គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់តាំងបង្ហាញផលិតផល ក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»

ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ផលិតផលនៃគម្រោង «សូត្រចាម» ឬ «ពណ៌នៃការចងចាំ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចូលរួមតាំងបង្ហាញស្នាដៃសិល្បៈតម្បាញក្រណាត់សូត្រ ដែលបង្កើតឡើងជាក្បូរក្បាច់រចនាបថគោមដ៏ស្រស់ស្អាត និងការជ្រលក់ពណ៌ ដោយស្រ្តីជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិចាមរស់នៅក្នុងខេត្តកំពង់ចាម ក្នុងវេទិកាពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ» ក្នុងគោលដៅបង្ហាញពីភាពស្រស់ស្អាតនៃសម្រស់ប្រទេសកម្ពុជា និងប្រកបដោយទំនុកចិត្តពីភ្ញៀវអន្តរជាតិ ដែលកាន់សាសនាអ៊ិស្លាមនៅទូទាំងពិភពលោក។ វេទិកាពិព័រណ៍នេះ ធ្វើឡើងនៅបរិវេណនៃវិមានអាហារអូស៊ីអាយស៊ី ផ្លូវអូស៊ីអាយស៊ី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គោលបំណងនៃគម្រោងសូត្រចាម គឺចង់បង្ហាញពីបេតិកភណ្ឌវប្បធម៌ និងពហុវប្បធម៌ ប្រពៃណី របស់ជនជាតិចាម ការប្រកបមុខរបរពីជីដូនជីតា បន្តមកកូនចៅជនជាតិចាមក្នុងពេលបច្ចុប្បន្ន និងវត្ដមានដែលសេសសល់តាមរយៈការចងចាំ និងអាចរចនាឡើងវិញបានទៅជាក្រណាត់សូត្រផលិតដោយដៃ និងមានលក្ខណៈពិសេសក្នុងការជ្រលក់ពណ៌។ គម្រោងសូត្រចាម បានចូលរួមជួយផ្សព្វផ្សាយមួយផ្នែកនៃសក្តានុពលទេសចរណ៍សម្រាប់ទីផ្សារទេសចរមូស្លីម, បើកចំហជើងមេឃទទួលភ្ញៀវគ្រប់ទិសទី ទាំងអ្នកទេសចរណ៍ និងអ្នកវិនិយោគ​ក្នុងវិស័យទេសចរណ៍ និងការផ្ដល់បដិសណ្ឋារកិច្ចដើម្បីភាពងាយស្រួលដល់ទេសចរណ៍មូស្លីម តាមរយៈអ្នកស្រុកភូមិដែលរស់នៅក្នុងតំបន់ផ្ទាល់, ពិនិត្យលទ្ធភាពរបស់ភាគីពាក់ព័ន្ធដើម្បីត្រៀមខ្លួនបំពេញនូវតម្រូវការដែលកំពុងកើនឡើងសម្រាប់ទីផ្សារទេសចរណ៍មូស្លីម និងលើក​ទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធដើម្បីបង្កើត​ និងអនុវត្តយុទ្ធសាស្រ្តសម្រាប់ជំរុញ​កំណើនទេសចរណ៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា។

ពិធីពិព័រណ៍ទេសចរណ៍មូស្លីម មានការអញ្ជើញចូលរួមបើកកម្មវិធីដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍  បានថ្លែងថា នេះគឺជាវេទិកាលើកទី៣ បន្ទាប់ពីវេទិកាពិព័រណ៍លើកទី១ ក្នុងឆ្នាំ២០២៤ មានចំនួន២០ស្ដង់, វេទិកាពិព័រណ៍លើកទី២ ក្នុងឆ្នាំ២០២៥ មានចំនួន១០០ស្ដង់  និងវេទិកាពិព័រណ៍លើកទី៣ ក្នុងឆ្នាំ២០២៦នេះ កើនឡើងដល់១៥០ស្តង់ ដែលដាក់តាំងបង្ហាញផលិតផ្សេងៗ។

នៅក្នុងឱកាសនេះដែរ ម្ចាស់អាជីវកម្មបានចូលរួមចែករំលែកអំពីបទពិសោធន៍នៃភាពជោគជ័យ និងកាលានុវត្តភាពក្នុងវិស័យទេសចរណ៍, ការត្រៀមទទួលលក្ខណៈសម្បត្តិទេសចរណ៍មូស្លីម និងការផ្ដល់សេវាកម្ម ដើម្បីទាក់ទាញសក្ដានុពល​ទេសចរណ៍មូស្លីម។

ផ្សាភ្ជាប់នឹងការផ្តល់សេវាកម្ម និងការទាក់ទាញសក្តានុពលទេសចរណ៍មូស្លីម អ្នកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសាកម្ពុជា បានលើកឡើងថា ​ គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ, ពិព័រណ៍ប្លង់គោល ស្ថាបត្យកម្មនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ បានត្រៀមខ្លួនជាស្រេចក្នុងពិព័រណ៍ទេសចរណ៍មូស្លីមលើក៣ សម្រាប់ការផ្សព្វផ្សាយព័ត៌មានអំពីទីតាំងទេសចរណ៍តាមរយៈកិច្ចការស្រាវជ្រាវ វប្បធម៌ ប្រពៃណី ផ្សាភ្ជាប់សាច់រឿងនៅតាមតំបន់ជាក់ស្ដែង គឺខេត្តកំពង់ចាម មានសហគមន៍តម្បាញសូត្រចាម ធ្វើឡើងដោយដៃស្រ្តីជនជាតិចាម, ស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង មានប្រវត្តិសាស្រ្តនៃការបង្កើតសហគមន៍ រួមផ្សំបរិស្ថានធម្មជាតិ ជីវចម្រុះ និង ទីតាំងព្រះសារមន្ទីរ ដែលគ្រោងនឹងលេចវត្តមានក្នុងពេលអនាគត ដើម្បីផ្សាភ្ជាប់ភ្ញៀវទេសចរណ៍បែបស្រាវជ្រាវក្នុងតំបន់អាស៊ាន។

នៅថ្ងៃដំបូងនៃវេទិកាទេសចរណ៍មូស្លីមស្ដង់សូត្រចាម បានទាក់ទាញភ្ញៀវដែលអញ្ជើញមកចូលរួម កម្មវិធីតាមរយៈ ពណ៌ និងការរចនាគោមសំពត់ដ៏ស្រស់ស្អាត។

លោកយាយ សុន ជុ មានអាយុ៧១ឆ្នាំ រស់នៅឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចែករំលែកការចងចាំថា៖ ពេលឃើញ ពណ៌ និងគោមសំពត់ ធ្វើឱ្យខ្ញុំនឹកឃើញកាលខ្ញុំទើបមានអាយុ១៤ឆ្នាំ។ ខ្ញុំចាំមិនភ្លេចសំពត់គោមបុរាណទាំងនេះ។ ម្តាយខ្ញុំបានទិញសំពត់សូត្រឱ្យខ្ញុំស្លៀកពេលមានកម្មវិធីពិសេស ដូចជាបុណ្យប្រពៃណី និងរៀបការ។ សំពត់សូត្រសម្រាប់ស្រ្តី គឺពិតជាមានតម្លៃខ្លាំងណាស់។ ថ្ងៃនេះខ្ញុំសប្បាយចិត្ត ព្រោះបានឃើញស្នាដៃសំពត់គោមបុរាណរបស់ជនជាតិចាមនៅសល់ដល់សព្វថ្ងៃ ប្រៀបដូចខ្ញុំដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែរ។

អត្ថបទ ៖ មីន សាណាស់ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា


Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖