ប្រតិបត្តិការយប់ងងឹត៖ វីរកងទ័ពកម្ពុជា
ប្រហែលជាគ្មានពេលវេលាណាដែលគ្រោះថ្នាក់ លំបាក និងពោរពេញទៅដោយសម្ពាធ ហើយនិងភាពតានតឹង នៅអំឡុងពេលសមរភូមិប្រយុទ្ធ នាពេលយប់ងងឹតដែលឈានចូលមកដល់នោះទេ។ ទោះបីជាតំបន់អាស៊ីអាគ្នេយ៍មានអាកាសធាតុក្ដៅយ៉ាងណាក៏ដោយ នារដូវខ្យល់ធ្លាក់ពីខាងជើងនេះយើងមានអាកាសធាតុត្រជាក់ខុសពីធម្មតាដែលគ្របដណ្តប់ជុំវិញតំបន់ព្រៃក្រាស់ ហើយគឺគ្មានទីកន្លែងណាដែលមានអារម្មណ៍ត្រជាក់ស្រឹបជាងនៅសមរភូមិជួរមុខនៃជម្លោះរវាងប្រទេសកម្ពុជាជាមួយប្រទេសថៃនោះឡើយ។ វីរកងទ័ពកម្ពុជា បានដើរល្បាត និងឃ្លាំមើលនៅតាមបណ្ដោយព្រំដែនយ៉ាងប្រុងប្រយ័ត្ន ក្នុងការស្វែងរកសកម្មភាព ឬចលនាណាមួយ ដែលចង្អុលបង្ហាញអំពីការវាយប្រហារដែលខិតជិតមកដល់។