មជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាថ្នាក់រៀនស្តីអំពី «សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» សម្រាប់យុវជនមកពីស្រុកភ្នំក្រវ៉ាញ

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីពី «សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ សម្រាប់យុវជនចំនួន១៧នាក់ ក្នុងនោះស្រី១២នាក់ មកពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

វេទិកានេះនឹងផ្តល់ការអប់រំដល់យុវជនស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងឈ្វេងយល់អំពីនិយមន័យនៃឧក្រិដ្ឋកម្មឃោរឃៅ និងកត្តាគ្រោះថ្នាក់ជាក់លាក់ដែលនាំឲ្យកើតមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនាពេលអនាគត។ លើសពីនេះទៀត យុវជនទាំងអស់ត្រូវបានពន្យល់ពីយុទ្ធសាស្ត្រនៃការទប់ស្កាត់អំពើប្រល័យពូជសាសន៍ពីកម្រិតបុគ្គលដល់កម្រិតជាតិ និងលើកទឹកចិត្តឲ្យអ្នកទាំងនោះចែករំលែកចំណេះដឹងរបស់ខ្លួនអំពីប្រវត្តិសាស្ត្រខ្មែរក្រហមជាមួយអ្នកដទៃ។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀន ក៏ជាការផ្តល់ឱកាសដល់យុវជនក្នុងការចែករំលែក និងបង្ហាញពីចំណេះដឹងផ្ទាល់ខ្លួនរបស់ពួកគេនៅលើអ្វីដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។  លើកទឹកចិត្តយុវជនឲ្យគិតពិចារណាលើផលវិបាកអន្តរកាលនៃកេរដំណែលប្រវត្តិសាស្រ្តក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ ជំរុញការពិភាក្សាអំពីកេរដំណែលនេះនៅក្នុងគ្រួសារ និងសហគមន៍។ ជំរុញការពិភាក្សាអំពីការលើកឡើងនូវយុទ្ធសាស្រ្តមួយចំនួនក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងប្រទេស។ ចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ។

លោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងក្រុមការងារបានណែនាំខ្លួន និងដឹកនាំយុវជនដើរទស្សនាការិយាល័យមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ បន្ទាប់មកលោក ឡុង ដានី បានប្រាប់យុវជនអំពីប្រវត្តិនៃការបង្កើតមជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ និងគោលបំណងចំនួន៤ដូចខាងក្រោម៖

១) ដើម្បីបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០។

២) ដើម្បីពង្រឹងដល់ដំណើរការសន្តិភាព និងទប់ស្កាត់ជម្លោះនានាតាមរយៈកម្មវិធីអប់រំ។ កម្មវិធីអប់រំនេះនឹងផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយដែលភាគច្រើនរស់នៅតាមជនបទបានចូលរូមរៀនសូត្រ។

៣) លើកទឹកចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងការចែករំលែកអំពីរឿងរ៉ាវ ឬបទពិសោធន៍ផ្តល់ខ្លួនដល់ក្មេងៗជំនាន់ក្រោយ។

៤) ប្រមែប្រមូលរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងបទឧក្រិដ្ឋដែលបានបន្សល់ពីរបបខ្មែរក្រហម។

ជាកិច្ចបន្ត លោក ឡុង ដានី បានធ្វើបទបង្ហាញជាសង្ខេបអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ស្តីពីគោលនយោបាយ៨ចំណុចរបស់ខ្មែរក្រហមដូចខាងក្រោម៖

១) ការជម្លៀសប្រជាជនដោយបង្ខំ

២)​ បំបាត់ផ្សារ និងរូបីយបណ្ឌ

៣) ផ្សឹកព្រះសង្ឍ និងកម្ទេចវត្តអារ៉ាម

៤) បិទសាលារៀន

៥) បង្កើតសហករណ៍

៦) បំបែកក្រុមគ្រួសារមិនឲ្យជួបជុំគ្នា

៧) សម្លាប់បញ្ញវន្ត មន្ត្រីរដ្ឋការ និងប្រជាជនស្លូតត្រង់ ៨)បណ្តេញជនជាតិវៀតណាម និងធ្វើសង្រ្គាមតាមព្រំដែនជាមួយវៀតណាម។

បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គមកម្ពុជាទាំងមូលបានទទួលផលប៉ះពាល់ដូចជា ៖ ប្រជាជនកម្ពុជាប្រមាណ២លាននាក់ស្លាប់ ដោយសារការសម្លាប់ អត់អាហារ ធ្វើការហួសកម្លាំង និងឈឺគ្មានការព្យាបាល។  បន្សល់ទុកស្រី្តមេម៉ាយ និងក្មេងកំព្រារាប់ពាន់នាក់នៅក្នងសង្គមកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហម។ ប្រជាជនកម្ពុជាភាគច្រើនមានជំងឺបាក់ស្បាត និងមានប្រជាជនកម្ពុជាមួយចំនួនបានសម្រេចចិត្តធ្វើចំណាកស្រុក និងជាជនភៀសខ្លួន។ របបខ្មែរក្រហមបានបន្សល់ទុកគ្រាប់មីនរាប់លានគ្រាប់។  អ្នករស់រានមានជីវិតភាគច្រើនមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។ សេដ្ឋកិច្ចប្រទេសកម្ពុជាបានធ្លាក់ដល់កម្រិតសូន្យ។  ពុំមានអ្នកចេះដឹងច្រើន សម្រាប់ជួយអភិវឌ្ឍន៍ប្រទេស។

បន្ថែមពីប្រវត្តិសាស្រ្តខ្មែរក្រហម លោក ឡុង ដានី ក៏ធ្វើបទបង្ហាញអំពីដំណើរការកាត់ក្តីមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០១ និង០០២ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។ នៅក្នុងសំណុំរឿង០០១ ពាក់ព័ន្ធនឹងការជំនុំជម្រះក្តី កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ឌុច គឺជាអតីតប្រធានមន្ទីរសន្តិសុខ ស-២១ (ដែលប្រជាជនកម្ពុជាទូទៅបានស្គាល់ថាជាគុកទួលស្លែងស្ថិតនៅទីក្រុងភ្នំពេញ)។ នៅឆ្នាំ២០១២ ឌុច ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផ្តន្ទាទោសឲ្យជាប់ពន្ធនាគាអស់មួយជីវិត ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពាន់ធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។

សំណុំរឿង០០២ នៅឆ្នាំ២០១០សហចៅក្រមស៊ើបអង្កេតបានចោទប្រកាន់ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចំនួន៤រូប រួមមាន៖ អៀង សារី នួន ជា ខៀវ សំផន និងអៀង ធិរិទ្ធ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការរំលោភបំពាន់ធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។ ដោយសារភាពស្មុគស្មាញនៃរឿងក្តី និងអាយុរបស់ជនជាប់ចោទ ទើបអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសម្រេចបំបែកសំណុំរឿង០០២ ជាពីរគឺ សំណុំរឿង០០២ វគ្គ១ និងសំណុំរឿង០០២ វគ្គ២ សម្រាប់ការជំនុំជម្រះពីរផ្សេងគ្នា។ សំណុំរឿង០០២វគ្គ១ ដោយសារ អៀងសារី និង អៀង ធិរិទ្ធ មានជំងឺ និងទទួលមរណភាពនៅឆ្នាំ២០១៣ និង២០១៥។ ដូច្នេះ នៅឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផ្តន្ទាទោស នួន ជា និង ខៀវ សំផន ឲ្យជាប់ពន្ធនាគាអស់មួយជីវិត ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ទាក់ទងនឹងការសម្លាប់ ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងដំណាក់កាលទីពីរនៃការផ្លាស់ប្តូរទីលំនៅប្រជាជន។ សំណុំរឿង០០២ វគ្គ២ គឺជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពាន់ធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និង អំពើប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តឡើងនៅតាមសហករណ៍ ការដ្ឋានការងារ មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្សមួយចំនួនដែលជាប់ពាក់ព័ន្ធទៅនឹងក្រុមមនុស្សដែលជាក្រុមគោលដៅជាក់លាក់ ដូចជាជនជាតិចាម ជនជាតិវៀតណាម អ្នកកាន់សាសនាព្រះពុទ្ធ និងអតីតមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ។ នួន ជា និង ខៀវ សំផន ត្រូវបានរកឃើញថាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មជាច្រើនប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពាន់ធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និង អំពើប្រល័យពូជសាសន៍ ដោយបានចូលរួមក្នុងសហឧក្រិដ្ឋកម្មព្រហ្មទណ្ឌរួមជាមួយមេដឹកនាំជាន់ខ្ពស់ដទៃទៀត។ នៅឆ្នាំ២០១៩ នួន ជា បានស្លាប់ដោយសារជរាភាព។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានសម្រេចផ្តន្ទាទោស ខៀវ សំផន ឲ្យជាប់ពន្ធនាគាអស់មួយជីវិតបន្ថែមទៀត ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋកម្មខាងលើ និងបានបិទបញ្ចប់ការជំនុំជម្រះនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតែម្តង។

ចុងបញ្ចប់នៃកម្មវិធីថ្នាក់រៀនលោក ឡុង ដានី បានធ្វើបទបង្ហាញពីនិយមន័យ បុព្វហេតុ និងវិធីសាស្រ្តទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅដែលមានពីរផ្នែកសំខាន់ៗដូចខាងក្រោម៖ ១) និយមន័យនៃអំពើឧក្រិដ្ឋឃោរឃៅ រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម  និងឧទាហរណ៍ជាក់លាក់មួយចំនួនដែលនាំឲ្យកើតមានឧក្រិដ្ឋកម្មឃោរឃៅទាំងឡាយ។ ២) វិធីសាស្ត្រជាក់លាក់ចំនួនពីរក្នុងការចូលរួមទប់ស្កាត់អំពើឃោរឃៅឬអំពើប្រល័យពូជសាសន៍ក្នុងកម្រិតបុគ្គល គ្រួសារ ឬសហគមន៍ និងកម្រិតប្រទេសជាតិ។ យុវជនត្រូវបានលើកទឹកចិត្តឲ្យអនុវត្តវិធីសាស្ត្រទាំងនេះ ដោយចាប់ផ្តើមពីខ្លួនឯង។ បន្ទាប់បញ្ចប់វេទិកាថ្នាក់រៀន យុវជនទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមានមាតាជាតិខ្មែរ ម្នាក់មួយក្បាល ដើម្បីយកទៅអាន និងឈ្វេងយល់ពីរបៀបសរសេរកំណត់ហេតុផ្ទាល់ខ្លួន។

អត្ថបទ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖