រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅស្រុកស្រីសន្ធរ

ទេស យឿង

ខ្ញុំឈ្មោះ ទេស យឿង ភេទស្រី អាយុ៨៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិតាមល់ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំបានរៀបការជាមួយឈ្មោះ ឃួន ឃឿន គឺជាជាងគំនូរ(បច្ចុប្បន្នស្លាប់) និងមានកូនប្រុសស្រីចំនួន៦នាក់ គឺប្រុស៣ នាក់ និងស្រី៣នាក់។ ខ្ញុំគឺជាអតីតចុងភៅនៅភូមិតាមល់ នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំមានឪពុកឈ្មោះ ទេស ទួន គឺជាកសិករ និងម្តាយឈ្មោះ ភឿក គូ គឺជាកសិករដូចគ្នា។ ឪពុកម្តាយខ្ញុំបានរួចផុតពីការសម្លាប់របស់ខ្មែរក្រហម។

កាលពីរបបខ្មែរក្រហម ខ្ញុំមានអាយុ៣៤ឆ្នាំ ចំណែកប្តីរបស់ខ្ញុំមានអាយុ៤២ឆ្នាំ។ ខ្ញុំនិងប្តីគឺជាប្រជាជនចាស់រស់នៅក្នុងភូមតាមល់។ នៅពេលនោះខ្ញុំបានរស់នៅជុំគ្នាជាមួយឪពុកម្តាយនិងកូនៗរបស់ខ្ញុំ។ ចាប់តាំងពីព្រឹកដល់ល្ងាច ខ្ញុំធ្ធើ ម្ហូបអាហារឲ្យប្រជាជននៅក្នុងភូមិ ដោយពុំទទួលបានប្រាក់កម្រៃអ្វីនោះទេ ព្រោះចាត់ទុកថាជាការស្ម័គ្រចិត្ត។ ខ្ញុំមិនបានចេញទៅធ្វើការនៅតាមការដ្ឋាន ឬនៅព្រៃ ដូច្នេះខ្មែរក្រហមឲ្យខ្ញុំធ្វើការជាងចុងភៅក្នុងភូមិ។ ការហូប ចុកគឺដូចៗ គ្នា ដោយខ្មែរក្រហមកំណត់២ពេល គឺពេលថ្ងៃ និងពេលល្ងាច។ ខ្មែរក្រហមចាត់ប្រជាជនឲ្យហូបរួមដោយបែងចែក ជាក្រុមៗ ដោយមួយក្រុមមាន៣០គ្រួសារ ហើយត្រូវមកជុំគ្នាហូបនៅរោងបាយរួម។ ខ្មែរក្រហមក៏បែងចែករបប អាហារសម្រាប់ប្រជាជនជាពីររដូវកាលក្នុងមួយឆ្នាំដែរ គឺ៦ខែហូបបាយ និង៦ខៃហូបបបរ។ ខ្មែរក្រហមឲ្យខ្ញុំធ្វើបាយសម្ល ដូចជា សម្លម្ជូរ សម្លកកូរ ទៅតាមថ្ងៃដែលប្រជាជនរកត្រីសាច់យកមកឲ្យខ្ញុំធ្វើ បណ្តាលឲ្យប្រជាជនពុំសូវមាន អាហារ និងមានកម្លាំងធ្វើការទេ។ ប្រជាជនហូបចុកបានបន្តិចបន្តួច ចំណែកបបរដាក់អង្ករតែបន្តិចបន្តួចតែប៉ុណ្ណោះ។ ទោះបីខ្ញុំជាចុងភៅក៏ដោយ ក៏ខ្ញុំបានហូបចុកតិចតួចដូចប្រជាជនដទៃទៀតដែរ។ ប្តីរបស់ខ្ញុំត្រូវបានខ្មែរក្រហម ចាត់ តាំងឲ្យទៅកាប់ព្រៃ និងក្រងស្បូវនៅភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឯកូនប្រុសខ្ញុំ២នាក់ទៀត ខ្មែរក្រហមចាត់តាំងឲ្យទៅឃ្វាលគោ និងរែកដីនៅឯស្វាយត្បូង រាប់ថ្ងៃខែទើបត្រឡប់មកផ្ទះវិញ។ ចំណែកកូន ស្រីខ្ញុំនៅតូចពេក ដូច្នេះខ្មែរក្រហមទុកឲ្យឪពុកម្តាយខ្ញុំមើលថែទាំនៅផ្ទះ។ ពេលនោះ ម្តាយឪពុកខ្ញុំចាស់ៗ ដូច្នេះខ្មែរក្រហមចាត់ឲ្យពួកគាត់មើលក្មេងៗនៅផ្ទះនៅពេលដែលឪពុកម្តាយរបស់ក្មេងៗទាំងនោះចេញទៅធ្វើការអស់។

នៅសម័យនោះ ដំណាំផ្លែផ្កានៅជុំវិញផ្ទះ ខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជនហូបទេ។ ប្រសិនបើប្រជាជនបេះហូបនឹងត្រូវទទួលទោសដល់ស្លាប់ក៏មាន។ គ្រួសារខ្ញុំមិនហ៊ានធ្វើខុសទៅនឹងវិន័យខ្មែរក្រហម និងប្រុងប្រយ័ត្នខ្លាំងណាស់ ទើបគ្រួសាររបស់ខ្ញុំពុំមានអ្នកស្លាប់។ រាល់យប់ ខ្ញុំមិនដែលដេកដោយស្ងប់សុខនោះទេ ព្រោះដក់ជាប់ដោយអារម្មណ៍ភ័យខ្លាចគ្រប់ពេលវេលា។ ខ្ញុំនិងគ្រួសារបានតស៊ូរអត់ទ្រាំ រហូតដល់មានការរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបប ឃោរឃៅខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ពេលនោះ ខ្ញុំនិងគ្រួសារព្រមទាំងប្រជាជនកម្ពុជារួចផុតពីនរក និងមានជីវិតសាជាថ្មី។ បន្ទាប់មក ខ្ញុំនៅមើលថែកូន និងផ្ទះសម្បែងចំណែកឯប្តីរបស់ខ្ញុំក៏បន្តធ្វើការងារជាជាងគំនូរ ដើម្បីចិញ្វឹមគ្រួសារ។ ចំណែកកូនប្រុសស្រីរបស់ខ្ញុំក៏បានចូលរៀននិងមានចំណេះដឹង ហើយបានធ្វើការងារល្អៗ។ ចុងក្រោយខ្ញុំសូមអរគុណអ្នកដឹកនាំដែលនាំមកនូវភាពសន្តិសុខដល់ប្រទេស ហើយធ្វើឲ្យប្រជាជនគ្រប់រូបរស់នៅ ដោយភាពសុខសប្បាយគ្មានការភ័យខ្លាច សង្គ្រាម និងការគាបសង្កត់។

អត្ថបទ ៖ ថុល ម៉ូលីការ អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ នៅខេត្តកំពង់ចាម

រូបថត ៖ សាំង ចាន់ធូ/មជ្ឈមណ្ឌលឯកសារកម្ពុជា
អត្ថបទផ្សេងទៀត៖