សិស្សវិទ្យាល័យអន្លង់វែងទស្សនាខ្សែភាពឯកសារ និងសិក្សាពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» និងចាក់បញ្ចាំងខ្សែភាពយន្ត ឯកសារទាក់ទងប្រវត្ដិសាស្រ្ដខ្មែរក្រហម ដល់សិស្សនៃវិទ្យាល័យអន្លង់វែងចំនួន៣នាក់ដើម្បីទស្សនា។ គោលបំណងនៃវេទិកាថ្នាក់រៀនថ្ងៃនេះ គឺចង់លើកកម្ពស់ការយល់ដឹងអំពីប្រវត្ដិសាស្រ្ដ ការកសាងសន្ដិភាព និងការផ្សះផ្សានៅតំបន់អន្លង់វែង និងតំបន់ផ្សេងទៀតនៅប្រទេសកម្ពុជា។

នៅក្នុងវេទិកាថ្នាក់រៀននេះ លោក សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានធ្វើបទបង្ហាញដោយផ្ដោតសំខាន់ទៅលើព្រឹត្ដិការណ៍ជុំវិញនៃខែកក្កដា និងបង្ហាញអំពីទំនាក់ទំនងគ្នាយ៉ាងជ្រាលជ្រៅ រវាងបក្សកុម្មុយនីស្តកម្ពុជា(ខ្មែរក្រហម) និងបក្សកុម្មុយនីស្តវៀតណាម គិតត្រឹមខែកក្កដា ឆ្នាំ១៩៧៥។ ខ្មែរក្រហមបានចាប់ផ្តើមធ្វើការបោសសម្អាតផ្ទៃក្នុងបក្សរបស់ខ្លួន ដោយផ្ដោតទៅលើកម្មាភិបាលដែលមាននិន្នាការ ឬធ្លាប់មានទំនាក់ទំនងជាមួយវៀតណាម ដូចជា ខ្មែរវៀតមិញ ឬអ្នកធ្លាប់ទៅទទួលការបំពាក់បំប៉ននៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្រៅពីនេះ ប្រជាជនស៊ីវិលត្រូវបានធ្វើទុក្ខបុកម្នេញ និងរងការសម្លាប់រង្គាលដោយហេតុផលពូជសាសន៍ វណ្ណៈ និងនិន្នាការក្បត់ រហូតឈានទៅដល់ការប្រព្រឹត្ដអំពើប្រល័យពូជសាសន៍។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនប្រមាណជិត២លាននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារការអត់ឃ្លាន ការធ្វើការងារហួសកម្លាំង ជំងឺគ្មានថ្នាំព្យាបាល និងការចាប់យកទៅសម្លាប់។

យោងតាមការរៀបរាប់របស់ឈ្មោះ អុន ទី គឺជាអ្នករស់រានមានជីវិតម្នាក់នៅក្នុងសម័យខ្មែរក្រហម បានប្រាប់រឿងរ៉ាវដ៏គួរឱ្យជូរចត់របស់ខ្លួនថា អ្វីដែលខ្លួនមិនអាចបំភ្លេចបានពីសម័យខ្មែរក្រហម គឺការបាត់បង់ឪពុក បងប្អូនជាទីស្រឡាញ់ ការហូបចុកមិនគ្រប់គ្រាន់ ការធ្វើការងារហួសកម្លាំង និងគ្មានពេលសម្រាក។ គាត់បានរស់នៅក្នុងភាពតក់ស្លុត និងភ័យខ្លាច ព្រោះខ្លាចខ្មែរក្រហមយកខ្លួនទៅសម្លាប់។ ប្រសិនបើខ្មែរក្រហមប្រាប់ថា ត្រូវបញ្ជូនទៅ «សហករណ៍ថ្មី» ប្រាកដណាស់ គឺខ្មែរក្រហមយកទៅសម្លាប់។ ចំណែកឯអ្នកទោស គឺត្រូវឆ្មាំគុកយកទៅដាក់នៅមន្ទីរឃុំឃាំង ដើម្បីសួរចម្លើយ។

តមក ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានបង្ហាញនូវពិព័រណ៍លលាដ៍ក្បាល និងគ្រោងឆ្អឹងជនរងគ្រោះ បន្ទាប់ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម និងចាក់បញ្ចាំងខ្សែភាពយន្តឯកសារមានចំណងជើង «គណៈប្រតិភូនៃបក្សពលករវៀតណាម អញ្ជើញធ្វើទស្សនកិច្ចជាមិត្ដភាពនឹងបក្សកុម្មុយនីស្ដកម្ពុជា» ឱ្យសិស្សទស្សនា ។

បន្ទាប់ពីទស្សនាចប់ សិស្សទាំងបីនាក់យល់ឃើញថា ការសិក្សាពីប្រវត្តិសាស្រ្តតាមរយៈទស្សនាភាពយន្តឯកសារ ដែលខ្លួនមិនធ្លាប់បានឃើញពីមុនមកជាការល្អ និងទទួលបានចំណេះដឹងថ្មីៗ។ រឿងរ៉ាវដែលយើងធ្លាប់ឮចាស់ៗនិយាយ និងរៀននៅសាលា គឺមានតែមួយផ្នែកតែប៉ុណ្ណោះ។   នៅពេលដែលយើងមកសិក្សាស្វែងយល់អំពីប្រវត្ដិសាស្ដ្រខ្មែរក្រហមនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង គឺធ្វើឱ្យយើងកាន់តែមានចំណេះដឹងបន្ថែមទៀត។

អត្ថបទ ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖

រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សម្របសម្រួលដំណើរបេសកកម្មរបស់គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងការចុះសិក្សាប្រមូលទិន្នន័យដើម្បីបង្កើតគម្រោង អភិវឌ្ឍន៍សាកល្បងនៅលើ «កោះឈើទាលធំ»