មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ៖ ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម និងប្រភេទឯកសារដល់អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ អ្នកស្រាវជ្រាវវ័យក្មេង ដែលជាអ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ចាម ចូលរួមវេទិកាថ្នាក់ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩​៧៥-១៩៧៩) ក្រោមប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម»។ វេទិកាថ្នាក់រៀននេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់យុវជន-យុវនារីជំនាន់ក្រោយ និងអំពីបទពិសោធន៍របស់ប្រជាជន​ដែលត្រូវបានជម្លៀសដោយបង្ខំ បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

មុនការចាប់ផ្ដើមបទបង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម លើកឡើងថា «ការនិយាយ ការស្ដាប់ និងការសរសេររឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានសារសំខាន់ខ្លាំងណាស់ ព្រោះបានចូលរួមចំណែកក្នុងការចងចាំប្រវត្តិសាស្រ្តខ្មែរក្រហម និងការពារកុំឲ្យរបបប្រល័យពូជសាសន៍កើតឡើងជាថ្មីម្ដងទៀត»។ បន្ទាប់មក លោក ស៊ាង ចិន្ដា ធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងរំលេចព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ រួមមាន រដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០, សង្រ្គាមជិត៥ឆ្នាំរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម ការជម្លៀសប្រជាជនដោយបង្ខំ និងជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម។ ដើម្បីយល់ច្បាស់អំពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម លោក ស៊ាង ចិន្ដា ពន្យល់បន្ថែមអំពីវណ្ណៈសង្គមថ្មីពីរក្នុងរបបខ្មែរកហម ដោយបានសង្កត់ទៅលើការបែងចែកប្រជាជនទៅជា៣ក្រុម នៅក្នុងរបបខ្មែរក្រហម រួមមាន ៖

១) ប្រជាជនចាស់ (ឬហៅថា ប្រជាជន៧០) គឺជាប្រជាជនរស់នៅតំបន់ដែលកងទ័ពរំដោះខ្មែរក្រហមបានរំដោះចាប់តាំងពីឆ្នាំ១៩៧០។

២) ប្រជាជនកណ្ដាល (ហៅថា ប្រជាជន៧៣) គឺជាប្រជាជនរស់នៅតំបន់ដែលកងទ័ពរំដោះខ្មែរក្រហមបានវាយយកមកគ្រប់គ្រងនៅឆ្នាំ១៩៧៣។ ជាក់ស្ដែង នៅឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមវាយចូលទីរួមខេត្តកំពង់ចាម និងបានរំដោះផ្នែកខ្លះនៃទីរួមខេត្ត។ ប្រជាជនដែលត្រូវបានកងទ័ពខ្មែរក្រហមគ្រប់គ្រងនៅទីរួមខេត្តកំពង់ចាម ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួនទៅទីកន្លែងផ្សេង ឬភូមិកំណើតរបស់ខ្លួន។ ប្រជាជនជម្លៀសចេញពីទីរួមខេត្តកំពង់ចាមនាពេលនោះ ត្រូវបានចាត់ទុកថា ជាប្រជាជនកណ្ដាល ឬប្រជាជន៧៣។

៣) ប្រជាជន៧៥ ឬប្រជាជន១៧ មេសា គឺជាប្រជាជនដែលត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងៗមកកាន់ភូមិនានា បន្ទាប់ពីខ្មែរក្រហមបានឡើងកាន់កាប់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ប្រជាជន៧៥ ឬប្រជាជន១៧ មេសា ទទួលរងការធ្វើទុក្ខបុកម្នេញ និងការកាប់សម្លាប់ច្រើនជាងគេ។

នៅចុងបញ្ចប់នៃបទបង្ហាញ លោក ស៊ាង ចិន្ដា ពន្យល់អំពីនិយមន័យ និងវិធីសាស្រ្តទប់ស្កាត់ឧក្រិដ្ឋកម្មឃោឃៅ និងអំពើប្រល័យពូជសាសន៍។ នៅក្នុងឱកាសនោះអ្នកស្រាវជ្រាវវ័យក្មេងបន្តកិច្ចពិភាក្សាទៅលើប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំ» ដើម្បីបន្ថែមការយល់ដឹង ការគិតពិចារណា និងអាណិតអាសូរដល់ទុក្ខលំបាករបស់ប្រជាជនជម្លៀសក្រោមកម្ដៅថ្ងៃក្ដៅហួតហែង។ កម្មវិធីបន្ទាប់ គឺបទបង្ហាញអំពីប្រភេទឯកសារ (ឯកសារដើម និងឯកសារបន្ទាប់បន្សំ)។ ការយល់ដឹងអំពីប្រភេទឯកសារគឺមានសារសំខាន់សម្រាប់អ្នកស្រាវជ្រាវវ័យក្មេងក្នុងប្រើប្រាស់ដោយមានប្រសិទ្ធភាព និងយ៉ាងត្រឹមត្រូវ។ បន្ទាប់មក អ្នកស្រាវជ្រាវវ័យកក្មេងទាំងអស់ត្រូវបានបែងចែកក្រុមស្រាវជ្រាវចំនួន៨ក្រុម និងទទួលបានប្រធានបទស្រាវជ្រាវសម្រាប់ក្រុមនីមួយៗ រួមទាំងឯកសារ និងសៀវភៅមួយចំនួន។ «ការយកមេរៀនជាទ្រឹស្ដីដើម្បីចុះអនុវត្តផ្ទាល់» គឺជាវិធីសាស្រ្ដដ៏ល្អមួយសម្រាប់អ្នកស្រាវជ្រាវវ័យក្មេងអាចទទួលបានចំណេះដឹងបន្ថែម និងបទពិសោធន៍ផ្ទាល់ខ្លួន។

បន្ទាប់ពីចប់វេទិកាថ្នាក់រៀន អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ចាមបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

អែម ប៊ុនរ៉ុង អ្នកស្រាវជ្រាវវ័យក្មេង និងជាអ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ចាម រៀបរាប់ថា «វេទិកាថ្នាក់រៀននេះគឺមានសារសំខាន់ណាស់សម្រាប់ខ្ញុំដើម្បីយល់ដឹងបន្ថែមអំពីរបបខ្មែរក្រហម ក៏ដូចជាការជម្លៀសប្រជាជនដោយបង្ខំ នៅក្នុងដំណាក់កាលទី៣។ ខ្មែរក្រហមបានបង្ខំប្រជាជនចាកចេញពីផ្ទះដោយគ្មានមនោសញ្ចេតនាក្នុងខ្លួន និងមិនលើកលែងសូម្បីតែស្រ្តី កុមារ និងជនពិការ គឺជម្លៀសទាំងអស់។ ខ្ញុំក៏បានដឹងថា ការជម្លៀសរបស់ខ្មែរក្រហម មានទាំងថ្មើជើង តាមរថយន្ត និងតាមរថភ្លើង។ ការជម្លៀសទាំងអស់នេះ គឺមិនងាយស្រួលនោះទេ គឺលំបាកវេទនាយ៉ាងខ្លាំង។ ប្រជាជនដែលត្រូវបានជម្លៀសនៅដំណាក់កាលទី៣ គឺជាប្រជាជនមកពីភូមិភាគបូព៌ា ដែលត្រូវធ្វើវិសុទ្ធកម្ម និងភាគច្រើនទទួលរងគ្រោះនៃការសម្លាប់រង្គាល។  ខ្ញុំធ្លាប់បានឮអំពីរបបខ្មែរក្រហមតាមរយៈការនិយាយប្រាប់ពីលោកតាលោកយាយរបស់ខ្ញុំ និងការរៀនសូត្រនៅសាលា។ ខ្ញុំនឹងយកអ្វីដែលខ្ញុំទទួលបាននៅពេលនេះទៅចែករំលែកនៅក្នុងបណ្តាញសង្គម និងមិត្តភក្តិនៅសាលា ព្រមទាំងសិស្សប្អូនដើម្បីឲ្យដឹងអំពីផលលំបាកអំពីរបបដ៏ខ្មៅងងឹតមួយនេះ និងចូលរួមការពារកុំឲ្យរបបនេះកើតឡើងជាថ្មីម្ដងទៀត»។

រស់ លីដា អ្នកស្រាវជ្រាវវ័យក្មេង និងជាអ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ចាម យល់ថា «ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមវេទិកាថ្នាក់រៀនដែលជាផ្នែកមួយនៃកម្មវិធីដំណើរទស្សនកិច្ចសិក្សាអំពី «ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យសម្រាប់យុវជន ស្ដីពីការជម្លៀសប្រជាជនដោយបង្ខំ ដំណាក់កាលទី៣ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)» ដល់ខ្ញុំដែលកំពុងតែរៀនថ្នាក់ទី១២។ ខ្ញុំទទួលចំណេះដឹងប្រវត្តិសាស្រ្តខ្មែរក្រហម​បន្ថែមពីវេទិកាថ្នាក់រៀននេះ ជាពិសេសគឺការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម​។ ប្រជាជនរស់នៅក្នុងរបបខ្មែរក្រហមពិតជាវេទនា និងស្លាប់ជាច្រើនក្នុងស្ថានភាពលំបាក ដូចជា ការបង្ខំធ្វើការគ្មានពេលសម្រាក, ការហូបចុកមិនគ្រប់គ្រាន់, ការឈឺគ្មានថ្នាំព្យាបាល និងការចាប់យកទៅសម្លាប់»។

អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

 

អត្ថបទផ្សេងទៀត៖