ប្រជានេសាទដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅសហគមន៍ចាមក្នុងភូមិទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម សរុបមានចំនួន៤០នាក់ ទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» បោះពុម្ពផ្សាយដោយបណ្ណាល័យសម្ដេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ពីក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។
នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយលោក ស៊ាង ចិន្ដា, លី ដេវីត និង សាំង ចាន់ធូ ចុះទៅជួបប្រជានេសាទដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយុវជន-យុវនារី នៅសហគមន៍ចាមនៅឃុំកោះសូទិន និងបានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដល់អ្នកទាំងនោះ។ ក្នុងអំឡុងពេលចែកសៀវភៅ លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បញ្ជាក់អំពីសារសំខាន់នៃសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាឯកសារប្រវត្តិសាស្ត្រសម្រាប់ការសិក្សាឈ្វេងយល់ចេញពីព្រះរាជកំណត់ហេតុរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកទស្សនកិច្ចតំបន់រំដោះនៃរណសិរ្សរួបរួមជាតិកម្ពុជា នៅឆ្នាំ១៩៧៣។
បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ប្រជានេសាទ និងយុវជន-យុវនារី នៅសហគមន៍ចាមកោះសូទិនបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖
ខ្ញុំឈ្មោះ ម៉ៅ វណ្ណា អាយុ៦៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបច្ចុប្បន្នរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បន្ទាប់ពីបានទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាព្រះរាជនិពន្ធផ្ទាល់របស់ហ្លួងម៉ែ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ពីព្រោះសៀវភៅនេះគឺជាឯកសារប្រវត្តិសាស្ត្រ ដែលរូបខ្ញុំផ្ទាល់មិនធ្លាប់បានដឹងអំពីការចូលមកប្រទេសកម្ពុជារបស់សម្តេច សីហនុ និង សម្តេចម៉ែនៅសម័យ លន់ នល់។ ខ្ញុំសូមសំណូមពរទៅបណ្ណាល័យសម្ដេចម៉ែនៃមជ្ឃមណ្ឌលកម្ពុជាបន្តចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដល់ប្រជាជនកម្ពុជាគ្រប់គ្នា។
ខ្ញុំឈ្មោះ ហ៊ីម ស្រីវ៉ាស់ អាយុ១៧ឆ្នាំ ប្រកបមុខរបរលក់ត្រី រស់នៅភូមិទី១៥ ឃុំកោះសូទិន ស្រុកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំមានអារម្មណ៍រំភើប ដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាស្នាព្រះហស្ថរបស់ហ្លួងម៉ែ។ សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» គឺជាឯកសារប្រវត្តិសាស្រ្តដ៏មានតម្លៃសម្រាប់យុវជនយុវនារីជំនាន់ក្រោយ។ ខ្ញុំនឹងយកអ្វីដែលខ្ញុំដឹងពីសៀវភៅនេះទៅចែករំលែកជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិផ្សេងទៀតក្នុងសហគមន៍។
ខ្ញុំឈ្មោះ ហូសាន់ តារើត អាយុ២៧ឆ្នាំ គឺជាអ្នកនេសាទ និងជាគ្រូបង្រៀនស្ម័គ្រចិត្តនៅសហគមន៍ ស្ថិតនៅក្នុងភូមិទី១៥ ឃុំកោះសូទិន សុ្រកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំរីករាយយ៉ាងខ្លាំងពីព្រោះខ្ញុំអាចអានសៀវភៅប្រវត្តិសាស្រ្តនេះ បន្ទាប់ពីការនេសាទ និងការបង្រៀន។ សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» គឺពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំនឹងយកព័ត៌ដែលខ្ញុំដឹងចេញពីសៀវភៅនេះទៅចែករំលែកទៅកាន់យុវជនជំនាន់ក្រោយ។ ខ្ញុំសូមថ្វាយពរ ហ្លួងម៉ែ មានព្រះរាជសុខភាពល្អ និងព្រះជន្មាយុយឺនយូរ។
ខ្ញុំឈ្មោះ សេន ប៉ាទ្រី អាយុ២៧ឆ្នាំ ប្រកបមុខរបរនេសាទត្រី និងលក់ត្រី រស់នៅភូមិទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំមានអារម្មណ៍រំភើប នៅពេលដែលបានទទួលសៀវភៅ ដែលជាស្នាព្រះហស្ថរបស់សម្ដេចម៉ែដើម្បីអាន។ ខ្ញុំសូមសំណូមពរទៅកាន់បណ្ណាល័យសម្តេចម៉ែនៃមជ្ឃមណ្ឌលឯកសារកម្ពុជាបន្តចែកសៀវភៅទៅកាន់បងប្អូននៅសហគមន៍ឲ្យបានគ្រប់គ្នាដើម្បីយល់ដឹងពីប្រវត្តិសាស្ត្រខ្មែរ។ ជាចុងក្រោយ ខ្ញុំសូមថ្វាយពរជូន ហ្លួងម៉ែ មានព្រះរាជសុខភាពល្អ និងព្រះជន្មាយុយឺនយូរ។
អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា