សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង ទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» ចំនួន១០០ក្បាល ដល់សិស្សានុសិស្ស ដែលកំពុងសិក្សាថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

លោក លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមលើកឡើងអំពីសារសំ​ខាន់​នៃសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាឯកសារប្រវត្តិសាស្ត្រសម្រាប់សិស្សានុសិស្សដែលជាក្មេងជំនាន់ក្រោយសិក្សាឈ្វេងយល់ចេញពីព្រះរាជកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ យាងមកទស្សនកិច្ចតំបន់រំដោះនៃរណសិរ្សរួបរួមជាតិកម្ពុជា ឆ្នាំ១៩៧៣។ លោក លី ដេវីត លើកទឹកចិត្តសិស្សានុសិស្សដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ព្យាយាមអានឲ្យចប់ដើម្បីបង្កើនចំណេះដឹងប្រវត្តិសាស្រ្ត និងរក្សាទុកជាឯកសារប្រវត្តិសាស្រ្តផ្ទាល់ខ្លួន។

ឆ្លៀតឱកាសនេះ លោក ស៊ាន សុផល នាយកស្តីទីនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង និងគណៈគ្រប់គ្រងវិទ្យាល័យ ថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលបានផ្ដល់សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» ដែលជាឯកសារប្រវត្តិសាស្រ្តកម្ពុជាដ៏មានសារសំខាន់ដល់សិស្សានុសិស្ស។ លោកនាយកស្តីទី ស៊ាន សុផល បន្តថា «សាក្សីប្រវត្តិសាស្ត្រ» នឹងតម្កល់ទុកនៅបណ្ណាល័យ ដើម្បីអនុញ្ញាតដល់សិស្សានុសិស្សទាំងអស់ធ្វើការសិក្សាស្រាវជ្រាវ។

បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» សិស្សានុសិស្សបង្ហាញចំណាប់អារម្មណ៍ និងទស្សនយល់ឃើញដូចខាងក្រោម៖

ឡុង ចាន់លីនដា អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្តពិត នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង រៀបរាប់ថា ក្រោយពីបានទទួលសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង។ ខ្ញុំសូមអរព្រះគុណដល់សម្តេចម៉ែ ដែលបានរាជានុញ្ញាតឲ្យបណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបោះពុម្ព និងចែកសៀវភៅនេះ។ ខ្ញុំនឹងចែករំលែកចំណេះដឹងពីក្នុងសៀវភៅនេះជាមួយអ្នកជិតខាងនិងមិត្តរួមថ្នាក់។ ខ្ញុំសំណូមពរទៅកាន់បណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ជួយផ្តល់សៀវភៅផ្សេងៗទៀតសម្រាប់សិស្សវិទ្យាល័យពាមជីកងអាន និងទុកតម្កល់នៅបណ្ណាល័យ។

ស៊ីម ដូឡា អាយុ ១៧ឆ្នាំ រៀនថា្នក់ទី១២ ផ្នែកវិទ្យាសាស្រ្តពិត នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ឲ្យដឹងថា ខ្ញុំពិតមានមោទនភាពខ្លាំងណាស់ដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាព្រះរាជនិពន្ធផ្ទាល់របស់សម្តេចយាយ។ សៀវភៅនេះ ពិតជាមានតម្លៃ និងសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេស សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវ។

វណ្ណា រិតណាក់ អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្ត្រពិត នៅវិទ្យាល័យ ហ៊ុនសែនពាមជីកង និយាយថា បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាព្រះរាជនិពន្ធផ្ទាល់របស់សម្តេចម៉ែ ខ្ញុំមានអារម្មណ៍រំភើបក្រៃលែង។ សៀវភៅនេះបានរៀបរាប់ពីប្រវត្តិសាស្ត្រសំខាន់ៗ។ ខ្ញុំនឹងយកចំណេះដឹងដែលទទួលបានពីការអានសៀវភៅសាក្សីប្រវត្តិ​សាស្រ្តទៅចែករំលែកជាមួយឪពុក ម្ដាយ ពូ មីង។ ខ្ញុំសំណូមពរទៅបណ្ណាល័យសម្ដេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាផ្ដល់សៀវភៅប្រវត្តិសាស្រ្តប្រទេសកម្ពុជាដល់ក្មេងជំនាន់ក្រោយដើម្បីអាន។

ស្រូយ អ៊ាងលី អាយុ ១៨ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្ត្រពិត នៅវិទ្យាល័យហ៊ុនសែនពាមជីកង បានប្រាប់ថា ខ្ញុំមានអារម្មណ៍រំភើបព្រោះបានទទួលសៀវភៅ «សាក្សីប្រវត្តិ​សាស្រ្ត» យកមកអាន និងឈ្វេងយល់នូវប្រវត្តិសាស្ត្រដែលខ្ញុំមិនធ្លាប់ឆ្លងកាត់ពីមុនមក។ ខ្ញុំនឹងយកចំណេះដឹងដែលទទួលបានពីសៀវភៅសាក្សីប្រវត្តិសាស្រ្តនេះទៅចែករំលែកជាមួយប្អូនៗជំនាន់ក្រោយដែលពុំធ្លាប់បានសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ខ្ញុំសំណូមពរទៅបណ្ណាល័យសម្ដេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាជួយណែនាំ និងពន្យល់សិស្សឲ្យយល់ពីប្រវត្តិសាស្ត្រកម្ពុជាឲ្យបានច្រើន។

ភី ស្រីពេជ្រ អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្ត្រពិត នៅវិទ្យាល័យ ហ៊ុន សែនពាមជីកង រៀបរាប់ថា បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាព្រះរាជនិពន្ធផ្ទាល់របស់សម្តេចម៉ែខ្ញុំមានអារម្មណ៍រំភើប។ ខ្ញុំយល់ថា សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាព្រះរាជនិពន្ធផ្ទាល់របស់សម្តេចម៉ែ គឺជាជំនួយដ៏សំខាន់មួយសម្រាប់ការសិក្សារបស់ខ្ញុំ។ ខ្ញុំនឹងយកចំណេះដឹងដែលទទួលបានពីសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ទៅចែករំលែកជាមួយបងប្អូនមិត្តភ័ក្តិ។ ខ្ញុំសំណូមពរបណ្ណាល័យសម្ដេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ជួយផ្ដល់សៀភៅប្រវត្តិសាស្រ្តផ្សេងៗដល់សិស្សានុសិស្សវិទ្យាល័យពាមជីកង។

អត្ថបទ និង រូបថត ៖ សាំង ចាន់ធូ និង លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

 

អត្ថបទផ្សេងទៀត៖