មជ្ឈមណ្ឌលឯកសារកម្ពុជាផ្តល់រទេះរុញជូន ភឿន ភាត់ ដែលមានពិការភាពពីកំណើត រស់នៅស្រុកអន្លង់វែង

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បាននាំយករទេះរុញដែលផ្តល់ជូនពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ជូន​ទៅដល់ ភឿន ភាត់ ដែលមាន​ពិការ​ភាព​ដៃជើងតាំង​ពី​កំណើត​។ ដោយ​ក្ដី​អាណិត​ស្រឡាញ់​ពី​ក្រុម​ការ​ងារ​មជ្ឈ​មណ្ឌល​​សន្តិភាព​អន្លង់​វែង និងបាន​មើល​ឃើញ​ពី​ទុក្ខ​លំបាកអំឡុងពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​របស់​ ភឿន ភាត់​ ក្រុមការងារក៏សម្រេច​ចិត្ត​ផ្ដល់​រទេះ​រុញ​ថ្មី​មួយគ្រឿង​ដល់​ ភឿន ភាត់ ដើម្បី​ងាយ​ស្រួលក្នុង​ការ​​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​។​

ភឿន ភាត់ ភេទប្រុស កើតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៨១ ​នៅ​ភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។ បច្ចុប្បន្ន ភឿន ភាត់ រស់នៅភូមិថ្គាមរមាស ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងមានប្រពន្ធឈ្មោះ រួន សៀត អាយុ៥៣ឆ្នាំ ព្រមទាំងមានកូនប្រុសស្រីសរុប​ទាំងអស់ចំនួន​៥នាក់ ក្នុងនោះមានកូនស្រីចំនួន​២នាក់ និងកូនប្រុស៣នាក់។ បច្ចុប្បន្ន កូនៗរបស់ ភឿន ភាត់ មានគ្រួសារចំនួន៣នាក់ហើយ នៅតែកូនប្រុស២នាក់ប៉ុណ្ណោះដែលពុំទាន់មានគ្រួសារ និងកំពុងរស់នៅក្នុង​បន្ទុក​គ្រួសារ។ ភឿន ភាត់ គឺជាកូនទោល ដោយមាន​ឪពុកឈ្មោះ ភឿន ស្លាប់ និងម្តាយចាស់​ជរាឈ្មោះ ស៊ុន​។

កាល​ពី​កុមារ ​ភឿន ភាត់ មិនមានឱកាស​រៀន​សូត្រ​ដូច​ក្មេងៗ​ដទៃ​ទេ​ ដោយសារ​តែ​ជីវភាព​គ្រួសារ​ក្រី​ក្រ​ ជា​ពិសេស​គាត់មាន​ពិ​ការ​ភាព​។ មក​ដល់​បច្ចុប្បន្ន​ កូនៗរបស់ ភឿន ភាត់ ក៏​មិនបានរៀនសូត្រខ្ពស់ដែរ​ ដោយសារតែជីវភាពខ្វះខាត គឺមានតែកូនប្រុសពៅម្នាក់ប៉ុណ្ណោះដែលបានរៀនដល់ថ្នាក់ទី៥ ប៉ុន្តែក្រោយមក​បាន​ឈប់រៀន ហើយមកធ្វើការស៊ីឈ្នួលរកលុយផ្គត់​ផ្គង់​ជីវភាព​គ្រួសារជាមួយម្តាយ និងបងៗ​។

ចំណែក​ឯ​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ​ប្រពន្ធរបស់ ភឿន ភាត់ បានលើកឡើងថា «មូលហេតុដែលគាត់យក ភឿន ភាន់ ធ្វើជាប្តីដោយសារគាត់មានចិត្តអាណិតអាសូរ និងស្រឡាញ់ប្តី។ ក្រោយពេលក្លាយជាប្តីប្រពន្ធ គាត់ត្រូវ​ធ្វើ​ការ​ងាររ៉ាប់រង​នៅ​ក្នុង​គ្រួសារ​ទាំង​ស្រុង​។ គាត់​មិន​លាក់​លៀម​ទេ​ តាម​ពិត​ទៅគាត់​ក៏​ធ្លាប់មាន​ការ​អាក់​អន់ចិត្តជា​មួយ​ជីវិត​របស់គាត់​នាពេល​នេះ​ដែរ ប៉ុន្តែទោះ​បី​ជាគាត់​ជួប​ការ​លំបាក​វេទនា​អត់​មាន​របរ​រក​ស៊ី​ច្បាស់​លាស់ អត់​មាន​ដី​ស្រែ​ចម្ការ​ ដូច​គ្រួសារ​ដទៃ​ ក៏គាត់​មិន​ដែល​គិត​ថា​ចង់ចាកចោលប្តី និងកូនដែរព្រោះតែក្តីអាណិតស្រឡាញ់» ។

ក្នុង​កំ​ឡុងឆ្នាំ២០១៦ ភឿន ភាត់ រួម​ទាំង​គ្រួសារ​បានសម្រេច​ចិត្ត​មករស់នៅក្នុង​ស្រុក​អន្លង់វែង តាម​រយៈបងស្រីជីដូនមួយរបស់គាត់​។ បង​ជីដូន​មួយ​ ភឿន ភាត់ ​ឈ្មោះ​ ភាន់ បាន​មករស់នៅលើ​ទឹក​ដីនេះ​តាំងពីសម័យសង្គា្រមមក​ម្ល៉េះ។ ដោយ​សារ​តែ​ ភឿន ភាត់ ​មានពិការភាព ហើយមិនអាចមានសមត្ថភាពធ្វើ​ការ​រកស៊ីបានដូចអ្នកដទៃ សូម្បី​តែ​សាច់ញាតិបង​ប្អូន​របស់គាត់​ ក៏គាត់​កើតមានចិត្តខ្មាសអៀនខ្លាំង​ណាស់​ដែរ​ ដែល​កើត​មក​មិន​មាន​កាយ​សម្បទាល្អ​ដូចគ្រប់​គ្នា​ ​ទើបគាត់​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ភូមិ​កំណើត​មក​រស់​នៅ​ និង​ធ្វើ​ការ​ស៊ីឈ្នូល​នៅ​ក្នុង​ស្រុក​អន្លង់​វែង​នេះ​។

សព្វថ្ងៃ គ្រួសាររបស់ ភឿន ភាត់ មានជីវភាពខ្វះខាតជាខ្លាំងដោយសារប្រពន្ធរបស់គាត់គឺជាបង្គោលគ្រួសារ និងជាអ្នករកប្រាក់ផ្គត់ផ្គង់ដល់គ្រួសារ​ទាំង​មូល។ ទោះបីយ៉ាង ប្រពន្ធគាត់ក៏គ្មានមុខរបរអ្វីពិតប្រាកដដែរ គឺដើរស៊ីឈ្នួលធ្វើការឲ្យគេ និងបេះផ្លែឈើព្រៃលក់ ដូចជា ផ្លែគុយ ផ្លែរំដួល​ និង ផ្លែព្រីង​ ជា​ដើម​។ ចំណែក​​ ភឿន ភាត់ មិនអាចចេញទៅរកស៊ី ឬជួយការ​ងារ​ធំ​ដុំ​បានដែរ គឺបានត្រឹមជួយសម្រាលកិច្ចការងារផ្ទះបន្តិចបន្តួច ដូចជា ចិញ្ចឹមមាន់ ទា និងពេលខ្លះ ចេញទៅស៊ីឈ្នួលកាប់ដំឡូង ដាំដំឡូង ឲ្យអ្នក​ជិត​ខាងនៅ​តាមចម្ការដែល​ស្ថិតនៅក្បែរៗផ្ទះ។ ភឿន ភាត់ ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ដោយការរំកិល ឬ​លោត ម្ដង​បន្តិចៗ​ដើម្បី​ទៅ​ដល់​គោល​ដៅ​។ ចំណែក​ឯ​អាហារ និងរបស់របរប្រើប្រាស់មិនថា ទឹក អង្ករ គឺ​ត្រូវចំណាយ​ថវិកា​ទិញទាំងអស់ លើសពីនេះទៅទៀត ដីផ្ទះដែលគាត់រស់នៅសព្វថ្ងៃនេះក៏មិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួនគាត់​ដែរ គឺជាដីរបស់កូនស្រីទី២របស់​គាត់​ផ្ដល់​ឲ្យ​ស្នាក់​នៅ​ជា​បណ្ដោះ​អាសន្ន​សិន​។ រី​ឯមធ្យោ​បាយធ្វើដំណើរ គាត់គ្មានអ្វីជិះទេ សូម្បី​តែ​កង់​មួយ​ក៏​គ្រួសារគាត់​គ្មាន​ជិះ​ដែរ​ ប្រសិនបើមាន​ទុក្ខ​ធុរៈ​ ឈឺថ្កាត់ ឬកិច្ចការសំខាន់ៗ​ គាត់ត្រូវទៅជួលម៉ូតូអ្នក​ជិត​ខាង ឬ​សុំអ្នកជិតខាងជិះជាមួយ​ ឬក៏ខ្ចីម៉ូតូ​អ្នក​ជិត​ខាង​ជិះ។ រយៈ​ពេល​៥ទៅ៦ឆ្នាំមុន ធ្លាប់មានអង្គ​ការ​ជួយ​ឧបត្ថម្ភរទេះរុញដល់ ភឿន ភាត់ ​ម្តងដែរ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែមកដល់សព្វថ្ងៃ ​រទេះ​នោះ​បានខូតទៅហើយមិនអាចប្រើប្រាស់បានទៀត​ទេ។ ភឿន ភាត់ ធ្លាប់បាននិយាយ​ថា «ប្រសិនបើជាអាច ខ្ញុំចង់បានរទេះរុញមួយគ្រឿងសម្រាប់ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រចាំថ្ងៃ»។

ក្រោយពីក្រុមការងារបានប្រគល់រទេះរុញជូន ភឿន ភាត់ រួចរាល់ ភឿន ភាត់ សម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ហើយបានឡើងជិះរទេះសាកល្បង និងបានពោលយ៉ាងដូច្នេះថា «តទៅ ខ្ញុំនឹងអាចមានរទេះប្រើប្រាស់ប្រចាំថ្ងៃ និងអាចសម្រួលដល់ការធ្វើដំណើរបានច្រើន» ព្រមទាំងបានថ្លែងអំណរគុណទៅដល់លោក ឆាំង យុ ដែលបានផ្តល់ជំនួយជារទេះរុញនេះ។

អត្ថបទ ៖ ហៀត ចិន្តា និង​ មេក វិន ក្រុមការងារ​មជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖