មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សចំនួន២០នាក់ មកពីវិទ្យាល័យ ពាមជាំង

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាថ្នាក់រៀន ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដល់សិស្សចំនួន២០នាក់ ក្នុងនោះស្រី៩នាក់ មកពីវិទ្យាល័យ ពាមជាំង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ មុនឈានចូលដល់ថ្នាក់បង្រៀនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម វី ស៊ីថា បានណែនាំសិស្សានុសិស្សអំពីផ្ទាំងគំនូរ រូបភាព ផែនទី ដែលដាក់តាំងបង្ហាញនៅក្នុងការិយាល័យមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលមានបែងចែកជា៥ផ្នែក គឺរូបថតចំនួន១៣៣រូប រូបគំនូរចំនួន៣៨ផ្ទាំង និងផែនទីចំនួន៦ផ្ទាំងដែលមានរៀបរាប់ដូចខាងក្រោម ៖

ផ្នែកទី១៖ ផែនទីអំពីឧទ្ធម្ភាគចក្ររបស់សហរដ្ឋអាមេរិកចំនួន៣គ្រឿង ក្នុងកំឡុងសង្គា្រម វៀតណាមទសវត្សរ៍ឆ្នាំ១៩៧០ នៅតំបន់កោះថ្ម (ឃុំជាំក្រវៀន) ស្រុកមេមត់។

ផ្នែកទី២៖ ជាបណ្ដុំរូបភាពក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ថតដោយជនជាតិស៊ុយអ៊ែតឈ្មោះ ហ្គូណា បឺយស្រ្តម ដែលត្រូវបាន ប៉ុល ពត អញ្ជើញឱ្យមកទស្សនកិច្ចប្រទេសកម្ពុជាក្នុងខែសីហា ឆ្នាំ១៩៧៨។ ខ្មែរក្រហមបានរៀបចំដំណើរទស្សនកិច្ចទៅកាន់ទីកន្លែងមួយចំនួនក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ ដូចជា នៅម្តុំផ្សារខេត្តកំពង់ចាម ការដ្ឋានទំនប់១មករា។ ហ្គូណា បឺយស្រ្តម បានសរសើររបបកម្ពុជាប្រជាធិបតេយ្យ និងបានឃើញទឹកមុខប្រជាជនធ្វើការងារដោយសា្នមញញឹម។ ពេល ហ្គូណា បឺយស្រ្តម ត្រឡប់មកប្រទេសកម្ពុជាម្ដងទៀតនៅឆ្នាំ២០០៨ ទើបគាត់ដឹងច្បាស់ថាប្រជាជនកម្ពុជាច្រើនលាននាក់ទៀតត្រូវបានសម្លាប់យ៉ាងឃោរឃៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ហ្គូណា បឺយស្រ្តម បានប្រគល់រូបថតទាំងអស់ដែលបានថតដល់មជ្ឈមណ្ឌលឯកសារកម្ពុជា និងសម្តែងការសោកស្ដាយជាខ្លាំង ចំពោះការជឿជាក់លើរបបកម្ពុជាប្រជាធិបតេយ្យ។

ផ្នែកទី៣៖ រូបភាពថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលប្រជាជនកម្ពុជាបានរស់រានមានជីវិតពីរបបខ្មែរក្រហម និងមានសេរីភាពឡើងវិញ ។ ប្រជាជនបានធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតវិញ និងចាប់ផ្ដើមកសាងជីវភាពឡើងវិញពីដៃទទេ។

ផ្នែកទី៤៖ បណ្ដុំរូបភាពអំពីសកម្មភាពក្រោយពេលដែលរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ សកម្មភាព ប្រជាជន ធ្វើដំណើរ និងប្រកបរបររកស៊ី។ ចំណែកក្មេងៗត្រឡប់ទៅរៀនសូត្រវិញ។ ក្រុមអ្នកស្រាវជ្រាវចាប់ផ្ដើមស្វែងរក និងជីករណ្ដៅសាកសព សាងសង់ទីសក្ការបូជា ដើម្បីធ្វើពិធីបង្សុកូល និងឧទ្ទិសកុសលជូនអ្នកស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ បណ្ដុំរូបភាពឧក្រិដ្ឋកម្មទាក់ទងជាមួយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដូចជាវត្តអារាមត្រូវបានប្រើប្រាស់ជាកន្លែងធ្វើជី មន្ទីរសន្តិសុខ រូបបដិមាករត្រូវបានបំផ្លាញ បាក់បែក និងបន្សល់ទុកជនពិការជាច្រើន។

ផ្នែកទី៥៖ ផ្ទាំងរូបគំនូរសម្ដេចតេជោ ហ៊ុន សែន និងសមមិត្ត៤រូបទៀត បានធ្វើដំណើរពីទីតាំងបន្ទាយកងវរសេនាធំតំបន់២១ ភូមិភាគបូព៌ាទៅកាន់ប្រទេសវៀតណាម ដើម្បីកសាងកងកម្លាំងសាមគ្គីសង្រ្គោះជាកម្ពុជាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

ជាកិច្ចចាប់ផ្ដើមវេទិកាថ្នាក់រៀន លោក ឡុង ដានី បានស្នើសុំឱ្យសិស្សានុសិស្សបំពេញតារាងស្ទាបស្ទង់ចំណេះដឹងមុនចូលរៀន និងផ្តល់ឱកាសឱ្យសិស្សានុសិស្សចែករំលែកចំណេះដឹង និងសួរនាំពីអ្វីដែលខ្លួនចង់ដឹងពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។ សិស្សានុសិស្សក៏បានសួរជាសំណួរមកកាន់លោក ឡុង ដានី ដូចខាងក្រោម ៖

១) តើហេតុអ្វីបានជារបបកម្ពុជាប្រជាធិបតេយ្យសម្លាប់ប្រជាជនខ្មែរគ្នាឯង?

២) តើហេតុអ្វីបានជាខ្មែរក្រហមគ្រប់គ្រងប្រជាជនមួយប្រទេសបាន?

៣) តើខ្មែរក្រហមជម្លៀសប្រជាជនក្នុងគោលបំណងអ្វី?

៤) តើហេតុអ្វីបានជាមានរបបកម្ពុជាប្រជាធិបតេយ្យ?

៥) តើហេតុអ្វីបានជាប្រជាជនមិនហ៊ានតស៊ូជាមួយខ្មែរក្រហម?

៦) តើហេតុអ្វីបានជាខ្មែរក្រហមសម្លាប់សមាជិកថ្នាក់ដឹកនាំក្នុងរបប លន់ នល់?

៧) បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ តើប្រទេសកម្ពុជាធ្វើដូចម្តេចដើម្បីឱ្យប្រទេសជាតិមានការរីកចម្រើន?

៨) តើរបបកម្ពុជាប្រជាធិបតេយ្យឡើងកាន់កាប់ប្រទេសបានយ៉ាងដូចម្តេចខ្លះ?

៩) តើហេតុអ្វីបានជារបបកម្ពុជាប្រជាធិបតេយ្យមិនឱ្យកុមារចូលរៀន?

១០) តើរបបកម្ពុជាប្រជាធិបតេយ្យផ្តល់ផលវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះ?

រាល់សំណួរទាំងអស់ គឺជាចំណុចដែលលោក ឡុង ដានី យកមកបង្រៀន និងពិភាក្សានៅក្នុងវេទិកាថ្នាក់រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យយ៉ាងស៊ីជម្រៅ។ លើសពីនេះ ថ្នាក់រៀនអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ក៏បង្ហាញពីជីវិតរស់នៅប្រចាំរបស់ប្រជាជនក្នុងរបបខ្មែរក្រហម ដែលត្រូវអង្គការចាត់តាំងឲ្យធ្វើការងារគ្មានពេលសម្រាក និងគ្មានអាហារហូបចុកគ្រប់គ្រាន់បណ្ដាលឲ្យមានជំងឺ និងស្លាប់។ ចំពោះប្រជាជនដែលជំទាស់ ឬប្រឆាំងជាមួយអង្គការគឺត្រូវចាប់យកទៅឃុំឃាំង និងសម្លាប់ ដើម្បីជាការគំរាមកំហែង ប្រជាជនផ្សេងទៀត។ កុមារ និង ក្មេងៗក្នុងរបបខ្មែរក្រហម ត្រូវបានប្រើឱ្យជញ្ជូនអាវុធទៅសមរភូមិ ដើររើសអាចម៍គោ កាប់ដើមកន្ទ្រានខ្រែតសម្រាប់យកធ្វើជីដាក់ស្រែ។ កុមារគ្រប់រូបត្រូវបានខ្មែរក្រហមបង្ខំឱ្យធ្វើការជាទម្ងន់ ជាពិសេសកុមារដែលមានអាយុចាប់ពី១៣ឆ្នាំឡើងទៅ។ បន្ថែមពីលើនេះវេទិកាថ្នាក់រៀនក៏បានបញ្រ្ជាបអំពីវិធីសាស្រ្តក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ដល់សិស្សានុសិស្ស ដើម្បីការពារកុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញសារជាថ្មី។

នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀនលោក ឡុង ដានី បានស្នើឱ្យសិស្សានុសិស្សបំពេញតារាងស្ទាបស្ទង់មតិក្រោយវេទិកាថ្នាក់រៀន ថតរូបជាអនុស្សាវរីយ៍ និងដឹកនាំសិស្សានុសិស្សទៅទស្សនកិច្ចសិក្សាឈ្វេងយល់ពីតំបន់ប្រវត្តិសាស្រ្តយោធាតេជោ X-១៦។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»