មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្ដកម្ពុជាជំនាន់ទី៨ ចំនួន៨៣នាក់ ដើម្បីពង្រឹងសមត្ថភាពដល់យុវជននៅក្នុងការសម្ភាសន៍ ស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងប្រមូលព័ត៌មានទាក់ទងនឹងស្ថានភាពសុខភាពនៅក្នុងពេលបច្ចុប្បន្ន។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយបែងចែកជាក្រុមតូចៗផ្សេងៗគ្នា គិតចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែមករា ឆ្នាំ២០២៤ ជាមួយនឹងយុវជនមកពីស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ និងក្រុងសំរោងនៃខេត្ដឧត្ដរមានជ័យ និងស្រុកអង្គរធំ នៃខេត្ដសៀមរាប ដោយក្នុងដំណើរការនេះ គឺផ្ដោតសំខាន់ទៅលើរបៀបនៃការធ្វើបទសម្ភាសន៍ និងការប្រមូលរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមមូលដ្ឋាន, ការសង្ខេបសាច់រឿង និងការបញ្ចូលទិន្នន័យទាំងនោះទៅក្នុងប្រព័ន្ធឌីជីថល គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។
គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០២១មក នៅអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតនៅទូទាំងប្រទេសកម្ពុជា និងសាកលលោកទាំងមូល ប៉ុន្ដែយុវជនកម្ពុជាបានចូលរួមនៅក្នុងគម្រោងនេះជាបន្ដបន្ទាប់មកទល់នឹងជំនាន់ទី៨ ដើម្បីរៀនសូត្រអំពីបទពិសោធន៍ជីវិតដ៏លំបាក និងមិនងាយទ្រុឌទ្រោមរបស់ប្រជាជនកម្ពុជាដែលឆ្លងកាត់របបខ្មែរក្រហម។ យុវជននៅក្នុងជំនាន់ទី៨ នឹងមានរយៈពេលបីខែសម្រាប់បំពេញការងារនៅក្នុងសហគមន៍របស់ខ្លួន ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
កិច្ចចាប់ផ្ដើមនៃវគ្គបណ្ដុះបណ្ដាល លោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានបង្ហាត់បង្ហាញអំពី តើអ្វីជាកិច្ចការដែលយុវជនត្រូវធ្វើនៅក្នុងគម្រោងខាងលើនេះ? តើលក្ខខណ្ឌអ្វីខ្លះដែលយុវជនត្រូវបំពេញ? តើគម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់ខ្លួន និងចាស់ៗដែលជាអ្នករស់រានមានជីវិតយ៉ាងដូចម្ដេច? គោលដៅសំខាន់បំផុតនៅក្នុងគម្រោងនេះ គឺចង់ឲ្យយុវជនស្ដាប់សាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការផ្ដល់ជូនសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ។ នៅក្នុងការសួរនាំ និងស្ដាប់សាច់រឿងរបស់អ្នករស់រានមានជីវិតម្នាក់ យុវជនបំពេញលក្ខខណ្ឌចំនួន៤សំខាន់ៗ រួមមាន ៖ ១) ការថតសំឡេងសម្ភាសន៍, ២) ការសង្ខេបសាច់រឿងឡើងវិញ ៣) ការថតរូប ,៤) ការបញ្ចូលទិន្នន័យទាំងអស់ដាក់ទៅក្នុងកម្មវិធីOne-Drive ឬ Server ដើម្បីធានាថា សាច់រឿងទាំងនោះត្រូវបានចងចាំ និងរក្សាទុកប្រកបដោយសុវត្ថិភាព។ នៅត្រង់ចំណុចនេះ អ្នកស្ម័គ្រចិត្តបានសួរនាំច្រើន ទៅកាន់វាគ្លិន ដោយសារអ្នកស្ម័គ្រចិត្តមិនធ្លាប់មានបទពិសោធន៍ធ្វើកិច្ចការទាំងនេះ។ អ្នកស្ម័គ្រចិត្តម្នាក់ៗហាក់មិនទាន់យល់ថាតើអ្វីទៅជាការសម្ភាសន៍នៅឡើយ ព្រមទាំងមិនដឹងគួរចាប់ផ្ដើមពីចំណុចណា ហើយបញ្ចប់ទៅវិញត្រង់ចំណុចណានោះទេ។
យ៉ាងណាមិញ នៅក្នុងការបណ្ដុះបណ្ដាលនេះ អ្នកស្ម័គ្រចិត្តត្រូវបានតម្រូវឲ្យអនុវត្ដផ្ទាល់ធ្វើជាគំរូជាមួយនឹងអ្នកស្ម័គ្រចិត្ដនៅក្នុងក្រុមដោយអ្នកស្ម័គ្រចិត្តម្នាក់ត្រូវបានតំណាងជាអ្នកស្ម័គ្រចិត្ដ និងម្នាក់ទៀតគឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលនឹងផ្ដល់បទសម្ភាសន៍។ យុវជនស្ម័គ្រចិត្ដម្នាក់ៗបានសង្កេតមើល និងផ្ដល់យោបល់ទៅលើការអនុវត្ដផ្ទាល់នោះដើម្បីឈ្វេងយល់ និងត្រៀមខ្លួនបត់បែនទៅលើអ្វីៗដែលនឹងជួបប្រទះនៅពេលខ្លួន ចុះទៅជួបផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នកស្ម័គ្រចិត្តមួយចំនួនហាក់យល់ដឹងឆាប់រហ័ស ខណៈដែលអ្នកស្ម័គ្រចិត្តមួយចំនួនបានសួរនាំអំពីផលប្រឈមនៃការគិតទុកជាមុននៅឡើយ ដូចជា តើគួរធ្វើដូចម្ដេចដើម្បីសម្ភាសន៍ប្រកបដោយទំនុកចិត្ដ? តើយើងអាចសម្គាល់បានយ៉ាងដូចម្ដេចថាអ្នកណាជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម? ឯកសារមួយចំនួនរួមមាន ប្រតិចារឹកនៃបទសម្ភាសន៍ដែលបានយកចេញពីបណ្ណសាររបស់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង, សេចក្ដីសង្ខេបសាច់រឿង និងឯកសារមួយចំនួនទៀតដែលត្រូវការប្រើប្រាស់នៅក្នុងកិច្ចការងារស្ម័គ្រចិត្ដនៅក្នុងគម្រោងថែទាំសុខភាព ដើម្បីផ្ដល់ជាឧទាហរណ៍ ដល់យុវជនអំពីរបៀបនៃការសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងការសម្ភាសន៍អ្នករស់រានមានជីវិតម្នាក់ យុវជនត្រូវចំណាយពេលចាប់ពី១ម៉ោងឡើងទៅដែលមានលក្ខណៈលម្អិត និងអាចយកជាការបាន។ បន្ទាប់មក យុវជនត្រូវសង្ខេបសាច់រឿងឡើងវិញនៅពេលត្រឡប់មកផ្ទះ ដែលមានខ្លឹមសារគ្រប់គ្រាន់យ៉ាងហោចណាស់ចំនួន២ទំព័រ ឬច្រើនជាងនេះ។ យុវជននឹងបន្ដធ្វើកិច្ចការបែបនេះទៅតាមពេលវេលាជាក់ស្ដែងរបស់ខ្លួនប្រកបដោយការច្នៃប្រឌិត និងការតាំងចិត្ដខ្ពស់ ហើយយុវជនក៏ទទួលបានការឧបត្ថម្ភទៅតាមកិច្ចការជាក់ស្ដែងរបស់ខ្លួនដែរ។
អ្នកស្ម័គ្រចិត្ដមួយចំនួនក៏កំពុងស្ថិតនៅក្នុងការសិក្សានៅឡើយ ដូច្នេះហើយការបែងចែក និងការប្រើប្រាស់ពេលវេលាឲ្យអស់លទ្ធភាព ក៏បង្ហាញអំពីការចង់ចេះចង់ដឹងពីប្រវត្ដិសាស្រ្ដ និងការចូលរួមនៅក្នុងការងារសហគមន៍។ នៅផ្នែកបន្ទាប់មកទៀត គឺជាដំណាក់កាលចុងក្រោយដែលអ្នកស្ម័គ្រចិត្ដត្រូវបំពេញ គឺការរក្សាទុកទិន្នន័យតាមប្រព័ន្ធអ៊ីនធើណែត ធ្វើបទបង្ហាញដោយ មេក វិន និង សួត វិចិត្រ ដែលជាសហការី។ អ្នកទាំងពីរបានប្រាប់ពីរបៀបទាញយក និងប្រើប្រាស់កម្មវិធី One Drive ដើម្បីសម្រួលដល់ការរក្សាទុកឯកសារពីចម្ងាយ ហើយយុវជនទាំងអស់ក៏ត្រូវបានរំឭកអំពីការបញ្ចូលឯកសារឲ្យទាន់ពេលវេលា និងការរក្សាទុកឲ្យមានសុវត្ថិភាពបំផុតជៀសវាងការបាត់ ឬរលុបដោយអចេតនាណាមួយ។ មួយវិញទៀត រាល់ សំឡេង ឬទិន្នន័យទាំងអស់ ត្រូវពិនិត្យមើលម្ដងហើយម្ដងទៀត ដើម្បីធានាថាទិន្នន័យទាំងនោះត្រូវបានផ្ញើចេញ ឬ បញ្ជូនមកក្រុមការងាររួចរាល់ហើយ។
បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ក្រុមការងារបានផ្ដល់អាវ មួក និងទស្សនាវដ្ដីស្វែងរកការពិតលេខពិសេសដល់អ្នកស្ម័គ្រចិត្តទាំង៨៣នាក់ ដើម្បីចាប់ផ្ដើមកិច្ចការរបស់ខ្លួនចាប់ពីថ្ងៃបណ្ដុះបណ្ដាលនេះ។ ជារួមគម្រោងខាងលើនេះ មិនត្រឹមតែបើកឱកាសឲ្យយុវជនមានភាពក្លាហាន និងសកម្មភាពនៅក្នុងសហគមន៍របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងផ្ដល់ឱកាសដល់អ្នករស់រានមានជីវិតដែលស្ថិតនៅក្នុងសហគមន៍របស់ខ្លួន ទទួលបានសេវាពិនិត្យសុខភាពដើម្បីថែរក្សាអាយុជីវិតឱ្យមានរយៈពេលវែង និងចងចាំរឿងរ៉ាវប្រវត្ដិសាស្រ្ដសម្រាប់យុវជនជំនាន់ក្រោយ។ គួរបញ្ជាក់ថា នៅចុងបញ្ចប់នៃកិច្ចការងារស្ម័គ្រចិត្តជំនាន់ទី៨ អ្នកស្ម័គ្រចិត្ដទាំងអស់ នឹងត្រូវបានអញ្ជើញឲ្យចូលរួមទស្សនកិច្ចដោយជិះរថភ្លើងដើម្បីឈ្វេង យល់អំពីប្រវត្ដិសាស្រ្ដ ដែលប្រជាជនកម្ពុជាត្រូវបានជម្លៀសដោយបង្ខំក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីចប់វគ្គបណ្តុះបណ្តាល អ្នកស្ម័គ្រចិត្តចំនួន២នាក់បានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖
ខ្ញុំឈ្មោះ ក្អម ស្រីឌី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ខ្ញុំមានអារម្មណ៍រំភើបផងភ័យផង និងអរផង ដែលបានចូលក្នុងវគ្គបណ្តុះបណ្ដាលថ្ងៃនេះ។ ខ្ញុំបានមកជួបជុំគ្នា និងហូបអាហារជុំគ្នា ដោយមានលោកគ្រូ អ្នកគ្រូរួសរាយរាក់ទាក់។ លោកគ្រូ អ្នកគ្រូ បានបង្រៀនខ្ញុំដោយយកចិត្ដទុកដាក់ និងបើកឱកាសឲ្យខ្ញុំសួរ សំណួរហើយឆ្លើយតបភ្លាមៗ។ លោកគ្រូអ្នកគ្រូមិនស្ទាក់ស្ទើរ និងទុកសំណួររបស់ខ្ញុំចោលឡើយ ដែលធ្វើឲ្យខ្ញុំឆាប់ចាប់ទទួលបាននូវចំណេះដឹងដែលយើងចង់បាន។ នៅក្នុងនោះក៏មានការប្រជុំវែកញែកនូវតម្រូវការរបស់យុវជនម្នាក់ៗដែរ។ លើសពីនេះ ខ្ញុំក៏បានថតរូបទុកជាអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូដែរ។
ខ្ញុំឈ្មោះ ជូរ ផានុត ភេទប្រុស អាយុ១៧ឆ្នាំ គឺជាយុវជនស្ម័គ្រចិត្តនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ខ្ញុំយល់ឃើញថាវគ្គបណ្តុះបណ្តាលផ្ទាល់បែបនេះគឺល្អជាងការរៀនតាមហ្ស៊ូម ឬតាមអនឡាញ។ ការបង្ហាត់បង្រៀនដោយផ្ទាល់ដល់អ្នកស្ម័គ្រចិត្តដូចជាខ្ញុំ គឺពេលខ្ញុំឆ្ងល់ ឬស្រពិចស្រពិលមិនយល់ត្រង់ណាមួយខ្ញុំអាចសួរបានភ្លាមៗ ឬអាចទំនាក់ទំនងគ្នាដើម្បីដោះស្រាយបញ្ហាបានភ្លាមៗ។ ខ្ញុំចាប់អារម្មណ៍មួយទៀតជាពិសេសនៅពេលការងារស្ម័គ្រចិត្ដបីខែខាងមុខត្រូវបានបញ្ចប់ អ្នកស្ម័គ្រចិត្តអាចមានឱកាសធ្វើដំណើរទស្សនកិច្ចតាមរថភ្លើងថែមទៀត។ ការងារស្ម័គ្រចិត្ដរយៈពេលបីខែនឹងជួយដល់យុវជន និងសិស្សនុសិស្ស ដែលសេសសល់ពេលវេលាពីការសិក្សាដើម្បីជួយដល់សង្គម និងចេះរកប្រាក់ផ្គត់ផ្គង់ការសិក្សាខ្លួនឯងផងដែរ។ មួយវិញទៀត ការបណ្ដុះបណ្ដាលយុវជនផ្ទាល់ដល់មូលដ្ឋាន គឺផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងដល់យុវជន។
អត្ថបទ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា