មជ្ឈមណ្ឌលឯកសារកោះថ្ម ចែករទេះរុញ និងកាសជំនួយត្រចៀក ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំទន្លូង និងស្តាប់ការរៀបរាប់ពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម

នៅចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានផ្តល់រទេះរុញចំនួន៣គ្រឿង និងកាសជំនួយត្រចៀកចំនួន៦គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ ដែលជាជនមានពិការភាពចំនួន៩នាក់ ក្នុងនោះមានស្រ្តីចំនួន៦នាក់ កំពុងរស់នៅភូមិចង្គំកណ្តាល ភូមិចង្គំទី១ និងភូមិក្តុលក្រោម ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការផ្តល់រទេះរុញ និងកាសជំនួយត្រចៀកនេះ គឺស្របទៅតាមគោលបំណងនៃគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយធ្វើយ៉ាងណាឱ្យសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានប្រសើរឡើង ស្វែងយល់អំពីសុខភាពសាធារណៈ និងផ្តល់សេវាសុខភាពសាធារណៈសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាពិសេសជនដែលមានពិការរស់នៅតាមសហគមន៍ដាច់ស្រយាល។

ក្រោយពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពទាំងនេះ បានទទួលរទេះរុញ និង កាសជំនួយត្រចៀករួច ក៏បានបង្ហាញពីចំណាប់អារម្មណ៍ដូចខាងក្រោម៖

១) តូច តិ

ខ្ញុំឈ្មោះ តូច តិ ភេទស្រី អាយុ៨៨ឆ្នាំ កើតនៅភូមិចង្គំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិឃុំដដែល។ ខ្ញុំមានឪពុកឈ្មោះ តូច និងម្ដាយឈ្មោះ អ៊ូ ។ ខ្ញុំខ្វិនជើងខាងស្តាំតាំងពីអាយុ៥ខែដោយសារការចាក់ថ្នាំ ទើបបណ្តាលឱ្យជើងខ្ញុំស្វិតរហូតមកទល់សព្វថ្ងៃ។ ក្នុងរបបខ្មែរក្រហម ខ្ញុំមិនដែលគិតថា ខ្លួនឯងមានជីវិតរស់នៅទេ  ព្រោះខ្មែរក្រហមបង្ខំខ្ញុំឱ្យធ្វើការងារច្រើន និងហូបចុកមិនបានគ្រប់គ្រាន់។

ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ចំពោះរទេះរុញ ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានផ្តល់ឱ្យខ្ញុំដោយឥតគិតថ្លៃ ព្រោះកន្លងមកមិនដែលមានក្រុមការងារណាមកសួរនាំខ្ញុំអំពីសុខភាព និងប្រវត្តិឆ្លងកាត់សម័យសង្គ្រាម, របបខ្មែរក្រហម ហើយបានផ្តល់រទេះរុញឱ្យខ្ញុំទេ។ ខ្ញុំមិនមានកូនចៅ និងសាច់ញាតិទេ គឺខ្ញុំរស់នៅម្នាក់ឯង។ រទេះរុញនេះមានប្រយោជន៍ណាស់សម្រាប់ខ្ញុំ ព្រោះអាចសម្រួលក្នុងការធ្វើដំណើររបស់ខ្ញុំ។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម និងសូមជូនពរក្រុមការងារឱ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

២) ឈាន កុច

ខ្ញុំឈ្មោះ ឈាន កុច ភេទប្រុស អាយុ៦៥ឆ្នាំ គឺជាជនជាតិស្ទៀង កើតនៅក្នុងភូមិក្ដុលក្រោម (ក្ដុលត្បូង) ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិឃុំដដែល។ ខ្ញុំស្ដាប់មិនសូវឮតាំងពីឆ្នាំ២០២០ គឺមានរយៈពេល៤ឆ្នាំហើយ ដោយសារតែជំងឺលើសឈាម។ ខ្ញុំពិតជាពិបាកក្នុងការស្ដាប់ណាស់ ពេលដែលកូនចៅនិយាយជាមួយខ្ញុំ។ ខ្ញុំមិនឮហើយក៏មិនបានឆ្លើយតបទៅកូនចៅខ្ញុំវិញដែរ។ ខ្ញុំស្តាប់មិនឮហេតុនេះធ្វើឱ្យខ្ញុំមានអាការៈតានតឹង ទាំងការពិតកូនចៅនិយាយល្អពីខ្ញុំ ប៉ុន្តែខ្ញុំយល់ខុស។ ការដែលខ្ញុំទទួលបានកាសជំនួយត្រចៀក អាចឱ្យខ្ញុំមានទំនាក់ទំនងល្អប្រចាំថ្ងៃជាមួយអ្នកនៅជុំវិញខ្លួន។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានផ្ដល់កាសជំនួយត្រចៀក ដល់ខ្ញុំ។

៣) រី ស៊ីម

ខ្ញុំឈ្មោះ រី ស៊ីម អាយុ៦៨ឆ្នាំ ភេទស្រី កើតនៅភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិចង្គំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានទទួលរទេះរុញ ព្រោះខ្ញុំធ្វើដំណើរពីកន្លែងទៅកន្លែងមួយទៀតបាន។

៤) ជា អ៊ា

ខ្ញុំឈ្មោះ ជា អ៊ា ភេទស្រី អាយុ៨៤ឆ្នាំ កើតនៅក្នុងភូមិក្ដុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិឃុំដដែល។ ខ្ញុំស្ដាប់មិនសូវឮតាំងពីឆ្នាំ២០២៣ ដោយសារតែជំងឺ ចាស់ជរា។ ការដែលខ្ញុំស្ដាប់មិនសូវឮ ធ្វើឱ្យខ្ញុំមានអារម្មណ៍ធុញថប់ ព្រោះមិនដឹងថាអ្នកនៅជុំវិញខ្លួននិយាយអ្វីខ្លះ។ កូនចៅមិនចង់និយាយជាមួយខ្ញុំទេ ព្រោះខ្ញុំស្តាប់មិនឮ។ ពេលខ្ញុំឈឺម្ដងៗ ខ្ញុំស្ដាប់មិនឮនិងហឹងក្នុងត្រចៀក ធ្វើឱ្យខ្ញុំមិនចង់និយាយស្ដីអ្វីទាំងអស់។ ខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មដែលបានផ្ដល់កាសជំនួយត្រចៀកដល់ខ្ញុំ។

៥) ម៉ុញ ខ្លី

ខ្ញុំឈ្មោះ ម៉ុញ ខ្លី ភេទប្រុស អាយុ៨៣ឆ្នាំ កើតនៅភូមិកញ្ជិត ឃុំឡុកថាញ់ ស្រុកឡុកនិញ ខេត្តប៊ិញភឿក។ នៅឆ្នាំ១៩៧៩ ខ្ញុំផ្លាស់មករស់នៅភូមិចង្គំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំស្ដាប់មិនសូវបានតាំងពីឆ្នាំ២០២០ គឺមានរយៈពេល៤ឆ្នាំហើយដោយសារជំងឺចាស់ជរា។ ខ្ញុំពិតជាពិបាកក្នុងការស្ដាប់ ពេលដែលកូនចៅនិយាយជាមួយ។ ខ្ញុំស្តាប់មិនឮ និងមិនបានឆ្លើយតបទេ។ ខ្ញុំមានអារម្មណ៍មិនល្អពេលស្តាប់កូនចៅមិនឮ ទោះបីកូនចៅនិយាយល្អពីខ្ញុំក៏ដោយ។ កាសជំនួយត្រចៀកនេះធ្វើឱ្យខ្ញុំមានទំនាក់ទំនងល្អប្រចាំថ្ងៃជាមួយអ្នកនៅជុំវិញខ្លួនវិញ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានផ្ដល់កាសជំនួយត្រចៀកដល់ខ្ញុំ។

៦) ឯម យ៉ែម

ឯម យ៉ែម ភេទស្រី អាយុ៨៨ឆ្នាំ មានទីកន្លែងកំណើតនៅ ភូមិចង្គុំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន គាត់រស់នៅក្នុងឃុំដដែល។ កូនស្រីរបស់គាត់រៀបរាប់ថា ៖ «ខ្ញុំពិតជាមានអារម្មណ៍រីករាយនិងរំភើបជាខ្លាំង ដែលក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មបានឧបត្ថម្ភកាសជំនួយត្រចៀកដល់ម្ដាយរបស់ខ្ញុំ ដើម្បីឱ្យគាត់មានឱកាសស្ដាប់ឮ អាចនិយាយឆ្លងឆ្លើយជាមួយកូនចៅ និងបងប្អូននៅក្នុងភូមិដូចធម្មតាវិញ។ ពេលដែលម្ដាយខ្ញុំស្ដាប់ឮ គឺស្រួលក្នុងការសួរនាំ អំពីសុខភាពរបស់គាត់ ពេលគាត់ឈឺ ឬមិនស្រួលខ្លួនម្ដងៗ។ ខ្ញុំពិតជាពិបាកក្នុងការសួរនាំ។ ភាគច្រើនទៅពេលមិនស្រួលខ្លួនគឺគាត់មិននិយាយរកកូនចៅទេ ដល់អញ្ចឹងខ្ញុំមិនដឹងថាគាត់ឈឺអ្វីទេ។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកោះថ្មដែលបានជួយឱ្យម្ដាយរបស់ខ្ញុំស្ដាប់ឮម្ដងទៀត»។

អត្ថបទ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖