អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកោះសូទិន ទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»

នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តកំពង់ចាមចំនួន៥០នាក់ មកពីឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ទទួលបានសៀវភៅ  «សាក្សីប្រវត្តិសាស្ត្រ ៖ កំណត់​ហេតុ​របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» ដែលបោះពុម្ពផ្សាយដោយបណ្ណាល័យសម្ដេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ពីក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។

នៅអំឡុងពេលចែកសៀវភៅ ៖ «សាក្សីប្រវត្តិសាស្ត្រ ៖ កំណត់​ហេតុ​របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» ទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បញ្ជាក់អំពីសារសំខាន់នៃសៀវភៅនេះ ដែលជាឯកសារសម្រាប់ការសិក្សាឈ្វេងយល់អំពីប្រវត្តិ​សាស្រ្តចេញពីព្រះរាជកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ យាងមកកាន់តំបន់រំដោះនៃរណសិរ្សរួបរួមជាតិកម្ពុជា នៅអំឡុងឆ្នាំ១៩៧៣។

បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ ៖ កំណត់​ហេតុ​របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»  អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

ខ្ញុំឈ្មោះ ម៉ៅ វណ្ណា អាយុ៦៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បន្ទាប់ពីទទួលបានសៀវភៅ សាក្សីប្រវត្តិសាស្រ្ត ដែលជាព្រះរាជនិពន្ធផ្ទាល់របស់ហ្លួងម៉ែ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ពីព្រោះសៀវភៅនេះគឺជាឯកសារប្រវត្តិសាស្ត្រដែលរូបខ្ញុំផ្ទាល់មិនធ្លាប់បានដឹងអំពីការយាងចូលមកប្រទេសកម្ពុជានៅគ្រាសង្រ្គាមរបស់ទ្រង់ទាំងពីរ។ ខ្ញុំសំណូមពរទៅបណ្ណាល័យសម្ដេចម៉ែនៃមជ្ឃមណ្ឌលកម្ពុជាបន្តចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដល់ប្រជាជនកម្ពុជាឲ្យបានគ្រប់គ្នា។

ខ្ញុំឈ្មោះ ឌឿន គឹមសាន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃគឺជាមេភូមិភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ ពីព្រោះខ្ញុំបានទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត» នេះ។ ខ្ញុំនឹងបន្តផ្សព្វផ្សាយអំពីសៀវភៅនេះទៅកាន់គ្រួសារ និងអ្នកភូមិទី៨ផ្សេងទៀត។ ខ្ញុំសំណូមពរទៅបណ្ណាល័យសម្ដេចម៉ែនៃមជ្ឃមណ្ឌ​លឯកសារកម្ពុជាបន្តកិច្ចការងារចែកសៀវទៅកាន់អ្នកភូមិទី៨គ្រប់ៗគ្នា។

ខ្ញុំឈ្មោះ ហេង សាន អាយុ៤៨ឆ្នាំ គឺជាគ្រូបង្រៀន រស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំសប្បាយរីករាយដែលបានទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» និងអាចយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ខ្ញុំយល់ថាសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ»  គឺជាឯកសារដ៏ល្អសម្រាប់កូនខ្មែរជំនាន់ក្រោយដែលកើតមិនទាន់ជំនាន់នោះ អាចអាន និងឈ្វេងយល់បន្ថែម ។ ខ្ញុំនឹងយកព័ត៌មានដែលខ្ញុំដឹងពីសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ទៅនិយាយប្រាប់សមាជិកគ្រួសារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាចុងក្រោយ ខ្ញុំសូមសំណូមពរទៅបណ្ណាល័យសម្ដេចម៉ែនៃមជ្ឃមណ្ឌលឯកសារកម្ពុជា ផ្ដល់សៀវភៅប្រវត្តិសាស្រ្តផ្សេងទៀតដល់សិស្សានុសិស្សដើម្បីអាន។

អត្ថបទ ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖