នៅវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានធ្វើដំណើរទៅដល់វិទ្យាល័យ ហ៊ុន សែន ពញាក្រែក ដើម្បីចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន៣០៥ក្បាល ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ជាកិច្ចចាប់ផ្ដើមកម្មវិធីលោក ជា សឿង នាយករងវិទ្យាល័យ ហ៊ុន សែន ពញាក្រែក បានឡើងថ្លែងមតិស្វាគមន៍ និងសម្តែងនូវសេចក្តីរីករាយដែលក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អញ្ជើញមកដល់វិទ្យាល័យ ហ៊ុន សែន ពញាក្រែក ព្រមទាំងចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅថ្ងៃនេះ។
បន្ទាប់មកលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានឡើងណែនាំខ្លួន និងក្រុមការងារ ព្រមទាំងថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សចំពោះការទទួលស្វាគមន៍ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម។ ឆ្លៀតឱកាសនោះ លោក ឡុង ដានី សង្ខេបខ្លីអំពី មជ្ឈមណ្ឌលឯកសារកោះថ្ម ដែលត្រូវបានត្រូវបង្កើតឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ និងមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម។ ការបើកដំណើរការមជ្ឈមណ្ឌលឯកសារកោះថ្ម មានគោលបំណងសំខាន់ៗដូចខាងក្រោម ៖
១) បង្ហាញអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៩០។
២) ពង្រឹងការកសាងសន្តិភាព និងទប់ស្កាត់ជម្លោះតាមរយៈកម្មវិធីអប់រំ ព្រមទាំងផ្តល់ជាឱកាសសម្រាប់យុវជនរស់នៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលក្នុងការចូលរួម។
៣) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យចែករំលែក និងបង្រៀនក្មេងៗនូវបទពិសោធន៍របស់ពួកគាត់ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម។
៤) ប្រមែប្រមូលចងក្រងរឿងរ៉ាវបទពិសោធន៍ពីអ្នករស់រានមានជីវិតដែលធ្លាប់ឆ្លងកាត់ របបខ្មែរក្រហម។
៥) ជួយសម្របសម្រួលលើគម្រោង «លើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តត្បូងឃ្មុំ»។
លោក ឡុង ដានី បានបន្ថែមថា សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គឺជាព្រះរាជសំណេរដើម និងមិនបានកែសម្រួល ដោយឆ្លុះបញ្ចាំងអំពីព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនៈរបស់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូរ ក្នុងអំឡុងពេលដែលព្រះអង្គអមព្រះរាជដំណើរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យាងដំណើរតាមយន្តហោះចេញពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដុងហូយ ខេត្តគ័ងប៊ិញ ប្រទេសវៀតណាម និងយាងបន្តដោយរថយន្ត តាមបណ្តោយផ្លូវលំហូជីមិញទៅកាន់ខេត្តសៀមរាបប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៣។ ព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេត្រូវចំណាយពេលជាងមួយខែនេះ បានបង្ហាញយ៉ាងច្រើនអំពីសេចក្តីថ្លៃថ្នូរ និងភាពទន់ភ្លន់របស់ព្រះមហាក្សត្រី ទោះជាព្រះរាជដំណើររបស់ព្រះអង្គស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារសង្គ្រាមនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍នាពេលនោះក្តី។ ព្រះមហាក្សត្រី គឺជាសាក្សីផ្ទាល់ចំពោះប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាក្នុងរយៈកាលជាង៧ទសវត្សរ៍កន្លងមក ហើយព្រះអង្គគឺជាឥស្សរជនប្រវត្តិសាស្ត្រដ៏លេចធ្លោមួយក្នុងអំឡុងពេលនោះ។
នៅក្នុងឱកាសនោះ លោក ថុន សុខន គ្រូបង្រៀនប្រវត្តិវិទ្យានៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក បានឡើងផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងដែលបានទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ពីក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម ថា សូមប្អូនៗយកសៀវភៅនេះទៅអានទាំងអស់គ្នា ហើយដល់ម៉ោងខ្ញុំបង្រៀន ខ្ញុំនឹងសួរសំណួរទាក់ទងនឹងសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលអញ្ជើញមកចែកសៀវភៅនៅវិទ្យាល័យខ្ញុំ និងសូមជូនពរឲ្យក្រុមការងារទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
បន្ទាប់មក សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក បង្ហាញនូវចំណាប់អារម្មណ៍ដូចខាងក្រោម ៖
ខ្ញុំឈ្មោះ សា រិទ្ធារ៉ា គឺជាសិស្សវិទ្យាល័យ ហ៊ុន សែន ពញាក្រែក។ ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងដែលបានទទួលសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ខ្ញុំនឹងខិតខំរៀនសូត្រ ស្រាវជ្រាវអំពីប្រវត្តិ សាស្រ្តខ្មែរដើម្បីទទួលបានចំណេះដឹងកាន់តែច្រើន និងយកទៅចែករំលែកដល់ប្អូនៗជំនាន់ក្រោយ។
ខ្ញុំឈ្មោះ វុទ្ធី វិកា អាយុ១៦ឆ្នាំ រស់នៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ថ្ងៃនេះជាលើកដំបូងដែលខ្ញុំទទួលបានសៀវភៅ «សាក្សីប្រវិត្តសាស្រ្ត» កំណត់ហេតុរបស់ព្រះមហក្សត្រី នរោត្តម មុនិនាថ ព្រះវររាជមាតាជាតិខ្មែរ ដែលបានរៀបរាប់អំពីដំណើរជីវិតរបស់ហ្លួងម៉ែ អំឡុងពេលព្រះអង្គអមព្រះរាជដំណើរសម្តេចព្រះនរោត្តម សីហនុ យាងមក កាន់តំបន់រំដោះនៃរណសិរ្សរួបរួមជាតិកម្ពុជា នៅឆ្នាំ១៩៧៣។ ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ពេលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ព្រោះសៀវភៅនេះបានប្រាប់អំពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តកម្ពុជាសំខាន់ៗ។ សៀវភៅនេះ ក៏ជាជំនួយក្នុងការសិក្សារៀនសូត្របន្ថែមរបស់ខ្ញុំដែរ។
ខ្ញុំឈ្មោះ ប៉ុង ពុយ អាយុ១៦ឆ្នាំ។ ខ្ញុំមានអារម្មណ៍រីករាយនៅពេលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុព្រះមហាក្សត្រី នរោត្តម មុនិនាថ សហនុ ព្រះវររាជមាតាជាតិខ្មែរ។ ខ្ញុំនឹងព្យាយាមសិក្សាឈ្វេងយល់ស្រាវជ្រាវបន្ថែមអំពីប្រវត្តិសាស្រ្តកម្ពុជាចេញពីសៀវភៅដ៏សំខាន់នេះ និងផ្សព្វផ្សាយទៅដល់សិស្សានុសិស្សជំនាន់ក្រោយឲ្យបានយល់ដឹងអំពីសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
អត្ថបទ ៖ វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា