គរុសិស្សនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ទទួលសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»

នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ គរុសិស្សនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមចំនួន៤០នាក់ ទទួលសៀវភៅ  «សាក្សីប្រវត្តិសាស្ត្រ ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» ដែលបោះពុម្ពផ្សាយដោយបណ្ណាល័យសម្ដេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ពីក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះ លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបានលើកឡើងអំពីសារសំខាន់នៃសៀវភៅ៖ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាឯកសារប្រវត្តិសាស្ត្រសម្រាប់សិស្សានុសិស្ស សិក្សាឈ្វេងយល់អំពីព្រះរាជកំណត់របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមសម្តេចព្រះ  នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ យាងមកកាន់តំបន់រំដោះនៃរណសិរ្សរួបរួមជាតិកម្ពុជា នៅអំឡុងឆ្នាំ១៩៧៣។ លោក ស៊ាង ចិន្ដា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ»  ព្យាយាមអានឲ្យចប់ដើម្បីបង្កើនចំណេះដឹងប្រវត្តិសាស្រ្ត និងរក្សាទុកជាឯកសារប្រវត្តិសាស្រ្តផ្ទាល់ខ្លួន។

បន្ទាប់ពីទទួលបានសៀវភៅ៖ «សាក្សីប្រវត្តិសាស្ត្រ» គរុសិស្សបានបង្ហាញអំពីចំណាប់អារម្មណ៍ និងទស្សនយល់ឃើញដូចខាងក្រោម៖

ខ្ញុំឈ្មោះ សុណា ធារ៉ា អាយុ៣៦ឆ្នាំ គឺជាគរុសិស្សឆ្នាំទី២ ឯកទេស ប្រវត្តិវិទ្យា ជំនាន់ទី៣១ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។ នាងខ្ញុំមានអារម្មណ៍ត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីទទួលបាននូវសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោ​ត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ខ្ញុំយល់ថា សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាព្រះរាជនិពន្ធផ្ទាល់ព្រះហត្ថរបស់សម្ដេចម៉ែ គឺពិតជាមានសារសំខាន់ចំពោះកូនខ្មែរគ្រប់រូបសម្រាប់យកមកសិក្សាឈ្វេងយល់បន្ថែមទៀតអំពីប្រវត្តិសាស្រ្តខ្មែរ។ នាងខ្ញុំនឹងយកចំណេះដឹងដែលទទួលបានពីសៀវភៅនេះទៅចែករំលែកជាមួយមិត្តភក្តិផ្សេងៗទៀត និងសិស្សា​នុសិស្សនៅតាមវិទ្យាល័យដែលខ្ញុំនឹងចេញទៅបង្រៀននាពេលខាងមុខនេះ។ ខ្ញុំមានសំណូមពរទៅកាន់មជ្ឈមណ្ឌលឯកសារកម្ពុជាដូចខាងក្រោម៖

-សូមឲ្យមានការបន្តផ្សព្វផ្សាយអំពីសៀវភៅឯកសារប្រវត្តិសាស្រ្តនេះទៅកាន់សិស្សា​នុសិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។

-សូមឲ្យមានការចែកជូនសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ទៅកាន់លោកគ្រូអ្នកគ្រូ សម្រាប់តម្កល់ទុកជាឯកសារប្រវត្តិសាស្រ្តនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យនានា។

ខ្ញុំឈ្មោះ ធា ថុនា អាយុ២៦ឆ្នាំ គឺជាគរុសិស្សឆ្នាំទី២ ឯកទេស ប្រវត្តិវិទ្យា ជំនាន់ទី៣១ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។ ខ្ញុំពិតជាមានកិត្តិយស និងត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលនិពន្ធដោយហ្លួងម៉ែ។ ខ្ញុំយល់ថា សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» គឺជាឯកសារប្រវត្តិសាស្រ្តយ៉ាងសំខាន់សម្រាប់សិស្សនុសិស្សពីមួយជំនាន់ទៅមួយជំនាន់សិក្សា និងឈ្វេងយល់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន។ ខ្ញុំនឹងយកព័ត៌មានចេញពីសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ទៅចែករំលែកដល់សិស្សរបស់ខ្ញុំ និងនិយាយពីរឿងរ៉ាវប្រវត្តិសាស្រ្តដែលខ្ញុំយល់ដឹងកន្លងមកប្រាប់ដល់សិស្ស និងក្មេងៗជំនាន់ក្រោយឲ្យបានដឹងពីប្រវត្តិសាស្រ្តកម្ពុជា។ នាងខ្ញុំសូមស្នើសុំសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ចំនួន២០ក្បាល ដើម្បីយកទៅទម្កល់នៅវិទ្យាល័យដែលខ្ញុំនឹងទៅបង្រៀននាពេលឆាប់ៗខាងមុខនេះ។

ខ្ញុំឈ្មោះ ជួន ស្រីវីន អាយុ២៦ឆ្នាំ គឺជាគរុសិស្សឆ្នាំទី២ ឯកទេស រូបវិទ្យា-គីមីវិទ្យា ជំនាន់ទី៣១ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។ នាងខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាព្រះរាជនិពន្ធផ្ទាល់ព្រះហត្ថរបស់ហ្លួងម៉ែ។ នាងខ្ញុំនឹងយកចំណេះដឹងប្រវត្តិសាស្រ្តដែលទទួលបានពីសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ទៅចែករំលែកជាមួយសិស្ស និងបងប្អូនរបស់ខ្ញុំ។ ខ្ញុំស្នើសុំសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ចំនួន២០ក្បាលដើម្បីយកទៅតម្កល់នៅបណ្ណាល័យនៃវិទ្យាល័យដែលខ្ញុំនឹងទៅបង្រៀននាពេលខាងមុខ។

ខ្ញុំឈ្មោះ សាយ សុខហ៊ាង មានអាយុ២១ឆ្នាំ គឺជាគរុសិស្សឆ្នាំទី២ ឯកទេស រូបវិទ្យា-គីមីវិទ្យា ជំនាន់ទី៣១ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។ នាងខ្ញុំពិតជាមានកិត្តិយសដែលបានទទួលសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» បោះពុម្ពផ្សាយដោយបណ្ណាល័យសម្ដេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ នាងខ្ញុំស្នើសុំសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ចំនួន២០ក្បាលដើម្បីយកទៅតម្កល់នៅបណ្ណាល័យនៃវិទ្យាល័យដែលនាងខ្ញុំនឹងចេញទៅបង្រៀននាពេលខាងមុខ។

ខ្ញុំឈ្មោះ មៀន ពៅ អាយុ៣០ឆ្នាំ គឺជាគរុសិស្សឆ្នាំទី២ ឯកទេស ភាសាអង់គ្លេស ជំនាន់ទី៣១ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។ ក្រោយពីទទួលបានសៀវភៅ៖ «សាក្សី​ប្រវត្តិសាស្រ្ត» ខ្ញុំមានអារម្មណ៍រំភើបណាស់ ពីព្រោះសៀវភៅនេះគឺជាឯកសារប្រវត្តិ​សាស្រ្តដ៏សំខាន់សម្រាប់រូបខ្ញុំដែលជាគ្រូបង្រៀននាពេលអនាគត។ សៀវភៅនេះបានរំឭកដល់ស្នាព្រះហត្ថរបស់ទ្រង់ទាំងពីរ។ ខ្ញុំនឹងយកព័ត៌មានដែលខ្ញុំដឹងពីសៀវភៅនេះទៅចែករំលែកដល់មិត្តភក្ដិ និងសិស្សានុសិស្សនៅវិទ្យាល័ដែលខ្ញុំបង្រៀន និងបងប្អូនអ្នកភូមិ។ ជាចុងក្រោយ ខ្ញុំស្នើសុំសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ចំនួន៥០ក្បាល ពីបណ្ណាល័យសម្ដេចម៉ែនៃមជ្ឈ​មណ្ឌលឯកសារកម្ពុជា ដើម្បីតម្កល់នៅបណ្ណាល័យនៃវិទ្យាល័យដែលខ្ញុំនឹងត្រូវទៅបង្រៀននៅពេលខាងមុខ។

អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖