អំឡុងពេល៥ថ្ងៃ គឺពីចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន១៩៥ក្បាល ដល់គ្រប់អាជ្ញាធរឃុំសង្កាត់ទាំង៣៣ ក្នុងស្រុកបុរីជលសារ ស្រុកត្រាំកក់ និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។
នេះគឺជាការចែកផ្សាយលើកទីពីរ បន្ទាប់ពីការចែកផ្សាយទស្សនាវដ្តី «ស្វែងរកការពិត» របស់មជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីដើមទសវត្សរ៍ឆ្នាំ២០០០កន្លងទៅ នៅតាមបណ្តាឃុំ សង្កាត់ ស្រុក ខណ្ឌ និងខេត្តនានាទូទាំងប្រទេសកម្ពុជា។ តាមរយៈការចែកផ្សាយនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា នៅតែត្រូវបានស្គាល់ថា ជាស្ថាប័នមួយដែលមានការទទួលស្គាល់ និងជឿទុកចិត្តពីគ្រប់អាជ្ញាធរមូលដ្ឋាន លើកិច្ចការប្រមែប្រមូល ចងក្រង និងអប់រំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។
ប្រធានក្រុមប្រឹក្សាឃុំសង្កាត់ទាំង៣៣ បានសាទរចំពោះការចែកផ្សាយសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» និងបានផ្តល់ការសហការខ្ពស់ក្នុងការកសាងឯកសារប្រវត្តិសាស្ត្រ ដើម្បីការចងចាំជារួមរបស់ប្រជាពលរដ្ឋកម្ពុជាទាំងចាស់ និងក្មេង ព្រមទាំងបានសម្តែងអារម្មណ៍រំភើបរីករាយចំពោះការគិតគូរដល់កូនចៅទាំងអស់គ្នាពីហ្លួងម៉ែ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះប្រវត្តិសាស្ត្រជាតិ។
ក្នុងជំនួបជាមួយអាជ្ញាធរឃុំទាំងអស់ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ នឹងពង្រឹងទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង ក្នុងការសហការការងារជាមួយគ្នាក្នុងកម្រិតមូលដ្ឋាន ដើម្បីបន្តផ្តល់ការអបរំដល់ក្មេងៗជំនាន់ក្រោយពីប្រវត្តិសាស្ត្រខ្មែរក្រហមដើម្បីការចងចាំ និងផ្តល់ដល់ប្រជាពលរដ្ឋដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ពីវិធីសាស្ត្រក្នុងការព្យាបាលរបួសផ្លូវចិត្ត និងការអប់រំពីសុខភាពសាធារណៈ ដើម្បីប៉ះប៉ូវនូវភាពអយុត្តិធម៌ដែលពួកគាត់បានបាត់បង់កាលពីក្នុងរបបខ្មែរក្រហម និងផ្តល់ដល់ពួកគាត់នូវការអប់រំថែរក្សាសុខភាពឲ្យល្អប្រសើរឡើងដែលអាចបន្តអាយុជីវិតរស់នៅបានយូរតទៅទៀត។
សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» មានសារសំខាន់ណាស់សម្រាប់អ្នកដែលបានទទួល និងអ្នកអាន ព្រោះសៀវភៅនេះពិតជាបានធ្វើឲ្យអ្នកទាំងនោះ ជាពិសេសអ្នកដែលធ្លាប់ឆ្លងកាត់សម័យកាលជូរចត់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០មក រំឭកឡើងវិញពីអតីតកាលរបស់ខ្លួនដែលធ្លាប់ចូលព្រៃម៉ាគី ដើម្បីបុព្វហេតុរំដោះជាតិចេញពីការត្រួតត្រារបស់របបសាធារណរដ្ឋខ្មែរ ដឹកនាំដោយ លន់ នល់ និងដើម្បីនាំយកមេដឹកនាំប្រទេសមួយដែលខ្លួនពេញចិត្ត គឺសម្តេចព្រះ នរោត្តម សីហនុ ត្រឡប់មកប្រទេសវិញ។ សៀវភៅនេះ មិនត្រឹមតែជាឯកសារដ៏មានសារសំខាន់ក្នុងការលើកកម្ពស់ដល់ការចងចាំប្រវត្តិសាស្ត្រជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដ៏មានប្រសិទ្ធភាពក្នុងការកសាងសន្តិភាព ការផ្សះផ្សា ការអភិវឌ្ឍន៍ និងការរារាំងការកកើតឡើងវិញនូវរបបប្រល័យពូជសាសន៍។ ប្រធានក្រុមប្រឹក្សាឃុំ ក៏ដូចជាសមាជិកក្រុមប្រឹក្សាទាំងអស់ បានបង្ហាញពីការយល់ឃើញចំពោះសៀវភៅនេះថា ជាឯកសារដ៏មានសារសំខាន់មួយ ដែលពួកគាត់អាចយកធ្វើមូលដ្ឋានក្នុងការទប់ស្កាត់អំពើហិង្សាក្នុងសហគមន៍គាត់។
ប្រធានក្រុមប្រឹក្សាឃុំបានកាម បាននិយាយថា «ក្មេងៗជំនាន់នេះ មិនយល់ដឹងពីប្រវត្តិសាស្ត្រពីអតីតកាលយើងឡើយ។ វាចេះតែបង្ករឿងឈ្លោះប្រកែកគ្នា ប្រព្រឹត្តអំពើមិនគប្បីក្នុងសង្គម។ ខ្ញុំព្រមានពួកវាច្រើនដងហើយ ហើយថ្ងៃក្រោយប្រសិនជាមានរឿងនេះកើតឡើងទៀត ខ្ញុំនឹងឲ្យវាអង្គុយអានសៀវភៅនេះ ដើម្បីឲ្យវាស្វែងយល់ថាជីដូនជីតាវាលំបាកយ៉ាងណាកាលពីអតីតកាល។ ខ្ញុំយល់ថា ក្មេងៗទាំងនោះអាចកែប្រែគំនិតបន្តិចម្តងៗ ហើយវានឹងល្អប្រសើរឡើងនាពេលខាងមុខ»។
ប្រធានក្រុមប្រឹក្សាឃុំអង្គខ្នុរ ត្រពាំងក្រញូង បូរីជលសារ និងឃុំឧត្តមសុរិយា បានលើកឡើងដូចៗគ្នាថា គាត់នឹងអញ្ជើញមេភូមិទាំងអស់មកជុំ ដើម្បីស្វែងយល់អំពីអត្ថន័យនៅក្នុងសៀវភៅនេះ និងឲ្យផ្សព្វផ្សាយបន្តទៅកាន់អ្នកភូមិ ដើម្បីត្រិះរិះពិចារណាមុននឹងគិតពីការប្រព្រឹត្តអំពើហិង្សទៅលើនរណាម្នាក់។
មេឃុំត្រពាំងក្រញូង និយាយដូច្នេះថា «ចាស់ៗខ្លះហាក់ដូចជាភ្លេចបាត់អស់នូវទុក្ខលំបាកដែលខ្លួនធ្លាប់ឆ្លងកាត់ ហើយបែរជាប្រព្រឹត្តអំពើហិង្សាលើគ្រួសារ និងអ្នកដទៃ។ ចំណែកឯក្មេងៗជំនាន់ក្រោយ រឹតតែមិនដឹងទៀតថា ការតស៊ូដើម្បីគេចចេញពីសង្គ្រាម ជួបប្រទះការលំបាកយ៉ាងណាខ្លះ។ ដូច្នេះ ខ្ញុំនឹងឲ្យអ្នកទាំងនោះចំណាយពេលវេលាអានសៀវភៅនេះ ហើយឲ្យគាត់គិតគូរឡើងវិញពីមូលហេតុដែលនាំឲ្យកើតមានអំពើសម្លាប់មនុស្សយ៉ាងរង្គាលកាលពីរបបខ្មែរក្រហម។ ខ្ញុំចង់និយាយថា ការប្រើប្រាស់អំពើហិង្សាតូចក្តី ធំក្តី វានឹងបង្កទៅជាអសន្តិសុខសង្គម ហើយវាអាចក្លាយជាការប្រព្រឹត្តអំពើប្រល័យពូជសាសន៍»។
មេឃុំបុរីជលសារ និយាយថា «ខ្ញុំធ្លាប់បម្រើការជាប៉ូលីសជាតិក្នុងរបបសង្គមរាស្ត្រនិយម។ ខ្ញុំដឹងថា លោកទាំងពីរលំបាកណាស់ក្នុងការបង្រួបបង្រួមជាតិ និងដឹកនាំប្រទេសឲ្យចាកឆ្ងាយពីសង្គ្រាម។ ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋល្អ យើងគួរគប្បីរួមគ្នាថែរក្សាសន្តិភាព និងកុំប្រព្រឹត្តអំពើហិង្សាដែលនាំឲ្យមានអស្ថិរភាពសង្គម។ សៀវភៅនេះ គឺជាគោលសម្រាប់មនុស្សទាំងអស់ពិចារណាថា តើគួរវិលត្រឡប់ទៅអតីតកាលវិញ ឬគួរឈានជើងឆ្ពោះទៅមុខទៀត ដោយមិនមានសង្គ្រាម»។
នៅតាមសាលាឃុំនីមួយៗដែលយើងបានទៅដល់ និងជួបដើម្បីចែកចាយសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សុទ្ធតែបានបង្កើតការពិភាក្សាដោយឥតគ្រោងទុក ពីការរំឭកឡើងវិញពីប្រវត្តិអតីតកាលរបស់ខ្លួនឆ្លងកាត់របបខ្មែរក្រហម។ យើងបានអង្គុយស្តាប់ការជជែកពិភាក្សាគ្នាពីប្រវត្តិទាំងនោះយ៉ាងយកចិត្តទុកដាក់ និងបានរៀនសូត្រពីព្រឹត្តិការណ៍នានាដែលបានកើតឡើងតាមតំបន់នីមួយៗ។ ជាមួយគ្នានេះដែរ ក្រុមការងារយើងបានលើកទឹកចិត្តឲ្យគាត់ចែករំលែករឿងរ៉ាវទាំងនោះ ជាមួយក្មេងៗជំនាន់ក្រោយដែលបាន និងកំពុងស្នើសុំធ្វើកិច្ចការងារស្ម័គ្រចិត្តជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តតាកែវ ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្រុមការងារយើង ក៏បានស្នើសុំឲ្យអាជ្ញាធរឃុំទាំងអស់ ជួយសម្របសម្រួលដល់ក្រុមយុវជនស្ម័គ្រចិត្តទាំងនោះ ក្នុងការចុះទៅជួប និងសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតដែលស្ថិតនៅក្រោមការគ្រប់គ្រងពីអាជ្ញាធរឃុំ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានទទួលពាក្យស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្តចំនួន១៤០នាក់រួចហើយ មកពីស្រុកបូរីជលសារ ស្រុកត្រាំកក់ ស្រុកព្រៃកប្បាស និងស្រុកបាទី។ អ្នកទាំងនោះ គឺជាក្មេងៗជំនាន់ក្រោយដែលភាគច្រើនមានអាយុក្រោម២៥ឆ្នាំ ហើយសព្វថ្ងៃកំពុងសិក្សានៅវិទ្យាល័យក្នុងខេត្ត និងមហាវិទ្យាល័យ។ មជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ នឹងរៀបចំសិក្ខាសាលាមួយនៅដើមខែកញ្ញានេះ ដើម្បីតម្រង់ទិសអ្នកស្ម័គ្រចិត្តកម្ពុជាទាំងនោះ ឲ្យមានជំនាញក្នុងការចុះទៅជួបសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិកំណើតរបស់ខ្លួន។
អត្ថបទ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា