រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅស្រុកស្រីសន្ធរ

ទួន សម្បត្តិ

ខ្ញុំឈ្មោះ ទួន សម្បត្តិ អាយុ៦២ឆ្នាំ សព្វថ្ងៃរស់នៅភូមិតាមល់ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ កាលពីមុនខ្ញុំគឺជាជាងគំនូរចំណានម្នាក់តែដោយសារធ្លាក់ខ្លួនឈឺខ្ញុំក៏ចូលរកព្រះធម៌ក្នុងព្រះពុទ្ធសាសនា ហើយត្រូវប្រជាជន​អញ្ជើញធ្វើជាអាចារ្យតាមពិធីបុណ្យផ្សេងៗ។ ខ្ញុំមានប្រពន្ធឈ្មោះ អ៊ុន សុខឃីម អាយុ៦១ឆ្នាំ សព្វថ្ងៃគឺជាមេផ្ទះ។ ខ្ញុំមានឪពុក ឈ្មោះ ឃួន ឃឿន និងម្តាយឈ្មោះ ទេស យឿង ដែលសុទ្ធតែធ្លាប់បានឆ្លងកាត់នារបប ប៉ុល ពត។ ខ្ញុំមាន​បងប្អូនប្រុសស្រីចំនួន៦នាក់ ក្នុងចំណោមនោះបានស្លាប់អស់ម្នាក់។

កាលពីរបបខ្មែរក្រហម ខ្ញុំមានអាយុប្រហែល១៣ឆ្នាំនិងជាសមាជិកកងកុមារមូលដ្ឋានចាស់នៅក្នុងភូមិតាមល់។ ម្តាយរបស់ខ្ញុំគឺជាចុងភៅចម្អិនអាហារសម្រាប់ប្រជាជននៅតាមក្រុម និងកង, ឪពុកខ្ញុំទៅកាប់ព្រៃនៅខាងបារាយណ៍ ចំណែក​ប្អូនៗតូចៗរបស់ខ្ញុំទុកឲ្យយាយតាខ្ញុំគឺជាអ្នកមើលថែទាំព្រោះយាយតាខ្ញុំចាស់ៗ ដូច្នេះអង្គការឲ្យគាត់នៅមើលថែក្មេងៗ។ ពេលនោះ អង្គការបានចាត់ឲ្យខ្ញុំនិងក្មេងៗដ៏ទៃទៀតទៅឃ្វាលគោ និងលើកភ្លឺស្រែនៅភូមិជន្លាត់ដៃ។ ក្មេងៗក៏ដូចជាប្រជាជនដទៃទៀតត្រូវបានអង្គការចាត់តាំងឲ្យមកធ្វើការជន្លាត់ដៃមួយអាទិត្យ ឬមួយខែទើបត្រឡប់ទៅផ្ទះជុំគ្រួសារវិញ។ ពេលនោះបងប្រុសច្បងខ្ញុំឈ្មោះ គឹម ឈឿន ក៏ទៅរែកដីនៅការដ្ឋានជន្លាត់ដៃនោះដែរ ចំណែក​ប្អូនទី៣របស់ខ្ញុំ អង្គការឲ្យឃ្វាលគោនៅមិនឆ្ងាយពីផ្ទះប៉ុន្មានទេព្រោះវានៅតូចនៅឡើយ។

ក្រោយមក នៅពេលដែលខ្ញុំមានអាយុពេញវ័យ អង្គការបានបញ្ចូលខ្ញុំក្នុងកងយុវជនហើយបានចាត់ខ្ញុំឲ្យទៅលើកទំនប់នៅបឹងវៀម គឺស្ថិតនៅព្រំប្រទល់រវាងបារាយណ៍ និងព្រែកដំបូក។ ពេលដែលធ្វើការនៅបឹងវៀមរួចរាល់ ខ្ញុំនិងយុវ​ជន​ដទៃទៀតក៏ត្រឡប់មកធ្វើការនៅភូមិតាមល់វិញ។ មិនយូរប៉ុន្មាន អង្គការក៏ចាត់ខ្ញុំ និងប្រជាជនដទៃទៀតទៅជាន់រហាត់ទឹកបញ្ចូលស្រែប្រាំងនៅព្រៃ ដែលស្ថិតនៅក្រោយភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ថ្ងៃមួយ ពេលខ្ញុំដើរតាមផ្លូវក៏ឃើញមានប្រជាជនជម្លៀសពីភូមិបារយណ៌មកជាច្រើនគ្រួសារ ហើយត្រូវបានអង្គការសម្លាប់នៅវត្តប្រាសាទវដ្តីហៅវត្តត្បូង ស្ថិតនៅភូមិតាម៉ឺន ឃុំព្រែកដំបូក។ ពេលដែលខ្ញុំឃើញហេតុការណ៍នោះ ខ្ញុំព្រួយ​បារម្ភពីជីវិតក្រុមគ្រួសារ និងជីវិតខ្លួនឯងយ៉ាងខ្លាំង​ ព្រោះមិនដឹងថាអង្គការយកទៅសម្លាប់នៅពេលណានោះទេ។ ការហូបចុកគឺមានតែ២ពេលប៉ុណ្ណោះគឺពេលថ្ងៃ និងពេលល្ងាច ដែលខាងចុងភៅចែកចេញជា២រដូវគឺ ៦ខែហូបបាយ និង៦ខែហូបបបរ។

ពេលដល់ខែហូបបបរម្តងៗប្រជាជនទាំងអស់ពិបាកខ្លាំងណាស់ ព្រោះប្រជាជនត្រូវធ្វើការងារធ្ងន់ធ្ងរ ហើយហូបបបរបានតែបន្តិចបន្តួចប៉ុណ្ណោះ។ ខ្ញុំពិបាកក្នុងការធ្វើការងារខ្លាំងណាស់ព្រោះត្រូវដើរផ្លូវឆ្ងាយ ហើយហូបមិនគ្រប់គ្រាន់ ដូច្នេះខ្ញុំគ្មានកម្លាំងធ្វើការឡើយ។ ប៉ុន្តែប្រសិនបើខ្ញុំហ៊ានរអ៊ូរ ឬឈប់ធ្វើការ នោះខ្ញុំនឹងត្រូវទទួលទោសកាន់តែធ្ងន់។ ចំណែកឯការសិក្សារៀនសូត្រ កាលពីសង្គមខ្ញុំបានរៀនធម៌វិន័យនៅវត្តបានខ្លះៗ ហើយក្រោយ​មកអង្គការ​ក៏ឲ្យចូល​រៀននៅក្នុងភូមិ។ ពេលនោះក្មេងៗត្រូវបានអង្គការឲ្យចូលរៀនត្រឹមថ្នាក់ទី៤ ហើយក៏ បញ្ចូលទៅកងយុវជន។ បន្ទាប់ពីខ្ញុំចូលរៀនបានរយៈពេល២ខែ ប្រទេសកម្ពុជាត្រូវបានរំដោះពីរបបខ្មែរក្រហម ហើយប្រជាជនទាំងអស់សម្តែង​ការសប្បាយរីករាយយ៉ាងខ្លាំង រហូតដល់ស្រក់ទឹកភ្នែក និងអរគុណដល់ក្រុមរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលរំដោះប្រជាជន ក៏ដូចជាប្រទេសកម្ពជាឲ្យរួចផុតពីរបបខ្មែរក្រហម។ បន្ទាប់មក ខ្ញុំនិងបងប្រុសរបស់ខ្ញុំបាន​ចូល​រៀនបន្ត ចំណែកប្អូនប្រុសរបស់ខ្ញុំម្នាក់បានទៅរៀននៅបារាំងហើយក៏បានក្លាយជាពេទ្យព្យាបាលជំងឺនៅព្រែកពោធិ៍។ ចំណែកឯខ្ញុំនិងបងប្រុសដោយសារស្រឡាញ់ និងចង់បន្តវេនពីឪពុកផងនោះក៏ចាប់អាជីពជាជាងគំនូរទាំងពីរនាក់។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ អាជ្ញាធរ និងប្រជាជន នាំគ្នាជីករណ្តៅនៅឯវត្តប្រាសាទវដ្តី ហៅ វត្តត្បូង គឺជាកន្លែងដែលអង្គការបានយកប្រជាជនមកសម្លាប់នៅក្នុងរណ្តៅ១ស្ថិតនៅក្បែរចេតិយ។ ខ្ញុំបានទៅមើលការជីកនោះឃើញ​សាកសពរបស់ប្រជាជនទាំងចាស់ទាំងក្មេងដែលសល់តែគ្រោងឆ្អឹង ធ្វើឲ្យខ្ញុំចង់ចាំមិនភ្លេចនៅទិដ្ឋភាពដ៏ឈឺចាប់នោះ។

អត្ថបទ ៖ ថុល ម៉ូលីការ អ្នកស្ម័គ្រចិត្តជំនាន់ទី៨ នៅខេត្តកំពង់ចាម
រូបថត ៖ សាំង ចាន់ធូ/មជ្ឈមណ្ឌលឯកសារកម្ពុជា
អត្ថបទផ្សេងទៀត៖