មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងរៀបចំវេទិកាអប់រំសាធារណៈស្តីអំពី «ប្រវត្តិសាស្ត្រខ្មែរក្រហម និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ » សម្រាប់សិស្សានុសិស្ស និង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមស្រុកកំចាយមារ

នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានរៀបចំវេទិកាអប់រំសាធារណៈស្ដីពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ស្ថិតនៅក្នុងបរិវេណវត្តកឹងសូរិយា (ហៅវត្តដូនកឹង) ភូមិដូនដឹង ឃុំដូនដឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ វេទិកានេះមានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន៥០នាក់ ក្នុងនោះស្រី៣៣នាក់ និងសិស្សានុសិស្សថ្នាក់ទី៩នៃវិទ្យាល័យអនុវិទ្យាល័យដូនកឹងចំនួន៣០នាក់ ក្នុងនោះមានស្រី១៨នាក់។ វេទិកានេះធ្វើឡើងដោយផ្តោតលើការសន្ទនាអន្តរជំនាន់រវាងអ្នករស់រានមានជីវិតពីររបបខ្មែរក្រហម និងសិស្សានុសិស្សអំពីការចងចាំបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម តាមរយៈការនិយាយរឿងរ៉ាវដែលបានកើតមានក្នុងរបបខ្មែរក្រហមពីអ្នករស់រានមានជីវិតទៅកាន់ក្មេងៗជំនាន់ក្រោយ។ លើសពីនេះទៅទៀត សិស្សា​នុសិស្សបានដឹងពីវិធីសាស្រ្ដក្នុងការទប់ស្កាត់របបខ្មែរក្រហមកុំឲ្យកើតឡើងម្ដងទៀតតាមរយៈការខិតខំរៀនសូត្រ មិនប្រើប្រាស់អំពើហិង្សា និងកំណត់គោលដៅជីវិតច្បាស់លាស់ដើម្បីឲ្យក្លាយខ្លួនទៅជាក្មេងល្អ និងពលរដ្ឋល្អនៅថ្ងៃអនាគត។

ជាកិច្ចចាប់ផ្ដើមវេទិកា លោក មាស មុំ មេឃុំដូនកឹង ឡើងថ្លែងមតិស្វាគមន៍នៅកាន់អ៊ំ ពូ មីង លោកគ្រូអ្នកគ្រូ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និង ប្អូនៗថ្នាក់ទី៩ នៃអនុវិទ្យាល័យដូនកឹង។ បន្ទាប់មក លោកមេឃុំស្នើសុំឲ្យសិស្សានុសិស្សជំនាន់ក្រោយសិក្សាឈ្វេងយល់អំពីទុក្ខលំបាករបស់ប្រជាជនដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម។ លើសពីនេះទៅទៀត លោកលោកមេឃុំបានស្នើចាស់ទុំដែលបានឆ្លងកាត់សម័យខ្មែរក្រហមឡើងនិយាយអំពីរឿងរ៉ាវទុក្ខលំបាករបស់ខ្លួននៅក្នុងរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដើម្បីឲ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ និងលើកទឹកចិត្តឲ្យក្មេងៗសួរសំណួរផ្សេងៗទៅកាន់ចាស់ៗ ដើម្បីទុកជាចំណេះដឹងប្រវត្តិសាស្រ្ដ។

ជាកិច្ចបន្ទាប់ លោក ផេង ពង្សរ៉ាស៊ី ជានាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ចាប់ផ្ដើមធ្វើការណែនាំខ្លួន និងបង្ហាញអំពីគោលបំណងសំខាន់ៗនៃការបង្កើតវេទិកានេះឡើងដើម្បីឲ្យសិស្សានុសិស្ស និងប្រជាជន បានដឹងកាន់តែច្បាស់។ លើសពីនេះលោកបាន ធ្វើបទបង្ហាញដោយសង្ខេបទាក់ទងជាមួយប្រវត្តិសាស្រ្ដខ្មែរក្រហម លើចំណុចសំខាន់ៗមួយចំនួនដូចជា៖  ការជម្លៀសប្រជាជនដោយបង្ខំ, មូលហេតុនៃការជម្លៀសប្រជាជន, ទីតាំងដែលប្រជាជនជម្លៀសទៅ, គោលនយោបាយ៨ចំណុចរបស់ខ្មែរក្រហម និងការដួលរលំនៃរបបខ្មែរក្រហម។ បន្ថែមពីនេះទៅទៀត លោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញអំពីវិធីសាស្រ្ដការពារកុំឲ្យរបបខ្មែរក្រហមត្រឡប់មកវិញម្តងទៀត តាមរយៈការមិនប្រើប្រាស់អំពើហិង្សា ខិតខំរៀនសូត្រដើម្បីក្លាយខ្លួនទៅជាក្មេងល្អ យុវជនល្អនៅក្នុងសង្គម។

ឆ្លើយតបជាមួយការស្នើសុំរបស់លោកមេឃុំ លោក ផេង ពង្សរ៉ាស៊ី បានរៀបចំជាការពិភាក្សា ដោយផ្ដល់ឱកាសដល់អ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហមឡើងរៀបរាប់អំពីបទពិសោធន៍ការរស់នៅឆ្លងកាត់ក្នុងរបបខ្មែរក្រហម ប្រាប់ដល់សិស្សានុសិស្សជំនាន់ក្រោយឲ្យបានដឹង ហើយសួរនាំ ដែលបង្កើតជាការសន្ទនាអន្តរជំនាន់។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣នាក់ ដែលឡើងរៀបរាប់នៅក្នុងវេទិកាអប់រំសាធារណៈ ៖

ខ្ញុំឈ្មោះ ម៉ែន ហេង ភេទប្រុស មានស្រុកកំណើតនៅភូមិក្រូច ស្រុករំដួល ខេត្តស្វាយរៀង។ ឪពុករបស់ខ្ញុំបានស្លាប់នៅក្នុងរបប លន់ នល់ នៅពេលដែលគាត់ចូលធ្វើទាហាន។ ក្នុងរបប លន់ នល់ ខ្ញុំ និងម្ដាយរបស់ខ្ញុំបានទៅរស់នៅក្នុងទីរួមខេត្តស្វាយរៀងរហូតដល់ខ្មែរក្រហមទទួលជ័យជម្នះ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសខ្ញុំជាមួយម្ដាយមកកាន់ស្រុកកំណើតវិញ។ មកដល់មូលដ្ឋាន ខ្មែរក្រហមបានឲ្យគ្រួសាររបស់ខ្ញុំរស់នៅមួយកន្លែងព្រោះខ្មែរក្រហមចាត់ទុកគ្រួសារខ្ញុំគឺជាប្រជាជនថ្មី។ ខ្មែរក្រហមបានចែកប្រជាជនជាពីរប្រភេទគឺ ១)​ ប្រជាជនជម្លៀស ដែលគ្មានសិទ្ធអ្វីទាំងអស់ និងប្រជាជនមូលដ្ឋាន ដែលរស់នៅក្នុងភូមិ និងមានសិទ្ធិគ្រប់បែបយ៉ាង។ ពេលនោះ ខ្ញុំក៏ជាប់និន្នាការនយោបាយដែរគឺធ្លាប់ជាកូនទាហានក្នុងរបប លន់ នល់។ ក្រោយមកទៀត ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យចូលធ្វើការនៅក្នុងក្រុមកងចល័ត ជីកព្រែក លើកប្រព័ន្ធភ្លឺស្រែ លើកប្រឡាយ ស្ទូង ដក និងច្រូតកាត់។ ចំណែកការហូបចុក នៅក្នុងរដូវច្រូតកាត់ខ្ញុំអាចហូបបាយមួយកូនចានកណ្ដឹង ប៉ុន្តែនៅរដូវវស្សាខ្ញុំហូបបបររាវៗ។ ដោយសារការអត់ឃ្លានខ្លាំង ខ្ញុំដាច់ចិត្តលួចកោសបាយក្ដាំងនៅរោងចុងភៅយកមកហូប ប៉ុន្តែត្រូវបានអ្នកធ្វើការនៅរោងបាយចាប់បាន និងធ្វើការទិតៀនខ្ញុំលើកទីមួយ។ នៅក្នុងរបបខ្មែរក្រហមខ្ញុំក៏បាត់បង់សាច់ញាតិដែរ ដោយក្មួយប្រុសរបស់ខ្ញុំ២នាក់អាយុប្រមាណ៣ឆ្នាំបានស្លាប់ដោយសារខ្វះអាហាររូបត្ថម្ភ និងថ្នាំព្យាបាល។ នៅចុងឆ្នាំ១៩៧៨ ខ្ញុំបានជម្លៀសពីខេត្តស្វាយរៀងមករស់នៅខាងឃុំដូនកឹង ហើយក៏ជាឆ្នាំដែលខ្ញុំបាត់បង់ប្អូន២នាក់បន្ថែមទៀត ដោយប្អូនពៅរបស់ខ្ញុំស្លាប់ដោយសារកើតកញ្ជ្រឹល ហើយគ្មានថ្នាំព្យាបាល និងប្អូនម្នាក់ទៀតត្រូវបានអង្គការយកទៅកសាង ព្រោះមានទំនាស់ជាមួយអ្នកធ្វើការជាមួយគ្នា។ ខ្មែរក្រហមបានចោទប្អូនរបស់ខ្ញុំថាក្បាលយួន ខ្លួនខ្មែរ។ ឈ្មោះ ឈន់ ឈាង បានឃើញឈ្លបបណ្ដើរប្អូនរបស់ខ្ញុំ និងមនុស្ស២នាក់ទៀតចេញពីសាលាឃុំយកទៅសម្លាប់ ប៉ុន្តែមានម្នាក់ប៉ុណ្ណោះដែលរួចខ្លួនព្រោះមានម្ដាយយកនាឡិកា និងរបស់ផ្សេងទៀតទៅដោះដូរជាមួយកងឈ្លប។ នៅពេលឈ្លបវាយសម្លាប់ប្អូន និងបងជីដូនមួយរបស់ខ្ញុំម្នាក់ទៀតទម្លាក់ក្នុងរណ្ដៅ គ្រូពេទ្យ ហឿន បានមើលពីលើចុងអំពិលក្បែរនោះឃើញ ហើយក្រោយមកគាត់បានមកនិយាយប្រាប់ខ្ញុំ។ នៅពេលនិយាយរឿងនេះ ខ្ញុំក្តុកក្តួល និងអាណិតប្អូនយ៉ាងខ្លាំង។ រឿងរ៉ាវទាំងអស់នេះគឺជាការឈឺចាប់របស់ខ្ញុំក្នុងរបប ប៉ុល ពត។ ខ្ញុំសូមឲ្យក្មួយៗខិតខំប្រឹងរៀនពីប្រវត្តិសាស្រ្ដខ្មែរក្រហមដើម្បីអនាគតរបស់ក្មួយ ព្រោះក្មួយមិនទាន់បានឆ្លងកាត់ដូចអ៊ំ។

ខ្ញុំឈ្មោះ ខូយ ចូយ ភេទប្រុស អាយុ៦៩ឆ្នាំ សព្វថ្ងៃខ្ញុំរស់នៅភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៧៣ សន្តិសុខចោទប្រកាន់ខ្ញុំថាជាខ្មែរស ធ្លាប់ជិះជាន់អ្នកផ្សេង និងចាប់ខ្ញុំយកទៅឃុំឃាំង។ ឈ្លបបានចាប់ខ្ញុំយកទៅដាក់សន្តិសុខឃុំដូនកឹង ដើម្បីសួរចម្លើយ និងឲ្យធ្វើការងារ។ នៅក្នុងមន្ទីរសន្តិសុខ អ្នកសួរចម្លើយបានចោទប្រកាន់ខ្ញុំថា ជាខ្មែរស ប៉ុន្តែខ្ញុំបដិសេដ។ ក្រោយមក អ្នកសួរចម្លើយបានចោទប្រកាន់ខ្ញុំថាលួចលក់សាច់ ស្រូវ អង្ករ ឲ្យទៅវៀតណាម។ ការលក់របស់របរផ្សេងៗឲ្យទៅវៀតណាមនេះគឺត្រឹមត្រូវ ព្រោះវៀតណាមឲ្យតម្លៃខ្ពស់។ នៅពេលសួរចម្លើយ សន្តិសុខបានវាយធ្វើបាបខ្ញុំ និងឲ្យខ្ញុំធ្វើការងារធ្ងន់ៗ។ ខ្ញុំត្រូវធ្វើការកាប់គាស់រយៈពេលមួយឆ្នាំ ក្រោយមកប្រធានមន្ទីរសន្តិសុខឲ្យខ្ញុំទៅដេរខោអាវនៅឃុំដូនកឹងវិញ។ ខ្ញុំជាប់ឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខអស់រយៈពេល៥៤០ថ្ងៃ។ បន្ទាប់ពីប្រធានមន្ទីរសន្តិសុខដោះលែងខ្ញុំ ខ្ញុំបានត្រឡប់មកធ្វើការនៅមូលដ្ឋានវិញ និងរួចរស់រានមានជីវិតរហូតដល់បច្ចុប្បន្ន។

ខ្ញុំឈ្មោះ កែវ ប៉ុក ភេទប្រុស អាយុ៦៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ នៅក្នុងរបបខ្មែរក្រហម ខ្មែរក្រហមចាត់តាំងខ្ញុំ និងប្រជាជនក្នុងភូមិ២នាក់ទៀតធ្វើការជាអ្នកដាំបាយ និងធ្វើម្ហូបនៅក្នុងរោងបាយរួម។  ជារៀងរាល់ថ្ងៃខ្ញុំត្រូវដាំបាយផ្គត់ផ្គងមនុស្សប្រមាន៧០០ ទៅ៨០០នាក់នៅក្នុងសហករណ៍។ ចំពោះការដាំបាយ និងធ្វើម្ហូបគឺខ្ញុំធ្វើតាមការចាត់ចែងរបស់អង្គការ។ ខ្ញុំខំប្រឹងធ្វើការតាមអង្គការបញ្ជា ហើយប្រសិនបើខ្ញុំមិនធ្វើតាមនឹងត្រូវបានយកទៅសម្លាប់។ នៅក្នុងរបបខ្មែរក្រហមម្ដាយរបស់ខ្ញុំបានជាប់និន្នាការរបស់អង្គការ។ ខ្ញុំបានចំណាយពេលប្រមាណ៣ខែទើបសុំអង្គការលើកលែង និងយកម្ដាយរបស់ខ្ញុំត្រឡប់មកវិញបាន។

ចំណេះដឹងអំពីប្រវត្តិសាស្រ្ដខ្មែរក្រហមដែលក្មេងៗទទួលបាន៖

បន្ទាប់ពីបានស្ដាប់រឿងរ៉ាវកាលពីរបបខ្មែរក្រហមរួចមកសិស្សានុសិស្សមានការចាប់អារម្មណ៍ទៅលើពាក្យថាក្បាលយួនខ្លួនខ្មែរ, ពាក្យថាខ្មែរស និងរឿងរ៉ាវនៅក្នុងសម័យខ្មែរក្រហម។ លើសពីនេះទៅទៀត សិស្សានុសិស្សបានដឹងអំពីសារសំខាន់នៃការចងចាំប្រវត្តិសាស្រ្ដខ្មែរក្រហម ដើម្បីការពារកុំឲ្យរបបនេះត្រឡប់មកវិញម្តងទៀត។ ដើម្បីការពាររបប ប៉ុល ពត កុំឲ្យកើតឡើងម្ដងទៀត សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ កំណត់គោលដៅច្បាស់លាស់ និងធ្វើជាប្រជាជនល្អនៅក្នុងសហគមន៍ដោយមិនប្រព្រឹត្តអំពើហិង្សា។

ចំណាប់អារម្មណ៍របស់ចាស់ៗ និងក្មេងៗជំនាន់ក្រោយបន្ទាប់ពីចូលរួមក្នុងវេទិកា៖

ក្រុមការងារបានចុះជួបសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតចំនួន២នាក់ និងសិស្ស៣នាក់ ដើម្បីស្នើសុំការចែករំលែករឿងរ៉ាវជីវិតលម្អិតឆ្លងកាត់របបខ្មែរក្រហមនិងសាកសួរអំពីមតិយោបល់របស់គាត់ចំពោះការវាយតម្លៃសកម្មភាពវេទិកា ក៏ដូចជាស្នើសុំយោបល់សម្រាប់ការអភិវឌ្ឍន៍វេទិកានេះនាពេលអនាគត។

នាងខ្ញុំឈ្មោះ ឆយ ស្រីល័ក្ខ អាយុ១៥ឆ្នាំ គឺជាសិស្សរៀននៅអនុវិទ្យាល័យ ដូនកឹង។ សព្វថ្ងៃខ្ញុំរស់នៅភូមិថ្មី ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ បន្ទាប់ពីលោកគ្រូ និង តា យាយ បាននិយាយរៀបរាប់អំពីប្រវត្តិសាស្ត្រខ្មែរក្រហមរួចមក ធ្វើឲ្យខ្ញុំជឿទាំងដែលកាលពីមុន ខ្ញុំមិនដែលធ្លាប់ជឿរឿងទាំងអស់នេះទាល់តែសោះ។ ជារឿយ នៅពេលដែលខ្ញុំខ្ជិល ម្តាយខ្ញុំតែងតែបន្ទោសថា ប្រសិនបើនៅក្នុងសម័យខ្មែរក្រហម ខ្មែរក្រហមយកខ្ញុំទៅសម្លាប់ចោលយូរហើយ។ ខ្ញុំគិតក្នុងចិត្តថា ចាស់ៗនិយាយរឿងនេះដើម្បីកុហកក្មេងៗឲ្យខ្លាច។ ទើបតែពេលនេះ ដែលខ្ញុំដឹងថា រឿងទាំងអស់នេះ គឺជាការពិត។ នៅពេលខ្ញុំដឹងការពិត ខ្ញុំមានអារម្មណ៍ថា ចាស់ៗដែលកើតទាន់សម័យនោះ គឺលំបាកណាស់។

នាងខ្ញុំឈ្មោះ គី លីតា មានអាយុ១៥ឆ្នាំ គឺជាសិស្សរៀននៅអនុវិទ្យាល័យដូនកឹង។ សព្វថ្ងៃខ្ញុំរស់នៅភូមិស្វាយសុខុម ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ កន្លងទៅ ខ្ញុំធ្លាប់មើលភាពយន្តឯកសារ ដែលសម្តែងទាក់ទងនឹងរបបខ្មែរក្រហម។  ពេលនោះ យាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា  កាលនៅរបប ប៉ុល ពត គាត់មានការលំបាកខ្លាំងណាស់។ ខ្មែរក្រហមបានប្រើគាត់ឲ្យធ្វើការងារច្រើន និងមិនឲ្យហូបចុកគ្រប់គ្រាន់ឡើយ។ យាយរបស់ខ្ញុំបានបន្ថែមថា របបខ្មែរក្រហម មិនដូចរបបឥឡូវទេ ហើយខ្ញុំមានសំណាងហើយដែលកើតនៅក្នុងសម័យបច្ចុប្បន្ន។ ខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតរបស់ខ្ញុំ និងអភិវឌ្ឍន៍ប្រទេសជាតិមិនឲ្យមានរបបខ្មែរក្រហមវិលត្រឡប់មកវិញសារជាថ្មីទេ។ ជាចុងក្រោយ ខ្ញុំសូមរគុណលោកគ្រូដែលបានធ្វើដំណើរមកពីចម្ងាយដើម្បីបង្រៀនដល់ពួកខ្ញុំ។

នាងខ្ញុំឈ្មោះ យ៉ា ស្រីនិច្ច អាយុ១៥ឆ្នាំ គឺជាសិស្សរៀននៅអនុវិទ្យាល័យ ដូនកឹង។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិតាដុក ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ថ្ងៃនេះ ខ្ញុំរំភើប និងសប្បាយចិត្តដែលបានមកចូលរួមវគ្គសិក្សារៀនសូត្រស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ កំឡុងពេលគ្រូចាប់ផ្តើមបង្រៀន ខ្ញុំចាប់អារម្មណ៍ចំពោះគោលនយោបាយ៨ចំណុចរបស់ខ្មែរក្រហម។ ប្រជាជនដែលមិនស្តាប់បង្គាប់ ឬល្មើសនឹងបញ្ជារបស់អង្គការ គឺអង្គការនឹងយកទៅរៀនសូត្រ ឬសម្លាប់ចោល។ កាលពីមុន កំឡុងពេលដែលខ្ញុំទៅដេកជាមួយយាយរបស់ខ្ញុំ គឺគាត់ធ្លាប់និយាយរឿងរ៉ាវប្រវត្តិរបស់គាត់ឲ្យខ្ញុំស្តាប់។ កាលនោះយាយរបស់ខ្ញុំបានទៅសុំឲ្យកម្មាភិបាល ចែកក្រណាត់ឲ្យប្តីរបស់គាត់ពាក់កណ្តាល ប៉ុន្តែកម្មាភិបាលខ្មែរក្រហមមិនឲ្យ។ កម្មាភិបាលម្នាក់នោះនិយាយថា មានប៉ុន្មានស្លៀកប៉ុណ្ណឹងសិនទៅ។ ចំណែកឯយាយខ្ញុំក៏មិនបានមាត់អ្វីដែរ។ ល្ងាចឡើង បន្ទាប់ពីគាត់ស្ទូងរួច កម្មាភិបាលនោះក៏បានហៅយាយរបស់ខ្ញុំទៅព្រមាន ដោយនិយាយថា បើហ៊ានតែសុំលើកក្រោយទៀត នឹងមិនទុកឲ្យមានជីវិតរស់នៅតទៀតទេ។ នៅសម័យនោះ ខ្មែរក្រហមប្រើយាយរបស់ខ្ញុំស្ទូងរហូតដល់ម៉ោង១២ថ្ងៃត្រង់ទៅម៉ោង១រសៀស ទើបឲ្យឈប់សម្រាកហូបបាយ។ នៅពេលព្រឹក យាយរបស់មិនបានហូបអាហារទេ គឺទៅធ្វើការទាំងពោះទទេ។ យាយរបស់ខ្ញុំបានបាត់បង់កូនចំនួន៣នាក់ ដោយសារខ្មែរក្រហមយកទៅសម្លាប់។ បន្ទាប់ពីខ្ញុំស្តាប់យាយរបស់ខ្ញុំនិយាយរួច ខ្ញុំអាណិតគាត់ ហើយរន្ធត់ដែរចំពោះរឿងរ៉ាវដែលបានកើតឡើងចំពោះគាត់។ ពេលខ្ញុំបានសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម ទើបខ្ញុំដឹងថា ប្រជាជនខ្មែរពិតជាលំបាកខ្លាំងណាស់។

ខ្ញុំឈ្មោះ ម៉ែន ហេង អាយុ៦៨ឆ្នាំ រស់នៅភូមិថ្មី ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំយល់ថាកម្មវិធីព្រឹកនេះល្អណាស់ គឺទី១) បានរំឮកពីការរស់នៅក្នុងរបប ប៉ុល ពត។ ទី២) ឲ្យក្មេងៗជំនាន់ក្រោយ បានដឹងពីប្រវត្តិសាស្ត្រតាមរយៈចាស់ៗដែលធ្លាប់ឆ្លងកាត់ផ្ទាល់។ ចំណែកលោកគ្រូ បានបកស្រាយយ៉ាងច្បាស់ៗនូវចំណុចនីមួយៗតាំងពីចាប់ផ្តើមកម្មវិធីដំបូង រហូតដល់ចប់កម្មវិធី។ នៅក្នុងរបបខ្មែរក្រហមការរស់នៅ ការហូបចុកមិនគ្រប់គ្រាន់ទេ ចំណែកការបញ្ចេញកម្លាំងពលកម្មគឺហួសកម្លាំង។ ខ្មែរក្រហមបានប្រើប្រជាជនដូចទាសករ។ ខ្ញុំត្រូវបានខ្មែរក្រហមប្រើឲ្យរែកដី ជីកប្រឡាយ លើកប្រព័ន្ធភ្លឺស្រែ និងជីកព្រែក។ ខ្ញុំក៏បានបាត់បង់សាច់ញាតិ និងក្រុមគ្រួសារ រួមមាន ៖ ក្មួយចំនួន២នាក់ ដែលស្លាប់ដោយសារខ្វះអាហាររូបត្ថម្ភ និងថ្នាំព្យាបាល។ ប្អូនប្រុសរបស់ខ្ញុំចំនួន២នាក់ទៀត ស្លាប់ដោយសារកើតជំងឺកញ្ជឹ្រល។ ចំណែកឯពូរបស់ខ្ញុំម្នាក់ទៀត ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ដោយបានចោទប្រកាន់ថា ប្រព្រឹត្តខុសនឹងសីលធម៌។ កាលដែលខ្ញុំបានបាត់បង់សមាជិកគ្រួសារ អស់ជាច្រើនដូច្នេះ បានធ្វើឲ្យខ្ញុំមានការពិបាកក្នុងចិត្តជាខ្លាំង។ ជាចុងក្រោយ ខ្ញុំសូមផ្តាំផ្ញើទៅក្មេងជំនាន់ក្រោយឲ្យខិតខំរៀនសូត្រ និងសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមឲ្យបានស៊ីជម្រៅ ជាពិសេសការរស់នៅរបស់ប្រជាជនខ្មែរនាសម័យនោះ។

ខ្ញុំឈ្មោះ ឈន់ ឈាង ភេទប្រុស អាយុ៦៨ឆ្នាំ សព្វថ្ងៃរស់នៅភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ការរៀបចំវេទិកាអប់រំសាធារណនេះឡើងគឺចង់ឲ្យយុវជនជំនាន់ក្រោយយល់ដឹងពីរបប ប៉ុល ពត ដែលជារបបប្រល័យពូជសាសន៍។ ខ្ញុំយល់ថាកម្មវិធីនេះល្អ ព្រោះក្មេងៗបានដឹងពីទុក្ខលំបាករបស់ប្រជាជនជំនាន់មុន ហើយដើម្បីការពារកុំឲ្យរបប នេះកើតឡើងម្ដងទៀត គឺយើងត្រូវបង្រៀនយុវជនជំនាន់ក្រោយឲ្យបានដឹងពីប្រវត្តិសាស្រ្តខ្មែរក្រហម។ ខ្ញុំបានប្រាប់រឿងរ៉ាវដែលខ្ញុំបានឆ្លងកាត់ទាំងអស់ទៅសិស្សានុសិស្សរបស់ខ្ញុំ។ ក្មេងៗដែលខ្ញុំបង្រៀនគឺជឿ ពេលខ្ញុំបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហម ព្រោះនៅក្នុងស្រុកភូមិនេះមានភស្តុតាង ដូចជា អាងទឹក និងភ្លឺស្រែក្រឡាចត្រង្គ។ ភ្លឺស្រែក្រឡាចត្រង្គជីកនៅឆ្នាំ១៩៧៦ ហើយអាងទឹកជីកនៅឆ្នាំ១៩៧៧។ អាងទឹកនេះគឺខ្ញុំជាអ្នកដឹកនាំក្រុមយុវជនប្រមាណ៦០នាក់ទៅជីកតាមបញ្ជាខែ្មរក្រហម។  សរុបមក វេទិកាព្រឹកនេះល្អ ហើយលោកគ្រូនិយាយបានត្រឹមត្រូវ និងច្បាស់លាស់។

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖