វីរកងទ័ព តូ សែនសុភា ពលីនៅសមរភូមិប្រាសាទតាមាន់

អ្នកគ្រូ ក្រាញ់ សុភី បង្រៀននៅសាលាបឋមសិក្សាសៀងណាំសណ្តាន់ ត្រូវជាម្តាយរបស់វីរកងទ័ព តូ សែនសុភា ដែលបានពលីនៅសមរភូមិទិសប្រាសាទតាមាន់នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានរៀបរាប់រឿងរ៉ាវកូនប្រុសច្បង និងក្រុមគ្រួសារ ដូចខាងក្រោម៖

ខ្ញុំឈ្មោះ ក្រាញ់ សុភី អាយុ៥១ឆ្នាំ មានប្តីឈ្មោះ តូ តឿ អាយុ៥២ឆ្នាំ និងមានកូនចំនួន៤នាក់ គឺប្រុស២នាក់ និងស្រី២នាក់។ សព្វថ្ងៃគ្រួសារខ្ញុំរស់នៅភូមិបឹងខ្នា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

កូនប្រុសច្បងខ្ញុំមានឈ្មោះ តូ សែនសុភា ឋានន្តរសក្តិអនុសេនីយ៍ត្រី កើតនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៦​។ កាលពីក្មេង សុភា បានចូលរៀននៅសាលាបឋមសិក្សាបឹងខ្នា និងបន្តរៀននៅវិទ្យាល័យពួក ខេត្តសៀម​រាប រហូតដល់បញ្ចប់ការសិក្សានៅឆ្នាំ២០១៦។ បន្ទាប់មក សុភា បានទៅរៀននៅសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ និងបានចូលធ្វើការក្នុងសណ្ឋាគារមួយកន្លែងដើម្បីដោះស្រាយជីវភាព និងផ្គត់ផ្គង់ការសិក្សា។ ដោយសារជំងឺកូវីដ-១៩ បានរាតត្បាតខ្លាំងនៅប្រទេសកម្ពុជាបណ្តាលឱ្យ សុភា បាត់បង់ការងារ និងផ្អាកការសិក្សាជាបណ្តោះអាសន្ន ។

នៅឆ្នាំ២០២១ សុភា បានសុំខ្ញុំ និងប្តីរបស់ខ្ញុំដើម្បីប្រឡងចូលបម្រើជាកងទ័ព ហើយពេលនោះខ្ញុំ និងប្តីបានយល់ព្រម។ បន្ទាប់ពីបានប្រឡងជាប់ជាកងទ័ព សុភា ត្រូវថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទបញ្ជូនទៅហ្វឹកហាត់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប រហូតដល់បញ្ចប់វគ្គទើបបញ្ជូនគាត់ទៅបម្រើការងារនៅអង្គភាពវរសេនាតូចអន្តរាគមន៍លេខ២៤១ កងពលតូចអន្តរាគមន៍លេខ៤ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ចាប់តាំងពីចូលបម្រើកងទ័ព សុភា ខិតខំបម្រើការងារមិនសូវមានពេលទំនេរមកលេង​ផ្ទះទេ។ ដោយមានការនឹករឭកដល់កូនប្រុស ខ្ញុំ និងប្តីតែងតែធ្វើដំណើរទៅសួរសុខទុក្ខ និងហូបអាហារជុំជាមួយកូននៅស្រុកបន្ទាយអំពិលជាញឹកញាប់។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សុភា ត្រូវបានមេបញ្ជាការកងវរសេនាតូចអន្តរាគមន៍២៤១ បញ្ជូនទៅរៀនផ្នែកភស្តុភារកងទ័ពនៅសាលាយោធភូមិភាគទី៤ ខេត្តសៀមរាប ដែលទទួលខុសត្រូវលើការរៀបចំផែនការ ការគ្រប់គ្រង ការផ្គត់ផ្គង់ និងការថែរក្សាកងទ័ព ដើម្បីទ្រទ្រង់រាល់ប្រតិបត្តិការយោធា និងបេសកកម្មនានា។ បន្ទាប់ពីរៀនសូត្របានរយៈពេល២ខែ ស្រាប់តែមានការផ្ទុះអាវុធរវាងកម្ពុជា និងថៃនៅចន្លោះថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥។ ពេលនោះ សុភា បានត្រៀមខ្លួនទៅសមរភូមិដែរ ប៉ុន្តែស្ថានភាពបានល្អប្រសើរឡើងវិញព្រោះមានបទឈប់បាញ់។ សុភា បានបន្តការសិក្សារហូតដល់បញ្ចប់វគ្គនៅខែកញ្ញា ឆ្នាំ ២០២៥ ទើបត្រឡប់មកអង្គភាពកងវរសេនាតូចអន្តរាគមន៍២៤១វិញ។

បន្ទាប់ពីរៀនវគ្គភស្តុភារកងទ័ពចប់ សុភា បន្តកិច្ចការងារជាធម្មតា ប៉ុន្តែ ខ្ញុំ និងក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាពរបស់គាត់យ៉ាងខ្លាំង ទោះបីជាសង្គ្រាមរយៈពេល៥ថ្ងៃបានបញ្ចប់។ ខ្ញុំបានទៅសួរសុខទុក្ខ និងទុកម៉ូតូមួយគ្រឿងឱ្យ សុភា ជិះទៅធ្វើការងារ និងជិះមកលេងផ្ទះ។ នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ដដែល មេបញ្ជាការកងវរសេនាតូចអន្តរាគមន៍លេខ២៤១ បានបញ្ជូន សុភា ទៅប្រចាំការនៅ ប្រាសាទតាមាន់ (ស្លាបឆ្វេង) ពីព្រោះ សុភា ទើបតែរៀនចប់ផ្នែកភស្តុភារកងទ័ព ត្រូវទទួលខុសត្រូវលើការរៀបចំផែនការ ការគ្រប់គ្រង ការផ្គត់ផ្គង់ និងការថែរក្សាកងទ័ពនៅសមរភូមិជួរមុខ។

ពេលទៅប្រចាំការនៅជួរមុខ ខ្ញុំ និងក្រុមគ្រួសារតែងតែទូរសព្ទទៅសួរសុខទុក្ខ សុភា ជាហូរហែមិនសូវលួសថ្ងៃឡើយ។ ខ្ញុំតែងតែទិញរបស់ប្រើប្រាស់ និងម្ហូបអាហារផ្ញើទៅឱ្យ សុភា ព្រោះខ្លាចកូនប្រុសពិបាកនិងគ្មានអាហារហូបចុកគ្រប់គ្រាន់។ នៅថ្ងៃសម្រាកពីការបង្រៀនសិស្ស ខ្ញុំតែងតែឆ្លៀតធ្វើដំណើរទៅសួរសុខទុក្ខកូនប្រុសជាញឹកញាប់រហូតដល់ពេលផ្ទុះអាវុធលើកទី២ នៅខែធ្នូ ឆ្នាំ២០២៥។

នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ស្ថានភាពនៅតាមព្រំដែនបានតានតឹងយ៉ាងខ្លាំង ពេលនោះ សុភា បានហៅទូរសព្ទមកប្រាប់ខ្ញុំ និងបានស្នើសុំឱ្យខ្ញុំជួយធ្វើខ្សែកបន្តោងរូបព្រះពុទ្ធមួយខ្សែសម្រាប់ពាក់ការពារខ្លួន ដោយគាត់ពោលថា៖ «ម៉ែ! ជួយធ្វើខ្សែកបន្តោងរូបព្រះពុទ្ធមួយខ្សែទុកឱ្យខ្ញុំការពារខ្លួនផង»។

ពេលទទួលបានដំណឹងថាកូនប្រុសចង់បានខ្សែកបន្តោងរូបព្រះពុទ្ធ ខ្ញុំបានពឹងពាក់កូនប្រសារឱ្យជួយរកទិញខ្សែកបន្តោងរូបព្រះពុទ្ធ និងនាំយកទៅបញ្ចុះអាគមគាថាតាមជំនឿដូនតា។ លុះធ្វើខ្សែកបន្តោងរូបព្រះពុទ្ធរួចរាល់នៅថ្ងៃទី៩ ខែធ្នូ ខ្ញុំបានព្យាយាមទាក់​ទងទៅកូនប្រុស ប៉ុន្តែមិនអាចទាក់ទងបានឡើយ។ ខ្ញុំបានសម្រេចចិត្តជិះរថយន្តឈ្នួលយកខ្សែកបន្តោងរូបព្រះពុទ្ធទៅឱ្យកូនដោយផ្ទាល់ ប៉ុន្តែដោយសារស្ថានភាពកាន់តែតានតឹង កម្លាំងសមត្ថកិច្ចកម្ពុជាបានបិទផ្លូវមិនឱ្យប្រជាពលរដ្ឋចេញចូលឡើយ ធ្វើឱ្យខ្សែកបន្តោងរូបព្រះពុទ្ធនោះមិនបានទៅដល់ដៃកូនប្រុសរបស់ខ្ញុំឡើយ។

ទោះបីជាយ៉ាងណា សុភា តែងតែទូរសព្ទមកប្រាប់ខ្ញុំអំពីស្ថានភាពព្រំដែន និងសុវត្ថិភាពរបស់ខ្លួនជាប្រចាំ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកស្រាប់តែបាត់ដំណឹងកូនប្រុសខ្ញុំសូន្យឈឹងមិនឃើញទាក់ទងមកដូចរាល់ដង ធ្វើឱ្យខ្ញុំព្រួយបារម្ភយ៉ាងខ្លាំង។ លុះពេលខ្ញុំទាក់ទងទៅមេបញ្ជាការរបស់ សុភា មេបញ្ជាការបានពន្យល់ប្រាប់ខ្ញុំថា ថ្នាក់លើបានបញ្ជាឱ្យបិទប្រព័ន្ធទំនាក់ទំនងទាំងអស់ មិនឱ្យទាក់ទងមកគ្រួសារឡើយ។ មេបញ្ជាការរបស់ សុភា បាននិយាយលួងលោមខ្ញុំថា៖ «មិនអីទេបង ខ្ញុំទើបតែជួបអាភាអម្បាញ់មិញហ្នឹងទេ»។ ឮដូច្នោះ ខ្ញុំ និងគ្រួសារ បានធូរចិត្តមួយកម្រិត។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំបានទទួលដំណឹងយ៉ាងក្រៀមក្រំថា កូនប្រុសរបស់ខ្ញុំបានពលីជីវិតនៅក្នុងសមរភូមិហើយ។ ដំណឹងនេះធ្វើឱ្យខ្ញុំស្ទើរតែទទួលយកមិនបាន ព្រោះវាជាការបាត់បង់កូនប្រុសជាទីស្រឡាញ់ស្មើជីវិត។ អ្វីដែលកាន់តែសោកសៅជាងនេះទៅទៀតនោះគឺ កូនប្រុសខ្ញុំបានពលីតាំងពីថ្ងៃទី១៣ ខែធ្នូ មកម៉្លេះ ប៉ុន្តែដោយសារស្ថានការណ៍វឹកវរខ្លាំងពេក និងការគ្រប់គ្រងកម្លាំងមានភាពមមាញឹក ទើបអង្គភាពកងវរសេនាតូចអន្តរាគមន៍លេខ២៤១ មិនទាន់អាចទាក់ទងមកគ្រួសារខ្ញុំបាន          ភ្លាមៗ។

យោងតាមការរៀបរាប់ពីមិត្តរួមអាវុធនៅជួរមុខម្នាក់របស់កូនប្រុសខ្ញុំ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពេលកំពុងប្រយុទ្ធគ្នាយ៉ាងសន្ធប់ មានកងទ័ពជាច្រើននាក់បានរងរបួស។ កូនរបស់ខ្ញុំបានជួយលាងរបួសឱ្យមិត្តរួមអាវុធរហូតប្រឡាក់ឈាមពេញខ្លួន។ បន្ទាប់មកកូនខ្ញុំបានដើរចេញពីលេ​ណដ្ឋាន ដើម្បីទៅលាងសម្អាតខ្លួនប្រាណ។ ពេលលាងខ្លួនរួចរាល់បានដើរត្រឡប់មកចូលក្នុងលេណដ្ឋានវិញ។ មួយសន្ទុះក្រោយមកស្រាប់តែយន្តហោះសត្រូវឈ្លានពានទឹកដីបានហោះមកទម្លាក់គ្រាប់បែកចំលេណ​ដ្ឋានរបស់កូនប្រុសខ្ញុំតែម្តង បណ្តាលឱ្យដីបាក់សង្កត់ជាប់នៅក្នុងលេណដ្ឋានរហូតដល់បាត់បង់ជីវិត។

នៅថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២៥ ដដែល ក្រុមគ្រួសាររបស់ខ្ញុំបានរៀបចំបុណ្យសព សុភា តាម ប្រពៃណីសាសនានៅផ្ទះ ស្ថិតក្នុងភូមិបឹងខ្នា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ប៉ុន្តែការធ្វើបុណ្យគ្រាន់តែរៀបចំឧទ្ទិសកុសលដល់កូនប្រុសជាមួយនឹងរូបថតមួយសន្លឹកតែប៉ុណ្ណោះ ព្រោះតែសាកសពកូនប្រុសរបស់ខ្ញុំបានកប់ដីក្នុងលេណដ្ឋានមិនទាន់អាចយកចេញបានឡើយ។ ខ្ញុំនិងក្រុមគ្រួសារមានការឈឺចាប់ខ្លាំង ពីព្រោះមិនបានឃើញមុខ និងសាកសពកូនប្រុសជាលើកចុងក្រោយ ។

រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ទើបសាកសពរបស់កូនប្រុសខ្ញុំ និងវីរកងទ័ពដទៃទៀតត្រូវបានកាយចេញពីលេណដ្ឋានដោយត្រាក់ទ័រជីកដី និងអេស្កាវ៉ាទ័រ យកមកធ្វើបុណ្យរួមគ្នានៅវត្តពងទឹក ក្នុងភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ស្ថិតក្បែរបន្ទាយកងវរសេនាតូចអន្តរាគមន៍លេខ២៤១។ បន្ទាប់ពីបូជាសពរួចរាល់ហើយ គ្រួសារសពទាំងអស់បានប្រមូលធាតុកូន និងប្តីត្រឡប់មកផ្ទះរៀងៗខ្លួន។

ខ្ញុំ និងគ្រួសារមានសេចក្តីអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់កូនប្រុសខ្ញុំ ប៉ុន្តែខ្ញុំនិងក្រុមគ្រួសារមានមោទនភាពចំពោះកូនប្រុសដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិពីសត្រូវឈ្លានពានទឹកដី នេះជាវីរភាពដ៏ឧត្តុង្គឧត្តមដែលធ្វើឱ្យប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន។

អត្ថបទ ៖ ធី គឹមហុង បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖