មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង យុវជននៅសង្កាត់កូនគ្រៀល និង សង្កាត់បុស្បូវ

ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង យុវជនជំនាន់ក្រោយចំនួន៥០០នាក់ នៅសង្កាត់កូនគៀល និងសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្ថរមានជ័យ។

ជាកិច្ចចាប់ផ្ដើមលោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានធ្វើបទបង្ហាញសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដល់ចៅសង្កាត់ រួមទាំងប្រជាជនដែលបានមកចូលរួមទាំង អំពីខ្លឹមសារសំខាន់ៗក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់សម្ដេចម៉ែ មកកាន់តំបន់រំដោះឆ្នាំ១៩៧៣។ ទ្រង់បានយាងទៅជួបមេដឹកនាំសំខាន់ៗជាច្រើនរូប ដូចជា ខៀវ សំផន ហូ នឹម ហូ យន់។ បន្ទាប់មក ក៏មានការបង្ហាញពីរូបភាពសម្ដេចម៉ែ នៅក្នុងតំបន់តស៊ូនៅតាមទំព័រនីមួយៗក្នុងសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ឆ្លៀតឱកាសនោះ បណ្ឌិត លី សុខឃាង ស្នើទៅសិស្ស ប៊ឹក បញ្ជា ភេទស្រី អាយុ១៨ឆ្នាំ គឺជាយុវជនស្ម័គ្រចិត្តមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ឡើងអានសំណេរក្នុងសៀវភៅ ចាប់ផ្ដើមពីព្រះរាជដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៧៣ ជូនអ៊ំពូមីងបានស្ដាប់។

នៅផ្នែកចុងក្រោយនៃវេទិកានេះក៏មានការបញ្ចេញនូវចំណាប់អារម្មណ៍ ក៏ដូចជាការយល់ឃើញរបស់ប្រជាជនដែលបានចូលរួមដូចខាងក្រោម ៖

ហេង បូទី ភេទប្រុស អាយុ៥៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរខ្ចៅ ក្រុងសំរោង  បានលើកឡើងថា «ខ្ញុំពិតជាមានការកោតសសើរដល់ទ្រង់ជាខ្លាំង ព្រោះមិនធ្លាប់មានរាជវង្ស ឬព្រះមហាក្សត្រីអង្គណាមួយ អាចសរសេរ កត់ត្រាអំពីប្រវត្តិសាស្រ្តរបស់ទ្រង់ដែលបានយាងទស្សនកិច្ចពីតំបន់មួយទៅកាន់តំបន់មួយនៅក្នុងទឹកដីតំបន់រំដោះបានទេ។ ទោះបីជាមានឧបសគ្គរារាំងលំបាកយ៉ាងណាក៏ទ្រង់នៅតែមានស្មារតីចងចាំក្នុងការកត់ត្រាអំពីព្រឹត្តការណ៍ដែលបានកើតឡើងដើម្បីឲ្យកូនចៅបានដឹង បានយល់រឿងហេតុដែលបានកើតឡើងលើទ្រង់ទាំងពីរក្នុងកំឡុងពេលយាងចូលតំបន់រំដោះ។

ថន សាលួត ភេទស្រី អាយុ៦២ឆ្នាំ បានរៀបរាប់ពីចំណាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំពិតជាមានការពេញចិត្តជាខ្លាំងពីទឹកចិត្តរបស់សម្ដេចម៉ែ ដែលបានសរសេរសៀវភៅកំណត់ហេតុរបស់ទ្រង់ចែកជូនកូនចៅបានឈ្វេងយល់ និងបានដឹងពីការតស៊ូរបស់ទ្រង់ជាមួយសម្ដេចឪក្នុងការយាងចូលទៅតំបន់តស៊ូ ដើម្បីទាមទារសុខសន្តិភាពជូនរាស្រ្តរបស់ទ្រង់ និងឲ្យមានការ​រស់នៅប្រកបដោយភាពសុខដ្ដុម។ លើសពីនេះទៅទៀតខ្ញុំបានដឹងថា ទ្រង់ក៏មានប្រវត្តិតស៊ូកម្សត់ ដែលខិតខំតស៊ូក្នុងព្រៃអស់រយៈពេលជាយូរ។ ទ្រង់ពិតជាជួបការលំបាកខ្លាំងនៅក្នុងព្រៃដូចប្រជាជនខ្មែរដែរ។ តទៅថ្ងៃមុខ សៀវភៅនេះក៏អាចក្លាយជាបណ្ណាល័យសម្រាប់កូនចៅខ្ញុំរៀនសូត្របន្ថែម។

ធួក សឿន ភេទប្រុស អាយុ៤២ឆ្នាំ គឺជាក្រុមប្រឹក្សាសង្កាត់កូនគ្រៀល បានបង្ហាញនូវចំណាប់អារម្មណ៍ថា «ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំងនៅពេលដែលបានទទួលសៀវភៅដ៏មានតម្លៃនេះ ព្រោះខ្លឹមសារក្នុងសំណេរបានឆ្លុះបញ្ចាំងឲ្យឃើញពីប្រវត្តិសាស្រ្តជាក់ស្ដែងរបស់ខ្មែរយើង ហើយប្រសិនបើសៀវភៅនេះបានចែកជូនទៅដល់សិស្សានុសិស្សឲ្យបានទូលំទូលាយគឺកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីឲ្យយុវជនជំនាន់ក្រោយកាន់តែយល់ដឹងបន្ថែមពីប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់ជាតិសាសន៍ខ្លួន។ ក្រោយពីខ្ញុំបានឃើញសៀវភៅ ព្រមទាំងរូបភាពទាំងនេះ ធ្វើឲ្យខ្ញុំនឹកឃើញទៅដល់ប្រទេសខ្មែរដែលមិនគួរណាមកជួបរបបផ្ដាច់ការខ្មែរក្រហមបែបនេះទេ»។

ស្មូន ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរព្រាល សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ រៀនរាប់ពីការយល់ឃើញផ្ទាល់ខ្លួនថា ខ្ញុំចាប់អារម្មណ៍ខ្លាំងជាមួយការសរសេររៀបរាប់ពីប្រវត្តិរបស់ទ្រង់ដែលបានធ្វើដំណើរយាងចូលទៅកាន់តំបន់រំដោះក្នុងឆ្នាំ១៩៧៣ ដែលបានបង្ហាញពីភក្ដីភាពរបស់ទ្រង់ចំពោះសម្ដេចឪ ទោះបីជានៅក្នុងស្ថានភាពបែបណាក៏ទ្រង់តស៊ូទ្រាំលំបាកជាមួយសម្ដេចតា ដែលជាបិតាជាតិខ្មែរដែរ។

ដុំ សាខន ភេទប្រុស អាយុ៦០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរឬស្សី ក្រុងសំរោង បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ខ្ញុំចាប់អារម្មណ៍ជាងគេនោះត្រង់ខ្លឹមសារឆ្នាំ១៩៧៣ ដែលទ្រង់បានសរសេរពីដំណើរទស្សនកិច្ចរបស់​ទ្រង់ចូលទៅកាន់ដំបន់រំដោះដោយមិនខ្លាចញញើតអ្វីទាល់តែសោះ នេះបញ្ជាក់ឲ្យឃើញពីភាពអង់អាចរបស់ទ្រង់ស័ក្តិសមជាព្រះមហាក្សត្រីខ្មែរ។

ទូច សារឿន ភេទប្រុស អាយុ៧១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរំដួលជើងភ្នំ ក្រុងសំរោង បានបង្ហាញពីការយល់ឃើញរបស់ខ្លួនថា នៅក្នុងខ្លឹមសារ និងសំណេររបស់ទ្រង់ ខ្ញុំចងចាំថាទ្រង់បានធ្វើដំណើរទៅដល់ភ្នំគូលែន ហើយយាងចេញពីភ្នំគូលែនទៅស្រែណូយ ត្រង់នេះហើយបានជាខ្ញុំមានការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ពីសម្ដេចឪ និងសម្ដេចម៉ែ ព្រោះប្រវត្តិសម្ដេចឪពិតជាមានភាពស្រស់ស្អាតបរិសុទ្ធ។ ទ្រង់ទាំងទ្វេពិតជាមានចិត្តស្នេហាជាតិមាតុភូមិខ្មែរយ៉ាងពិតប្រាកដ។ ជាពិសេសខ្ញុំចាប់អារម្មណ៍រូបភាពមួយចំនួនដែលមាននៅក្នុងសៀវភៅដូចជារូបសម្ដេចម៉ែ និងសម្ដេចឪ កាលពីវ័យក្មេងពិតជាស្រស់សង្ហារ និងស្រស់ស្អាតរកអ្វីប្រៀបផ្ទឹមពុំបាន។

អត្ថបទ ៖ មេក វិន​ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖