"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ពិធីសម្ពោធចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម៖ ប្រជាជននាំយកអដ្ឋិធាតុសាច់ញាតិដែលបានស្លាប់មកតម្កល់ទុក នៅចេតីយ៍ដែលទើបនឹងសាងសង់រួច

ដោយមានការឯកភាពពីអាជ្ញាធរមូលដ្ឋានក្នុងឃុំចាម និងពីនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់សំណង់ចេតីយ៍ និងផ្ទាំងពាក្យស្លោករំឭកអំពីការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម នៅលើទីតាំង «ទួលធាតុ» ស្ថិតនៅក្នុងភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កម្មវិធីនេះបានរៀបចំរួមគ្នារវាងអាជ្ញាធរមូលដ្ឋាន ប្រជាជនក្នុងភូមិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តព្រៃវែង ធ្វើពិធីសម្ពោធ សូត្រមន្ត បង្សុកូលឧទ្ទិសកុសលដល់សាច់ញាតិដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហមទៅតាមទំនៀមទម្លាប់ ប្រពៃណី និង សាសនារបស់ខ្មែរ។ ស្ថិតនៅចំកណ្តាលវាលស្រែខៀវស្រងាត់ ចេតីយ៍ពណ៌ប្រផេះ នៅលើទួលធាតុបានបង្ហាញរូបរាងកាន់តែច្បាស់ បន្ទាប់ពីទីតាំងនេះត្រូវបានថែរក្សា និងបោសម្អាត។ ស្ថិតនៅចម្ងាយប្រមាណ២០ម៉ែត្រពីផ្លូវលំក្នុងភូមិ ប្រជាជនអាចមើលឃើញយ៉ាងច្បាស់នូវផ្ទាំងពាក្យស្លោករំឭកអំពីការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម និងសំណង់ចេតីយ៍ដ៏ថ្មីសន្លាងមួយនៅលើទីទួល។ ដើមត្នោតប្រាំដើម ដុះនៅលើទីទួលនេះដែលអាចផ្តល់ជាម្លប់សម្រាប់អ្នកភូមិដែលមកជួបជុំ ព្រមទាំងមានកៅអី និងតុធ្វើពីឥដ្ឋ និងស៊ីម៉ង់ត៍ចំនួនពីរសម្រាប់អង្គុយនៅក្បែរដើមត្នោតទាំងនេះ។ សួនច្បារចំនួនពីរទៀត ត្រូវបានសាងសង់ឡើងដើម្បីដាំផ្កាលម្អ និងមានដើមផ្កាត្របែកព្រៃចំនួន៨ដើមដុះនៅជុំវិញទីតាំងទួលនោះ។

បន្តពីកម្មវិធីសាសនា លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងអ្នកភូមិក្នុងកម្មវិធីសម្ពោធនេះ ដោយបានលើកឡើងពីចំណុចសំខាន់ៗមួយចំនួន ដូចជា ការធ្វើសេចក្តីរាយការណ៍ត្រួសៗអំពីសកម្មភាពការងារសាងសង់ចេតីយ៍ និងផ្ទាំងពាក្យស្លោក ការថ្លែងអំណរគុណដល់ម្ចាស់ជំនួយគឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលបានឧបត្ថម្ភក្នុងការសាងសង់ចេតីយ៍ និងផ្ទាំងពាក្យស្លោក, ការប្រកាសអំពីការបង្កើត «សមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាផ្លូវការ និងយុទ្ធសាស្ត្រក្នុងការអនុវត្តសកម្មភាពមួយចំនួនដើម្បីជាគំនិតក្នុងដំណើរការសមាគមនេះជាលើកដំបូងនៅក្នុងមូលដ្ឋាន។ លោក ផេង ពង្សរ៉ាស៊ី បានឲ្យដឹងថា លោក មុំ វ៉ែន ដែលបច្ចុប្បន្នគឺជាមេឃុំចាម គឺជាប្រធានសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយមេភូមិទាំងអស់ក្នុងឃុំចាម គឺជាសមាជិករបស់សមាគមនេះ។ ក្នុងសេចក្តីថ្លែងការណ៍ដដែល ផេង ពង្សរ៉ាស៊ី បានលើកឡើងដែរពីតួនាទី និងភារកិច្ចរបស់សមាគមក្នុងការសម្រេចបាននូវលទ្ធផលដែលបានគ្រោងទុក ក្នុងការបង្កើតវេទិកាសាធារណៈមួយចំនួនទាក់ទងនឹងការផ្តល់ឱកាសដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទទួលបានសិទ្ធិគ្រប់គ្រាន់ក្នុងការនិយាយដោយចំហរពីប្រវត្តិឆ្លងកាត់របបខ្មែរក្រហម ក៏ដូចជាការបញ្ចេញមតិយោបល់របស់ខ្លួនចំពោះភាពយុត្តិធម៌ដែលគួរទទួលបានបន្ទាប់ពីតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមត្រូវបញ្ចប់ ទៅកាន់ក្មេងៗជំនាន់ក្រោយ ដើម្បីការចងចាំនិងការផ្សះផ្សា។ លើសពីនេះទៀត សមាជិករបស់សមាគមទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យធ្វើកិច្ចការស្រាវជ្រាវពីឈ្មោះអ្នកដែលបានស្លាប់ និងបាត់ខ្លួននៅក្នុងរបបខ្មែរក្រហមនៅតាមគ្រួសារនីមួយៗនៅក្នុងភូមិរបស់ខ្លួន ដើម្បីបង្ហាញឲ្យឃើញពីឧក្រិដ្ឋកម្មឃោរឃៅរបស់ខ្មែរក្រហមចំពោះប្រជាជនកម្ពុជា។ មុននឹងបញ្ចប់កម្មវិធីសម្ពោធជាផ្លូវការនេះ លោកមេឃុំចាម និងជាប្រធានសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បាននិយាយពីចំណាប់អារម្មណ៍របស់គាត់ចំពោះការប្រគល់ចេតីយ៍ និងផ្ទាំងពាក្យស្លោកដល់អាជ្ញាធរ និងប្រជាជនក្នុងភូមិ ក៏ដូចជាចំណាប់អារម្មណ៍ចំពោះកិច្ចការងារនៅក្នុងសមាគម ព្រមទាំងបានប្រាប់ពីការប្តេជ្ញាចិត្តក្នុងការថែរក្សា និងការពារសំណង់ទាំងពីរនេះឲ្យនៅឋិតថេរជានិរន្តន៍។

ប្រធានសមាគម មុំ វ៉ែន បានថ្លែងអំណរគុណដល់លោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងម្ចាស់ជំនួយ ដែលបានផ្តល់ជូនអ្នករស់រានមានជិវិតពីរបបខ្មែរក្រហមនៅក្នុងឃុំរបស់គាត់នូវចេតីយ៍ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ លោកប្រធានសមាគម បានថ្លែងប្រាប់អ្នកចូលរួមទាំងអស់ពីប្រវត្តិរបស់គាត់ក្នុងរបបខ្មែរក្រហមដែលគាត់បានឆ្លងកាត់ ដោយបានលើកឡើងពីជីវិតជាប់ក្នុងមន្ទីរឃុំឃាំងទួលម្រេញ ដែលការលើកឡើងនេះធ្វើឲ្យគាត់នឹកឃើញឡើងវិញពីភាពភ័យរន្ធត់រហូតដល់គាត់ស្រក់ទឹកភ្នែកនិងយំខ្សឹកខ្សួលនៅចំពោះមុខចំណោមអ្នកចូលរួមទាំងអស់។ គាត់បានបង្ហាញពីបទពិសោធន៍ឆ្លងកាត់ការលំបាកលំបិនក្នុងសម័យខ្មែរក្រហម។ បន្ទាប់ពីប្រសាសន៍របស់ប្រធានសមាគមបញ្ចប់ សមាជិករបស់សមាគមម្នាក់ដែលសព្វថ្ងៃគាត់បម្រើការជាមេភូមិរោង ឈ្មោះ សំ ឃាង អាយុ៦៨ឆ្នាំ បានឡើងធ្វើការចាប់អារម្មណ៍ថា គាត់សប្បាយចិត្តជាពន់ពេកដែលមជ្ឈមណ្ឌលឯកសារកម្ពុជាប្រគល់សំណង់ចេតីយ៍ និងផ្ទាំងពាក្យស្លោករំឭកពីការចងចាំដល់ភូមិរបស់គាត់។ គាត់់ក៏ធ្លាប់ជាអ្នកទោសខ្មែរក្រហមម្នាក់ដែលជាប់នៅក្នុងមន្ទីរសន្តិសុខទួលម្រេញដែរ។ គាត់ជាប់ឃុំនៅទីនោះអស់រយៈពេល៤៤៥ថ្ងៃ គិតចាប់តាំងពីឆ្នាំ១៩៧៤មក។ គាត់នៅតែនឹកឃើញពីទង្វើររបស់កម្មាភិបាលខ្មែរក្រហមដែលជាអ្នកភូមិជាមួយគ្នា ដែលបានធ្វើទារុណកម្មមកលើរូបគាត់ដោយវាយគាត់ជាមួយនឹងដែកភ្លៅរទះ និងចងព្យួរឡើងលើដើម្បីសួរចម្លើយ។ ក្រៅពីប្រធាននិងសមាជិកសមាគម នៅមានអ្នករស់រានមានជីវិតជាច្រើននាក់ផ្សេងទៀតដែលធ្លាប់មានប្រវត្តិជាប់ឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខទួលម្រេញ។ បើតាមលោក ផេង ពង្សរ៉ាស៊ី បានលើកឡើងថា ខ្មែរក្រហមបានបង្កើតមន្ទីរសន្តិសុខរបស់ខ្លួនចំនួន១៩៧នៅក្នុងទូទាំងប្រទេសកម្ពុជា ហើយទួលម្រេញគឺជាមន្ទីរសន្តិសុខតំបន់២៤របស់ខ្មែរក្រហមដែលមានឃុំឃាំងអ្នកទោសរាប់ពាន់នាក់មកពីជុំវិញតំបន់២៤។

មិនខុសពីលោកប្រធានសមាគមឡើយ សំ ឃាង បានសន្យានៅចំពោះមុខអ្នកចូលរួមទាំងអស់ថា គាត់នឹងដឹកនាំប្រជាជនក្នុងភូមិចូលរួមថែរក្សា និងការពារសំណង់ទាំងពីរនេះឲ្យស្ថិតស្ថិរ ព្រមទាំងសន្យាថានឹងចុះធ្វើកិច្ចការស្រាវជ្រាវពីឈ្មោះអ្នកស្លាប់ និងបាត់ខ្លួនក្នុងរបបខ្មែរក្រហមនៅក្នុងភូមិដែលគាត់កំពុងគ្រប់គ្រងគឺ ភូមិរោង។ កម្មវិធីសម្ពោធ បានបញ្ចប់នៅត្រឹមម៉ោងប្រមាណ១១កន្លះថ្ងៃដដែល បន្ទាប់ពីមានការពិភាក្សាគ្នាបន្ថែមពីយុទ្ធសាស្ត្រនៃការថែរក្សា និងការពារសំណង់ចេតីយ៍ និងភាពងាយស្រួលក្នុងការចូលមកកាន់ទីតាំងទួលធាតុ ដែលសព្វថ្ងៃគឺជាទីតាំងសាធារណៈដែលហ៊ុំព័ទ្ធដោយដីស្រែមានម្ចាស់គ្រប់គ្រងមួយចំនួន។ តាមការឲ្យដឹងពីប្រជាជនក្នុងភូមិ និងមេភូមិរោងថា ម្ចាស់ដីស្រែដែលកំពុងរស់នៅក្បែរនោះបានចូលរួមបរិច្ចាកផ្នែកខ្លះនៃដីស្រែកម្មសិទ្ធិរបស់គាត់ សម្រាប់ធ្វើផ្លូវចូលទៅកាន់ទីតាំងទួលធាតុ។ ដោយហេតុថា ការបរិច្ចាកចំណែកដីស្រែនេះនៅមានទំហំតូចពេក អ្នកភូមិដែលបានចូលរួមនៅក្នុងពិធីសម្ពោធ បានឯកភាពគ្នាបរិច្ចាកថវិកាផ្ទាល់ខ្លួនដើម្បីទិញដីស្រែនេះពង្រីកផ្លូវចូលឲ្យកាន់តែធំទូលាយ។ នៅក្នុងឱកាសនោះ អ្នកចូលរួមទាំងអស់បានស្នើសុំឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាជួយបំពេញបង្គ្រប់ថ្លៃទិញដីនេះ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលយកដំណើរនេះដើម្បីពិភាក្សាគ្នាបន្តទៀត។ ទោះបីយ៉ាងណាលោក ផេង ពង្សរ៉ាស៊ី បានបញ្ជាក់ថា មជ្ឈមណ្ឌលឯកសារកម្ពុជានឹងបំពាក់អំពូលភ្លើងសូឡាចំនួន៨គ្រាប់ភ្ជាប់ជាមួយជើងអំពូល និងធ្វើផ្លាកសញ្ញាបង្ហាញផ្លូវចំនួនបីផ្ទាំងដាក់នៅតាមផ្លូវចូលទៅកាន់ទីតាំងទួលចេតីយ៍នេះ។

អត្ថបទ និង រូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

“ពិធីប្រុងពលី ឬក្រុងពាលី” ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការប្រារព្ធធ្វើកម្មវិធីប្រកបដោយសេចក្តីសុខសប្បាយ និងគ្មានឧបសគ្គរារាំង។ ព្រះសង្ឃសូត្រមន្តបង្សុកូលដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋាន ទៅជាពិសេសអ្នកដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ បន្ទាប់មក ប្រជាជននៅក្នុងឃុំចាម និងពុទ្ធបរិស័ទដែលបានមកចូលរួមនាំគ្នាធ្វើពិធីរាប់បាត្រឧទ្ទិសកុសលជូនញាតិសន្តានរបស់ខ្លួនដែលបានចែកឋានទៅ។ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

សោម ប៊ុនថន

សោម ប៊ុនថន

និពន្ធនាយកទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthbunthorn.s@dccam.org ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០ គេហទំព័រ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ