នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ កីឡាករប្រណាំងទូកចំនួន២៥នាក់ ចំណុះទូករាមាជើងព្រៃ មកពីស្រុកជើងព្រៃ ខេត្តកំពង់ចាម ទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, អាវយឺ និង មួក ពីមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ កីឡាករចំណុះទូករាមាជើងព្រៃ គឺស្ថិតនៅវត្តពោធិ៍ព្រះទន្លា ភូមិបឹងជ្រោយ ឃុំ សូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ លោក លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ចាម លើកឡើងអំពីសារសំខាន់នៃសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់ការសិក្សាឈ្វេងយល់ចេញពីព្រះរាជកំណត់របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមសម្តេចព្រះ នរោត្តម សីហនុ យាងមកកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា ក្នុងឆ្នាំ១៩៧៣។
ជាមួយគ្នានេះដែរ លោក លី ដេវីត លើកទឹកដល់កីឡាករប្រណាំងទូកចំណុះទូករាមាជើងព្រៃទាំងអស់ ដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ព្យាយាមអានឲ្យចប់ដើម្បីបង្កើនចំណេះដឹងប្រវត្តិសាស្រ្ត និងរក្សាទុកជាឯកសារប្រវត្តិសាស្រ្តផ្ទាល់ខ្លួន និងជូនពរឲ្យកីឡាករចំណុះទូករាមាជើងព្រៃទទួលជ័យជម្នះក្នុងការប្រកួតនេះ។
លោក រឿន សាវ៉ាង អាយុ៦៥ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាប្រធានភូមិបឹងជ្រោយ និងជាប្រធានក្រុមការងារដឹកនាំទូករាមាជើងព្រៃ ថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលបានផ្ដល់សៀវភៅ«សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរដែលជាសៀវភៅឯកសារប្រវត្តិសាស្រ្តកម្ពុជាដ៏មានសារសំខាន់ ដល់កីឡាករចំណុះទូករាមាជើងព្រៃដែលត្រូវជាកូនចៅរបស់ទ្រង់ និងសម្ភារមួយចំនួន រួមមាន អាវយឺត និងមួក។
លោក រឿន សាវ៉ាង រៀបរាប់ពីរឿងរ៉ាវរបស់គាត់ដែលបានឆ្លងកាត់របបខ្មែរក្រហមថា គាត់នៅក្នុងកងចល័តបុរសក្នុងរបបខ្មែរក្រហម និងត្រូវធ្វើស្រែនៅតាមការដ្ឋានផ្សេងៗក្នុងស្រុកជើងព្រៃ និងតំបន់ផ្សេងទៀត។ លោក រឿន សាវ៉ាង បានលើកឡើងអំពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្រ្ត ជាពិសេស ប្រវត្តិសាស្រ្តផ្ទាល់ខ្លួន។
ជាចុងក្រោយ លោក រឿន សាវ៉ាង និងកីឡាករចំណុះទូករាមាជើងព្រៃទាំងអស់ សូមថ្វាយព្រះពរដល់ហ្លួងម៉ែ ឲ្យមានព្រះជន្មាយុយឺនយូរ និងព្រះរាជសុខភាពល្អបរិបូណ៍ដើម្បីជាម្លប់ដល់ប្រជានុរាស្រ្តកម្ពុជា និងជូនពរដល់លោកនាយក ព្រមទាំងបុគ្គលិកព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៃមជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់ឲ្យមានសុខភាពល្អ និងសម្រេចការងារគ្រប់ភារកិច្ច។
អត្ថបទ និង រូបថត ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម