ពិឃាដខ្មែរក្រហម។ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាស្ថាប័នស្រាវជ្រាវឯករាជ្យរបស់​កម្ពុជា ដែលតម្កល់ទុក​បណ្ណសារ​បន្សល់ពី​របប​កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ធំបំផុតនៅលើ​ពិភពលោក។ អ៊ីម៉ែល៖ dccam@online.com.kh

សោម ប៊ុនថន

សោម ប៊ុនថន

និពន្ធនាយកទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthbunthorn.s@dccam.org ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០ គេហទំព័រ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ