ផែនទីទិន្នន័យ «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នក រស់រានមានជីវិតពីរបបខ្មែរក្រហម» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា

មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្កើតផែនទីទិន្នន័យ «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» របស់ខ្លួនរួមមាន ៖ ១) ចំនួនអ្នកស្ម័គ្រចិត្តកម្ពុជា, ២) ចំនួនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបាន​ផ្ដល់បទសម្ភាសន៍ និងរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម, ៣) ចំនួនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានចូលរួមក្នុងកម្មវិធីអប់រំថែទាំសុខភាព និងពិនិត្យសុខភាពពីគ្រូពេទ្យជំនាញ និង ៤) ចំនួនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទូទាំងប្រទេសកម្ពុជា។

មជ្ឈមណ្ឌលឯកសាកម្ពុជា បានផ្តួចផ្ដើមសិក្សាអំពីស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយផ្តោតលើការអប់រំ និងពិគ្រោះយោបល់អំពីបញ្ហាសុខភាពដល់អ្នករស់រានមានជីវីតពីរបបខ្មែរក្រហមនៅទូទាំងប្រទេសកម្ពុជា។ សកម្មភាពនៃគម្រោងនេះគឺធ្វើឡើងក្នុងគោលបំណងធ្វើឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានសុខភាពល្អប្រសើរឡើងជាងសព្វដង និងរស់នៅបានយូរដើម្បីជួបជុំជាមួយកូនចៅ ព្រមទាំងសង្ឃឹមថាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនេះ អាចបន្តចែករំលែកបទពិសោធន៍ជីវិតរបស់ខ្លួនក្នុងរបបខ្មែរក្រហមទៅកាន់មនុស្សជំនាន់ក្រោយ និងពិភពលោក ដើម្បីគាំទ្រដល់ការអប់រំពីអំពើប្រល័យពូជសាសន៍ សំដៅដល់ការទប់ស្កាត់អំពើឧក្រិដ្ឋកម្មអមនុស្សធម៌នានាពីការកកើតឡើងសារជាថ្មីម្ដងទៀត។

គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមាន​​ជីវិតពីរបបខ្មែរក្រហម» ចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ២០២០ ដោយមានការឧបត្ថម្ភគាំទ្រថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។ គម្រោងនេះ មានអ្នកស្ម័គ្រចិត្តកម្ពុជាចំនួន ៣,៤៦៤នាក់ ត្រូវបានជ្រើសរើសនៅទូទាំងប្រទេស។ អ្នកស្ម័គ្រចិត្តកម្ពុជានៅទូទាំងប្រទេស បាន​ប្រមូលរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានចំនួន ៦១,៦២៥នាក់ ក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន ៥,១៤៣,៣៨៦នាក់ (ស្មើនឹង៣៣,១៦ភាគរយ នៃប្រជាជនកម្ពុជាសរុប ចំនួន ១៥,៥៥២,២១១នាក់ ក្នុងឆ្នាំ២០១៩)។

ក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន ៦១,៦២៥នាក់ ដែលបានផ្ដល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជា គឺបានទទួលសេវាពិនិត្យសុខភាពចំនួន ៥,៤៤៣នាក់ និងបានចូលរួមក្នុងកម្មវិធីអប់រំថែទាំសុខភាពពីគ្រូពេទ្យជំនាញៗចំនួន២,៩៧៦នាក់ ដែលរៀបចំឡើងដោយ គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហ​ម» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖