មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តចែករទេះរុញជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពនៅស្រុកកំពង់សៀម និងស្រុកកោះសូទិន

ចន្លោះពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បន្តចុះប្រគល់ជូនរទេះរុញចំនួន៤គ្រឿងដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពមិនអាចដើររួច នៅស្រុកកំពង់សៀម និងស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ការផ្ដល់រទេះរុញទាំង៤គ្រឿងនេះដើម្បីជួយសម្រួលដល់ការផ្លាស់ទី និងធ្វើដំណើររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនពិការ។ បន្ទាប់មក អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង៤នាក់បានបង្ហាញសេចក្ដីរីករាយចំពោះមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមដែលខ្វាយខ្វល់អំពីសុខភាព និងស្ថានភាពលំបាកធ្វើដំណើររបស់ខ្លួន និងបានចែករំលែកអំពីបទពិសោធន៍ដែលខ្លួននៅចងចាំអំពីរបបខ្មែរក្រហម ដូចខាងក្រោម៖

នួន ហុងលឹម

«ខ្ញុំឈ្មោះ នួន ហុងលឹម។ ខ្ញុំមានជំនាញធ្វើនំប៉័ង និងជាអ្នករស់រានមានជីវិតមួយរូបពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខ្ញុំកើតនៅឆ្នាំ១៩៥៥ ក្នុងគ្រួសារកសិករនៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំមានបងប្អូនប្រុសស្រីសរុបចំនួន១១នាក់ ប៉ុន្តែបានបាត់បង់ជីវិតមួយចំនួន។ ខ្ញុំរៀនដល់ថ្នាក់ទី៧ចាស់ នៅសាលាបឋមសិក្សាភ្នំតាងិល ដែលស្ថិតនៅឆ្ងាយពីភូមិកំណើត។ ដោយសារតែជីវភាពក្រីក្រ ខ្ញុំបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៧ចាស់។ នៅពេលនោះ ខ្ញុំមានអាយុ១៤ឆ្នាំ។ បន្ទាប់ពីឈប់រៀន ខ្ញុំទៅរៀនធ្វើនំបុ័ងលក់។ ខ្ញុំដុតនំបុ័ងលក់នៅទីរួមខេត្តកំពង់ចាម។ នៅថ្ងៃមួយក្នុងឆ្នាំ១៩៧០ ពេលខ្ញុំដឹកនំបុ័ងយកមកលក់ គឺខ្ញុំបានឃើញការធ្វើបាតុកម្មនៅទន្លេអុំ។ ខ្ញុំភ័យខ្លាចចំពោះព្រឹតិ្តការណ៍ដែលខ្ញុំបានឃើញ។ មិនយូរប៉ុន្មាន ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។

បើទោះបីជាប្រទេសស្ថិតក្នុងសង្រ្គាមស៊ីវិលយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែបន្តធ្វើនំបុ័ង និងលក់ដាច់ដូចធម្មតា ជាពិសេសមានឈ្មួញកណ្ដាលបានទទួលទិញនំបុ័ងលក់បន្តនៅតាមចំណតឡានឈ្នួល។ រហូតដល់ឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហមចូលមកដល់ភូមិ ទើបខ្ញុំនិងគ្រួសាររត់ភៀសខ្លួនទៅភូមិជីហែដែលជាតំបន់រំដោះខ្មែរក្រហម។ គិតត្រឹមចុងឆ្នាំ១៩៧២ ខ្ញុំត្រូវបានដាក់ចូលធ្វើការនៅកងចល័តយុវជន ដែលត្រូវ ភ្ជួររាស់ និងដាំដំណាំកសិកម្ម រួមមានដំឡូង និងបន្លែ ជាដើម។ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម បានផ្ទុះកាន់ខ្លាំងឡើង ទាំងតាមផ្លូវគោក និងតាមបណ្ដោយទន្លេមេគង្គ។ ខ្ញុំតែងតែឃើញនាវាទាហាន លន់ នល់ ដែលដឹកស្បៀង និងសម្ភារសឹកផ្សេងៗពីភ្នំពេញ ទៅកាន់ទីរួមខេត្តកំពង់ចាម ធ្វើដំណើរចុះឡើងតាមបណ្ដោយទន្លេមេគង្គ។ កងទ័ពខ្មែរក្រហមបានវាយឆ្មក់នាវាទាហាន លន់ នល់ ជាញឹកញាប់។

បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំបានចល័តមកកាន់ភូមិកោះថ្មីវិញ។ នៅចុងឆ្នាំ១៩៧៥ អង្គការបានរៀបការឱ្យខ្ញុំជាមួយមិត្តនារី យ៉ាង ស៊ីម៉ាន់។ ខ្ញុំមិនដែលបានជួបមុខប្រពន្ធខ្ញុំពីមុនមកទេ ពីព្រោះអង្គការគឺជាអ្នករៀបចំឱ្យ។ ក្នុងថ្ងៃរៀបការនោះ គឺមានទាំងអស់ចំនួន១០គូ។ ខ្ញុំមិនហ៊ាននិយាយអ្វីនោះទេ ក្រៅតែពីពាក្យប្ដេជ្ញាចំពោះអង្គការ។ បន្ទាប់មកខ្ញុំនិងប្រពន្ធហូបអាហារបន្តិច រួចហើយត្រឡប់មកផ្ទះវិញ។

នៅចុងឆ្នាំ១៩៧៦ ប្រពន្ធខ្ញុំកើតបានកូនប្រុសម្នាក់។ ចំណែកខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅកងចល័តសហករណ៍ឆ្ងាយពីគ្រួសារ។ កងចល័តសហករណ៍មានសមមិត្តប្រហែល១០០នាក់ដើម្បីធ្វើការនៅតាមការដ្ឋានផ្សេងៗ។ ខ្ញុំត្រូវក្រោកធ្វើការពីម៉ោង៥ទៀបភ្លឺរហូតដល់ប្រលប់។ ការងាររបស់ខ្ញុំមានដូចជា ភ្ជួររាស់ ស្ទូងស្រូវ ដាំដំឡូង និងជីកកាយដីប្រឡាយ ជាដើម។ ខ្ញុំមិនសូវបានជួបមុខប្រពន្ធកូនទេ ពីព្រោះខ្ញុំត្រូវបានបញ្ជូនទៅធ្វើការពីកន្លែងមួយទៅកន្លែងមួយ។ នៅខែភ្លឺ អង្គការបានរៀបចំពេលវេលាធ្វើការគឺចាប់ពីម៉ោង១យប់រហូតដល់ម៉ោង១២ថ្ងៃត្រង់ និងចាប់ពីម៉ោង១ថ្ងៃត្រង់រហូតដល់ម៉ោង៦ល្ងាចទើបបានសម្រាក។ ខ្ញុំត្រូវភ្ជួររាស់ដី និងលើកទំនប់ចាប់ពីម៉ោង១យប់ដល់ម៉ោង៦ល្ងាច។ ខ្ញុំពិតជាមិនដឹងថានេះគឺជាផែនការរបស់ខ្មែរក្រហមថ្នាក់លើ ដែលត្រូវដាក់ឱ្យប្រជាជនធ្វើការទាំងថ្ងៃទាំងយប់នោះទេ។ ក្នុងយប់មួយពេលកំពុងភ្ជួររាស់ដីដំាដំឡូង ខ្ញុំរមួលពោះឃ្លាននំបុ័ង។ គិតដល់ត្រឹមនេះ គឺអស់រយៈពេលជាច្រើនឆ្នាំហើយដែលខ្ញុំមិនបានហូបនំបុ័ង។ ខ្ញុំនៅចាំបានថា ខ្ញុំក្រោកនៅម៉ោង៤ទៀបភ្លឺដើម្បីធ្វើនំបុ័ង ប៉ុន្តែក្នុងរបបខ្មែរក្រហមខ្ញុំក្រោកនៅម៉ោង១យប់ គឺត្រឹមតែធ្វើការភ្ជួររាស់ដីដោយបង្ខំតាមបញ្ជារបស់អង្គការ។ ខ្ញុំធ្វើការនៅក្នុងកងចល័តរហូតដល់ខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកដល់ភូមិកោះថ្មី នៅចន្លោះពីឆ្នាំ១៩៧៧ដល់ឆ្នាំ១៩៧៨។ ខ្មែរក្រហមមកពីភូមិភាគនិរតីបានចាប់ផ្ដើមចាប់កម្មាភិបាលខ្មែរក្រហមមូលដ្ឋានយកទៅសម្លាប់ចោលជាបន្តបន្ទាប់។ ចាប់តាំងពីពេលនោះមក ការធ្វើការងារហួសគ្មានពេលសម្រាក ការវាយធ្វើបាប ការបង្អត់អាហារហូប និងការសម្លាប់ កើតឡើងកាន់តែខ្លាំងឡើង។ នៅដើមឆ្នាំ១៩៧៩ ខ្ញុំនិងគ្រួសារបានរួចផុតជីវិតពីរបបខ្មែរក្រហម និងបន្តអាជីពធ្វើនំបុ័ងលក់រហូតដល់ឆ្នាំ១៩៩៦។ ខ្ញុំនៅតែចងចាំយ៉ាងល្អអំពីរឿងរ៉ាវជីវិត និងបទពិសោធន៍ធ្វើការគ្មានពេលសម្រាកនៅសហករណ៍ខ្មែរក្រហម»។

យីន សុងហ៊ីម

ខ្ញុំឈ្មោះ យីន សុងហ៊ីម អាយុ៧៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅក្នុងឃុំហាន់ជ័យ។ ឪពុករបស់ខ្ញុំឈ្មោះឈឹម និងម្តាយរបស់ខ្ញុំ ឈ្មោះ ថាត និងមានបងប្អូនសរុបចំនួន៨នាក់។ កាលពីកុមារភាព ដោយសារទីតាំងភូមិសាស្រ្តឃុំហាន់ជ័យកាលពីពេលនោះពិបាកក្នុងការធ្វើដំណើរទៅសិក្សានៅទីរួមខេត្តកំពង់ចាម ទើបខ្ញុំសម្រេចចិត្តទៅសិក្សានៅស្រុកស្ទឹងត្រង់ ដែលការធ្វើដំណើរមិនឆ្ងាយពីនេះប៉ុន្មានឡើយ។ ក្រោយពីមានព្រឹតិ្តការណ៍ធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទនរោត្តម សីហនុ នៅក្នុងឆ្នាំ១៩៧០ រួចមក ខ្ញុំត្រូវបោះបង់ការសិក្សា និងត្រូវផ្លាស់ប្តូរមកនៅស្រុកកំណើតនៅក្នុងភូមិហាន់ជ័យវិញ។ ក្រោយឆ្នាំ១៩៧៥ នៅពេលដែលកងទ័ពខ្មែរក្រហមបានចូលកាន់កាប់ប្រទេស ខ្ញុំធ្វើការនៅក្នុងភូមិដូចប្រជាជនធម្មតាផ្សេងទៀតដែរ។ ក្រោយពេលដែលខ្មែរក្រហមដាក់ចេញនូវផែនការ៤ឆ្នាំរបស់ខ្លួន បានធ្វើឱ្យប្រជាជនមានការលំបាកយ៉ាងខ្លាំង។ ខ្ញុំក៏មិនខុសពីប្រជាជនខ្មែរផ្សេងទៀតដែរ នៅក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមចល័តខ្ញុំឱ្យទៅធ្វើការនៅទំនប់ត្រួយចេក ដែលមានមេកងម្នាក់ឈ្មោះ ឈុន គឺជាអ្នកគ្រប់គ្រងកងរបស់ខ្ញុំ។ នៅទំនប់ត្រួយខ្ញុំមិនត្រឹមតែត្រូវមេកងខ្មែរក្រហមបង្ខំឱ្យរែកដីគ្មានពេលឈប់សម្រាកទេ។ ខ្ញុំក៏ត្រូវបានមេកងប្រើឱ្យបររទេះដឹកពោត និងដាំណាំផ្សេងៗទៀតនៅទំនប់នោះសម្រាប់ចុងភៅចម្អិនធ្វើជាអាហារហូបចុក។ និយាយពីការហូបចុកវិញ មិនមែនតែខ្ញុំម្នាក់ទេដែលមិនបានហូបចុកគ្រាប់គ្រាន់ សូម្បីប្រជាជនផ្សេងទៀតដែលនៅក្នុងការដ្ឋានទំនប់ត្រួយចេកជាមួយខ្ញុំនៅពេលនោះក៏មិនមានអាហារហូបគ្រប់គ្រាន់ដែរ។ កាលពីពេលខ្ញុំទៅរែកដី និងធ្វើការងារនៅតំបន់ទំនប់ត្រួយចេក រូបរាងរបស់ខ្ញុំមានសភាពស្គមជាខ្លាំង គឺឃើញតែក្បាលជង្គុង ដែលមើលទៅឃើញធំជាងខ្លួន។ ក្នុងការដ្ឋានទំនប់ត្រួយចេកស្រុកកំពង់សៀម មានប្រជាជនច្រើនបានស្លាប់នៅនោះ អ្នកខ្លះ បានស្លាប់ដោយសារការអត់ឃ្លាន អ្នកខ្លះទៀតធ្វើការហួសកម្លាំង ហើយក៏មានប្រជាជនមួយចំនួនត្រូវកងឈ្លបរបស់ខ្មែរក្រហមយកទៅសម្លាប់។ ខ្ញុំបានបន្តធ្វើការនៅទំនប់ត្រួយចេកនេះរហូតដល់របបខ្មែរក្រហម បានដួលរលំ ទើបខ្ញុំ និងប្រពន្ធរបស់ខ្ញុំឈ្មោះទួន គឹមសៀង ត្រឡប់មកនៅភូមិកំណើតវិញ។ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ខ្ញុំមានការឈឹចាប់យ៉ាងខ្លាំង ទាំងផ្លូវចិត្ត និងផ្លូវកាយ។ ខ្ញុំឈឺចាប់ផ្លូវចិត្តនៅពេលដែលដឹងថា បងប្អូន និងសាច់ញតិមួយចំនួនរបស់ខ្ញុំត្រូវបានខ្មែរក្រហមសម្លាប់។ ឯផ្លូវកាយខ្ញុំវិញ ដោយ​សារការលើក និងរែកដីគ្មានពេលសម្រាកនៅពេលនោះពេលឱ្យខ្ញុំមានបញ្ហាចង្កេះនិងខ្នង ហើយកាលប្រមាណជាង១០ឆ្នាំមុនខ្ញុំមានបញ្ហាលើសសម្ពាធឈាម ធ្វើឱ្យខ្ញុំដួល និងមានមានបញ្ហាសរសៃរពិបាកក្នុងការឈរ និងដើររហូតដល់សព្វនេះ។»

គង់ យ៉ាត

ខ្ញុំឈ្មោះ គង់ យ៉ាត  មានអាយុ៦៤ឆ្នាំ រស់នៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ម៉ូន ផល្លី មានកូន២នាក់។ ខ្ញុំគឺជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៧នាក់។ ខ្ញុំមានស្រុកកំណើរនៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម។  ខ្ញុំរៀននៅត្រឹមថ្នាក់ទី៣នៅសម័យសង្គមរាស្ត្រនិយម ដែលពេលនោះហៅថ្នាក់អាទិ។ នៅពេលដែលមានបាតុកម្មផ្ទុះឡើង ខ្ញុំបានមករស់នៅវត្ត និងបួសរៀនជាមួយព្រះចៅអធិការវត្ត។ មិនយូរប៉ុន្មានបន្ទាប់ពីបាតុកម្ម កងទ័ពខ្មែរក្រហមបានចូលមកដល់ភូមិ និងស្នាក់នៅតាមផ្ទះប្រជាជន។ ខណៈនោះ សង្រ្គាមបានផ្ទុះឡើង និងយន្ដហោះទាហាន លន់ នល់ បានហោះមកទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃ។ ខ្ញុំរត់ចូលក្នុងរណ្ដៅត្រង់សេនៅខាងក្រោយផ្ទះ។ នៅថ្ងៃមួយ ខ្ញុំទៅមាត់ទន្លេ ស្រាប់តែមានយន្តហោះទាហាន លន់ នល់ ហោះមកទម្លាក់គ្រាប់បែប និងបាញ់រះ។ ខ្ញុំបានរត់ពួននៅក្រោមដើមអំពិលធំ។ នៅឆ្នាំ១៩៧២ ការទម្លាក់គ្រាប់នៅហាន់ ជ័យ បន្តកាន់តែខ្លាំងឡើង រហូតដល់ឆ្នាំ១៩៧៣ ទើបឈប់មានការទម្លាក់គ្រាប់បែក។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមផ្សឹកព្រះសង្ឃ និងបង្ខំឱ្យធ្វើការដូចប្រជាជននៅតាមកងចល័ត។ នៅពេលនោះ មានព្រះសង្ឃប្រហែល៣០អង្គ។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមដាក់ឱ្យប្រជាជនធ្វើការងារនៅកងចល័ត ដែលមានប្រធានកងឈ្មោះមិត្ត ទីន, មិត្តឃីម, មិត្តរ៉ន និងមិត្តណាវ។ ការងារពេលនោះ មានដូចជា ដកស្ទូង លើកដី និងកាប់ព្រៃ។ បន្ទាប់មក ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការលើកទំនប់កែប្រែ និងទំនប់ត្រួយចេក។ ខ្ញុំត្រូវធ្វើការពេញមួយថ្ងៃគឺពីព្រឹកដល់យប់។ ខ្ញុំត្រូវលើកដីទៅតាមប្រភេទដី គឺចាប់ពី២ម៉ែត្រកន្លះទៅ៣ម៉ែត្រគុប។ បន្ទាប់មក ខ្ញុំបានផ្លាស់ទៅធ្វើការនៅស្រុកព្រៃឈរ នៅភូមិច្រេស គឺលើកភ្លឺស្រែ។ ក្រោយមក ខ្ញុំត្រូវបានបញ្ជូនមករកត្រីនៅព្រែកគៀនជ្រៃ។ នៅឆ្នាំ១៩៧៨ ខ្ញុំធ្លាក់ខ្លួនឈឺ និងត្រូវបានពេទ្យខ្មែរក្រហមឱ្យថ្នាំអាចម៍ទន្សាយលេប និងចាក់ថ្នាំឱ្យខ្ញុំ។ ការចាក់ថ្នាំពេលនោះធ្វើឱ្យខ្ញុំមិនអាចដើរបាននោះទេ។ ខ្ញុំមិនដឹងថា មកពីចាក់ខុសសរសៃរ ឬជាតិថ្នាំនោះទេដែលធ្វើឱ្យខ្ញុំដើរមិនរួច រហូតដល់អស់ជាតិថ្នាំទើបខ្ញុំអាចក្រោកឈរដើរបាន។ សំណាងដែរ ខ្ញុំមិនស្លាប់។ នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានចាប់បញ្ចូលធ្វើជាកងទ័ពខ្មែរក្រហម និងបញ្ជូនទៅសមរភូមិទល់ដែន។ នៅពេលនោះ ខ្ញុំមានអាយុ១៨ឆ្នាំ។ ប៉ុន្តែក្រោយមក ខ្ញុំត្រូវបានដកឱ្យទៅឈរជើងនៅព្រៃតាងឹន និងដកស្ទូងនៅទីនោះ រហូតដល់បែកឆ្នាំ១៩៧៩។ រឿងដែលខ្ញុំចងចាំមិនភ្លេចបាននោះគឺ របបខ្មែរក្រហមបង្អត់អាហារ និងសម្លាប់ប្រជាជន។»

គឹម អាត កងចល័តវ័យកណ្ដាល

ខ្ញុំឈ្មោះ គឹម អាត ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ខ្ញុំមានកូនប្រុសស្រីសរុបចំនួន៤នាក់ ដែលកូនច្បងរបស់ខ្ញុំមានជំងឺស្វិតជើងទាំង២មិនអាចដើររួច។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខ្ញុំ និងគ្រួសារ រស់នៅក្នុងជីវិតភាពក្រីក្រ។ នៅពេលដែលកំពុងតែមានផ្ទៃពោះកូនឈ្មោះ ហម សំអុល ខ្ញុំមិនមានអាហារជីវជាតិគ្រាប់គ្រាន់ហូបនោះទេ ទើបបានកូនប្រុសច្បងរបស់ខ្ញុំកើតមកទាំងមានជំងឺស្វិតជើងពីកំណើត។ ខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលបានផ្ដល់រទេះរុញដល់កូនប្រុសរបស់ខ្ញុំនាពេលនេះ ដើម្បីជួយការធ្វើដំណើររបស់គាត់។ ឆ្លៀតពេលនេះផងដែរ ខ្ញុំសូមរំឭកអំពីប្រវត្តិសាវតា និងបទពិសោធន៍របស់ខ្ញុំក្នុងរបបខ្មែរក្រហម។ នៅពីក្មេង ខ្ញុំរៀននៅសាលាបឋមសិក្សាឧត្តរ រហូតដល់ថ្នាក់ទី៦សង្គមចាស់។ ខ្ញុំមិនបានរស់នៅជាមួយគ្រួសារក្នុងខេត្តកំពង់ចាមនៅឆ្នាំ១៩៧០ទេ។ ខ្ញុំបានរស់នៅជាមួយបងស្រីដែលគាត់បានរៀបការប្ដី និងទៅរស់នៅខេត្តបាត់ដំបង នៅឆ្នាំ១៩៦៩។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារ លន់ នល់ បានកើតឡើង ដូច្នេះម្ដាយរបស់ខ្ញុំបានទៅយកខ្ញុំនៅខេត្តបាត់ដំបង ប៉ុន្តែនៅពេលនោះ ការធ្វើដំណើរតាមរថយន្ដត្រូវបានផ្ដាច់ គឺមានតែជិះយន្ដហោះនោះទេដែលអាចធ្វើដំណើរបាន។ នៅឆ្នាំ១៩៧២ បងស្រីខ្ញុំមកទិញសំបុត្រយន្ដហោះបាន២កន្លែង បងស្រីនិងម្ដាយខ្ញុំបានមកមុន។

នៅឆ្នាំ១៩៧៣ ខ្ញុំរស់នៅជាមួយបងថ្លៃ និងបានរត់គេចពីការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយដណ្ដើមយកខេត្តបាត់ដំបងទាំងអស់។ ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសពីស្ពានដែកមកនៅអន្លង់វិល ព្រៃចែក។ ខ្ញុំត្រូវបានខ្មែរក្រហមហៅទៅធ្វើប្រវត្តិរូប។ ខ្មែរក្រហមបានសួរខ្ញុំពីមុនធ្វើអ្វី? ឪពុកម្ដាយធ្វើអ្វី? តើមានបុណ្យស័ក្ដិអីដែរឬទេ? ខ្ញុំឆ្លើយប្រាប់ថា ធ្វើស្រែចម្ការ អត់មានធ្វើអ្វីទេ។ ខ្មែរក្រហមនៅតែសួរខ្ញុំថា មិនមែនទេ អ្នកឯងមានឪពុកធ្វើមន្រ្តីរាជការ និងមានបងប្អូនធ្វើទាហាន។ ខ្មែរក្រហមបន្តសួរឈ្លីច ប៉ុន្តែខ្ញុំប្រាប់ថាមិនមែនទេ។ ខ្ញុំឆ្លើយថាជាក្មេងកំព្រា។ លុះដល់ព្រឹកស្អែកឡើង ខ្មែរក្រហមឱ្យខ្ញុំទៅស្ទូស្រូវ។ ខ្ញុំទៅស្ទូងស្រូវ ដោយមិនចេះយកសំណាបចុចចូលក្នុងដីទាំងម្រាមដៃ៥ ស្ទួងរួចសំណាបអណ្ដែតឡើងវិញ។

សំណាងល្អ អ៊ុំម្នាក់បានប្រាប់ខ្ញុំពីរបៀបស្ទូងស្រូវ។ អ៊ំនោះបានប្រាប់ថាយកម្រាមដៃមេនិងម្រាមដៃចង្អុលចាប់សំណាប ហើយម្រាមដៃកណ្ដាលគាវដីបិទភ្ជាប់សំណាប។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានខ្មែរក្រហមយកទៅរៀបការជាមួយជនពិការនៅប៉ៃលិន។ ខ្ញុំមិនបានដឹងដែរ។ ខ្មែរក្រហមប្រាប់ថាទៅដកដំឡូង ដូច្នេះខ្ញុំក៏ឡើងជិះឡានទៅ។ នៅពេលដែលទៅដល់ប៉ៃលិន ខ្មែរក្រហមរៀបការឱ្យខ្ញុំជាមួយជនពិការ។ ខ្ញុំប្រកែកថា មិនទាន់ចង់បានទេ។ ខ្ញុំនិយាយអង្វរកម្មាភិបាលខ្មែរក្រហម តែត្រូវបានប្រាប់វិញថា បើមិត្តនារីឯងមិនព្រមយកប្ដីទេ មិត្តឯងត្រូវទៅដកដំឡូង និងបេះសាវម៉ាវជាមួយមិត្តនារី៤នាក់ផ្សេងទៀត ដែលគេចមិនព្រមយកប្ដី។ បន្ទាប់មក ខ្ញុំត្រូវបានដាក់ឱ្យធ្វើការនៅម្ដុំស្រះកែវចំមាត់ផ្លូវ។ នៅពេលយប់ខ្ញុំឃើញខ្មែរក្រហមយកមនុស្សទៅសម្លាប់ចោលដោយចង់ដៃមកក្រោយបណ្ដើរទាំងជួរៗ។

នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានដាក់ឱ្យទៅច្រូតស្រូវ។ ខ្មែរក្រហមតែងតែតាមដាន និងពិនិត្យមើលការងារខ្ញុំរហូត។ ខ្ញុំត្រូវបានខ្មែរក្រហមលត់ដំឱ្យធ្វើការងារយ៉ាងខ្លាំង។ នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឱ្យជីកប្រឡាយទាំងយប់ជាមួយកងនារី និងយុវជន ចំណែកនៅពេលថ្ងៃច្រូតស្រូវ។ ខ្ញុំត្រូវដើរពីការដ្ឋាននៅម៉ោង៨យប់ ហើយទៅដល់កន្លែងស្នាក់នៅម៉ោង១២យប់រហូតដល់រំដោះឆ្នាំ១៩៧៩។ ក្រោយរំដោះឆ្នាំ១៩៧៩ ខ្ញុំរត់ភៀសខ្លួនទៅរស់នៅជំរំសាយធូ ដោយមានក្ដីសង្ឃឹមថាអាចចេញទៅរស់នៅក្រៅប្រទេស ប៉ុន្តែខ្ញុំមិនទៅឡើយ។ ខ្ញុំបន្តរស់នៅអូរបុកលើភ្នំដងរែក។

អត្ថបទ ៖ ទូច វណ្ណេត មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»