ជុំ ផល ៖ ខ្ញុំធ្លាក់ខ្លួនឈឺដោយសារការងារធ្ងន់ជំនាន់ខ្មែរក្រហម

ជុំ ផល អង្គុយរង់ចាំការចុះឈ្មោះនិងពិនិត្យសុខភាពនៅឯវត្តអន្លង់វែង ដែលរៀបចំដោយមជ្ឈ​មណ្ឌលសន្តិភាពអន្លង់វែង ដោយ​ទឹកមុខញញឹមស្រស់ស្រាយ។  ខ្ញុំក៏បានដើរចូលទៅអង្គុយជិតគាត់​ហើយសាកសួរសុខទុក្ខ និងរឿងរ៉ាវជីវិតខ្លះៗរបស់គាត់កាលពីសម័យខ្មែរក្រហម។ នៅពេលសួរថា តើគាត់ចងចាំអ្វីជាងគេកាលពីជំនាន់ខ្មែរក្រហម។ គាត់ឆ្លើយតបដោយសម្តីស្រទន់ប៉ុន្តែច្បាស់ៗថា «កាលណោះ​គេឲ្យយើងធ្វើការងារធ្ងន់ ដូចជា រែកដី ជីប្រឡាយ គ្មានពេលសម្រាក និងគ្មានអាហារហូបចុកគ្រប់គ្រាន់។ ខ្ញុំធ្លាក់ខ្លួនឈឺដោយសារតែការងារធ្ងន់បែបនេះ»។

ជុំ ផល គឺជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីជាច្រើនទៀត ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហ​ម​ហើយដែលត្រូវបានសម្ភាសន៍ដោយអ្នកស្ម័គ្រចិត្តកម្ពុជាកាលពីឆ្នាំ២០២១។ គាត់ត្រូវបានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងអញ្ជើញឲ្យមកពិនិត្យសុខភាព ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៩៩នាក់ទៀត នាថ្ងៃទី៦និង៧ ខែកញ្ញា ឆ្នាំ២០២៣។ គាត់បានធ្វើដំណើរចេញពីភូមិរបស់គាត់ជាមួយអ្នកជិតខាងម្នាក់ដែលមានវ័យចាស់ជាងគាត់៥ឆ្នាំ ហើយជាយុទ្ធនារីកាន់កាំភ្លើងធំជំនាន់ខ្មែរក្រហម។​

ជុំ ផល មានអាយុ៦៦ឆ្នាំ រស់នៅភូមិបឹង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមាន។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

បច្ចុប្បន្ន ជុំ ផល មានអាយុ៦៦ឆ្នាំ រស់នៅភូមិបឹង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមាន

ជ័យ។ គាត់មានស្រុកកំណើតនៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់បានបែកពីឳពុក

ម្តាយតាំងពីអាយុ១២ឆ្នាំ ហើយត្រូវបានចាត់ចូលកងចល័តនារី១០៨ និងបញ្ជូនទៅស្រុកកោះអណ្តែត ខេត្តតាកែវ​ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ យ៉ា រ៉ាន់។ គាត់មិនចង់បែកពីម្តាយទេ ហើយគាត់បានរត់ទៅរកម្តាយ ប៉ុន្តែត្រូវបានបំបែកចេញពីម្តាយមកវិញជាច្រើនលើកច្រើនសារ។ គាត់និយាយថា «កាលណោះខ្ញុំរត់ចូលទៅជួបម៉ែ ​ប៉ុន្តែត្រូវបានគេទាញចេញមកវិញ។ គេមិនឲ្យយើងនៅជាមួយគ្នាទេ។ គេឲ្យយើងចូលតស៊ូ»។ ម៉ែខ្ញុំតាមមករកខ្ញុំដែរ ប៉ុន្តែយើងមិនដែលបានជួបគ្នាទេកាលណោះ។ នៅពេលសួរថា គាត់នឹកម្តាយដែរឬទេ? គាត់ឆ្លើយដោយទឹកភ្នែករលីងរលោងថា »នឹកម៉ែ ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច។ បើគេមិនឲ្យយើងជួបគ្នា»។

បន្ទាប់ពីធ្វើការនៅស្រុកកោះអណ្តែតមួយរយៈពេលខ្លី គាត់ត្រូវបានបញ្ជូនតាមរថភ្លើងមកភ្នំពេញ។​នៅពេលមកដល់ភ្នំពេញបានរយៈពេលមួយសប្តាហ៍ គាត់ក៏ត្រូវបញ្ជូនទៅស្រុកថ្មពួក ​ខេត្តបន្ទាយមានជ័យហើយទៅធ្វើការនៅការដ្ឋានត្រពាំងថ្ម។

នៅពេលរំឭកអំពីអាងត្រពាំងថ្ម ផល នឹកឃើញឈ្មោះ អ៊ឹម ចែម​ ភ្លាម។ គាត់និយាយថា អ៊ឹម ចែម មានស្រុកកំណើតនៅខេត្តតាកែវ ហើយគាត់ទាំងពីរនាក់បានស្គាល់គ្នាតាំងពីមុនចេញដំណើរទៅស្រុកថ្មពួក។ ប៉ុន្តែគាត់នៅក្នុងក្រុមផ្សេងគ្នា។ ផល ហៅគាត់ថា មីងចែម។ «ខ្ញុំនៅកងចល័ត ចំណែកគាត់កាន់ខាងប្រជាជននៅស្រុកព្រះនេត្រព្រះ»។ នៅពេលសួរថា ហេតុអ្វីបានជា អ៊ឹម ចែម មានតួនាទីជាគណៈតំបន់? ផល​ ឆ្លើយថា «ប្រហែលគាត់មានស្នាដៃ ពូកែនយោបាយទេដឹង ទើបថ្នាក់លើឲ្យគាត់កាន់គណៈតំបន់បែបនេះ»។

នៅពេលសាកសួរអំពីការងារ និងការហូបចុកនៅកងចល័ត គាត់ឆ្លើយថា «គេឲ្យយើងទៅរែកដី លើកទំនប់ទប់ទឹកសម្រាប់ធ្វើស្រែប្រាំង។ យើងត្រូវភ្ញាក់តាំងពីម៉ោង៣ទៀបភ្លឺ រួចស្លៀកពាក់ ជួបជុំគ្នា និងហាត់ប្រាណ​ មុនពេលចុះទៅធ្វើការនៅតាមការដ្ឋាននៅម៉ោង៦ព្រឹក»។ បន្ទាប់មកត្រូវទៅរែកដី និងលើកទំនប់ត្រពាំងថ្មជាមួយក្រុមការងារ។ ផល បញ្ជាក់ថា នៅឯការដ្ឋានត្រពាំងថ្ម មានមនុស្ស​ធ្វើការច្រើន មើលទៅឡើងខ្មៅដូចស្រមោច។ នៅពេលសួរថា តើគាត់ស្គាល់អ្នកដែល​​ជម្លៀសពីភ្នំពេញទៅតំបន់នោះដែរឬទេ? គាត់ឆ្លើយថា «ពេលសម្រាកនៅក្នុងខ្ទម ខ្ញុំឃើញយុវជនខ្លះ គឺគ្មានកម្លាំងទេ។ គ្រាន់តែកាបូបខោអាវធ្លាក់ចំខ្លួនបន្តិច ក៏ដួលសន្លប់។ គួរឲ្យអាណិតណាស់»។

ជុំ ផល អង្គុយរង់ចាំការចុះឈ្មោះនិងពិនិត្យសុខភាពនៅឯវត្តអន្លង់វែង ដែលរៀបចំដោយមជ្ឈ​មណ្ឌលសន្តិភាពអន្លង់វែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

 ផល ធ្វើការពីម៉ោង៦ព្រឹក ដល់ ម៉ោង៦ល្ងាច ហើយបានសម្រាកម៉ោង១២ថ្ងៃត្រង់។ គាត់ប្រាប់ថា​«កាលណោះ មិនមាននាឡិកាសម្រាប់មើលម៉ោងទេ គឺយើងត្រូវចំណាំតាមភ្នែកថ្ងៃ។ តែកាលណាយើង​ធ្វើការតាំងពីព្រឹក ហើយថ្ងៃចាប់ផ្តើមឈរនៅចំកណ្តាលក្បាលយើង ជើងយើងអាចជាន់ស្រមោលខ្លួនឯងបា​ន​នោះយើងកំណត់ថា ម៉ោង១២ថ្ងៃត្រង់ហើយ»។ បន្ទាប់ពីគាត់ធ្វើការងារពេលព្រឹកចប់ គាត់ចុះមកហូបអាហារថ្ងៃត្រង់នៅឯរោងបាយ។ បន្ទាប់ពីសម្រាកអាហារថ្ងៃត្រង់បានមួយស្របក់ គាត់ត្រូវវិលត្រឡប់ទៅធ្វើការបន្តទៀតរហូតដល់ម៉ោង៦ល្ងាច មុនពេលហូបអាហារពេលល្ងាច។

ផល រៀបរាប់ថា គាត់ទទួលបានបបរសម្រាប់អាហារទាំងពីរពេល ដូច្នេះបណ្តាលឲ្យគាត់ហូបមិនឆ្អែត។ គាត់ត្រូវទៅរកម្ហូបថែមទៀតដើម្បីចម្អែតក្រពះ ដូចជារកក្តាមស្រែមកអាំងហូប។ ប៉ុន្តែជួន​កាល​គាត់មិនបានហូបទេ។ នៅពេលប្រធានតាមទាន់ ក្តាមអាំងនោះត្រូវបានប្រមូលបោះចោល។ នៅពេលសួរអំពីមូលហេតុ គាត់និយាយថា «គេអត់ឲ្យយើងហូបរបស់ដែលយើងរកបានដោយខ្លួនឯងទេ។ គេឲ្យយើងហូបតែបបររួមប៉ុណ្ណោះ។ នៅពេលឈឺម្តងៗ យើងមិនទទួលបានការព្យាបាលឬថ្នាំលេបត្រឹមត្រូវទេ ប៉ុន្តែថែមទាំងត្រូវសង្ស័យនិងស្តីបន្ទោសទៀត។ គេចោទយើងថា ឈឺសតិអារម្មណ៍ ហើយនៅតែបង្ខំឲ្យយើងទៅធ្វើការ»។

នៅពេលសួរអំពីអនាម័យសម្រាប់ស្រ្តីនៅក្នុងរបបខ្មែរក្រហម គាត់ឆ្លើយថា «នៅក្នុងរបបនោះមិនមានការចែករបស់របរសម្រាប់ស្ត្រីប្រើប្រាស់ឡើយ ដូច្នេះគាត់រៀនច្នៃដោយខ្លួនឯង។ គាត់បានយកក្រណាត់ចាស់ៗមកដេរធ្វើជាខោទ្រនាប់។ កាលនោះក៏គ្មានច្រាសដុសធ្មេញដែរ ខ្ញុំបានយកអំបិល ហើយជួលកាលយកដីខ្សាច់មកដុសធ្មេញ។ ប៉ុន្តែខ្ញុំមានក្រាស់សិតសក់មួយ និងកញ្ចក់ឆ្លុះមុខតូចមួយ ទុកសម្រាប់ប្រើប្រាស់។ បំណែកកញ្ចក់ឆ្លុះមុខនោះ ប៉ុនពីរធ្នាប់ដៃ ហើយខ្ញុំបានប្រទះឃើញនៅពេលជីកដី។ ខ្ញុំក៏រើសទុកគ្រាន់ឆ្លុះមុខនិងមើលធ្មេញរបស់ខ្ញុំ»។

​ ផល ធ្វើការនៅទំនប់ត្រពាំងថ្មរហូតដល់ឆ្នាំ១៩៧៩។ ផល បានឮប្រធានកងប្រកាសឲ្យរត់ទៅទិសខាងលិច នៅពេលកងទ័ពវៀតណាមបានចូលមកដល់។ នៅពេលសួរបញ្ជាក់អំពីមូលហេតុនេះ​ ផល​លើកឡើងថា «កាលណោះមានពាក្យចចាមអារ៉ាមមកថា យើងត្រូវរត់ទៅឲ្យលឿន ខ្លាចវៀតណាមវះពោះ»។ ផល បានរត់ចោលសាក់កាដូរបស់គាត់ ដែលនៅក្នុងនោះមានខែ្សកមាសកន្ទុយកណ្តុរទម្ងន់ប្រហែល១តម្លឹង ដែលម្តាយគាត់បានចែកឲ្យ។ គាត់និយាយថា «កាលណោះមាសប្រាក់ទ្រព្យសម្បត្តិមិនសូវមានតម្លៃទេ ធ្វើយ៉ាងណាឲ្យតែអាចរត់រួចខ្លួនពីកងទ័ពវៀតណាម»។ គាត់បានរត់ភៀសខ្លួនរហូតដល់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃ ហើយចូលជំរុំស្រៈកែវ។ នៅទីនោះគាត់ត្រូវបានបំពាក់បំប៉នឲ្យចូលតស៊ូទៀត ដើម្បីទប់ទល់នឹងកងទ័ពវៀតណាម។ គាត់ត្រូវបានបំពាក់កាំភ្លើង M-16 ដើម្បីការពារក្រែងលោកមានសត្រូវមកជិត។ នៅពេលសួរថា តើគាត់ធ្លាប់ប្រើកាំភ្លើងនោះបាញ់មនុស្សទេ ផល ឆ្លើយតបទាំងសើចថា គាត់មិនដែលបានប្រើកាំភ្លើងនោះបាញ់មនុស្សទេ។ គាត់បានប្រើវាសម្រាប់បាញ់ផ្លែដូង។

វត្តអន្លង់វែង ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមាន។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពជា)

នៅឆ្នាំ២០០០ ផល បានមករស់នៅស្រុកអន្លង់វែងហើយបានរៀបការជាមួយប្តីរបស់គាត់ដែលជាអ្នកស្រុកស្ទោង ខេត្តកំពង់ធំ ហើយមានកូនបីនាក់ គឺស្រីម្នាក់ និងប្រុសពីរនាក់។ កូនប្រុសម្នាក់របស់គាត់មានប្រពន្ធនៅខេត្តតាកែវ។ គាត់ប្រាប់ថា ដីលំនៅដ្ឋានបច្ចុប្បន្នរបស់គាត់ដែលមានទំហំ៤០ម៉ែត្រ គុណ​១២០ម៉ែត្រ គឺបានមកពីការដូរកូនជ្រូកតូចមួយជាមួយម្ចាស់ដី។ នៅពេលសួរថា ហេតុអ្វីបានជាគាត់សម្រេចចិត្តរស់នៅស្រុកអន្លង់វែងជាជាងវិលត្រឡប់ទៅស្រុកកំណើត ផល ឆ្លើយតបថា «ខ្ញុំមិនចង់ទៅ

ដណ្តើមដីធ្លីពីបងប្អូននៅស្រុកកំណើតទេ ព្រោះខ្ញុំបានចាកចេញមកហើយ»។

នៅពេលររំឭកអំពីម្តាយ ផល រៀបរាប់ទាំងទឹកភ្នែករលីងរលោងថា “ម្តាយខ្ញុំមានសម្បុរខ្មៅហើយទាប។ កាលនោះគាត់មានជំងឺទឹកនោមផ្អែម។​ ខ្ញុំធ្លាប់បានទៅលេងម្តាយខ្ញុំនៅស្រុកកំណើតពីរទៅបីដង បន្ទាប់ពីសមាហរណកម្មរួច ហើយគាត់ក៏បានលួងលោមខ្ញុំឲ្យវិលត្រឡប់ទៅរស់នៅជួបជុំគាត់និងបងប្អូននៅទីនោះដែរ។ ខ្ញុំបានជម្រាបគាត់ថា ខ្ញុំមានផ្ទះសម្បែងនៅទីនេះហើយ។​ ខ្ញុំក៏បានយកគាត់មករស់នៅជាមួយខ្ញុំនៅទីនេះប្រហែលកន្លះឆ្នាំ។  ប៉ុន្តែគាត់និយាយថា គាត់អត់ចេះរស់នៅទីនេះទេ ដោយសារមិនដូចនៅផ្ទះគាត់។ គាត់ថា គាត់សុខចិត្តស្លាប់ចោលឆ្អឹងនៅស្រុកកំណើតវិញប្រសើរជាង»។ ប្រហែល១០ឆ្នាំបន្ទាប់ពីគាត់វិល​ត្រឡប់ទៅខេត្តតាកែវវិញ ម្តាយ ផល បានស្លាប់ដោយសារជំងឺលើសឈាមស្ថិតក្នុងវ័យ៧៥ឆ្នាំ។​ ផល​ រៀបរាប់ថា «បន្ទាប់ពីទទួលដំណឹងតាមទូរសព្ទមកថា ម្តាយខ្ញុំស្លាប់ដោយសារគាត់គេងធ្លាក់ពីលើខ្នើយ បណ្តាលឲ្យ​ដាច់សរសៃឈាមខួរក្បាល ខ្ញុំក៏ប្រញាប់ប្រញាល់រៀបចំចេញដំណើរទៅជួបមុខគាត់ជាលើកចុងក្រោយ។​ ប៉ុន្តែដំណើរនេះត្រូវចំណាយពេលដល់ទៅ២យប់ ដោយសារផ្លូវធ្វើដំណើរពីទីនេះទៅខេត្តតាកែវមានការលំបាកខ្លាំង»។ បន្ទាប់ពីបុណ្យសពម្តាយរួច ផល បានវិលត្រឡប់មករស់នៅស្រុកអន្លង់វែងវិញ។

មកដល់ត្រង់ចំណុចនេះ យើងក៏បានសម្រាកបន្តិច។ បន្ទាប់មក ផល ចាប់ផ្តើមរំឭកឡើងវិញនូវការងារលំបាកនៅខាងទំនប់ត្រពាំងថ្ម។ គាត់និយាយថា «ខ្ញុំមិនដែលបានឃើញទំនប់ហ្នឹងទៀតទេឥឡូវនេះ​ មិនដឹងមានសភាពយ៉ាងម៉េចទេ»។ នៅពេលសួរថា តើគាត់ចង់ទៅឃើញទំនប់នោះម្តងទៀតទេ​‌?​គាត់សើច ហើយនិយាយថា »មានអី ចង់ទៅមើលម្តងទៀតដែរ»។ ផល និយាយថា គាត់បានជួបជាមួ​យ​អ៊ឹម ចែម ដោយចៃដន្យនៅផ្ទះពេទ្យបាន នៅពេលគាត់មកពិនិត្យសុខភាពកាលពី៣ឆ្នាំមុន។ អ៊ឹម ចែម​បានហៅគាត់ ហើយពួកគាត់ទាំងពីរនាក់ក៏បានសួរសុខទុក្ខគ្នាទៅវិញទៅមក។ «នៅពេលខ្ញុំជួបគាត់ មីងចែម ហៅខ្ញុំថា នារីផល។ យើងបានសួរសុខទុក្ខគ្នាទៅវិញទៅមក»។ ខណៈនោះ អ៊ំស្រីម្នាក់ទៀតដែលជាយុទ្ធនារីកាន់កាំភ្លើងធំជំនាន់ខ្មែរក្រហម ហើយដែលនៅរង់ចាំពិនិត្យសុខភាពដែរ បានបន្ទរឡើងថា «យើងធ្វើការធ្ងន់ពេក​កាលពីក្មេង លុះដល់ចាស់ទៅ យើងឈឺខ្លួនប្រាណ។ អ្នកណាធ្វើការដល់ខ្ញុំទៀត កាលនោះ ខ្ញុំបាញ់បោះ តស៊ូយ៉ាងខ្លាំង។ ប៉ុន្តែនៅទីបំផុត នៅសល់តែបាតដៃទទេ ហើយធ្លាក់ខ្លួនឈឺទៀត»។

មកដល់ត្រឹមវគ្គនេះ លោកគ្រូពេទ្យបាន ហៅ ផល ឲ្យចូលពិនិត្យសុខភាព។ ខ្ញុំក៏បានផ្អាកការសម្ភាសន៍​ជាមួយគាត់មួយសន្ទុះសិន។

ក្រោយពីពិនិត្យសុខភាពរួច យើងក៏បានបន្តការសន្ទនាអំពីសុខភាពទៀត។ ផល ត្អូញត្អែរថា «ខ្ញុំមានអាការឈឺទ្រូង និងចុករោយខ្លួនប្រាណ ដោយសារខ្ញុំធ្វើការងារធ្ងន់ បណ្តាលឲ្យបាក់កម្លាំង។ កាលនោះយើងនៅក្មេង នៅមានកម្លាំងខ្លាំង ហើយធ្វើការមិនដឹងហត់ទេ។ លុះដល់យើងចាស់ទៅទើបដឹងថា ការងារធ្ងន់ហួសកម្លាំងបណ្តាលឲ្យប៉ះពាល់ដល់សុខភាពបែបនេះ”។

ការសន្និដ្ឋានរបស់ ផល គឺមិនខុសពីការលើកឡើងរបស់គ្រូពេទ្យដែលបានមកពិនិត្យ និងពិគ្រោះជំងឺជូនគាត់ និងអ្នករស់រានមានជីវិតផ្សេងទៀតនៅឯវត្តអន្លង់វែងកាលពីថ្ងៃទី៦និងទី៧ ខែកញ្ញា នោះទេ។ បន្ទាប់ពីការរៀបរាប់អំពីអាការៈរបស់គាត់រួច លោកគ្រូពេទ្យបានប្រាប់គាត់ថា ដោយសារគាត់បានធ្វើការងារធ្ងន់កាលពីមុន ទើបបណ្តាលឲ្យគាត់មានជំងឺគ្រាំ និងឈឺសន្លាក់។ លោកគ្រូពេទ្យក៏បានណែនាំឲ្យគាត់ថែទាំសុខភាពឲ្យបានល្អ ដោយចៀសវាងការងារធ្ងន់ ហើយហូបអាហារដែលមានជីវជាតិ និងសម្រាកឲ្យបានច្រើន។

ផល បានយល់ដឹងអំពីការថែទាំសុខភាពច្រើន។ ទោះបីគាត់មានបញ្ហាសុខភាព ប៉ុន្តែអ្វីដែលល្អសម្រាប់លទ្ធផលពិនិត្យសុខភាពរបស់គាត់នៅថ្ងៃនេះគឺ កម្រិតជាតិស្ករក្នុងឈាមនិងសម្ពាធឈាមរបស់គាត់ធម្មតា។ គាត់លើកឡើងថា ដើម្បីថែទាំសុខភាពឲ្យបានល្អគឺយើងត្រូវហូបចុកឲ្យបានគ្រប់គ្រាន់ រស់នៅស្អាត និងប្រកបដោយអនាម័យ និងធ្វើលំហាត់ប្រាណ។

នៅពេលស្នើសុំឲ្យរៀបរាប់អំពីការសម្រាន្ត ផល បាននិយាយថា «នៅពេលណាងងុយដេក យើងឆាប់ចូលដេក បើមិនដូច្នេះទេ យើងអាចប្រឈមនឹងការដេកមិនលក់។ ជាទូទៅ ឲ្យតែបានភ្ញាក់ម្តងហើយ គឺមិនងាយដេកលក់វិញទេ។ ឥឡូវនេះ មិនដូចកាលនៅពីក្មេងទេ។ ប្រសិនបើខ្ញុំចូលដេកម៉ោង៨យប់អី ម៉ោង១០យប់ភ្ញាក់ម្តង។ លុះដល់ម៉ោងប្រហែល២យប់ទើបដេកលក់វិញទៀត»។

សព្វថ្ងៃ ផល មើលថែចៅៗ៣នាក់របស់គាត់ ហើយដាំដំណាំបន្តិចបន្តួច ដូចជាត្រកួន ល្ពៅ នៅក្បែរផ្ទះសម្រាប់ធ្វើម្ហូប។ នៅពេលមិនស្រួលខ្លួន ផល ទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ហើយជួនកាលទៅគ្លីនិកឯកជន ឬទិញថ្នាំនៅឯកន្លែងលក់ថ្នាំពេទ្យតាមភូមិ។ ផល និយាយថា «នៅពេលយើងធ្វើតាមការណែនាំរបស់គ្រូពេទ្យបានល្អ ខ្ញុំឃើញថាស្រួលខ្លួន»។ ​បន្ទាប់ពីនិយាយរួច ផល បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញជាមួយអ្នកជិតខាងរបស់គាត់ដោយក្តីរីករាយ។

អត្ថបទ ៖ សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក