ពិធីបុណ្យឆ្លងសាលាបុណ្យសហគមន៍ជនជាតិភាគតិចស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម

មជ្ឈ​មណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានចាប់ផ្តើមជួសជុល និងរៀបចំសាលាបុណ្យសហគមន៍ជនជាតិស្ទៀង ចាប់ពីខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់ទាំងស្រុងនៅដើមខែកញ្ញា ឆ្នាំ២០២៤។ សាលាបុណ្យសហគមន៍ជនជាតិស្ទៀងនេះនឹងបម្រើជាផលប្រយោជន៍សាធារណដល់សហគមន៍ជនជាតិស្ទៀងប្រមាណ១៥១គ្រួសារ ស្មើនឹង៧៣៨នាក់ នៅក្នុងភូមិក្តុលលើ ដែលជាភូមិមួយមានជនជាតិស្ទៀងរស់នៅច្រើនជាងគេ ក្នុងចំណោមភូមិទាំង១៣ផ្សេងទៀតនៃឃុំទន្លូង។

ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ អ្នកភូមិជនជាតិដើមភាគតិចស្ទៀងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបុណ្យឡើងសាលាបុណ្យសហគមន៍ជនជាតិដើមភាគតិចស្ទៀងដែលទើបនឹងជួសជុលរួចរាល់នេះ ដោយថ្ងៃទី១) អ្នកភូមិជនជាតិដើមភាគតិចស្ទៀងភូមិក្តុលលើបានរៀបចំពិធីសែនអ្នកតាសុំសេចក្តីសុខសប្បាយតាមជំជឿតាំងពីដូនតានៅអាស្រមអ្នកតាក្រោមដើមជ្រៃធំនៅមុខសាលាបុណ្យសហគមន៍ជនជាតិស្ទៀងនៅក្នុងភូមិ។ បន្ទាប់មកអ្នកភូមិរៀបចំសែនព្រេនសុំសេចក្តីសុខសប្បាយនៅខាងលើសាលាបុណ្យបន្តទៀត។ កាលពីដើម ជនជាតិស្ទៀងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ រួមមាន ក្មេង ចាស់ ប្រុស ស្រី តែងតែយាយីដោយសារជំងឺគ្រុន និងជំងឺរាតត្បាតផ្សេងៗដែលបណ្តាលឱ្យមានមនុស្សស្លាប់ ទើបអ្នកភូមិជនជាតិស្ទៀងជឿលើការបន់ស្រន់អារក្ស និងអ្នកតា។ អ្នកភូមិបានមូលគំនិតរៀបចំពិធីឡើងអ្នកតា។ អ្នកភូមិធ្វើគ្រែស្នែងធំល្មម ហើយដាក់ដំថ្មចំនួនពីរដុំលើគ្រែស្នែងនោះ។ ចំណែកថ្មទាំងពីរដុំ ត្រូវបានអ្នកភូមិជនជាតិដើមភាគតិចស្ទៀងគូរកំបោរឱ្យដូចទៅនឹងមុខមនុស្ស។ នៅលើគ្រែស្នែងមានគ្រឿងសំណែន ដូចជា ម្លូ ស្លា បារី បាយស បាយក្រហម នំ ចំណី បង្អែម ផ្លែឈើ និងស្រាជាដើម។ សម្រាប់គ្រែស្នែង តម្រូវឱ្យមានមនុស្សប្រុសចំនួន៤នាក់ សែងដង្ហែក្នុងភូមិ។ អ្នកភូមិជនជាតិភាគតិចស្ទៀងដែលចូលរួមដង្ហែត្រូវគូរមុខ គូរមាត់ ឱ្យខុសប្លែកពីមនុស្ស។ ចំណែកឧបករណ៍កាន់តាមខ្លួន រួមមាន ដាវ កាំបិត ធ្នូ ដំបង ដែលធ្វើអំពីឈើ និងឫស្សី។ រីឯសត្វរួមមានសត្វគោ ក្របី ដំរី សេះធ្វើពីដើមចេក។ បន្ទាប់ពីរៀបចំរណ្តាប់បូជាសព្វគ្រប់ហើយ អ្នកភូមិជនជាតិភាគតិចស្ទៀងនាំគ្នាស្រែកខ្លាំងៗ ឱ្យឧបទ្រពចង្រៃចេញពីភូមិស្រុក និងសូមឱ្យអ្នកភូមិមានសេចក្តីសុខចម្រើន។ អ្នកភូមិនាំគ្នាដើរគោះគ្រប់ផ្ទះ ដើម្បីដេញគ្រោះឧបទ្រពចេញពីផ្ទះដែរ។ អ្នកភូមិជនជាតិភាគតិចស្ទៀងបាននាំគ្នាវាយ និងបោះសត្វមាន់ ទា ទៅលើគ្រែស្នែងយកទៅអាស្រមអ្នកតា ឬខ្ទមអ្នកតា។ បន្ទាប់មកអ្នកភូមិចាប់ផ្តើមសែនព្រេន បន់ស្រន់ អារក្សអ្នក សុំសេចក្តីសុខម្តងទៀត។ អស់រយៈពេលប្រមាណជាង១០ឆ្នាំកន្លងមកនេះ អ្នកភូមិក្តុលលើលែងធ្វើពិធីឡើងអ្នកតាទៀតហើយ គឺគ្រាន់តែធ្វើពិធីសែនអ្នកតានៅទីអាស្រមក្នុងភូមិ ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី មុនសាងសង់ផ្ទះសម្បែង ឬរៀបចំពិធីអ្វីមួយ។ នៅថ្ងៃទី២) អ្នកភូមិក្តុលលើធ្វើដំណើរទៅវត្តហត្ថិវនរាមក្តុល ហៅ វត្តក្តុល ដើម្បីដង្ហែព្រះពុទ្ធរូបចំនួន៥ព្រះអង្គមកគង់នៅសាលាបុណ្យសហគមន៍ជនជាតិស្ទៀងនៅភូមិក្តុលលើ។ បន្ទាប់មកព្រះសង្ឃនិមន្តធ្វើបទនមស្ការ ចម្រើនព្រះបរិត្ត និងប្រគេនយាគូព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

សាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម ស្ថិតនៅក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលត្រូវបានហៅថា តំបន់កោះថ្ម។ តំបន់កោះថ្ម​ស្ថិតនៅក្នុងស្រុកមេមត់ដែលកំណត់ក្នុងការស្រាវជ្រាវប្រវត្តិសាស្ត្រភូមិរួមមាន ៖ ឃុំទន្លូង ឃុំជាំតាម៉ៅ និងឃុំជាំក្រវៀន គឺជាទីតាំងមួយក្នុងចំណោមទីតាំងផ្សេងទៀតដែលជនជាតិដើមភាគតិចស្ទៀងរស់នៅ និងជាតំបន់មួយដែលទទួលរងផលប៉ះពាល់ចាប់តាំងពីអាណានិគមនិយមបារាំង។ សហគមន៍ជនជាតិដើមភាគតិចស្ទៀងក្នុងស្រុកមេមត់​ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ស្រុកស្នួល ខេត្តក្រចេះ និងជនជាតិដើមភាគតិចផ្សេងៗទៀតក្នុងខេត្តមណ្ឌលគិរី ខេត្តរតនគិរី ត្រូវបានបែកខ្ញែកសាច់ញាតិ បងប្អូនកូនចៅ និងទឹកដី ដោយមួយផ្នែកត្រូវស្ថិតនៅក្នុងប្រទេសកម្ពុជា និងមួយផ្នែកទៀតត្រូវនៅក្នុងប្រទេសវៀតណាម។ បន្ទាប់មកជនជាតិដើមភាគតិចស្ទៀងនៅតំបន់កោះថ្មបានទទួលរងគ្រោះធ្ងន់ធ្ងរបន្ថែមទៀតដោយសារសង្រ្គាមវៀតណាម ការទម្លាក់គ្រាប់បែក និងអំពើប្រល័យពូជសាសន៍អំឡុងពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។

តំបន់កោះថ្មគឺជាកន្លែងដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត​ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងសង្រ្គោះប្រជាជនកម្ពុជាប្រមាណ៥លាននាក់ឱ្យរស់រានមានជីវិតនៅថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ និងការផ្តួចផ្តើមគំនិតបង្កើតគោលនយោ​បាយ ឈ្នះ ឈ្នះ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលឈានទៅរកការបង្រួបបង្រួមប្រទេសទាំងមូល និងទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី២៩​ ខែឆ្នូ ឆ្នាំ១៩៩៨។​

សាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម ត្រូវបានរចនាឡើងដោយនិស្សិតស្ថាបត្យកម្មឆ្នាំទី៥ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន២រូប គឺ លោក វន រ័ត្នវិសាល និង កញ្ញា លឹម វណ្ណសូលីហ្សា ដោយយកតាមលំនាំផ្ទះរបស់ជនជាតិដើមភាគតិចស្ទៀងសម័យបុរាណ។ ផ្នែកខាងលើនៃផ្ទះនេះត្រូវសង់អំពីឈើសម្រាប់សហគមន៍ជនជាតិដើមភាគតិចស្ទៀងតំបន់កោះថ្ម ប្រើប្រាស់ក្នុងការពិភាក្សាលើកិច្ចការងារស្រែចម្ការ ការងារអភិវឌ្ឈន៍សហគមន៍ ការងារយេនឌ័រ បញ្ហាដីធ្លី ការងារបោះឆ្នោត ការងារទាក់ទងនឹងការថែរក្សាទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិចស្ទៀង ការប្រារព្ធពិធីបុណ្យប្រពៃណីវប្បធម៌ សាសនា និងការងារផ្សេងៗទៀតនៅក្នុងសហគមន៍។ ចំណែកផ្នែកខាងក្រោម (ជាន់ផ្ទាល់ដី) សាងសង់អំពីស៊ីម៉ងត៍សម្រាប់ប្រើប្រាស់ជាការិយាល័យមជ្ឈមណ្ឌលឯកសារកោះថ្ម។

មជ្ឈមណ្ឌលឯកសារកោះថ្មខេត្តត្បូងឃ្មុំ គឺជាសាខាមួយក្នុងចំណោមសាខាតាមខេត្តទាំង១៩ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ មជ្ឈមណ្ឌលឯកសារកោះថ្មបានបើកដំណើរការជាសាធារណៈនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ត្រូវនឹងខួបលើកទី៤៣ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧  ដល់ ថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ២០២០)។ មជ្ឈមណ្ឌលឯកសារកោះថ្មនេះ គឺផ្តើមចេញពីគំនិតរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងដំណើរសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រយោធានៅតំបន់កោះថ្ម នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

មជ្ឈមណ្ឌលឯកសារកោះថ្មមានវត្ថុបំណងធំៗចំនួន៤ដូចខាងក្រោម៖

១) បង្ហាញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ​១៩៦០ ដល់ឆ្នាំ១៩៩០ ។

២) ពង្រឹងការកសាងសន្តិភាព និងការការពារជម្លោះ តាមរយៈកម្មវិធីអប់រំ ដែលជាឱកាសមួយសម្រាប់យុវជននៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាលបំផុតក្នុងការចូលរួមរៀនសូត្រ។

៣) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឱ្យចែករំលែក និងបង្រៀនក្មេងៗជំនាន់ក្រោយពីបទពិសោធន៍របស់ពួកគេក្នុងរបបខ្មែរក្រហម។

៤) ប្រមែប្រមូលរឿងរ៉ាវ បទពិសោធន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបនោះ។

ក្នុងរយៈពេលជាង៤ឆ្នាំ ដោយគិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ខែកញ្ញា ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលឯកសារកោះថ្មបានបំពេញការងារស្នូលរបស់ខ្លួនដូចខាងក្រោម៖

ទី១) មជ្ឈមណ្ឌលឯកសារកោះថ្មបានជ្រើសរើសយុវជនស្ម័គ្រចិត្តក្នុងខេត្តត្បូងឃ្មុំសរុបចំនួន៤០៥នាក់មកបណ្តុះបណ្តាលអំពីប្រវត្តិសាស្ត្រខ្មែរក្រហម វិធីសាស្ត្រសម្ភាសន៍ប្រវត្តិសាស្ត្រផ្ទាល់មាត់ ត្រៀមសម្ភារ និងឯកសារផ្សេងៗ មុននឹងអនុញ្ញាតឱ្យយុវជនស្ម័គ្រចិត្តទាំងអស់ចុះសួរសុខទុក្ខ​ ស្តាប់រឿងរ៉ាវដែលអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមជាជនជាតិដើមភាគតិចស្ទៀង និងអ្នករានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមផ្សេងទៀតក្នុងខេត្តត្បូងឃ្មុំ ដែលបានចងចាំមិនភេ្លច និងបញ្ហាសុខភាពរបស់ពួកគាត់នៅពេលបច្ចុប្បន្ននេះ។

ទី២) បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម និងអ្នកស័្មគ្រចិត្តខេត្តត្បូងឃ្មុំបានប្រមូលរឿងរ៉ាវដែលអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមជាជនជាតិដើមភាគតិចស្ទៀង និងអ្នករានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមផ្សេងទៀតក្នុងខេត្តត្បូងឃ្មុំ សរុបចំនួនជាង ៣១៥៤នាក់

ទី៣) មជ្ឈមណ្ឌលឯកសារកោះថ្មបានទទួលសិស្សានុសិស្ស និស្សិត និងយុវជនរស់នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តកំពង់ចាម និងរាជធានីភ្នំពេញមកទស្សនកិច្ចសិក្សា និងចូលរួមវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥ – ១៩៧៩) និងការទប់ស្កាត់អំពើហិង្សាធ្ងន់ធ្ងរ ចំនួន៤៥ លើក ស្មើនឹង ៣០៧០នាក់ នៅបន្ទប់ពិព័រណ៌រូបថតនៃមជ្ឈមណ្ឌលឯកសារកោះថ្ម។ ក្នុងនោះក៏មានមន្រ្តីរាជការ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អង្គទូតនានា និងអ្នកស្រាវជ្រាវបានអញ្ជើញចូលមកទស្សនាពិព័រណ៌រូបថត រូបគំនូរ និងផែនទី ដែលបានតាំងនៅបន្ទប់ពិព័រណ៍រូបថតនៃមជ្ឈមណ្ឌលឯកសារកោះថ្ម។

ទី៤) មជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំដំណើរទស្សនកិច្ចតាមរថភ្លើង លើប្រធានបទ ការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី២ និងទី៣ ក្នុងរបបខ្មែរក្រហម​ (ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩) ចំនួន២លើក ស្មើនឹង ១៤៦នាក់។ លើកទី១) ក្រុមការងារ​មជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំដំណើរទស្សនកិច្ចតាមរថភ្លើង លើប្រធានបទ៖ ការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី២ក្នុងរបបខ្មែរក្រហម (ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩) សម្រាប់យុវជនខេត្តត្បូងឃ្មុំចំនួន១០២នាក់រយៈពេល៤យប់ ៥​ថ្ងៃ ដោយធ្វើដំណើរតាមរថភ្លើងពីភ្នំពេញទៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។​ នៅក្នុងខេត្តបន្ទាយមានជ័យ និងពោធិ៍សាត់យុវជនបានទស្សនកិច្ចសិក្សាតាមទីតាំងឧក្រិដ្ឋកម្មនានា និងជួបសម្ភាសន៍ជាមួយអ្នករស់រានមានពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅតាមទីតាំងនីមួយៗ។ លើកទី២) ក្រុមការងារ​មជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំដំណើរទស្សនកិច្ចតាមរថភ្លើង លើប្រធានបទ៖ ការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី៣ ក្នុងរបបខ្មែរក្រហម (ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩) សម្រាប់យុវជនខេត្តត្បូងឃ្មុំចំនួន៤៤នាក់     រយៈពេល៤យប់ ៥​ថ្ងៃ ដោយធ្វើដំណើតាមរថភ្លើងពីភ្នំពេញទៅខេត្តកំពត។​ នៅក្នុងខេត្តកំពតយុវជនបានទស្សនកិច្ចសិក្សានៅអតីតការដ្ឋានស្រែអំបិលខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មនានា។ ក្រុមយុវជនក៏បានជួបសម្ភាសន៍ជាមួយអ្នករស់រានមានពីរបបខ្មែរក្រហម ដែលធ្លាប់បានធ្វើការងារជាកម្មករស្រែអំបិល លើកទំនប់ និងជីកប្រឡាយ។

ទី៥) មជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំវេទិកាអប់រំសហគមន៍សម្រាប់យុវជន និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩) និងការទប់ស្កាត់អំពើហិង្សាធ្ងន់ធ្ងរ ចំនួន៨លើក ស្មើនឹង ៣២៤នាក់​ (អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ចំនួន១៩៤នាក់ និងយុវជនចំនួន១៣០នាក់) នៅក្នុងឃុំទន្លូង ឃុំជាំតាម៉ៅ ឃុំជាំ និងឃុំចាន់មូលនៃស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ទី៦) មជ្ឈមណ្ឌលឯកសារកោះថ្មបានជូន និងចំណាយរាល់ការធ្វើដំណើរដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិដើមភាគតិចស្ទៀង និងអ្នករានមានជីវិតពីរបបខ្មែរក្រហមផ្សេងទៀតក្នុងខេត្តត្បូងឃ្មុំ មកពិនិត្យសុខភាពនៅតាមមន្ទីរសម្រាកព្យាបាលដែលជាដៃគូរបស់មជ្ឈមណ្ឌលឯកសារកោះថ្មនៅតាមស្រុកនានាក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន២៩២នាក់។

ទី៧) មជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំផ្តល់ការពិនិត្យសុខភាពជាបឋមដោយក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យ KV ខេត្តត្បូងឃ្មុំដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិដើមភាគតិចស្ទៀង  និងអ្នករានមានជីវិតពីរបបខ្មែរក្រហមផ្សេងទៀតក្នុងខេត្តត្បូងឃ្មុំ ចំនួន៣លើក (លើកទី១) នៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ  លើកទី២) នៅភូមិក្តុលលើ ឃុំទន្លូង និងលើកទី៣) នៅមជ្ឈមណ្ឌលឯកសារកម្ពុជាស្ថិតនៅក្នុងសាសាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែនកោះថ្ម) សរុបស្មើនឹង ១៥១នាក់។

ទី៨) មជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំវេទិកាអប់រំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិដើមភាគតិចស្ទៀង និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផ្សេងទៀតក្នុងខេត្តត្បូងឃ្មុំ ចំនួន២លើក (លើកទី១)​ នៅភូមិក្តុលលើ ឃុំទន្លូង និងលើកទី២) នៅមជ្ឈមណ្ឌលឯកសារកម្ពុជាស្ថិតនៅក្នុងសាសាបឋមសិក្សាប៊ុន រ៉ានី ហ៊ុន សែនកោះថ្ម សរុបស្មើនឹង១៥១នាក់។ ក្រុមគ្រូពេទ្យជំនាញ និងក្រុមការងារគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានចូលរួមជាវាគ្មិនក្នុងវេទិកាទាំងពីរខាងលើ។

ទី៩) មជ្ឈមណ្ឌលឯកសារកោះថ្មបានរៀបចំឱ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចស្ទៀងចំនួន៤៧នាក់ បានចូលរួម សន្និសីទលើកទី១ ៖ អនាគតប្រទេសកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ចន្លោះពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលយុត្តិតេជោ (អតីតសាលាក្តីខ្មែរក្រហម) នៅរាជធានីភ្នំពេញ ដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បញ្ជាការដ្ឋានកងទ័ពជើងគោក និងមជ្ឈមណ្ឌលឯកសារកម្ពុជា។

ទី១០) មជ្ឈមណ្ឌលឯកសារកោះថ្មបានផ្តល់ម៉ូតូកង់បី (Tuk Tuk) មួយគ្រឿង ដល់សហគមន៍ភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់ ដែលជាភូមិមួយដាច់ស្រយាលពីមណ្ឌលសុខភាពឃុំ និងមន្ទីរពេទ្យបង្អែកស្រុក ដើម្បីប្រើសម្រាប់ដឹកជញ្ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងស្រ្តីមានផ្ទៃពោះមកកាន់មណ្ឌលសុខភាពឃុំ និងមន្ទីរពេទ្យបង្អែកស្រុកបានងាយស្រួល និងទាន់ពេលវេលា។

ទី១១) មជ្ឈមណ្ឌលឯកសារកោះថ្មបានផ្តល់រទេះរុញជូនជនពិការចំនួន ១២គ្រឿង និងកាសជំនួយត្រចៀក ១៧គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងកូនចៅដែលជាជនពិការនៅខេត្តត្បូងឃ្មុំ។ មជ្ឈមណ្ឌលឯកសារកោះថ្មក៏បានផ្តល់រទេះរុញជនពិការចំនួន៥គ្រឿង និងផ្តល់កាសជំនួយត្រចៀកចំនួន ១០០គ្រឿង ជូនអង្គការជនពិការខេត្តត្បូងឃ្មុំ។

នៅចន្លោះពីខែតុលា ឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៥ ខាងមុខនេះ មជ្ឈមណ្ឌលឯកសារកោះថ្មនឹងផ្តោតសំខាន់ទៅលើការងារស្រាវជ្រាវរឿងរ៉ាវប្រវត្តិសាស្ត្រសហគមន៍ជនជាតិដើមភាគតិចស្ទៀងតាមភូមិ ក្នុងតំបន់កោះថ្ម (ឃុំទន្លូង ឃុំជាំតាម៉ៅ ឃុំជាំក្រវៀន) ចាប់តាំងពីជំនាន់អាណានិគមនិយមបារាំង សង្រ្គាមវៀតណាម ការទម្លាក់គ្រាប់បែក របបប្រល័យពូជសាសន៍ខ្មែរក្រហម និងសម័យក្រោយឆ្នាំ១៩៧៩។ មជ្ឈមណ្ឌលឯកសារកោះថ្មនឹងបន្តរៀបចំដំណើរទស្សនកិច្ចសិក្សា វេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម (ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩) និងការទប់ស្កាត់អំពើហិង្សាធ្ងន់ធ្ងរនៅបន្ទប់ពិព័រណ៍រូបថតមជ្ឈមណ្ឌលឯកសារកោះថ្ម។ មជ្ឈមណ្ឌលឯកសារកោះថ្មនឹងបន្តសួរសុខទុក្ខ​ ស្តាប់ និងចងក្រងរឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាជនជាតិដើមភាគតិចស្ទៀងតំបន់កោះថ្ម និងតំបន់ដទៃទៀតក្នុងខេត្តត្បូងឃ្មុំ។

អ្នកភូមិជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើដែលបានចូលរួមពិធីបុណ្យឆ្លងសាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម បានសម្តែងនូវសេចក្តីរីករាយ និងបង្ហាញការចាប់អារម្មណ៍ដូចខាងក្រោម៖

១) ខ្ញុំឈ្មោះ ជា គឹមហ៊ី អាយុ៦៤ឆ្នាំ ភេទប្រុស មានទីកន្លែងកំណើតកើតនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​។ ខ្ញុំមានអារម្មណ៍រំភើបក្នុងការសាងសង់សាលាបុណ្យថ្មី សម្រាប់ភូមិក្ដុលលើជូនដល់ប្រជាជនដែលជាជនជាតិដើមភាគតិចស្ទៀងដូចជាកូនចៅរបស់ខ្ញុំនៅជំនាន់ក្រោយៗនេះ ដើម្បីឱ្យកូនចៅជនជាតិដើមភាគតិចស្ទៀងបានយល់ដឹងអំពីអត្តសញ្ញាណរបស់ខ្លួន។ សាលាបុណ្យនេះនឹងចូលរួមថែរក្សាទុកជាប្រវត្តិសាស្រ្តដល់កូនចៅជនជាតិដើមភាគតិចស្ទៀងជំនាន់ក្រោយបានឱ្យដឹង និងចេះជួយសហគមន៍ជនជាតិដើមភាគតិចស្ទៀង។ កម្មវិធីថ្ងៃនេះធ្វើឡើងដើម្បីសុំសេចក្ដីសុខចម្រើនពីម្ចាស់ទឹកដី ព្រមទាំងដង្ហែព្រះបដិមាមកតម្កល់ទុកនៅលើសាលាបុណ្យនេះ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះការជួយសាងសង់សាលាបុណ្យថ្មី ជូនដល់ជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើនេះ។

ខ្ញុំបានចូលធ្វើកងចល័តនៅក្នុងភូមិជាំទ្រៀក នៅឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម។ នៅក្នុងភូមិប្រជាជនទាំងអស់ត្រូវធ្វើការងារ និងហូបចុករួម។ នៅក្នុងឆ្នាំ១៩៧៥ ដដែល ខ្ញុំគ្មានបាយហូបគ្រប់គ្រាន់ទេ គឺហូបតែបបរលាយគ្រាប់ពោត។ មកដល់ឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀសខ្ញុំពីភូមិជាំទ្រៀកទៅភូមិស្វាយជ្រុំ ក្នុងខេត្តក្រចេះ។ នៅភូមិស្វាយជ្រះ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យទៅគាស់គល់ឈើ បិទប្រព័ន្ធភ្លឺស្រែ ធ្វើយ៉ាងណាឱ្យបានដីស្រែមួយហិកតាក្នុងមួយថ្ងៃ ក្នុងចំណោមសមាជិកកង១៥នាក់។ ប្រសិនបើកងខ្ញុំធ្វើមិនហើយ ខ្មែរក្រហមមិនឱ្យឈប់សម្រាកទេ។ នៅទីនោះ ខ្ញុំបែកបងប្អូនម៉ែឪ។ កងទ័ពខ្មែរក្រហមបានបែងចែកប្រជាជនចាប់ពីស្រុកត្រមូងមកខាងលិចត្រូវទៅនៅ​​ភូមិស្វាយជ្រះ ហើយពីស្រុកមេមត់ឡើងទៅខាងលិចឱ្យទៅនៅតំបន់ផ្សេងទៀតក្នុងខេត្តក្រចេះ។

ចន្លោះពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ខ្មែរក្រហមជម្លៀសខ្ញុំចេញពីភូមិស្វាយជ្រះ ទៅនៅស្រុកចំការលើ ខេត្តកំពង់ចាម។ ពេលនោះខ្មែរក្រហមចាត់តាំងខ្ញុំឱ្យធ្វើការក្នុងកងបោកស្រូវ។ ខ្មែរក្រហមឱ្យខ្ញុំបោកស្រូវរហូតដល់ម៉ោងម៉ោង១០យប់ទើបបានឈប់សម្រាក។ នៅស្រុកចំការលើ ខ្ញុំគ្មានបាយហូបគ្រប់គ្រាន់ទេ ដោយពេលព្រឹកខ្មែរក្រហមឱ្យខ្ញុំហូបដំឡូង១ដុំតែប៉ុណ្ណោះ ។ ពេលនោះ ម្តាយខ្ញុំគិតថា ខ្ញុំបានស្លាប់ហើយ ចំណែក​ខ្ញុំក៏គិតថា ឪពុកម្តាយខ្ញុំស្លាប់ដែរ។

ចូលដល់ឆ្នាំ១៩៧៩ ខ្ញុំទទួលដំណឹងថា ប្រទេសជាតិត្រូវបានរំដោះហើយ ទើបខ្ញុំធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ និងបានជួបជុំឪពុកម្តាយវិញ លើកលែងតែបងប្រុសរបស់ខ្ញុំម្នាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម។

២) ខ្ញុំឈ្មោះ យាន យឿន ភេទស្រី អាយុ៥៥ឆ្នាំ គឺជាជនជាតិដើមភាគតិចស្ទៀង មានទីកន្លែងកំណើតនៅភូមិក្ដុលលើ  ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន​ ខ្ញុំរស់នៅក្នុងឃុំដដែល។ ខ្ញុំមានអារម្មណ៍រំភើប និងត្រេកអរជាខ្លាំងដែលមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួយជួសជុល និងរៀបចំសាលាបុណ្យដល់សហគមន៍ជនជាតិដើមភាគតិចស្ទៀង។ ខ្ញុំគិតថា សាលាបុណ្យនេះមានសារសំខាន់ណាស់សម្រាប់​ក្មេងៗជំនាន់ក្រោយឱ្យបានដឹងពីសហគមន៍ជនជាតិស្ទៀងរបស់ខ្លួន និងដឹងពីទុក្ខលំបាករបស់តាយាយដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម។ ក្មេងៗ និងយុវជនជំនាន់ក្រោយនឹងចងចាំអំពីប្រវត្តិសាស្រ្តជនជាតិដើមភាគតិចស្ទៀង នៅក្នុងភូមិក្ដុលលើ និងដឹងអំពីអត្តសញ្ញាណរបស់ខ្លួន។ សាលាបុណ្យនេះតំណាងឱ្យជនជាតិដើមភាគតិចស្ទៀង នៅក្នុងភូមិក្ដុលលើ ឱ្យចេះធ្វើបុណ្យ និងចេះសាមគ្គីគ្នា។ រាល់ពេលថ្ងៃសីល លោកតាលោកយាយ បងប្អូន​ដែលរស់នៅក្នុងសហគមន៍អាចមកសុំសីល ឬរៀនធម៌តាមព្រះពុទ្ធសាសនា និងចេះធ្វើទានចែករំលែកគ្នា។

ខ្ញុំមានឪពុកឈ្មោះ កុល យាន ស្លាប់ដោយសារកង្វះអាហារនៅម្លេច ក្នុងរបបខ្មែរក្រហម ចំណែកម្ដាយខ្ញុំឈ្មោះ ម៉ែន ច្រាញ់ គឺជាជនជាតិភាគតិចស្ទៀង អាយុ៨៧ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិក្ដុលលើ។ ខ្ញុំមានបងប្អូន៥នាក់ ក្នុងនោះមានស្រី៤នាក់ និងប្រុស១នាក់។ ខ្ញុំគឺជាកូនពៅនៅក្នុងគ្រួសារ។ ខ្ញុំមានប្ដីឈ្មោះ ពុំ ណន អាយុ៥៦ឆ្នាំ មុខរបរជាកសិករ និងមានកូនចំនួន២នាក់ ក្នុងនោះមានកូនប្រុស១នាក់ និងកូនស្រី១នាក់។ កាលពីកុមារភាពខ្ញុំមិនបានសិក្សារៀនសូត្រទេ ព្រោះរបបខ្មែរក្រហមមិនមានសាលារៀន ហើយខ្ញុំទើបតែអាយុ៦ឆ្នាំប៉ុណ្ណោះ។ ខ្មែរក្រហមចាត់តាំងឪពុកខ្ញុំឱ្យឃ្វាលគោក្របី។ ចំណែកម្ដាយខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឱ្យទៅស្ទូង និងដកសំណាប។ នៅក្នុងគ្រួសារ ខ្ញុំនិយាយភាសាស្ទៀង ប៉ុន្តែខ្ញុំនិយាយដោយលួចលាក់មិនឱ្យខ្មែរក្រហមដឹងឡើយ។ ក្រោយមកខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំចេញពីភូមិក្ដុលលើ ទៅភូមិស្រែតាពេជ្រ។ ពេលនោះបងខ្ញុំឈ្មោះ យាន ឡង់ ធ្វើជាយោធាខ្មែរក្រហម ត្រូវបានខ្មែរក្រហមបាញ់គាត់ទម្លាក់ចូលក្នុងព្រែកជ្រីវ ព្រោះខ្លាចគាត់រត់ចូលប្រទេសវៀតណាម។ ប៉ុន្តែបង ឡង់ មិនស្លាប់ទេ ព្រោះគាត់លោតចូលទឹក និងហែលបណ្ដោយតាមទឹកចេញពីព្រែកជ្រីវ មករកគ្រួសារវិញ។​ បងឡង់ បានរស់នៅជាមួយគ្រួសារបានរយៈពេលមួយសប្តាហ៍ ក៏សម្រេចចិត្តសុំម្ដាយរត់ទៅប្រទេសវៀតណាម។ ម្ដាយខ្ញុំបានអនុញ្ញាតឱ្យ បងឡង់ រត់គេចខ្លួន ស្រាប់តែគាត់ចេញពីផ្ទះបានកន្លះម៉ោង ក៏ទទួលដំណឹងថាខ្មែរក្រហមបាញ់សម្លាប់គាត់។  បន្ទាប់មក ខ្មែរក្រហមបានជម្លៀសគ្រួសារខ្ញុំចេញពីភូមិស្រែតាពេជ្រ ទៅម្លេច ក្នុងស្រុកស្នួល ខេត្តក្រចេះ។ នៅម្លេច ខ្ញុំជួបការលំបាកខ្លាំងណាស់ ព្រោះគ្មានអាហារហូបចុកគ្រប់គ្រា់ និងត្រូវធ្វើការងារធ្ងន់ធ្ងរ ដែកបណ្តាលឱ្យមនុស្សស្លាប់ច្រើន។ ឪពុកខ្ញុំក៏ស្លាប់នៅម្លេចដែរ ដោយសារការហូបចុកមិនគ្រប់គ្រាន់។ ខ្ញុំតែងតែដើរជីកឬសល្ហុងមកហូប ព្រោះហូបមិនឆ្អែត។ ខ្មែរក្រហមបានចាត់តាំងម្ដាយខ្ញុំឱ្យទៅគាស់កូនឈើ និងលើកភ្លឺស្រែ។ ខ្ញុំរស់នៅម្លេចបានកន្លះខែ ខ្មែរក្រហមបានជម្លៀសគ្រួសារខ្ញុំទៅភូមិស្ពឺ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។ ខ្ញុំបានស្នាក់នៅជាមួយប្រជាជនដែលចិញ្ចឹមជ្រូក និងធ្វើជាចុងភៅ។ នៅភូមិស្ពឺ ខ្ញុំមិនសូវខ្វះហូបចុកទេ ព្រោះម្ចាស់ផ្ទះលួចវេចបាយទុកឱ្យខ្ញុំហូប។ ខ្ញុំរស់នៅស្ពឺបាន២៥ថ្ងៃ ក៏ទទួលដំណឹងថាប្រទេសត្រូវបានរំដោះហើយ។ ខ្ញុំជាមួយគ្រួសារបានធ្វើដំណើរដោយថ្មើរជើងមកដល់កំពង់ចាម បន្ទាប់មកខ្ញុំឆ្លងស្រឡាងនៅទន្លេបិទ រួចហើយធ្វើដំណើរដោយថ្មើរជើងមករស់នៅភូមិក្ដុលលើរហូតដល់សព្វថ្ងៃ។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»