ចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ផ្តល់រទេះរុញចំនួន៥គ្រឿងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាព ចំនួន៥នាក់ រស់នៅស្រុកកំពង់សៀម និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ការប្រគល់ជូននូវរទេះរុញទាំង៥គ្រឿងនេះធ្វើឡើងតបតាមការស្នើសុំរបស់លោក តុង សុភា តំណាងសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកំពង់សៀម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពនៅក្នុងសហគមន៍។
លោក តុង សុភា បានលើកឡើងថា «ការផ្ដល់រទេះរុញជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពនៅពេលនេះ គឺពិតជាមានសារសំខាន់ណាស់ ពីព្រោះគាត់អាចមានលទ្ធភាពធ្វើដំណើរទៅមក ឬផ្លាស់ទីបានងាយស្រួលជាងមុន។ ការផ្ដល់រទេះរុញនេះក៏បង្ហាញអំពីការយកចិត្តទុកដាក់ដល់សង្គម និងជាការលើកទឹកចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព និងមានវ័យកាន់តែជរា។ ខ្ញុំសង្ឃឹមថា បន្ទាប់ពីទទួលបានរទេះរុញនេះរួច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនឹងសប្បាយរីករាយ និងមានសុខភាពល្អប្រសើរឡើង ពីព្រោះគាត់អាចធ្វើដំណើរទៅចូលរួមកិច្ចការសង្គម ក៏ដូចជា ចែករំលែកអំពីបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហមប្រាប់ដល់ក្មេងជំនាន់ក្រោយ»។
ខាងក្រោមនេះ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព ដែលទទួលបានរទេះរុញពីក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ៖
១) ប៉ោង ព្រីន ភេទប្រុស អាយុ៧៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលពិការជើងផ្នែកខាងស្ដាំ ដោយសារត្រូវអំបែងគ្រាប់ផ្ទុះពីសម័យសង្រ្គាម។ គាត់កើតនៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សព្វថ្ងៃ គាត់រស់នៅក្នុងភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ គាត់មិនអាចចេញទៅប្រកបមុខរបរបានទេ គឺគាត់រស់នៅក្នុងផ្ទះដោយមានកូនៗអ្នកមើលថែ។
២) គឹម លីគន់ ភេទប្រុស អាយុ៦៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការដោយសារជំងឺលើសឈាម។ សព្វថ្ងៃ គាត់រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ គាត់បានរៀបការជាមួយប្រពន្ធឈ្មោះ សាវី និងមានកូនប្រុសចំនួន៣នាក់។ គាត់មានឪពុកឈ្មោះ ស៊ូន និងម្ដាយឈ្មោះ មី។ គាត់មានបងប្អូនប្រុសស្រីចំនួន៧នាក់ ហើយគាត់គឺជាកូនទី៤ក្នុងគ្រួសារ។ កាលពីក្មេងគាត់រៀនបានត្រឹមថ្នាក់ទី៩ចាស់ នៅសាលាបឋមសិក្សាកំពង់ក្របី។
៣) អ៊ុង រិទ្ធ ភេទប្រុស អាយុ៥៩ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលពិការជើងទាំងសងខាង ដោយសារជំងឺ។ សព្វថ្ងៃ គាត់រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ គាត់មានឪពុកឈ្មោះ អ៊ុង និងម្ដាយឈ្មោះ អាត។ គាត់គឺជាកូនទី៦ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់នៅក្នុងគ្រួសារ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុ១២ឆ្នាំ និងត្រូវបានអង្គការចាត់តាំងឲ្យធ្វើការក្នុងកងកុមារ ហើយគាត់ត្រូវធ្វើការងារ ដូចជា រើសអាចម៍គោ ដេញចាប និងឃ្វាលគោ។
៤) ទួន ស៊ីថុន ភេទស្រី អាយុ៦៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលពិការជើងទាំងសងខាងដោយសារជំងឺ។ គាត់កើតនិងរស់នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កាលពីក្មេង គាត់បានចូលរៀននៅសាលាបឋមសិក្សាកំពង់ក្របីបានត្រឹមថ្នាក់ទី៩សង្គមចាស់ ក៏ឈប់រៀនដោយសារតែជីវភាពគ្រួសារមានការលំបាក។ នៅក្នុងរបបខ្មែរក្រហម ស៊ីថុន ត្រូវអង្គការចាត់តាំងឲ្យចូលធ្វើការក្នុងកងចល័តស្រុក។ គាត់ចេញទៅធ្វើការនៅតាមការដ្ឋាន រែកដី លើកភ្លឺស្រែ លើកទំនប់នៅល្ពាក និងលើកទំនប់ស្រុកព្រៃឈរ។
៥) ហួង ណៃអេន ភេទស្រី អាយុ៦៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលពិការជើងទាំងសងខាងដោយសារជំងឺ។ គាត់រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ គាត់មានឪពុកឈ្មោះ ហុងហ៊វ និងម្ដាយឈ្មោះ គួក លាងសេង។ គាត់គឺជាកូនទី៣ ក្នុងចំណោមបងប្អូនស្រីចំនួន៣នាក់។ គាត់មានប្ដីឈ្មោះ ហេង និងមានកូនប្រុសចំនួន៤នាក់។ កាលពីក្មេង គាត់បានរៀនសូត្រនៅសាលាបឋមសិក្សាកំពង់ក្របី ដល់ថ្នាក់ទី៨សង្គមចាស់។ នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវអង្គការបញ្ជូនទៅធ្វើការនៅកងចល័ត លើកទំនប់ត្រួយចេកដែលស្ថិតនៅឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា