មុនសម័យខ្មែរក្រហម ហ៊ុន យ៉ូច កំពុងសិក្សាថ្នាក់ទី៣។ នៅពេលខ្មែរក្រហមចូលមកគ្រប់គ្រងភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ខ្មែរក្រហមបង្ខំគាត់ឲ្យបោះបង់ការសិក្សា ហើយទៅធ្វើការងាររើសអាចម៍គោធ្វើជីដាក់ស្រែ។ ក្រោយមកទៀត ខ្មែរក្រហមចាត់តាំងគាត់ឲ្យចូលក្នុងកងចល័ត និងទៅលើកទំនប់អូរគ្រៀង។ បន្ទាប់ពីធ្វើការងាររួចហើយ ខ្មែរក្រហមមិនបានផ្ដល់របបអាហារ ឬបាយឲ្យគាត់ហូបឆ្អែតនោះទេ។ ខ្មែរក្រហមបានផ្ដល់អាហារឲ្យគាត់ហូបក្នុងមួយថ្ងៃ២ពេល គឺពេលព្រឹកហូបបបរក្នុងម្នាក់ មួយកូនចានចង្កឹះ និងពេលល្ងាច ឲ្យហូបបាយជាមួយសម្លត្រកួន និងពេលខ្លះមានត្រី និងសាច់ ម្តងម្តាលដែរ។ គាត់ឈឺពោះរាករូសអំឡុងពេលធ្វើការងារលើកទំនប់ ហើយប្រធានកងបានបញ្ជូនគាត់ឲ្យទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺ។ ពេទ្យខ្មែរក្រហមបានឲ្យគាត់លេបថ្នាំខ្មៅៗ ដែលគាត់ហៅថា ថ្នាំអាចមន៍ទន្សាយ និងមានថ្នាំចាក់ផងដែរ ប៉ុន្តែគាត់មិនដឹងថាថ្នាំនោះនាំមកពីណានោះទេ។
ហ៊ុន យ៉ុច រៀបរាប់បន្តថា នៅពេលលើកទំនប់ម្តងៗមានប្រជាជនប្រមាណពី៤០ ទៅ ៥០នាក់ និងមានបង្គី ឬពលែ ដែលត្បាយពីឫស្សីឲ្យវែង និងដាក់ដើមឫស្សីកណ្តាលសម្រាប់សែងដី។ ការលើកទំនប់នៅអូរគ្រៀងពេលនោះគឺគ្មានប្រជាជនស្លាប់ឡើយ។
បន្ទាប់មកទៀត ខ្មែរក្រហមបានបញ្ជូនគាត់ឲ្យទៅធ្វើការងារនៅមន្ទីរពេទ្យស្រែស្បូវ។ នៅទីនោះមានប្រជាជនស្លាប់ច្រើនណាស់ គឺក្នុងមួយយប់ មានអ្នកស្លាប់ចាប់ពី២ទៅ៣នាក់ ដោយសារធ្វើការងារធ្ងន់ និងហូបមិនឆ្អែត ពិសេសអ្នកមកពីខាងបូព៌ា។ គាត់ភ័យខ្លាចខ្លាំងណាស់។ នៅមន្ទីរពេទ្យស្បែស្បូវ គាត់មានតួនាទីដាំបាយ ពុះអុស និងដឹកទឹក។ ដោយសារសម័យខ្មែរក្រហមមិនចាយលុយ ដូច្នេះពេលដល់ខែខ្មែរក្រហមចែកសំពត ខោអាវខ្មៅ ស្បែកជើងកង់ឡាន និងក្រមាសខ្មៅ ក្នុងម្នាក់មួយសម្រាប់ឲ្យគាត់។ ក្រុមគ្រួសាររបស់គាត់មិនបានជួបជុំគ្នាទេ។ គាត់រស់នៅនិងធ្វើការនៅមន្ទីរពេទ្យ ចំណែកឪពុករបស់គាត់រស់នៅនិងធ្វើការងារនៅកន្លែងផ្សេង។ សមាជិកគ្រួសារខ្លះធ្វើការងារគ្មានពេលសម្រាកនោះទេ និងបែកទៅតាមកន្លែងផ្សេងៗរហូតពេលយប់ទើបជួបគ្នា។ នៅសម័យនោះ ខ្មែរក្រហមបានជម្លៀសប្រជាជនថ្មីពីភ្នំពេញឲ្យមករស់ភូមិអូរតាណឹង រួមមាន ជនជាតិដើមភាគតិចចិន និងជនជាតិដើមភាគតិចចាម។ ខ្ញុំចាំថា មានគ្រួសារបងប្អូនជនជាតិដើមភាគតិចចិនឈ្មោះ ទ្រី, គុយ, អៀង, កុក ហើយឪពុករបស់ កុក ឈ្មោះ តារ៉ុង។
នៅដើមឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមក គាត់បានរត់ភៀសខ្លួនទៅតាមអ្នកភូមិដោយគ្មានគោលដៅ និងគ្មានពេលសម្រាកទាំងយប់ទាំងថ្ងៃ ហើយគាត់ក៏មិននឹកស្មានថាអាចរស់មកដល់សព្វថ្ងៃដែរ។
ក្រោយរបបខ្មែរក្រហមបញ្ចប់ គាត់រស់នៅជាមួយទុក្ខសោកដោយបងស្រីរបស់គាត់ឈ្មោះ ហ៊ុន យ៉េង ត្រូវឡានបុកស្លាប់ ហើយប្អូនស្រីរបស់គាត់ឈ្មោះ ហ៊ុន វ៉ន បានស្លាប់នៅពេលសម្រាលកូន ចំណែក ប្តីរបស់គាត់ឈ្មោះ ស៊ិប ហេម បានស្លាប់ដោយសារជំងឺ តាំងពីកូនៗរបស់គាត់នៅតូចម្ល៉េះ។
សព្វថ្ងៃ គាត់អាយុ៦២ឆ្នាំ គឺជាស្រ្តីមេម៉ាយ និងមានជំងឺប្រចាំកាយ ដូចជា ឈឺសន្លាក់ដៃ ជើង គ្រុនពោះវៀន រលាកក្រពះ និងស្រវាំងភ្នែក។ គាត់ស្នាក់នៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ជាមួយក្មួយស្រីដើម្បីព្យាបាលជំងឺ។ ម្តងម្កាល មិត្តភក្តិចាស់នៅក្នុងរបបខ្មែរក្រហមឈ្មោះ កុក គឺជាជនជាតិភាគតិចចិនកាលជំនាន់នោះ មកលេង និងសួរសុខទុក្ខគាត់ដែរ។
អត្ថបទ ៖ សុខ ណេង អ្នកស្ម័គ្រចិត្តកម្ពុជានៅខេត្តក្រចេះ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា