នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីពី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)និងវិធីសាស្រ្តក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា ជាមួយសិស្សានុសិស្សចំនួន៣០នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ វេទិកាថ្នាក់រៀនខាងលើ មានគោលបំណងលើកកម្ពស់ការចងចាំពីភាពឃោរឃៅនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម និងដើម្បីជាការទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឱ្យកើតមានឡើងនាពេលអនាគត។ ដើម្បីសម្រេចបាននូវគោលបំណង វេទិកាថ្នាក់រៀន បានកំណត់វត្ថុបំណងក្នុងការបង្រៀនដូចតទៅ៖ សិស្សឈ្វេងយល់បន្ថែមអំពីបរិបទប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និង និយមន័យអំពើប្រល័យពូជសាសន៍ ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សា ដែលនាំឱ្យកើតមានអំពើប្រល័យពូជសាសន៍នាពេលអនាគត។ មុនឈានដល់បទបង្ហាញពីប្រវត្តិសាស្រ្តខ្មែរក្រហម សិស្សានុសិស្សទាំងអស់ ត្រូវទស្សនាផ្ទាំងពិព័រណ៍រូបភាពក្នុងសម័យខ្មែរក្រហម និងក្រោយសម័យខ្មែរក្រហម ដែលព្យួរនៅលើជញ្ជាំង ព្រមទាំងអានសៀវភៅប្រវត្តិសាស្ត្រផ្សេងៗ និង ទស្សនាវដ្តីស្វែងរកការពិតមួយចំនួនដែលតាំងនៅក្នុងមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ បន្ទាប់មកសិស្សានុសិស្សត្រូវចូលមកអង្គុយក្នុងថ្នាក់រៀន ដើម្បីបំពេញកម្រងសំណួរស្ទាប់ស្ទងចំណេះដឹងមុនចូលរៀនពីប្រវត្តិសាស្រ្តខ្មែរក្រហម។
ជាកិច្ចចាប់ផ្ដើមនៃវេទិកាថ្នាក់រៀនប្រវត្តិសាស្រ្តខ្មែរក្រហម លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានណែនាំខ្លួននិងក្រុមការងារទៅកាន់សិស្សានុសិស្ស និងប្រាប់ពីគោលបំណងចំនួន២នៃការកកើតទីតាំងនេះគឺ៖ ទី១) ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលជាអ្នករស់រានរានមានជីវិតពីរបបខ្មែរក្រហម អាចស្វែងរកគ្រួសាររបស់គាត់ដែលបានបាត់ខ្លួនកាលពីសម័យខ្មែរក្រហម និង ទី២) ផ្តល់ភាពងាយស្រួលក្នុងការផ្តល់ចំណេះដឹងពីរបបខ្មែរក្រហមទៅកាន់យុវជនជំនាន់ក្រោយ និងលោកគ្រូអ្នកគ្រូនៅតាមមូលដ្ឋាន។ ចំណុចបើកនៃវេទិកាគឺគ្រូឧទ្ទេសបានលើកជាសំណួរ និងអនុញ្ញាតឱ្យសិស្សានុសិស្សសួរជាសំណួរមកកាន់គ្រូឧទ្ទេសវិញ ប្រសិនជាមានចម្ងល់ទាក់ទងនឹងរបបខ្មែរក្រហម។ ចន្លោះពីបទបង្ហាញ គ្រូឧទ្ទេសបង្កើតឱ្យមានសកម្មភាពពិភាក្សារវាងគ្រូឧទ្ទេសនិងសិស្សានុសិស្សឱ្យ សកម្ម។ បន្ថែមពីការពិភាក្សាសិស្សានុសិស្សបានសិក្សាឈ្វេងយល់ពីនិយមន័យអំពើប្រល័យពូជសាសន៍ តើអ្វីទៅជាធាតុផ្សំនៃអំពើប្រល័យពូជសាសន៍? ដោយគ្រូឧទ្ទេសបានលើកពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងគោលបំណងបំផ្លិចបំផ្លាញចោលទាំងស្រុងឬដោយផ្នែក ចំពោះក្រុមជនជាតិ ជាតិពន្ធុ ពូជសាសន៍ និងសាសនា។ លោក ផេង ពង្សរ៉ាស៊ី បានលើកយកព្រឹត្តិការណ៍ការសម្លាប់ជនជាតិចាម ដែលរស់នៅក្នុងស្រុកក្រូចឆ្មារ មកបង្ហាញពីចេតនា ឬគោលបំណងបំផ្លិចបំផ្លាញទៅលើក្រុមគោលដៅដែលខ្លួនបានគិតទុកជាមុន។ បន្តមកទៀតគ្រូឧទ្ទេសក៏លើកពីវិធីសាស្ត្រក្នុងការទប់ស្កាត់កុំឲ្យមានអំពើហិង្សានៅក្នុងកម្រិតបុគ្គល គ្រួសារ ឬសហគមន៍ និងប្រទេសជាតិ ក្នុងន័យការពារកុំឲ្យមានអំពើប្រល័យពូជសាសន៍កើតឡើងនាពេលអនាគត។
ចុងបញ្ចប់នៃវេទិកាថ្នាក់រៀនអំពីប្រវត្តិសាស្រ្តខ្មែរក្រហម សិស្សានុសិស្សត្រូវបំពេញកម្រងសំណួរវាស់ស្ទង់ចំណេះដឹងក្រោយពីបទបង្ហាញដោយសង្ខេបពីគ្រូឧទ្ទេស។ បន្ទាប់មកទៀត នៅពេលរសៀល សិស្សានុសិស្សត្រូវធ្វើដំណើរតាមរថយន្តក្រុងដើម្បីទៅទស្សនកិច្ចសិក្សា និងជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅទីតាំងសម្លាប់ទួលជ្រៃ ស្ថិតនៅឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។ លោក ហម ឃៀង អាយុ៦៩ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម បានរៀបរាប់ប្រាប់កូនសិស្សថា៖ «ទីតាំងទួលជ្រៃមានប្រជាជនរាប់ពាន់ រាប់ម៉ឺននាក់ ដែលត្រូវអង្គការខ្មែរក្រហមសម្លាប់។ ទាហាន លន់ នល់ ជាច្រើនត្រូវបានខ្មែរក្រហមសម្លាប់នៅទីតាំងទួលជ្រៃបន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច។ ឆ្នាំ១៩៧៧ កងទ័ពភូមិភាគនិរតី ចូលមកកាន់កាប់ភូមិភាគបូព៌ា ក៏ចាប់កងទ័ពបូព៌ាយកមកសម្លាប់នៅទីនេះ ដោយចោទថាជាជនក្បត់អង្គការ។ ប្រជាជនក្នុងរបបខ្មែរក្រហម មិនមានសិទ្ធិក្នុងការហូបសត្វដែលខ្លួនចិញ្ចឹម ឬផ្លែឈើដែលដាំដុះនៅជុំវិញផ្ទះ។ ឪពុករបស់ខ្ញុំ ជាអតីតមេឃុំកាលពីសង្គមចាស់ត្រូវខ្មែរក្រហមយកទៅសម្លាប់ ដោយអង្គការចាត់ទុកថាគាត់ជាជនសក្តិភូមិ។ ចុងក្រោយខ្ញុំសុំផ្តាំផ្ញើទៅដល់សិស្សានុសិស្សទាំងអស់គ្នា សូមឱ្យចៅៗជឿថារបបខ្មែរក្រហម ពិតជាបានកើតឡើងនៅក្នុងសង្គមយើងជាក់ស្តែងយ៉ាងពិតប្រាកដមែន»។ ចុងបញ្ចប់នៃដំណើរទស្សនកិច្ចសិក្សាលោក ហម ឃៀង ក៏បាននាំសិស្សានុសិស្សទៅកាន់សាលាបឋមសិក្សាសុរាម្រឹត ដែលជាទីតាំងខ្មែរក្រហមសម្លាប់ប្រជាជន។
ក្រោយពីបញ្ចប់វេទិកាថ្នាក់រៀន សិស្សានុសិស្សបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖
ខ្ញុំឈ្មោះ គ្រី ស្រីវិភា ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២E នៃវិទ្យាល័យ ហ៊ុន សែន ពាមរក៍។ ខ្ញុំធ្លាប់បានដឹងខ្លះៗដែរអំពីរបបខ្មែរក្រហម មុនពេលចូលរៀនក្នុងវេទិកាថ្នាក់រៀននាថ្ងៃនេះ។ ចំណុចដែលខ្ញុំដឹងគឺគោលការណ៍ទាំង៨របស់ខ្មែរក្រហមមានដូចជា៖ ការបែងចែកជាសហករណ៍កម្រិតទាប និងកម្រិតខ្ពស់, ការរៀបអាពាហ៍ពិពាហ៍ជាច្រើនគូ ដោយគ្រាន់តែបុរស និងស្ត្រីអង្គុយម្ខាងម្នាក់ និងចាប់ដៃគ្នា ដើម្បីប្តេជ្ញាថានឹងស្រឡាញ់គ្នា ហើយស្មោះត្រង់ជាមួយអង្គការ និង ដឹងអំពីការធ្វើផែនការ៤ឆ្នាំរបស់ខ្មែរក្រហម តម្រូវឱ្យធ្វើស្រែឱ្យបាន៣តោន។ ប្រជាជនក្នុងសម័យនោះគឺបរិភោគអាហារមិនគ្រប់គ្រាន់ ព្រោះបញ្ជូនស្បៀងទៅកាន់ថ្នាក់លើ៨០ភាគរយ ហើយ២០ភាគរយទៀតគឺត្រូវបែងចែកជា៣ចំណែកដូចជា សម្រាប់ប្រជាជនប្រចាំថ្ងៃ ស្បៀងបម្រុង និងទុកធ្វើពូជ។ អង្គការបានប្រាប់ប្រជាជនឱ្យយកកូនច្រើន ព្រោះកុមារគឺជាក្រដាសស ងាយស្រួលបញ្ជូលមនោគមន៍វិជ្ជាជាងមនុស្សចាស់។ អង្គការបានបង្រៀនឱ្យក្មេងៗតាមដានឪពុកម្ដាយ និងឱ្យក្មេងៗជឿជាក់លើអង្គការ។ លើសពីនេះទៅទៀត ខ្ញុំបានដឹងពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ដោយសារកត្តាប្រជាជន។ ប្រជាជនស្អប់របបខ្មែរក្រហម ព្រោះរបបនេះកាប់សម្លាប់ បំបិទសិទ្ធិសេរីភាព ឱ្យប្រជាជនធ្វើការលើសពី១២ម៉ោងក្នុងមួយថ្ងៃ ហើយ៧ថ្ងៃក្នុងមួយសប្ដាហ៍ ហូបមិនគ្រប់គ្រាន់ គេងមិនគ្រប់គ្រាន់ វត្តអារាម និងសាសនាត្រូវបានបំបិតចោល។ ហេតុផលផ្សេងទៀតដែលធ្វើឱ្យរបបខ្មែរក្រហមដួលរលំគឺការធ្វើបន្សុទ្ធកម្ម ឬការសម្រិតសម្រាំងយកមនុស្សដែលមានចិត្តគំនិតស្មោះត្រង់ជាមួយបដិវត្តន៍ ហើយអ្នកដែលអង្គការគិតថាក្បត់នឹងត្រូវយកទៅសម្លាប់ចោល ជាក់ស្ដែងគឺ សោ ភឹម។ ចំណុចមួយទៀតដែលធ្វើឱ្យរបបខ្មែរក្រហមដួលរលំគឺការធ្វើសង្គ្រាមជាមួយវៀតណាមនៅតាមព្រំដែន។ ខ្មែរក្រហមមានកម្លាំងទាហានតិច ហើយទន់ខ្សោយ និងមានគ្រឿងសព្វាវុធមិនខ្លាំងដូចវៀតណាម។ នៅក្នុងវេទិកា ខ្ញុំទទួលបានចំណេះដឹងបន្ថែម ហើយកាន់តែច្បាស់ទៅលើចំណេះដឹងដែលរៀននៅសាលារៀន និងការបែងចែកភូមិភាគ និងមានលក្ខណៈស្មុគស្មាញ។ ខ្ញុំបានដឹងបន្ថែមទៀតតាមរយៈសំណួររបស់មិត្តភក្កិសួរទៅកាន់គ្រូឧទ្ទេស ដូចជាតើខ្មែរក្រហមជានរណា? តើខ្មែរក្រហមកើតឡើងនៅពេលណា ហើយកើតឡើងយ៉ាងដូចម្ដេច? ជាចុងក្រោយខ្ញុំចង់ដឹងបន្ថែមទៀតទាក់ទងជាមួយមន្ទីរស-២១ ព្រោះនៅក្នុងមន្ទីរស-២១មានបែងចែកជាផ្នែកៗច្រើនផ្សេងទៀត។
ខ្ញុំឈ្មោះ ជួប ច័ន្ទកញ្ចនា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២B នៃវិទ្យាល័យ ហ៊ុន សែន ពាមរក៍។ ខ្ញុំបានដឹងច្រើនជាងមុនបន្ទាប់ពីចូលក្នុងវេទិកាថ្នាក់រៀន ដូចជាស្ថានភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម ការកកើតរបបខ្មែរក្រហម ឈ្មោះមេដឹកនាំក្នុងរបបខ្មែរក្រហម និងចុងក្រោយបានមកជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផ្ទាល់ ដែលបានបង្ហាញអំពីទីកន្លែងសម្លាប់មនុស្សនៅក្នុងរបបខ្មែរក្រហម ជាភស្ដុតាង និងរណ្ដៅកប់សាកសព។ ខ្ញុំជឿជាក់ទៅលើអ្វីដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបាននិយាយ។ ជាចុងក្រោយ ខ្ញុំចង់ដឹងបន្ថែមទៀត អំពីការកកើតរបបខ្មែរក្រហម និងការផ្ដួលរលំនៃរបបខ្មែរក្រហម។
ខ្ញុំឈ្មោះ ផាន ផាណែត ភេទស្រី អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ពាមរក៍។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានមកចូលរួមវេទិកាថ្នាក់រៀនពីរបបខ្មែរក្រហម ពីព្រោះបានធ្វើឱ្យខ្ញុំ កើនឡើងនូវចំណេះដឹងច្រើនជាងមុន។ ខ្ញុំមានការចាប់អារម្មណ៍ទៅលើខ្សែវីដេអូ កុមារកម្ពុជា។ ខ្ញុំបានឃើញរូបភាពក្មេងៗមានរូបកាយស្គមស្គាំង និងគ្មានសម្លៀកបំពាក់ត្រឹមត្រូវថែមទាំងមិនមានអាហារហូបចុកទៀតផង គឺហូបតែស្លឹកឈើ។ ខ្ញុំគិតថាក្មេងៗទាំងអស់នោះគឺពិតជាលំបាកខ្លាំងណាស់។ ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយគឺត្រូវចូលរួមផ្សព្វផ្សាយពីរបបឃោរឃៅ ដើម្បីកុំឱ្យមនុស្សជំនាន់ក្រោយ យកគំរូតាមរបបខ្មែរក្រហម ដែលជារបបបំផ្លាញប្រទេសជាតិ វប្បធម៌ និងអរិយធម៌អស់ជាច្រើន។
ខ្ញុំឈ្មោះ លី សុធីបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ពាមរក៍។ ចំពោះចំណាប់អារម្មណ៍ខ្ញុំបន្ទាប់ពីចូលរៀន គឺខ្ញុំទទួលបានចំណេះដឹងច្រើនជាងមុន។ ខ្ញុំដឹងអំពីរចនាសម្ព័ន្ធនៅមន្ទីរស-២១ អំពើឃោរឃៅដែលខ្មែរក្រហមដាក់ទោសលើប្រជាជន។ ខ្ញុំមានភាពក្លាហាន ឡើងសួរសំណួរទៅកាន់គ្រូឧទ្ទេស ហេតុអ្វីបានជារបបប្រល័យពូជសាសន៍បានដួលរលំ? ខ្ញុំមិនចង់ឱ្យរបបឃោរឃៅខ្មែរក្រហមកើតឡើងម្តងទៀតទេ ព្រោះជារបបដែលគួរឱ្យខ្លាច និងព្រៃផ្សៃបំផុតសម្រាប់ប្រទេសកម្ពុជា និង បានដិតដាមជាប់នឹងកូនខ្មែររហូតមកដល់សព្វថ្ងៃ។ សម្រាប់ខ្ញុំដើម្បីកុំឱ្យរបបនេះវិលមកវិញម្តងទៀត យើងគួរតែផ្សព្វផ្សាយ និងរៀនសូត្រពីអំពើប្រល័យពូជសាសន៍ឱ្យបានច្រើន ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង ដើម្បីការពារកុំឲ្យកើតឡើងនាពេលអនាគត។
អត្ថបទ ៖ ថុន ស្រីពេជ្រ និង ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា