នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងវិធីសាស្រ្តសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តជំនាន់ទី៨ វគ្គទី១ ចំនួន៦១ ក្នុងនោះមានស្រី៥៦នាក់ នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនចំណេះដឹងផ្នែកប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្នែកសម្ភាសន៍ និងការងារសំខាន់ៗដែលអ្នកស្ម័គ្រចិត្តត្រូវធ្វើការជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតាមមូលដ្ឋានរបស់ខ្លួន។
ជាកិច្ចចាប់ផ្ដើម លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានធ្វើការណែនាំខ្លួន ក្រុមការងារ និងសង្ខេបអំពីប្រវត្តិមជ្ឈមណ្ឌលឯកសារកោះថ្ម។ បន្ទាប់មក លោក ឡុង ដានី បានដឹកនាំអ្នកស្ម័គ្រចិត្តជំនាន់ទី៨ទាំងអស់ដើរទស្សនាពិព័រណ៍រូបថតដែលបានដាក់តាំងបង្ហាញនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្មដែលមាន១៣៣រូបថត ៣៨រូបគំនូរ និងមានផែនទីចំនួន៦។ ដោយចាប់ផ្តើម បង្ហាញពីបណ្តុំរូបថតសង្រ្គាមនៅចុងទសវត្សរ៍ ឆ្នាំ (១៩៦០-១៩៧៥) បណ្តុំរូបថតអំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩) បណ្តុំរូបថតអំពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ បណ្តុំរូបថតអំពីភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ រូបគំនូរ និងផែនទីបង្ហាញផ្លូវនៃដំណើររបស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូប ចេញទៅប្រទេសវៀតណាមកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីសុំការអន្តរាគមន៍ កសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះអាយុជីវិតប្រជាជនកម្ពុជា។
ជាកិច្ចបន្ត លោក ឡុង ដានី បានធ្វើបទបង្ហាញប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម (១៩៧៥ -១៩៧៩) ដោយចាប់ផ្តើមពីពាក្យថា ខ្មែរក្រហម និងការអនុវត្តគោលនយោបាយ៨ចំណុចរបស់ខ្មែរក្រហម ៖
១) ជម្លៀសប្រជាជនចេញពីទីក្រុង ភ្នំពេញ និងទីប្រជុំជន។ លោក ដានី បានពន្យល់បន្ថែមថា ខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំមាន ៣ដំណាក់កាលគឺ ៖
-ដំណាក់កាលទី១) ការជម្លៀសប្រជាជនដោយបង្ខំ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
-ដំណាក់កាលទី២) គឺបន្ទាប់ពីជម្លៀសប្រជាជនលើកទី១ រំលងបាន២ទៅ៣ខែ ការជម្លៀសប្រជាជនតាមរថភ្លើងលើកទីពីរ២បានចាប់ផ្តើម ដោយចេញពីភូមិភាគនីរតី ភូមិភាគបស្ចឹម ទៅកាន់ភូមិភាគពាយ័ព្យ រួមមាន ៖ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
-ដំណាក់កាលទី៣) គឺការជម្លៀសប្រជាជនចេញពីភូមិភាគបូព៌ាទៅកាន់ភូមិភាគពាយ័ព្យ ភូមិភាគកណ្តាល និងភូមិភាគឧត្តរ។ ខ្មែរក្រហមបានចោទប្រកាន់ប្រជាជនភូមិភាគបូព៌ាថា ជាមនុស្សក្បាលយួនខ្លួនខ្មែរ ។
២) បំបាត់ផ្សារ និងរូបិយវត្ថុ
៣) កម្ទេចវត្តអារាម និងផ្សឹកព្រះសង្ឃ
៤) បិទសាលារៀន និងគ្រឹះស្ថានសិក្សា
៥) បង្កើតសហករណ៍
៦) ផ្ដាច់ទំនាក់ទំនង និងបំបែកបំបាក់ក្រុមគ្រួសារ
៧) សម្លាប់បញ្ញវន្ត មន្រ្តីរាជការ និងប្រជាជនស្លូតត្រង់
៨) បណ្ដេញជនជាតិវៀតណាម និងធ្វើសង្គ្រាមជាមួយវៀតណាម
មូលហេតុការដួលរលំនៃរបបខ្មែរក្រហមមាន ៖
១) ស្ថានភាពសុខភាពរបស់ប្រជាជនទ្រុឌទ្រោម
២) បន្សុទ្ធកម្ម (សម្លាប់រង្គាល)
៣) ការប៉ះទង្គិចជាមួយប្រទេសវៀតណាម
ផលប៉ះពាល់ក្រោយរបបខ្មែរក្រហមមកលើសង្គមកម្ពុជា ៖
១) បន្សល់ស្រ្តីមេម៉ាយ និងក្មេងកំព្រារាប់ពាន់នាក់
២) ប្រជាជនមានជំងឺបាក់ស្បាត ការចំណាក់ស្រុក និងជនភៀសខ្លួន
៣) បន្សល់ទុកគ្រាប់មីនរាប់លានគ្រាប់
៤) អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើនមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
៥) សេដ្ឋកិច្ចធ្លាក់ដល់កម្រិតសូន្យ
៦) ពុំមានអ្នកចេះដឹងច្រើនសម្រាប់ជួយអភិវឌ្ឍន៍ប្រទេស
ជាកិច្ចបន្ទាប់ លោក ឈុំ រ៉ា ធ្វើបទបង្ហាញទៅកាន់អ្នកស្ម័គ្រចិត្តជំនាន់ទី៨ ស្តីអំពីគម្រោងមុនពេលចុះទៅសម្ភាសន៍ ដើម្បីឲ្យអ្នកស្ម័គ្រចិត្តត្រៀមខ្លួនមុនពេលចុះទៅជួបជាមួយអ្នករស់រានមានជិវិត និងវិធីសាស្រ្តខ្លះៗដើម្បីដោះស្រាយបញ្ហាដែលជួបប្រទះពេលចុះទៅជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គម្រោងដែលអ្នកស្ម័គ្រចិត្តត្រូវធ្វើមុនពេលចុះទៅសម្ភាសន៍រួមមាន៖
១) ទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន
២) គិតទុកមុនអំពីចំនួនអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមដែលត្រូវចុះជួបដែលមានអាយុចាប់ ពី៥៥ឆ្នាំឡើងទៅ
៣) មានឧបករណ៍ថតសំឡេង ប៊ិក សៀវភៅ និងតារាងស្ទាបស្ទង់មតិ
៤) សំណួរចំនួន២ដែលអ្នកស្ម័គ្រចិត្តចាំបាច់ត្រូវតែសួរគឺ ៖
-តើរឿងរ៉ាវអ្វីខ្លះដែល យាយ តា ពុក ម៉ែ អ៊ំ ពូ មីង ចងចាំមិនភ្លេចក្នុងរបបខ្មែរក្រហម?
-តើស្ថានភាពសុខភាពរបស់យាយ តា ពុក ម៉ែ អ៊ំ ពូ មីង នាពេលបច្ចុប្បន្នដូចម្តេច?
៥) អ្នកស្ម័គ្រចិត្តត្រូវសួរនាំអំពីជីវប្រវត្តិរបស់អ្នករស់រានមានជីវិត និងបំបែកសំណួរទៅតាមអ្វីដែលខ្លួនចង់ដឹង
៦) បើជួបបញ្ហាត្រូវរកដំណោះស្រាយឲ្យបានចំនួន៣យ៉ាងតិច
៧) ការសង្កេតរបស់អ្នកស្ម័គ្រចិត្ត
ជាកិច្ចបន្តលោក ឈុំ រ៉ា បានបង្ហាញពីរបៀបបំពេញតារាងស្ទាបស្ទង់មតិ ស្តីពីការយល់ឃើញរបស់អ្នករស់រានមានជិវិតពីរបបខ្មែរក្រហមអំពី ផលប៉ះពាល់នៃអំពើប្រល័យពូជសាសន៍ និងសុខភាពដែលក្នុងនោះមាន២៣សំណួរ និងរបៀបសង្ខេបសាច់រឿងខ្លះៗទៅដល់អ្នកស្ម័គ្រចិត្ត ដើម្បីឲ្យពួកគាត់បានដឹងខ្លះៗអំពីរបៀបសរសេររឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាចុងក្រោយលោក ឈុំ រ៉ា បានប្រាប់អ្នកស្ម័គ្រចិត្តថាយើងម្នាក់ៗត្រូវផ្ញើឯកសារអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលខ្លួនបានជួបសម្ភាសន៍មកក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មដូចខាងក្រោម៖
១) តារាងស្ទាប់ស្ទង់មតិដែលបានបំពេញរួចរាល់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
២) បទសម្ភាសន៍ជាសំឡេង របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
៣) រូបថតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
៤) វីដេអូរខ្លីៗទាក់ទងរឿងរ៉ាវអ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម
នៅក្នុងឱកាសនោះ កញ្ញា ម៉ាប់ ស៊ីណា ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានប្រាប់អ្នកស្ម័គ្រជំនាន់ទី៨ អំពីឯកសារដែលត្រូវផ្ញើមកកាន់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មឲ្យបានគ្រប់លក្ខខណ្ឌ និងថ្ងៃដែលឈប់ទទួលឯកសារ។ ចុងក្រោយ កញ្ញា វន បុប្ផា ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានធ្វើបទបង្ហាញអំពីការថតចម្លងឯកសារតាមកម្មវិធី Camscanner ក្នុងទូរសព្ទ និងរបៀបបំពេញតារាងលទ្ធផលការងារប្រចាំសប្ដាហ៍របស់អ្នកស្ម័គ្រចិត្ត រួចផ្ញើមកក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មតាមកម្មវិធី Onedrive។
អត្ថបទ ៖ វី ស៊ីថា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា