ស្ថានទូតហ្វីលីពីន សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា និងរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ រៀបចំវគ្គសិក្សាថ្នាក់ភាសាអង់គ្លេសទំនាក់ទំនងធុរកិច្ច និងទេសចរណ៍ សម្រាប់មន្ត្រីរដ្ឋបាលឃុំស្រុក និង សហគមន៍អេកូទេសចរណ៍ នៅស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង

ស្ថានទូតហ្វីលីពីន ប្រចាំទីក្រុងភ្នំពេញ សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា និងរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង រៀបចំវគ្គសិក្សាថ្នាក់ភាសាអង់គ្លេសទំនាក់ទំនងធុរកិច្ច និងទេសចរណ៍ សម្រាប់មន្ត្រីរដ្ឋបាលឃុំ/ស្រុក និងសហគមន៍អេកូទេសចរណ៍នៅស្រុកបុរីអូរស្វាយ សែនជ័យ។ វគ្គសិក្សាថ្នាក់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច និងទេសចរណ៍ ធ្វើឡើងក្នុងគោលបំណងពង្រឹងជំនាញទំនាក់ទំនងភាសាអង់គ្លេសកម្រិតមូលដ្ឋាន ដល់មន្រ្តីមូលដ្ឋាន និងសហគមន៍អេកូទេស​ចរណ៍អូរស្វាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍មូលដ្ឋាន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ និងការលើកកម្ពស់វិស័យអេកូទេសចរណ៍ប្រកបដោយចីរភាព។

វគ្គសិក្សាថ្នាក់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច និងទេសចរណ៍នេះ ត្រូវបានរៀបចំឡើងជាពិសេសទៅតាមតម្រូវការរបស់មន្ត្រីឃុំ/ស្រុក និងសហគមន៍អេកូទេសចរណ៍អូរស្វាយ នៃស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ សិក្ខាកាមទាំងអស់ ត្រូវចូលរួមថ្នាក់សិក្សាភាសាអង់គ្លេសនីមួយៗរយៈពេល១៥ម៉ោងសិក្សា ដែលត្រូវបានរៀបចំឡើងដោយការបញ្ចូលគ្នានូវមេរៀនភាសាអង់គ្លេសកម្រិតមូលដ្ឋាន និងការអនុវត្តទំនាក់ទំនងជាក់ស្តែង ដើម្បីអាចឱ្យសិក្ខាកាមយកជំនាញភាសាអង់គ្លេសកម្រិតមូលដ្ឋាន ទៅអនុវត្តនៅក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃ សកម្មភាពសហគមន៍ និងការប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេសចរណ៍ និងដៃគូអភិវឌ្ឍន៍ជាតិ និង​អន្តរជាតិ។

វគ្គសិក្សាថ្នាក់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងទេសចរណ៍

វគ្គសិក្សាថ្នាក់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងទេសចរណ៍នេះ ត្រូវបានរៀបចំឡើងសម្រាប់បង្រៀនមគ្គុទ្ទេសក៍សហគមន៍អេកូទេសចរណ៍អូរស្វាយ អំពីជំនាញទំនាក់ទំនងភាសាអង់គ្លេសកម្រិតមូលដ្ឋាន និងការទទួលបដិសណ្ឋារកិច្ចក្នុងការប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ វគ្គសិក្សានេះនឹងណែនាំពីពាក្យសម្តី និងវាក្យសព្ទភាសាអង់គ្លេស ដែលអាចត្រូវប្រើប្រាស់ជាប្រចាំនៅក្នុងបរិបទ​ទេស​ចរណ៍ រួមមាន៖ ការនិយាយស្វាគមន៍, ការនាំផ្លូវ, ការណែនាំអំពីសុវត្ថិភាព, ការពន្យល់ពីសក្តានុពលធម្មជាតិក្នុងតំបន់ទេសចរណ៍។ វគ្គសិក្សានេះ មានសារសំខាន់ជាពិសេសសម្រាប់សហគមន៍អេកូទេស​ចរណ៍ ក្នុងស្រុកបុរីអូរស្វាយ សែនជ័យ ដែលជាទីកន្លែងមានសក្តានុពលខ្ពស់ក្នុងវិស័យអេកូទេស​ចរណ៍ និងជាការចូលរួមចំណែកដល់ការគាំទ្រជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនមូលដ្ឋាន និងការអភិវឌ្ឍន៍សហគមន៍។ តាមរយៈការទទួលបានការយល់ដឹងភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងទេសចរណ៍ជាមូលដ្ឋាន សហគមន៍អេកូទេសចរណ៍ នឹងអាចរៀបចំខ្លួនឱ្យបានកាន់តែល្អប្រសើរ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ, ចែករំលែកព័ត៌មានអំពីសហគមន៍ និងធនធានដ៏សម្បូរបែបនៃបរិស្ថានអេកូទេសចរណ៍របស់ខ្លួន ព្រមទាំងគាំទ្រដល់ការបង្កើតបទពិសោធន៍ទេសចរណ៍ដ៏ល្អៗពីសហគមន៍របស់ខ្លួន។ ការពង្រឹងជំនាញទាំងនេះ មិនត្រឹមតែជួយបង្កើនការចូលរួមប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការថែរក្សាធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ក្នុងសហគមន៍ ក៏ដូចជាការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ស្រុកបុរីអូរស្វាយ សែនជ័យ។

វគ្គសិក្សាថ្នាក់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច

វគ្គសិក្សាថ្នាក់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ចនេះ ត្រូវបានរៀបចំឡើងដើម្បីផ្ដល់ចំណេះដឹងភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ចកម្រិតមូលដ្ឋាន ដល់មន្ត្រីឃុំ និងស្រុក ក្នុងការត្រៀមលក្ខណៈយកទៅប្រើប្រាស់ក្នុងកិច្ចការងារ និងទំនាក់ទំនងប្រចាំថ្ងៃជាមួយដៃគូជាតិ និងអន្តរជាតិ។ វគ្គសិក្សានេះ នឹងណែនាំអំពីគោលគំនិតសំខាន់ៗ និងភាសាអនុវត្តជាក់ស្តែងដែលអាចប្រើប្រាស់ក្នុងការទំនាក់ទំនងបែបវិជ្ជាជីវៈ។ តាមរយៈមេរៀនរៀបចំទុកជាមុន និងការអនុវត្តជាក់ស្តែង សិក្ខាកាមនឹងទទួលបានចំណេះដឹងភាសាអង់គ្លេសជាមូលដ្ឋាន ក្នុងបរិបទប្រើប្រាស់ និងសន្ទនា (និយាយ, ស្តាប់, អាន និងសរសេរ)។ វគ្គសិក្សានេះមានគោលបំណងបង្កើនទំនុកចិត្តរបស់មន្ត្រីរដ្ឋបាល ក្នុងការប្រាស្រ័យទាក់ទងជា​មួយស្ថាប័នរដ្ឋនានា អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធអន្តរជាតិ។ តាមរយៈការអនុវត្ត និងពង្រឹងកម្រិតសមត្ថភាពភាសាអង់គ្លេសមូលដ្ឋាននេះ មន្ត្រីរដ្ឋបាលនឹងមានលទ្ធភាពកាន់តែប្រសើរឡើងក្នុងការបំពេញកិច្ចការងារគាំទ្រដល់កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរចំណេះដឹង និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍មូលដ្ឋាន នៅក្នុងស្រុកបុរីអូរស្វាយ សែនជ័យ។

ការវាស់ស្ទង់ចំណេះដឹងមុនថ្នាក់រៀនភាសាអង់គ្លេស

មុននឹងចូលរួមក្នុងវគ្គសិក្សា សិក្ខាកាមទាំងអស់ត្រូវបំពេញការវាស់ស្ទង់ចំណេះដឹងភាសាអង់គ្លេសមុនថ្នាក់រៀនភាសាអង់គ្លេសចាប់ផ្ដើម។ ការវាស់ស្ទង់ចំណេះដឹងភាសាអង់គ្លេសនេះ រៀបចំឡើងដើម្បីពិនិត្យមើលកម្រិតសមត្ថភាពភាសាអង់គ្លេសបច្ចុប្បន្នរបស់សិក្ខាកាមចូលរួមទាំងអស់ និងអាចជួយសម្រួលដល់គ្រូបង្រៀនភាសាអង់គ្លេស ក្នុងការយល់ដឹងអំពីកម្រិតចំណេះដឹងភាសាអង់គ្លេស និងតម្រូវការរបស់សិក្ខាកាមដើម្បីអាចឱ្យគ្រូបង្រៀនភាសាអង់គ្លេស អាចយកមេរៀនដ៏សមស្របបំផុតមកបង្រៀន។ លើសពីនេះទៅទៀត លទ្ធផលចេញពីការវាស់ស្ទង់ចំណេះដឹងភាសាអង់គ្លេស នឹងជួយដល់គ្រូបង្រៀនភាសាអង់គ្លេស ក្នុងការស្វែងរកវិធីសាស្ត្របង្រៀនឱ្យមានប្រសិទ្ធភាព និងបទពិសោធន៍សិក្សារៀនសូត្រភាសាអង់គ្លេសដ៏ល្អក្នុងជំនាញទំនាក់ទំនងធុរកិច្ច និងទេសចរណ៍ សម្រាប់សិក្ខាកាម។

វគ្គសិក្សានេះបង្រៀនដោយកញ្ញា CHRES P. PABAS (MBA) ពីថ្ងៃចន្ទ ទី៦ ដល់ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ–សម្ដេចម៉ែ (បុរីអូរស្វាយ–សែនជ័យ)។

អត្ថបទ ៖ ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖