អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ សែនជ័យ ទទួលបានការពិនិត្យសុខភាពបឋមជាលើកទី៣

ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង និង​មន្ទីរពេទ្យ ខេវី ត្បូងឃ្មុំ ឧបត្ថម្ភដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)  រៀបចំវេទិកាពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សរុបចំនួន២០០នាក់បន្ថែមទៀត នៅមណ្ឌលសុខភាព ព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្ត ម មុនីនាថ សីហនុ អូរស្វាយ នៅឃុំអូរស្វាយ ស្រុកបុរីអូរសា្វយ សែនជ័យ ខេត្តស្ទឹងត្រែង។

វេទិកាពិនិត្យសុខភាពបឋមនេះធ្វើឡើងក្នុងគោលបំណង មិនត្រឹមតែផ្ដល់ការពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរ​ក្រហមដែលរស់នៅទីដាច់ស្រយាល និងកំពុងប្រឈមបញ្ហាសុខភាព និងផ្ដល់ការណែនាំអំពីការថែទាំសុខភាព ប៉ុន្តែថែមទាំងផ្ដល់ពេលវេលាដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីជួបជុំ និងនិយាយចែករំលែកអំពីបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម។

ខាងក្រោមនេះ គឺជាការនិយាយចែករំលែកអំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលទទួលបានការពិនិត្យសុខភាពបឋម ៖

ខ្ញុំឈ្មោះ ខែក គឹមឈុន អាយុ៧១ឆ្នាំ កើតនៅភូមិក្រាំងម៉ាយ ឃុំស្ទឹង​ត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ កៅ ប៊ុននី និងមានកូនប្រុសស្រីចំនួន៧នាក់ គឺប្រុស៤ និង ស្រី៣។ បច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិបុរីអូរស្វាយ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកខ្ញុំឈ្មោះ ឡុង និងម្ដាយឈ្មោះ សុន។ ខ្ញុំមានបងប្អូនចំនួន៨នាក់។ នៅវ័យកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាក្រាំងម៉ាយរហូតដល់ថ្នាក់ទី១០ចាស់ ទើបខ្ញុំឈប់រៀន ព្រោពេលនោះ រដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ បានកើតឡើង។ ខ្ញុំមកជួយធ្វើការងារឪពុកម្ដាយនៅផ្ទះ និងចម្ការ។ នៅចុងនៅឆ្នាំ១៩៧០ ខ្ញុំធ្វើជាកងស្វាយត្រាណ ឬកងឈ្លបជាមួយខាងកងទ័ពរំដោះខ្មែរក្រហមនៅមូលដ្ឋាន។ បន្ទាប់មក ខ្ញុំឃើញមានយន្តហោះមកទម្លាក់គ្រាប់បែកនៅតាមបណ្ដាភូមិបណ្តាលឲ្យខូចខាត និងឆេះផ្ទះអ្នកស្រុក។ ការទម្លាក់គ្រាប់បែកកើតឡើងទាំងព្រឹកទាំងថ្ងៃទាំងយប់។ នៅពេលដែលខ្ញុំបើកទូក ខ្ញុំរត់គេចស្ទើរតែមិនចង់ទាន់។

បន្ទាប់ពីពេលនោះមក ខ្ញុំត្រូវបានចាប់ខ្លួន និងចោទថាជា «ខ្មែរស»។ ខ្ញុំត្រូវបានចាប់មកដាក់ឃុំឃាំងនៅឃ្លាំងប្រាក់ នៅខាងលិចមន្ទីរពេទ្យ អស់​រយៈពេល១ខែកន្លះ។ ខ្ញុំមិនត្រូវបានធ្វើទារុណកម្មនោះទេ គឺគ្រាន់តែសួរចម្លើយចំនួន២ដង។ ក្រោយពេលខ្ញុំត្រូវបានដោះលែងពីកន្លែងសួរ​ចម្លើយ ខ្ញុំកាន់តែពិបាកខ្លាំង។ ខ្ញុំធ្វើការធម្មតានៅក្នុងសហករណ៍ គឺត្រូវច្រូតស្រូវ។ តមកទៀត ខ្ញុំចូលមកធ្វើការងារនៅកងគមនាគមន៍ ជួស​ជុល​ស្ពានចាប់ពីស្រែពកទៅខេត្តរតនគិរី     រយៈពេល១ឆ្នាំងជាង ដែលមានគ្នាចំនួន៤០នាក់ គឺប្រធានកងឈ្មោះ តា វង្ស។ នៅពេលដែលប្រទេសត្រូវបានរំដោះនៅដើមឆ្នាំ១៩៧៩ ខ្ញុំត្រូវបានចាប់សួរនាំអំពីការងារ។ ខ្ញុំប្រាប់គេថាជាកងចល័តច្រូតស្រូវតែប៉ុណ្ណោះ។ អ្វីដែលដែលខ្ញុំចងចាំមិនភ្លេចពីមុននោះគឺសង្រ្គាម និងការស្ទើរតែត្រូវបានសម្លាប់ដោយខ្មែរក្រហម ដែលខ្ញុំត្រូវធ្វើកិច្ចសន្យាកុំឲ្យមានកំហុសម្ដងទៀត។ ខ្ញុំចង់ឲ្យក្មេងជំនាន់ក្រោយដឹងពីផលវិបាកនៃសង្រ្គាម, ការអត់ឃ្លាន និងការកាប់សម្លាប់ដោយរបបខ្មែរក្រហម។ ខ្ញុំធ្លាប់បានប្រាប់រឿងរ៉ាវលំបាកវេទនានៅក្នុងររខ្មែរក្រហមទៅកាន់កូនៗចៅៗរបស់ខ្ញុំ តែអ្នកទាំងនោះមិនជឿទេ។ សព្វថ្ងៃសុខភាពរបស់អ្នករស់រានមានជីវិតពីខ្មែរក្រហម គឺមានសារសំខាន់ណាស់ ព្រោះមានវ័យកាន់តែចាស់។ ខ្ញុំសប្បាយចិត្តនៅពេលដែលទទួលបានការពិនិត្យសុខភាពបឋមនេះ។ ខ្ញុំសូមផ្ដាំផ្ញើឲ្យកូនចៅជំនាន់ក្រោយខិតខំរៀនសូត្រ និងចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ។

ខ្ញុំឈ្មោះ ភួយ ខាំផែន អាយុ៧៤ឆ្នាំ រស់នៅភូមិព្រែកភ្នៅ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ បូរ ទន់ និងមានកូនប្រុសស្រី២នាក់។ ខ្ញុំមានបងប្អូនសរុបចំនួន៤នាក់ (ស្លាប់៣នាក់)។ នៅពីក្មេង ខ្ញុំចូលរៀននៅវត្តអង្គរ ហើយខ្ញុំរៀនបានត្រឹមថ្នាក់ទី១២​ចាស់។ ខ្ញុំរៀនពីរវេនពេលយប់មករៀននៅវត្ត និងពេលថ្ងៃរៀននៅសា​លា។ នៅអាយុ១៦ឆ្នាំ ខ្ញុំចូលធ្វើជាទាហាន លន់ នល់។ ខ្ញុំបានឆ្លង​កាត់សមរភូមិជាច្រើន រួមមាន ខេត្តតាកែវ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

ក្រោយមកទៀត ខ្ញុំរត់ភៀសខ្លួនទៅរស់នៅឡាវ។ ខ្មែរមិនអាចរស់នៅ​ឡាវបានស្រួលទេ គឺត្រូវធ្វើទាហានឲ្យឡាវសិន។ ខ្ញុំប្រាប់ឡាវថាខ្ញុំភៀសខ្លួន ដើម្បីស្នាក់អាស្រ័យ ប៉ុន្តែឡាវមិនយល់ព្រម។ ប្រហែលនៅឆ្នាំ១៩៧១ ខ្ញុំធ្វើទាហាននៅឡាវ ដើម្បីបានបាយហូយ ចំណែកឯខ្លះទៀតបានធ្វើជាគ្រូបង្រៀន។ នៅចុងនៅឆ្នាំ១៩៧៨ ខ្ញុំវិលត្រឡប់មកខ្មែរវិញ គឺបន្ទាប់ពីកងទ័ពខ្មែរក្រហមត្រូវបានវាយបណ្ដេញដោយកងទ័ពរណសិរ្ស ដឹកនាំដោយសម្ដេច ហ៊ុន សែន សម្ដេច ជា ស៊ីម និងសម្ដេច ហេង សំរិន។ ខ្ញុំក៏បានចូលរួមជាមួយកងទ័ពរណសិរ្ស ដែលខ្ញុំបានវាយចូលមកតាមព្រះរំកិល និងមុំបី រួចត្រឡប់ទៅនៅអង្គភាពនៅស្ទឹងត្រែង។ នៅសម័យនោះ គឺមិនទាន់មានការចាយលុយនៅឡើយទេ។ ខ្ញុំមានប្រពន្ធកូននៅឡាវ។ ខ្ញុំឡើងចុះទៅលេងប្រពន្ធកូន ប៉ុន្តែក្រោយមកក៏រស់នៅបែកគ្នា។ នៅពេលដែលខ្ញុំទទួលបានការពិនិត្យសុខភាពរៀបចំដោយមជ្ឈ​មណ្ឌ​លឯកសារកម្ពុជា ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលនេះគឺជាលើកទី១របស់ខ្ញុំ។ សូមជូនពរឲ្យក្រុមការងារ មន្រ្តីរាជការ និងប្រជាជនទាំងអស់ មានសុខភាពល្អ និងរស់នៅសុខសាន្ដ។

ខ្ញុំឈ្មោះ កើត វ៉ាន់ថុន អាយុ៧០ឆ្នាំ កើតនៅភូមិថ្លាត ឃុំថ្លាត ស្រុកស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ សាន នាង និងមានកូន៤នាក់។ ឪពុកខ្ញុំឈ្មោះ កើត និងម្ដាយឈ្មោះ ជា វណ្ណា។ នៅពីក្មេង ខ្ញុំចូលរៀនបានត្រឹមថ្នាក់ទី៧សង្គមចាស់។ នៅពេលដែលសង្រ្គាមផ្ទុះ​ឡើង​នៅទសវត្សរ៍ឆ្នាំ១៩៧០ ខ្ញុំរស់នៅភូមិកំណើតរបស់ខ្ញុំ ដែលការទម្លាក់គ្រាប់បែកបានចាប់ផ្ដើម និងបន្តរហូតដល់ឆ្នាំ១៩៧៣។ នៅពេលដែលមានយន្តហោះមកទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំរត់ចូលក្នុងរណ្ដៅ។ នៅសម័យខ្មែរក្រហមខ្ញុំធ្វើការនៅក្នុងកងដឹកជញ្ជួនរហូតដល់ចុងឆ្នាំ១៩​៧៨។ ខ្ញុំបន្តមករស់នៅភូមិកំណើតរបស់ខ្ញុំវិញនៅឆ្នាំ១៩៨២ រហូតមកដល់សព្វថ្ងៃ។ សូមអរគុណដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលរៀបចំអ្នកគ្រូពេទ្យចុះពិនិត្យសុខភាពដល់ខ្ញុំនៅផ្ទះរបស់ខ្ញុំផ្ទាល់តែម្ដង។

រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណ​ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការរៀបចំវេទិកាពិនិត្យសុខ​ភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទាំង៣លើក គឺចាប់ពីខែមីនា ដល់ខែមិថុនា ដែលមានចំនួនសរុបទាំងអស់គឺ៦០០នាក់។

អត្ថបទ ៖ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖