នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សានុសិស្សចំនួន៤០នាក់នៃវិទ្យាល័យស្រែណូយ បានចូលរួមដំណើរទស្សនកិច្ចសិក្សាស្ដីពី «សន្ដិភាព និងសិទ្ធិមនុស្ស» នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង និងទីតាំងប្រវត្ដិសាស្រ្ដនៅស្រុកអន្លង់វែង។ ទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់យុវជន ព្រមទាំងឈ្វេងយល់អំពីដំណើរការនៃការកសាងសន្ដិភាព និងការផ្សះផ្សា។ មុនពេលចូលរួមដំណើរទស្សនកិច្ចសិក្សានេះ ហៃ សេងហ៊ុង មានអាយុ១៧ឆ្នាំ គឺជាសិស្សវិទ្យាល័យស្រែណូយបាននិយាយថា ខ្លួនធ្លាប់បានដឹងអំពីអន្លង់វែងខ្លះៗដែរថា មានទីតាំងប្រវត្តិសាស្រ្តជាច្រើនដែលបានបន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្តែ សេងហ៊ុង មិនដែលបានស្គាល់ ឬឃើញទីតាំងប្រវត្តិសាស្រ្តទាំងអស់នោះទេ។ សេងហុង ចង់ចូលរួមនៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ ដើម្បីបានឈ្វេងយល់អំពីប្រវត្តិសាស្រ្តឲ្យកាន់តែច្បាស់។ ចំណែក សួង ចន្នី អាយុ១៧ឆ្នាំ គឺសិស្សវិទ្យាល័យស្រែណូយដែរ ធ្លាប់បានដឹងថា អន្លង់វែងគឺជាទីកន្លែងប្រវត្តិសាស្រ្តដ៏អសា្ចរ្យ និងមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
អន្លង់វែង គឺជាទីតាំងតស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហមដែលឆ្លុះបញ្ចាំងអំពីបរិបទសង្គ្រាម និងសន្ដិភាពនៃប្រទេសកម្ពុជា។ ជាការពិតណាស់ អន្លង់វែង គឺជាសហគមន៍មួយដែលបានបន្សល់ទុកនូវកេរដំណែលនៃការតស៊ូរបស់ខ្មែរក្រហម។ ប៉ុល ពត ក៏ត្រូវបានដឹងថាជាអ្នកប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ អន្លង់វែង ឬត្រូវបានស្គាល់ថាជា «តំបន់១០០៣» និងតំបន់ផ្សេងទៀតនៅជាប់តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ត្រូវបានប្រែក្លាយទៅជាទីតាំងយុទ្ធសាស្រ្ដនៃការប្រមូលផ្ដុំកងកម្លាំងខ្មែរក្រហមឡើងវិញ។ អង្គការចាត់តាំងរបស់ខ្មែរក្រហមមិនទាន់សាបសូន្យនោះទេ ពោលគឺនៅតែមានវត្ដមាន និងបង្កជាសង្គ្រាមទ័ពព្រៃ និងសង្គ្រាមប្រជាជននៅតាមព្រំដែនរហូតដល់ឆ្នាំ១៩៩៨ នៅពេលកងកម្លាំងទាំងអស់របស់ខ្លួនបានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា។
បច្ចុប្បន្ននេះទីតាំងនៃការស្លាប់របស់មេដឹកនាំសំខាន់ៗរបស់ខ្មែរក្រហម ក៏ស្ថិតនៅតំបន់អន្លង់វែងដែរ រួមមាន ប៉ុល ពត ដែលជាបងធំទី១របស់ខ្មែរក្រហម, ឈិត ជឿន ហៅ តាម៉ុកគឺជាមេទ័ពនៅតំបន់អន្លង់វែង និង សុន សេន ព្រមទាំងក្រុមគ្រួសារ ដែលជាអតីតរដ្ឋមន្រ្ដីក្រសួងការពារជាតិនាជំនាន់នោះ។
ទីតាំងដំបូងនៃដំណើរទស្សនកិច្ចគឺជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលជាអតីតផ្ទះប្រជុំតាម៉ុក។ ក្រុមការងារបានរៀបចំពិព័រណ៍រូបថតនៃអំពើប្រល័យពូជសាសន៍ និងសង្គ្រាម ដើម្បីឲ្យសិស្សានុសិស្សបានទស្សនានៅបរិវេណមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ រូបភាពទាំងអស់នោះបង្ហាញអំពីមេដឹកនាំខ្មែរក្រហមដែលភៀសខ្លួនទៅកាន់ព្រំដែន។
យុវជនម្នាក់ក៏បានសួរនាំអំពីដំណើរនៃការបង្កើតជំរំជនភៀសខ្លួននៅតាមព្រំដែន និងមើលឃើញអំពីស្ថានភាពដ៏គួរឲ្យតក់ស្លុតនៃរូបថតចំនួនបីផ្ទាំងដែលរូបទីមួយ គឺជារូបកុមារម្នាក់មានរូបរាងស្គមស្គាំងបានដេកស្លាប់នៅក្នុងព្រៃ ខណៈពេលភៀសខ្លួនទៅតាមព្រំដែន។ ឯរូបទីពីរ គឺជារូបអ្នកទោសដែលត្រូវបានបាញ់សម្លាប់ចំក្បាលពីក្រោយនៅក្នុងគុកទួលស្លែង។ ចំណែកឯរូបទីបី គឺជារូបការជីកកកាយរកគ្រោងឆ្អឹង និងលលាដ៏ក្បាលជនរងគ្រោះដែលបានស្លាប់នៅក្នុងជំនាន់ខ្មែរក្រហម។ បន្ទាប់មកទៀត យុវជនក៏បានមើលពិព័រណ៍មួយផ្នែកទៀតដែលបង្ហាញអំពីអំពើឧក្រិដ្ឋកម្ម និងភស្ដុតាងនៃអំពើប្រល័យពូជសាសន៍ដែលបន្សល់ទុកពីរបបខ្មែរក្រហមតាមរយៈរូបថតនៃអំពើឃោរឃៅនៅមន្ទីរស-២១ និងរូបអដ្ឋិធាតុជនរងគ្រោះដែលត្រូវបានជីកកកាយដើម្បីតម្កល់ទុកនៅបូជនីយដ្ឋានជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា ។ ក្រៅពីនោះ ពិព័រណ៍មួយផ្នែកទៀតក៏បង្ហាញអំពីការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាបន្ទាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រួមមាន ៖ ការរស់ឡើងវិញនៃអាជីពការងារ, សិទ្ធិសេរីភាព, វិស័យអប់រំ និងសិក្សាធិការ, ការស្វែងរកយុត្ដិធម៌ , ការគោរពប្រណិប័តន៍សាសនា, សកម្មភាពកម្សាន្តនានា និងមាតុភូមិនិវត្ដន៍របស់ប្រជាជនទៅកាន់ទីកន្លែងកំណើត តាមរថយន្ដដើម្បីជួបជុំសាច់ញាតិ និងក្រុមគ្រួសារ ។ បន្ទាប់ពីទស្សនាពិព័រណ៍រួចរាល់ យុវជនក៏បាននាំគ្នាចូលទៅក្នុងអគាររបស់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីស្ដាប់ និងពិភាក្សាអំពីប្រវត្ដិសាស្រ្ដ ដែលទីតាំងនេះធ្លាប់តែជាទីកន្លែងប្រជុំរបស់មេដឹកនាំខ្មែរក្រហមអំពីយុទ្ធសាស្រ្ដសង្គ្រាម ប៉ុន្ដែបច្ចុប្បន្នជាទីកន្លែងអប់រំពីអំពើប្រល័យពូជសាសន៍ និងសន្ដិភាព។ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានធ្វើបទបង្ហាញអំពីការកកើតដំបូងនៃបក្សកុម្មុយនិស្តកម្ពុជា ដោយផ្សាភ្ជាប់ជាមួយឈ្មោះមេដឹកនាំសំខាន់ៗនៅអន្លង់វែង, ការទស្សនាវីដេអូ « រឿងរ៉ាវនៅពីក្រោយគុកទួលស្លែង » , បទបង្ហាញអំពីព្រឹត្ដិការណ៍ចុងក្រោយដែលឈានដល់ការដួលរលំចលនាខ្មែរក្រហមនៅអន្លង់វែង និងការប្រែមុខមាត់ថ្មីរបស់សហគមន៍អន្លង់វែងដែលជាកន្លែងនៃការចងចាំ និងការជជែកគ្នាក្នុងចំណោមយុវជន និងសូម្បីតែអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអំពីអំពើប្រល័យពូជសាសន៍ សង្គ្រាម និងសន្ដិភាពដែលបានមកដោយលំបាក។ ក្រៅពីនេះក៏រួមបញ្ចូលនូវទស្សនទានដែលនឹងប្រែក្លាយតំបន់អន្លង់វែងពីទឹកដីដែលពោរពេញដោយការឈឺចាប់ និងខ្ទាំខ្ទេចដោយសារភ្លើងសង្គ្រាម ទៅជាទឹកដីដែលមានការអភិវឌ្ឍន៍ជឿនលឿនទៅមុខ។
សួង ចន្នី ភេទស្រី ក្នុងវ័យ១៧ឆ្នាំ បានបានលើកឡើងថា៖ «ខ្ញុំពិតជាមានអារម្មណ៍ត្រេកអរ និងសប្បាយចិត្តដែលបានមកសិក្សាអំពីទីតាំងប្រវត្តិសាស្រ្តនីមួយៗ ដូចជា អតីតផ្ទះប្រជុំតាម៉ុក ជាពិសេសទីតាំងផ្ទះលាក់ខ្លួនរបស់ ប៉ុល ពត ដែលខ្ញុំមិនដែលធ្លាប់ឃើញនឹងដឹងពីមុនមកនោះទេ ។ បន្ថែមពីនេះ ខ្ញុំបានសិក្សាឈ្វេងយល់បន្ថែមអំពីខ្លឹមសារផ្ទាំងពិព័រណ៍ទាក់ទងទៅនឹងរបបខ្មែរក្រហម ដែលធ្វើឲ្យខ្ញុំដឹងថានៅពេលដែលកងទ័ពវៀតណាមបានវាយចូលមកធ្វើឲ្យប្រជាជនខ្មែររត់ភៀសខ្លួននៅតាមច្រកព្រំដែន ខ្មែរ-ថៃ ដើម្បីសម្ងំលាក់ខ្លួនក្នុងព្រៃ។ បន្តមកទៀត ខ្ញុំបានដឹងអំពីប្រជាជនដែលបានជាប់ឃុំឃាំនៅក្នុងគុកទួលស្លែង ពិតជាមានភាពលំបាកវេទនា ពីមួយថ្ងៃទៅមួយថ្ងៃប្រជាជនរស់នៅក្នុងភាពភ័យខ្លាច។ សូម្បីតែកន្លែងរស់នៅក៏មានភាពស្មោកគ្រោក មានតាំងពីសាកសពអ្នកទោសដែលនៅក្នុងបន្ទប់ជាមួយគ្នាបានស្លាប់ស្អុយរលួយក្បែរនោះ។ ខ្ញុំមិនអាចទទួលយកនូវរឿងរ៉ាវទាំងនោះបានទេ ជាពិសេសការធ្វើទារុណកម្មដ៏សាហាវឃោរឃៅ ហើយខ្ញុំគិតថាអ្នកដែលអាចតស៊ូរស់នៅបានពិតជាអស្ចារ្យណាស់។ ខ្ញុំបានដឹងពីជីវភាពរបស់ប្រជាជនខ្មែរបន្ទាប់ពីបញ្ចប់សង្គ្រាមទៅ គឺប្រជាជនមានជីវភាពខ្វះខាតជាខ្លាំង រហូតនាំគ្នាទៅជីកកកាយរកសាកសពខ្មោចដែលស្លាប់នៅជំនាន់ខ្មែរក្រហម ដើម្បីទទួលបាននូវប្រាក់កម្រៃ និងអង្ករមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ចំពោះទីតាំងតំបន់ប្រវត្តិសាស្រ្តនៅអន្លង់វែងខ្ញុំ ចាប់អារម្មណ៍កន្លែងលាក់ខ្លួន ប៉ុល ពត ជាងគេ ពីព្រោះខ្ញុំមិនដែលបានឃើញរូងក្រោមដីបែបនេះពីមុនមកនោះទេ»។
សែន សម័យ អាយុ១៨ឆ្នាំ បានបង្ហាញនូវចំណាប់អារម្មណ៍បន្ទាប់ពីចូលរួមទស្សនកិច្ចសិក្សាថា «ខ្ញុំសប្បាយចិត្តណាស់ នៅពេលដែលបានដឹងដំណឹងថានឹងបានចូលរួមក្នុងដំណើរទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្ត្រអន្លង់វែង។ ការសិក្សាអំពីប្រវត្តិសាស្រ្តនៅថ្ងៃនេះបានធ្វើឲ្យខ្ញុំដឹងកាន់តែច្បាស់ពីការដាក់ទោស ការធ្វើទារុណកម្ម និងការធ្វើបាបទៅលើប្រជាជនខ្មែរក្នុងសម័យខ្មែរក្រហមយ៉ាងសាហាវឃោរឃៅ។ ខ្ញុំបានដឹងនូវព្រឹត្តិការណ៍សំខាន់ៗដូចជាយល់ដឹងអំពីគុកទួលស្លែង យល់ដឹងអំពីការដាក់ទោស ការធ្វើទារុណកម្មលើអ្នកទោស និងវិធីនៃការសួរចម្លើយរបស់ខ្មែរក្រហម។ ការមកសិក្សារៀនសូត្រពីប្រវត្តិសាស្រ្តដល់ទីតាំងផ្ទាល់បែបនេះបានធ្វើឲ្យខ្ញុំមានចំណេះដឹងកាន់តែច្បាស់ដែលអាចចែករំលែកទៅអ្នកដទៃ មិត្តភក្តិ និងក្រុមគ្រួសារបាន»។
សំអុល និត្តា ភេទស្រី អាយុ១៦ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍បន្ទាប់ពីចូលរួមទស្សនកិច្ចសិក្សាថា «ការបានមកចូលរួមក្នុងដំណើរទស្សនកិច្ចនេះធ្វើឲ្យខ្ញុំយល់ដឹងអំពីទុក្ខលំបាកប្រជាជននៅក្នុងរបបខ្មែរក្រហម។ ខ្ញុំមានអារម្មណ៍ថាប្រជាជនខ្មែរទាំងអស់ពិតជាទទួលភាពឈឺចាប់ជាខ្លាំងពីការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។ លើសពីនេះទៅទៀតធ្វើឲ្យខ្ញុំដឹងថានៅក្នុងសម័យនោះបានធ្វើបាបប្រជាជនខ្មែរ និងធ្វើទារុណកម្មលើអ្នកទោសតាមវិធី ឆ្លក់ខ្សែភ្លើង ដកក្រចកដៃ ក្រចកជើង និងវាយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។ ក្រៅពីនេះខ្ញុំបានធ្វើដំណើរទៅដល់ទីតាំងបូជាសព ប៉ុល ពត ទីតាំងបូជាសព សុន សេន និងគ្រួសារ ចេតិយតាម៉ុក ជាពិសេសខ្ញុំបានទៅដល់ផ្ទះរបស់តាម៉ុក ដែលបច្ចុប្បន្ននេះជាសារមន្ទីរផ្ទះតាម៉ុក។ ខ្ញុំពិតជាសប្បាយចិត្តដែលបានធ្វើដំណើរមកដល់ដោយផ្ទាល់ ហើយបានមើលឃើញអំពីទេសភាពនៅជុំវិញផ្ទះនេះ សង់ដាច់ពីគ្នា មានសសរធំៗ និងមានទឹកនៅព័ទ្ធជុំវិញ។
អត្ថបទ ៖ មេក វិន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា