នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានការសហការ និងការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់អ្នកគ្រូ ហុង ឈុនហ៊ី នាយិការងនៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន មេសរជ្រៃ បានចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែ ចំនួន១៩០ក្បាល ដល់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ចំនួន៤ថ្នាក់ នៃវិទ្យាល័យនេះដែលមានទីតាំងស្ថិតនៅក្នុង ភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ធ្វើការណែនាំខ្លួន និងក្រុមការងារ។ ឆ្លៀតឱកាសនេះដែរ លោក ស៊ាង ចិន្ដា លើកឡើងអំពីមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលជាសាខារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងតួនាទីរបស់មជ្ឈមណ្ឌលស្រាវជ្រាវមួយនេះ។ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តអនុវត្តកិច្ចការងារស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅតាមមូលដ្ឋានក្នុងការចងក្រងឯកសារ អប់រំ និងផ្សព្វផ្សាយឯកសារ ស្តីអំពីប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលគ្រប់គ្រងប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ បន្ទាប់ពី ការផ្ដល់បទបង្ហាញ អំពីមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរួចរាល់ លោក ស៊ាង ចិន្ដា ពន្យល់អំពីសារសំខាន់នៃសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាឯកសារប្រវត្តិសាស្ត្រគ្មានពីរសម្រាប់សិស្សានុសិស្ស ដែលជាក្មេងជំនាន់ក្រោយដើម្បីធ្វើការសិក្សាឈ្វេងយល់ចេញពីព្រះរាជកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ មកប្រទេសកម្ពុជា។
ជាចុងក្រោយ លោក ស៊ាង ចិន្ដា លើកទឹកចិត្តសិស្សានុសិស្សដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រឹងប្រែងសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្ត និងថែរក្សាសៀវភៅនេះទុកជាឯកសារប្រវត្តិសាស្រ្តផ្ទាល់ខ្លួន។
អ្នកគ្រូ ហុង ឈុនហ៊ី នាយិការងនៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន មេសរជ្រៃ បានលើកទឹកចិត្តដល់ប្អូនៗដែលបានចូលរួម នៅក្នុងកម្មវិធីឲ្យខិតខំពង្រីកថែមទៀតនូវការអាន និងរំឭកមេរៀន ដើម្បីត្រៀមខ្លួនក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខនេះ ឲ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។ បន្ទាប់ពី ទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរសិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ និងទស្សនៈយល់ឃើញ ដូចខាងក្រោម ៖
ប៊ុន ស្រ៊ាងហេង អាយុ១៧ឆ្នាំ ជាសិស្សថា្នក់ទី១២ ផ្នែកវិទ្យាសាស្រ្តពិត លើកឡើង ថា «ខ្ញុំធ្លាប់ឃើញការចុះផ្សាយអំពីសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ហើយថ្ងៃនេះ ខ្ញុំទទួលបានសៀវភៅនេះផ្ទាល់ធ្វើឲ្យខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង។ នៅពេលខ្ញុំបើកសៀវភៅនេះ ខ្ញុំឃើញរូបភាពឯកសារដ៏កម្រ និងខ្លឹមសារប្រវត្តិសាស្រ្ត ដែលខ្ញុំមិនដែលដឹងពីមុនមក។ ខ្ញុំនឹងយកចំណេះដឹងដែលទទួលបានពីសៀវភៅនេះទៅចែករំលែកជាមួយមិត្តភក្តិដែលខ្ញុំស្គាល់»។
គង់ ស៊ាងឌី អាយុ១៧ឆ្នាំ ជាសិស្សថា្នក់ទី១២ ផ្នែកវិទ្យាសាស្រ្តពិត រៀបរាប់ថា បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ខ្ញុំរំភើបព្រោះវាជាព្រះរាជកំណត់ហេតុរបស់ហ្លួងយាយ។ ខ្ញុំយល់ថាសៀវភៅ នេះពិតជាមានតម្លៃសម្រាប់ខ្ញុំ ដែលជាកូនចៅជំនាន់ក្រោយ។ ខ្ញុំនឹងកាន់តែយល់ដឹងបន្ថែមទៀតអំពីបរិបទប្រវត្តិសាស្រ្តខ្មែរយើងនាពេលនោះ។ ចំណេះដឹងដែលខ្ញុំទទួលបានពីសៀវភៅ »សាក្សីប្រវត្តិសាស្រ្ត» នេះ ខ្ញុំនឹងយកទៅចែករំលែកបន្តទៅកាន់សិស្សប្អូនជំនាន់ក្រោយទៀត។ ខ្ញុំសូមអរគុណ និងសំណូមពរព្រះរាជបណ្ណាល័យហ្លួងម៉ែបន្តកម្មវិធីចុះចែកសៀវភៅនេះ»។
អត្ថបទ និង រូបថត ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម