ជុំ ផល ៖ ខ្ញុំធ្លាក់ខ្លួនឈឺដោយសារការងារធ្ងន់ជំនាន់ខ្មែរក្រហម
ជុំ ផល អង្គុយរង់ចាំការចុះឈ្មោះនិងពិនិត្យសុខភាពនៅឯវត្តអន្លង់វែង ដែលរៀបចំដោយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដោយទឹកមុខញញឹមស្រស់ស្រាយ។ ខ្ញុំក៏បានដើរចូលទៅអង្គុយជិតគាត់ហើយសាកសួរសុខទុក្ខ និងរឿងរ៉ាវជីវិតខ្លះៗរបស់គាត់កាលពីសម័យខ្មែរក្រហម។ នៅពេលសួរថា តើគាត់ចងចាំអ្វីជាងគេកាលពីជំនាន់ខ្មែរក្រហម។ គាត់ឆ្លើយតបដោយសម្តីស្រទន់ប៉ុន្តែច្បាស់ៗថា «កាលណោះគេឲ្យយើងធ្វើការងារធ្ងន់ ដូចជា រែកដី ជីប្រឡាយ គ្មានពេលសម្រាក និងគ្មានអាហារហូបចុកគ្រប់គ្រាន់។ ខ្ញុំធ្លាក់ខ្លួនឈឺដោយសារតែការងារធ្ងន់បែបនេះ»។ ជុំ ផល គឺជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីជាច្រើនទៀត ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហមហើយដែលត្រូវបានសម្ភាសន៍ដោយអ្នកស្ម័គ្រចិត្តកម្ពុជាកាលពីឆ្នាំ២០២១។ គាត់ត្រូវបានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងអញ្ជើញឲ្យមកពិនិត្យសុខភាព ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៩៩នាក់ទៀត នាថ្ងៃទី៦និង៧ ខែកញ្ញា ឆ្នាំ២០២៣។ គាត់បានធ្វើដំណើរចេញពីភូមិរបស់គាត់ជាមួយអ្នកជិតខាងម្នាក់ដែលមានវ័យចាស់ជាងគាត់៥ឆ្នាំ ហើយជាយុទ្ធនារីកាន់កាំភ្លើងធំជំនាន់ខ្មែរក្រហម។ បច្ចុប្បន្ន ជុំ ផល មានអាយុ៦៦ឆ្នាំ រស់នៅភូមិបឹង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមាន ជ័យ។ គាត់មានស្រុកកំណើតនៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់បានបែកពីឳពុក ម្តាយតាំងពីអាយុ១២ឆ្នាំ ហើយត្រូវបានចាត់ចូលកងចល័តនារី១០៨ និងបញ្ជូនទៅស្រុកកោះអណ្តែត ខេត្តតាកែវ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ យ៉ា រ៉ាន់។ គាត់មិនចង់បែកពីម្តាយទេ ហើយគាត់បានរត់ទៅរកម្តាយ ប៉ុន្តែត្រូវបានបំបែកចេញពីម្តាយមកវិញជាច្រើនលើកច្រើនសារ។ គាត់និយាយថា «កាលណោះខ្ញុំរត់ចូលទៅជួបម៉ែ ប៉ុន្តែត្រូវបានគេទាញចេញមកវិញ។ គេមិនឲ្យយើងនៅជាមួយគ្នាទេ។ គេឲ្យយើងចូលតស៊ូ»។ ម៉ែខ្ញុំតាមមករកខ្ញុំដែរ ប៉ុន្តែយើងមិនដែលបានជួបគ្នាទេកាលណោះ។ នៅពេលសួរថា គាត់នឹកម្តាយដែរឬទេ? គាត់ឆ្លើយដោយទឹកភ្នែករលីងរលោងថា »នឹកម៉ែ ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច។ បើគេមិនឲ្យយើងជួបគ្នា»។ បន្ទាប់ពីធ្វើការនៅស្រុកកោះអណ្តែតមួយរយៈពេលខ្លី គាត់ត្រូវបានបញ្ជូនតាមរថភ្លើងមកភ្នំពេញ។នៅពេលមកដល់ភ្នំពេញបានរយៈពេលមួយសប្តាហ៍ គាត់ក៏ត្រូវបញ្ជូនទៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យហើយទៅធ្វើការនៅការដ្ឋានត្រពាំងថ្ម។ នៅពេលរំឭកអំពីអាងត្រពាំងថ្ម ផល នឹកឃើញឈ្មោះ អ៊ឹម ចែម ភ្លាម។ គាត់និយាយថា អ៊ឹម ចែម មានស្រុកកំណើតនៅខេត្តតាកែវ ហើយគាត់ទាំងពីរនាក់បានស្គាល់គ្នាតាំងពីមុនចេញដំណើរទៅស្រុកថ្មពួក។ ប៉ុន្តែគាត់នៅក្នុងក្រុមផ្សេងគ្នា។ ផល ហៅគាត់ថា មីងចែម។ «ខ្ញុំនៅកងចល័ត ចំណែកគាត់កាន់ខាងប្រជាជននៅស្រុកព្រះនេត្រព្រះ»។ នៅពេលសួរថា ហេតុអ្វីបានជា អ៊ឹម ចែម មានតួនាទីជាគណៈតំបន់? ផល ឆ្លើយថា «ប្រហែលគាត់មានស្នាដៃ ពូកែនយោបាយទេដឹង ទើបថ្នាក់លើឲ្យគាត់កាន់គណៈតំបន់បែបនេះ»។ នៅពេលសាកសួរអំពីការងារ និងការហូបចុកនៅកងចល័ត គាត់ឆ្លើយថា «គេឲ្យយើងទៅរែកដី លើកទំនប់ទប់ទឹកសម្រាប់ធ្វើស្រែប្រាំង។ យើងត្រូវភ្ញាក់តាំងពីម៉ោង៣ទៀបភ្លឺ រួចស្លៀកពាក់ ជួបជុំគ្នា និងហាត់ប្រាណ