មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំកម្មវិធីវេទិកាអប់រំសហគមន៍ស្តីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិតេយ្យ (១៩៧៥-១៩៧៩)» ដល់ប្រជាជន និងសិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រវៀនធំ

នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានធ្វើដំណើរចេញពីការិយាល័យរបស់ខ្លួននៅកោះថ្ម ទៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីរៀបចំកម្មវិធីវេទិកាអប់រំ ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិតេយ្យ (១៩៧៥-១៩៧៩)។ វេទិកានេះមានការចូលរួមពីប្រជាជនចំនួន៣៥នាក់ ក្នុងនោះមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២០នាក់ និងសិស្សានុសិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រវៀនធំ ចំនួន១៥នាក់។

ភូមិក្រវៀនធំមានព្រំប្រទល់ខាងលិចជាច់ភូមិដូង ខាងកើតជាប់ភូមិឃ្មួរ ខាងជើងជាប់ភូមិក្បាលស្លែងនិងភូមិថ្មដារ និងខាងត្បូងជាប់ភូមិសាទុំនិងភូមិដង្ហិត។ ភូមិក្រវៀនធំមានប្រជាជនចំនួន៣៦៥គ្រួសារ និងមានប្រជាជនសរុប​ចំនួន១៦៤៤នាក់ ស្រីចំនួន៨២០នាក់។ ប្រជាជនចាប់ពីអាយុ១៨ឆ្នាំ មានចំនួន១១២០នាក់ ក្នុងនោះមានចំនួនស្រី៦២២នាក់។ ចំណែកស្រី្តមេម៉ាយមានចំនួន៤០គ្រួសារ និងប្រជាជនចំណាក់ស្រុកប្រមាណ១០គ្រួសារ។

នៅមុនសង្គ្រាមប្រជាជនរស់នៅភូមិក្រវៀនធំ ប្រកបរបរបរបាញ់សត្វ រកត្រី ចិញ្ចឹមតាមបែបប្រពៃណី និងធ្វើស្រែចម្កា។  នៅក្នុងឆ្នាំ១៩៧០ សង្គ្រាមបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយនៅភូមិក្រវៀនធំក៏មានការទម្លាក់គ្រាប់បែក បណ្តាល​​ឲ្យមានមនុស្សរងរបួស និងស្លាប់ជាច្រើននាក់ ព្រមទាំងបង្កការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងអស់ជាច្រើនខ្នង។ ប្រជាជនភាគច្រើនបានភៀសខ្លួនរត់ចេញពីភូមិកំណើត ដើម្បីគេចផុតពីការទម្លាក់បែកគ្រាប់របស់​អាមេរិកាំង​ដោយសារកងទ័ពវៀតកុងចូលមកលាក់ខ្លួនក្នុងភូមិ។ ជាក់ស្តែងនៅក្នុងភូមិក្រវៀនធំមានមនុស្សស្លាប់ប្រមាណ៧នាក់ ដោយសារមានវាយប្រយុទ្ធគ្នារវាងអាមេរិកាំង និងកងទ័ពវៀតកុង។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយជម្លៀសប្រជាជនឲ្យទៅធ្វើស្រែចម្ការតាមនៅតាមតំបន់ដាច់ស្រយាល។ នៅពាក់កណ្តាលឆ្នាំ១៩៧៥ ក្នុងភូមិក្រវៀនធំ ខ្មែរក្រហមបានប្រមូលទ្រព្យ​សម្បត្តិ របស់ផ្សេងៗដាក់រួម និងបង្កើតសហករណ៍នៅក្នុងភូមិសម្រាប់ធ្វើការងាររួម ហូបចុករួម ដេករួម និងចែករំលែកការកម្សាន្តរួម។ នៅសម័យនោះខ្មែរក្រហមបានបែងចែកកម្លាំងជាបីក្រុមក្នុងភូមិគឺ ៖

១) កម្លាំងទី១ ៖ សំដៅលើយុវជន យុវនារី មានកម្លាំងពេញ សម្រាប់មុខព្រួញធ្វើស្រែ​ ចម្ការ​ និងលើកទំបន់។

២) កម្លាំងទី២ ៖ សំដៅលើកុមារ សម្រាប់ធ្វើជីដាក់ដំណាំ ឃ្វាលគោ ក្របី និង ជួយកិច្ចការមនុស្សធំ។

៣) កម្លាំងទី៣ ៖ សំដៅលើមនុស្សចាស់នៅផ្ទះមើលថែក្មេងៗ ពេលឪពុកម្តាយចេញទៅធ្វើការងារឆ្ងាយពីផ្ទះ។

នៅចុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិក្រវៀនធំស្ទើរតែទាំង។ ចំណែកអ្នកធ្លាប់បម្រើការងារក្នុងរបបសាធារណរដ្ឋខ្មែរ ដូចជា គ្រូបង្រៀន បញ្ញវន្ត គ្រូពេទ្យ ត្រូវបានខ្មែរក្រហាមចាត់ទុកជាខ្មាំង ឬចាប់អ្នកទាំងនេះ​ទៅសម្លាប់ចោល។ ចំណែកការហូបចុកនៅក្នុងភូមិប្រជាជនទទួលរបបបបរពីពេលក្នុងមួយថ្ងៃ ប៉ុន្តែមិនគ្រប់គ្រាន់ទេ។ នៅឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាមមានការវាយប្រយុទ្ធគ្នា។ ចំណែកប្រជាជន​ភូមិក្រវៀនធំ​ភាគច្រើនត្រូវបានជម្លៀសឲ្យទៅរស់នៅស្រុកស្នួល និងស្រុកសំបូរ ខេត្តក្រចេះ។ ដោយឡែក ប្រជាជនដែលខ្មែរក្រហមជម្លៀសពីស្រុកត្រមូង (បច្ចុប្បន្នស្រុកមេមត់) ស្លាប់អស់ជាច្រើននាក់ ដោយសារអត់មានអាហារហូបគ្រប់គ្រាន់ ធ្វើការងារហួសកម្លាំង ស្លាប់ដោយជំងឺគ្មានថ្នាំសម្រាប់ព្យាបាល។

ជាកិច្ចចាប់ផ្តើម លោក ឈន សៅគី អាជ្ញាធរមកពីភូមិក្រវៀនធំ ឡើងសម្តែងការស្វាគមន៍ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម តា យាយ អ៊ំ ពូ មីង និងសិស្សានុសិស្សដែលចូលរួមក្នុងវេទិកាអប់រំសហគមន៍ ស្តីពីរបបកម្ពុជាប្រជាធិប​តេយ្យ(១៩៧៥-១៩៧៩)។ លោក ឈន សៅគី សម្តែងភាពសប្បាយរីករាយ និងរំភើប ដែលក្រុមការងារបានរៀបចំកម្មវិធីក្នុងភូមិក្រវៀនធំ និងមានការចួលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រួមទាំងយុវជន។ លោក ឈន សៅគី បន្តថា កម្មវិធីថ្ងៃនេះពិតជាមានសារសំខាន់ ព្រោះចង់ឲ្យ តា យាយ អ៊ំ  ពូ មីង ដែលបានឆ្លងកាត់ពីសម័យសង្គ្រាម និងសម័យខ្មែរក្រហម ចែករំលែកនូវបទពិសោធន៍របស់ខ្លួនដល់មនុស្សជំនាន់ក្រោយឲ្យបានយល់បន្ថែម។

ជាកិច្ចបន្ត លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានជម្រាបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយុវជនថា មជ្ឈមណ្ឌលឯកសារកោះថ្មបានបើកដំណើរការជាសាធារណៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដោយមានគោលបំណងដូចខាងក្រោម ៖

១) បង្ហាញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដល់ឆ្នាំ ១៩៩០ ។

២) ពង្រឹងការកសាងសន្តិភាព និងការការពារជម្លោះតាមរយៈកម្មវិធីអប់រំ ដែលនឹងផ្តល់ឱកាសសម្រាប់យុវជននៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលបានចូលរួមរៀនសូត្រ។

៣) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហមដល់យុវជនជំនាន់ក្រោយ។

៤) ប្រមូលរឿងរ៉ាវ និងបទពិសោធន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងទីតាំងឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។

ជាកិច្ចបន្ត លោក ឡុង ដានី បានធ្វើបទបង្ហាញជាសង្ខេបអំពីសាស្រ្តរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដូចខាងក្រោម ៖

១) ការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥។

២) ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជន។

៣) ការលុបបំបាត់ផ្សារ និងរូបិយវត្ថុ។

៤) ការផ្សឹកព្រះសង្ឃ និងកម្ទេចវត្តអារាម។

៥) ការបិទសាលារៀន។

៦) ការបង្កើតសហករណ៍។

៧) ការបំបែកក្រុមគ្រួសារ និងការផ្តាច់ទំនាក់ទំនងក្នុងគ្រួសារ។

៨) កាសម្លាប់បញ្ញវន្ត មន្ត្រីរដ្ឋការ និងប្រជាជនស្លូតត្រង់

៩) មូលហេតុនៃការដួលរលំនៃរបបខ្មែរក្រហម និងផលប៉ះពាល់មកលើប្រជាជន និងសង្គមកម្ពុជា បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។

អំឡុងពេលចូលរួមវេទិកាអប់រំសហគមន៍ស្តីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិតេយ្យ (១៩៧៥-១៩៧៩)» អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ ឡើងចែករំលែករឿងរ៉ាវរបស់ខ្លួនដូចខាងក្រោម ៖

មុំ វិបុល

ខ្ញុំឈ្មោះ មុំ វិបុល ភេទប្រុស អាយុ ៨៤ឆ្នាំ មានស្រុកកំណើតភូមិសាទុំ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លន់ លន់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែង។ ពេលនោះប្រជាជនដែលមិនពេញចិត្តចំពោះលោកសេនាប្រមុខ លន់ នល់ បានធ្វើបាតុកម្មទាមទារសម្តេចព្រះ នរោត្តម សីហនុ យាងមកកាន់តំណែងវិញ។ ប្រជាជននៅក្នុងភូមិក្រវៀនធំ ឃុំជាំក្រវៀនស្ម័គ្រចិត្តប្រមូលគ្នាទៅធ្វើបាតុកម្មតវ៉ា។ ខ្ញុំគឺជាមេកងជីវពល ដឹកនាំប្រជាជនចំនួន៣០០នាក់ ដើម្បីចូលរួមធ្វើបាតុកម្មនៅភូមិខ្នងក្រពើ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្រុមរបស់ខ្ញុំ​បានដើរ​ឃោសនាក្នុងភូមិ និងតាមកន្លែងផ្សេងទៀតដើម្បីទាក់ទាញប្រជាជនឲ្យចូលរួម ដោយប្រជាជនមួយនាំគ្នាស្រែកថា «ជយោសម្តេចឪ អ្នកមិនទៅកាប់ចោល»។ អំឡុងពេលនោះ ខ្ញុំមានបំណងចង់ទៅទាក់ទងជាមួយប្រជាជននៅឃុំទន្លូង ប៉ុន្តែខ្ញុំបានទៅដល់ត្រឹមភូមិស្លាប៉ុណ្ណោះ។ បន្ទាប់មក ខ្ញុំទៅឃោសនានៅភូមិដូនរ័ត្ន ដើម្បីស៊ើបការណ៍ពីកម្លាំងអ្នកស្ម័គ្រចិត្តចូលរួមធ្វើបាតុកម្ម។ បន្ទាប់ពីប្រមូលបានចំនួនអ្នកស្ម័គ្រចិត្តគ្រប់គ្រាន់ យើងទាំងអស់គ្នាធ្វើដំណើរទៅ​ខ្នងក្រពើ។ ប្រជាជនដែលទៅចូលរួមធ្វើបាតុកម្មមិនមានកាំភ្លើងទេ គឺមានតែដំបង កាំបិត ចំណែកទាហាន លន់ នល់ មានកាំភ្លើងគ្រប់ដៃ។ ដូច្នេះនៅពេលមានការប៉ះទង្គិចគ្នា បណ្តាលឲ្យប្រជាជនដែលចូលរួមធ្វើបាតុកម្មស្លាប់ និងរបួសជាច្រើននាក់។

នៅក្នុងឆ្នាំ១៩៧០ ដដែល កងទ័ពអាមេរិកបានចូលមកទម្លាក់គ្រាប់បែកនៅក្នុងភូមិក្រវៀនធំ ព្រោះមានកងទ័ពវៀតកុង (វៀតណាមខាងជើង) ចូលមកលាក់ខ្លួន។ ពេលនោះ ប្រជា​ជនរស់នៅគ្មានសុវត្ថិភាពឡើយ ព្រោះគ្រាប់បែកធ្លាក់​ស្ទើរគ្រប់ទិសទីកន្លែងក្នុងឃុំជាំក្រវៀន។ ថ្ងៃមួយ តាអាចារ្យនៅក្នុងភូមិបានប្រកាសប្រាប់ថា កងទ័ពវៀតកុងបានចូលមកដល់ហើយ ទើបប្រជាជននាំគ្នាដេញកងទ័ពវៀតកុងទាំងនោះឲ្យត្រឡប់ចូលក្នុងព្រៃវិញ ប៉ុន្តែវៀតកុងមិនព្រមចូល​ព្រៃ ទើបប្រជាជននាំគ្នាវាយ និងប្រទាញយកគ្រាប់កាំភ្លើងត្រយ៉ូងចេកពីកងទ័ពវៀតកុង បណ្តាលឲ្យផ្ទុះគ្រាប់។ ឃើញដូច្នេះប្រជាជនខ្លះនាំគ្រួសាររត់ចូលលាក់ខ្លួនក្នុងរណ្តៅត្រង់សេ។ ប៉ុន្តែមានគ្រួសារមួយឈ្មោះ ងឹន ត្រូវស្លាប់ទាំង​អស់​ដោយសារគ្រាប់កាំភ្លើងត្រយ៉ូងចេកធ្លាក់ចំរណ្តៅដែលកំពុងលាក់ខ្លួន។ មិនតែប៉ុណ្ណោះ ក៏មានប្រជាជនពីរនាក់ទៀតឈ្មោះ មុំ ហឹន និង ឡាយ បានស្លាប់ដោយសារកងទ័ពវៀតកុងបាញ់ត្រូវពេលកំពុងវាយប្រយុទ្ធគ្នាខ្លាំង។ ពេល​នោះ មុំ ហឹន និង ឡាយ បាននាំរត់ចុះពីលើផ្ទះបម្រុងទៅលាក់ខ្លួនក្នុងព្រៃ ប៉ុន្តែអ្នកភូមិបានស្រែកប្រាប់ពួកគាត់ពីចម្ងាយថា «កុំចុះពីលើផ្ទះអី» ប្រហែលជាស្តាប់មិនឮទើបរត់ចុះពីផ្ទះបណ្តាលឲ្យត្រូវគ្រាប់ស្លាប់តែម្តង។

ដោយសារយន្តហោះទម្លាក់គ្រាប់មិនឈប់ ប្រហែលម៉ោង៦ល្ងាច គ្រួសារខ្ញុំបាននាំគ្នារត់ចេញពីផ្ទះសំដៅទៅភូមិក្បាលស្លែងទាំងយប់។ ខ្ញុំឈប់សម្រាកដាំបាយហូប ប៉ុន្តែមិនទាន់បានហូបបាយផង ស្រាប់តែឮសំឡេងយន្តហោះ និង​សំឡេងគ្រាប់មកពីប្រទេសវៀតណាមកាន់តែជិត។ យន្តហោះបានហោះពីលើខ្ញុំ។ បន្ទាប់ពីខ្ញុំរត់ដល់ភូមិជីប្លុក ខ្ញុំក៏ដើរបន្តរហូតដល់ភូមិខ្ជាយ។ ខ្ញុំឈប់សម្រាកនៅភូមិខ្ជាយមួយសន្ទុះ ក៏បន្តដំណើរទៅមុខទៀត។ ខ្ញុំដើរតាមផ្លូវជាតិលេខ​៧ រហូតដល់ភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ទើបឈប់ដេលមួយយប់។ ព្រឹកឡើងខ្ញុំក៏បន្តដំណើររហូតដល់ឃុំជាំតាម៉ៅ។

ខ្ញុំនៅឃុំជាំតាម៉ៅអស់រយៈពេលច្រើនខែ ទើបត្រឡប់ទៅភូមិកំណើតវិញ។ ចូលដល់ភូមិផ្ទះសំបែងត្រូវបានឆ្លើងឆេះ ខូចខាតទាំងអស់ នៅសល់តែសសរមួយដើម។

នៅឆ្នាំ១៩៧៥ ភូមិក្រវៀនធំ ត្រូវបានខ្មែរក្រហមចូលកាន់កាប់។ ដំបូងប្រជាជនធ្វើស្រែចម្ការប្រវាស់ដៃ។ បន្ទាប់ពីធ្វើការងារប្រវាស់ដៃបានចំនួន៥ខែ គឺខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិ របស់របរ សត្វគោ ក្របី និងរបស់ប្រើប្រាស់​ផ្សេងៗ​ដាក់រួម។ នៅចន្លោះពីរឆ្នាំ១៩៧៥-១៩៧៦ ខ្ញុំទទួលបន្ទុកជាមេភូមិក្រវៀនធំ ចំណែកការហូបចុករបស់ប្រជាជនគឺគ្រប់គ្រាន់។ ពេលនោះនៅក្នុងភូមិមានបែងចែកជាក្រុមកុមារ ក្រុមយុវជន យុវនារី និងក្រុមមនុស្សចាស់។ ខ្ញុំត្រូវបាន​ខ្មែរក្រហមជម្លៀសចេញពីភូមិ ព្រោះខ្មែរក្រហមបានចោទប្រកាន់ខ្ញុំថា «ជាប់និន្នាការពី របបសាធារណរដ្ឋខ្មែរ» ម្យ៉ាងទៀតខ្ញុំធ្លាប់បានបួសរៀននៅក្នុងវត្ត ហេតុនេះបើខ្មែរក្រហមដឹងច្បាស់ជាមិនទុកខ្ញុំឲ្យមានជីវិតឡើយ។ ខ្ញុំបានលាក់​ប្រវត្តិ ក្រោយមកខ្មែរក្រហមបានជម្លៀសខ្ញុំឲ្យទៅធ្វើការនៅការដ្ឋាន។ ខ្ញុំត្រូវធ្វើដំណើរដោយថ្មើរជើងរហូតដល់ភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅទីនោះ ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យទៅលើកប្រព័ន្ធភ្លឺស្រែ។ ប្រជាជន​នៅ​ភូមិ​កំបាស់មានប្រមាណ៣០គ្រួសារ និងមានសហករណ៍មួយ។ តំបន់ដែលខ្ញុំរស់ជាប់ព្រែកឆ្លូង និងសម្បូរត្រីសាច់ណាស់។

នៅចុងឆ្នាំ១៩៧៧ ខ្ញុំត្រូវបានអង្គការតែងតាំងឲ្យធ្វើប្រធានកង មើលការខុសត្រូវមនុស្សចំនួន៣០នាក់។ មុនពេលចាប់ផ្តើមធ្វើការងារប្រជាជនត្រូវបានហៅមក «ប្រជុំជីវភាព»  ហើយ អង្គការមិនឲ្យនិយាយពាក្យ ហត់ ហូបមិនគ្រប់​គ្រាន់​ទេ គឺដឹងតែធ្វើការងារតាមអង្គការបញ្ជា។ បន្ទាប់មកខ្ញុំត្រូវអង្គការថ្នាក់លើចាត់តាំងឲ្យលើកប្រព័ន្ធភ្លឺស្រែ តាមផែនការកំណត់ក្នុងម្នាក់ប្រវែង១០ម៉ែត្រក្នុងមួយថ្ងៃ។ ប្រសិនបើលើកភ្លឺស្រែមិនហើយ គឺត្រូវអត់អាហារហូប។ ថ្ងៃមួយ​ប្រធានក្រុមមកដល់ដោយក្នុងក្រមារបស់គាត់មានបង្វេចធំល្មមមួយ។ បន្ទាប់មក ប្រធានក្រុមឲ្យសមាជិកកងទាយនៅក្នុងបង្វេចក្រមានេះមានអ្វី? ខ្ញុំបានឆ្លើយតបថា ធ្វើម៉េចដឹង ព្រោះមិត្តឯងជាអ្នកខ្ចប់បង្វេចខ្លួនឯង។ គ្រាន់តែខ្ញុំ​និយាយបែបនេះ ប្រធានក្រុមខឹងខ្ញុំ ប៉ុន្តែមិនធ្វើអ្វីខ្ញុំឡើយ ព្រោះខ្ញុំក៏ជាប្រធានកងនៅក្នុងក្រុមនេះដែរ។ ពេលស្រាយបង្វេចក្រមា ក៏ឃើញថ្នាំជក់ ហើយយើងក៏យកចែកគ្នាដោយក្នុងម្នាក់ទទួលបានថ្នាំជក់មួយកញ្ចប់។ បន្ទាប់ពីទទួល​បានថ្នាំជក់រួច ខ្ញុំក៏ឡើងទៅហូបបាយថ្ងៃត្រង់ និងជក់ថ្នាំបណ្តាលឲ្យវិលមុខ ឈឺក្បាល ហៀរទឹកមាត់ ដោយសារពុលថ្នាំជក់ ព្រោះតាំងពីខ្ញុំចេញពីភូមិកំណើតខ្ញុំមិនធ្លាប់មានថ្នាំជក់ទេ។ មានអ្នកខ្លះសល់ថ្នាំជក់ក៏នាំគ្នាជក់បន្ត ហើយមាន​អ្នកខ្លះពេលកំពុងកាប់ដីក៏ដួលផ្កាប់មុខ។ ចំណែកខ្ញុំអត់សូវពុលខ្លាំងទេ ព្រោះខ្ញុំឈប់ជក់។ ខ្ញុំរស់នៅ និងលើកប្រព័ន្ធភ្លឺស្រែនៅភូមិកំបាស់ ឃុំមេមង រហូតដល់របបខ្មែរក្រហមដួលរលំ។

នៅក្នុងឱកាសនោះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សានុសិស្សឡើងបង្ហាញពីចំណាប់អារម្មណ៍ទាក់ទងនឹងវេទិកាអប់រំសហគមន៍ដូចខាងក្រោម ៖

ខ្ញុំឈ្មោះ ភោគ សាគេន ភេទស្រី អាយុ៧១ឆ្នាំ សូមអរគុណដល់កូនចៅទាំងអស់គ្នា ហើយសូមផ្ដាំដល់កូនចៅជំនាន់ក្រោយឲ្យខំសិក្សារៀនសូត្រ និងចេះស្រឡាញ់សន្តិភាព កុំឲ្យរបប ប៉ុល ពត វិលត្រឡប់មកម្តងទៀត។ នៅក្នុងថ្ងៃ​នេះចៅៗបានស្ដាប់ លោក ឡុង ដានី ធ្វើបទបង្ហាញ ហើយបានស្ដាប់សាច់រឿងផ្ទាល់ខ្លួនរបស់លោកតា យាយរួចហើយ។ ចៅពិតជាដឹងថា តា យាយ វេទនាណាស់ អញ្ចឹងសូមឲ្យចៅៗខំរៀន ដើម្បីកសាងប្រទេសជាតិ។

នាងខ្ញុំ ផាន វីកា គឺជាសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រវៀនធំ  សូមអរគុណដល់តា យាយ អ៊ំ ពូ មីង ដែលបានចែករំលែកសាច់រឿងក្នុងសម័យខ្មែរក្រហម ដល់រូបខ្ញុំដែលជាក្មេងជំនាន់ក្រោយឲ្យ​បានដឹងអំពីប្រវត្តិសាស្រ្ត​កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ខ្ញុំនឹងខិតខំរៀនសូត្រ ដើម្បីការពារមិនឲ្យរបបខ្មែរក្រហមកើតឡើងម្ដងទៀតទេ។

ខ្ញុំឈ្មោះ កេង សេងហុង គឺជាសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រវៀនធំ គិតថាវេទិកានេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់យុវជនជំនាន់ក្រោយឲ្យបានយល់អំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-​១៩៧៩)​។ វេទិកានេះបានធ្វើឲ្យសិស្សមានការស្និទ្ធស្នាលជាមួយតា យាយ ជាពិសេសបានស្ដាប់រឿងរ៉ាវដែល តា យាយធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។

អត្ថបទផ្សេងទៀត៖