សិស្សានុសិស្សចំនួន១៦០នាក់នៃវិទ្យាល័យ ព្រែកដំបូក ទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែចំនួន១៦០ក្បាលដល់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១១នៃវិទ្យាល័យ ព្រែកដំបូក។ វិទ្យាល័យព្រែកដំបូក ស្ថិតនៅក្នុងភូមិព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីន្ធរ ខេត្តកំពង់ចាម។

ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ធ្វើការណែនាំខ្លួន និងក្រុមការងារ។ ឆ្លៀតឱកាសនេះដែរ លោក ស៊ាង ចិន្ដា លើកឡើងអំពីមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលជាសាខាបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងតួនាទីរបស់មជ្ឈមណ្ឌលស្រាវជ្រាវនេះ។ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តអនុវត្តកិច្ចការងារស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅតាមមូលដ្ឋាន ក្នុងការចងក្រងឯកសារ អប់រំ និងផ្សព្វផ្សាយឯកសារស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម (ឬប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ) ដែលគ្រប់គ្រងប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

បន្ទាប់ពីការផ្ដល់បទបង្ហាញខ្លីអំពីមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរួចរាល់ លោក ស៊ាង ចិន្ដា ពន្យល់អំពីសារសំខាន់នៃសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលជាឯកសារប្រវត្តិសាស្ត្រគ្មានពីរសម្រាប់សិស្សានុសិស្ស និងក្មេងជំនាន់ក្រោយដើម្បីធ្វើការសិក្សាឈ្វេងយល់ចេញពីព្រះរាជកំណត់របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរមកប្រទេសកម្ពុជា។

ជាចុងក្រោយ លោក ស៊ាង ចិន្ដា លើកទឹកចិត្តសិស្សានុសិស្សដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រឹងប្រែងសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្ត និងថែរក្សាសៀវភៅនេះជាឯកសារប្រវត្តិសាស្រ្តផ្ទាល់ខ្លួន។

លោក នូ ប៊ុណ្ណា នាយករងវិទ្យាល័យព្រែកដំបូកក៏បានយកទឹកចិត្ត បន្ថែមទៅកាន់សិស្សានុសិស្ស ឲ្យខិតខំនិងយកចិត្តទុកដាក់លើការសិក្សាប្រវត្តិសាស្រ្ត ជាពិសេសការសិក្សាផ្ទាល់ពីសាក្សីរស់ គឺសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ និងទស្សនៈយល់ឃើញ ដូចខាងក្រោម ៖

ហាក់ ឈុននី អាយុ១៧ឆ្នាំ គឺជាសិស្សថា្នក់ទី១១ ផ្នែកវិទ្យាសាស្រ្តពិត នៃវិទ្យាល័យព្រែកដំបូក លើកឡើងថា ខ្ញុំធ្លាប់ឃើញការចុះផ្សាយអំពីសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  ហើយនៅថ្ងៃនេះខ្ញុំទទួលបានសៀវភៅនេះដោយផ្ទាល់ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់។ នៅពេលខ្ញុំបើកសៀវភៅនេះ ខ្ញុំឃើញរូបភាពឯកសារដ៏កម្រ និងខ្លឹមសារប្រវត្តិសាស្រ្តដែលខ្ញុំមិនដែលដឹងពីមុនមក។ ខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំទទួលបានពីសៀវភៅនេះទៅចែករំលែជាមួយមិត្តភក្តិដែលខ្ញុំស្គាល់។

ពៅ សុខលីម អាយុ១៧ឆ្នាំ គឺជាសិស្សថា្នក់ទី១១ ផ្នែកវិទ្យាសាស្រ្តពិត នៃវិទ្យាល័យព្រែកដំបូក រៀបរាប់ថា បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គឺខ្ញុំរំភើប ព្រោះវាជាព្រះរាជកំណត់ហេតុរបស់ហ្លួងយាយ។ ខ្ញុំយល់ឃើញថាសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នេះ គឺពិតជាមានតម្លៃសម្រាប់រូបខ្ញុំផ្ទាល់ដែលជាកូនចៅជំនាន់ក្រោយ។ ខ្ញុំអាចអាន និងយល់ដឹងបន្ថែមទៀតអំពីបរិបទប្រវត្តិសាស្រ្តខ្មែរយើងនាពេលនោះ។ អ្វីដែលខ្ញុំទទួលបានពីសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» នេះ ខ្ញុំនឹងយកទៅចែករំលែកបន្តទៅកាន់សិស្សប្អូនជំនាន់ក្រោយទៀត។ ខ្ញុំសូមអរគុណ និងសូមណូមពរព្រះរាជបណ្ណាល័យហ្លួងម៉ែបន្តកម្មវិធីចុះចែកសៀវភៅនេះ។

អត្ថបទ និង រូបថត  ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

 

អត្ថបទផ្សេងទៀត៖