ក្រុមការងារគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចុះពិនិត្យសុខភាពបឋមជូន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិកូនក្រពើ

ភូមិកូនក្រពើ​​ គឺជាភូមិដាច់ស្រយាលជាងគេក្នុងចំណោមភូមិទាំង១៤ ក្នុងឃុំជាំតាម៉ៅ ដែលស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ជាមួយស្រុកស្នួល ខេត្តក្រចេះ ដែលប្រជាជននៅទីនោះប្រើប្រាស់ក្បូន ជាមធ្យោបាយធ្វើដំណើរឆ្លងទៅស្រុកស្នួល។

នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារនៃគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាព​​របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ចំនួន៣នាក់មាន ៖ គឹម សុវណ្ណដានី, ផាត សិលា និង សុខ វណ្ណៈ រួមទាំង​អ្នកស្ម័គ្រចិត្ត​កម្ពុជាចំនួន១១នាក់ ដែលរស់នៅឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងវេជ្ជបណ្ឌិត ដោក រដ្ឋា​ និងគិលានុបដ្ឋាកយិការ ថន ម៉ារី បម្រើការនៅមន្ទីរពេទ្យខេវី ខេត្តត្បូងឃ្មុំ បានចុះទៅពិនិត្យសុខភាពបឋមដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣៧នាក់ ដែលរស់នៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្រុមការងារបានធ្វើដំណើរពីមជ្ឈមណ្ឌលឯកសារកោះថ្ម លើផ្លូវដែលទើបតែអ៊ុតកៅស៊ូរួចឆ្ពោះទៅសាលាឃុំជាំតាម៉ៅ​ក្នុងចម្ងាយប្រហែលជា១៥គីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវក្រាលគ្រួសក្រហមដោយឆ្លងកាត់ភូមិស្រែតាពេជ្រ​ មុនពេលទៅដល់ភូមិកូនក្រពើ។ នៅ​អមសងខាងផ្លូវមានទេសភាពចម្កាកៅស៊ូ និងផ្ទះប្រជាជនស្ថិតនៅទីប្រជុំជនក្នុងភូមិនីមួយៗ។ ប្រជាជននៅក្នុងភូមិកូនក្រពើ​មិនមានផ្ទះធំ​​​ទេ និងស្ទើរតែពុំមានផ្ទះសង់អំពីថ្មឬស៊ីម៉ង់ត៍។ ដោយឡែកក្មេងៗនៅក្នុងភូមិភាគច្រើនមិនបានរៀនចប់ថ្នាក់ទី១២ ហើយ​​មានសិស្សតិចតួចប៉ុណ្ណោះ ដែលបានរៀនបន្តថ្នាក់អនុវិទ្យាល័យ។ សិស្សមួយចំនួនឈប់រៀនមកជួយធ្វើស្រែចម្ការឳពុកម្តាយ ដោយសារតែជីវភាពខ្វះខាត។

នៅអំឡុងពេលពិនិត្យសុខភាព​ ក្រុមការងារនៃគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាព​​របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» រកឃើញថា អ្នកភូមិទាំងប្រុសទាំងស្រីដែលចូលរួមពិនិត្យសុខភាពមានបញ្ហាលើសឈាម៩៨ភាគរយ ដោយសារអ្នកភូមិមិនសូវបានយកចិត្តទុកដាក់លើការថែទាំសុខភាព។

វេជ្ជបណ្ឌិត ដោក រដ្ឋា គឺជាប្រធានផ្នែកវះកាត់ ជំនាញវះកាត់ទូទៅបានផ្តល់ការណែនាំដល់អ្នក​រស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិកូនក្រពើ ក្រោយពីការពិនិត្យសុខភាពបឋមរួចរាល់ ដោយសារចំនួនអ្នកមានជំងឺលើសឈាមមានច្រើន និងមានអ្នកជំងឺសម្ពាធឈាមឡើងខ្ពស់ក៏ច្រើន។ វេជ្ជបណ្ឌិតបានណែនាំឲ្យអ្នកជំងឺឲ្យផ្លាស់ប្តូររបបអាហារគឺតមហូប​ប្រៃ, ផ្អាកឬកាត់បន្ថយការផឹកស្រា​ និងជក់បារី។ បន្ថែមលើនេះទៀត អ្នកជំងឺត្រូវផឹកថ្នាំលើសសម្ពាធឈាមឲ្យបានទៀងទាត់ ថែមទាំងត្រូវទៅពិនិត្យសម្ពាធឈាមយ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយខែនៅមណ្ឌលសុខភាពដែលនៅក្បែរគាត់ ដើម្បីតាមដាន និងព្យាបាលឲ្យបានត្រឹមត្រូវ។ ឧទាហរណ៍ថា ថ្ងៃនេះគាត់ត្រូវប្រើថ្នាំត្រឹមកម្រិតលេខ៥ ប៉ុន្តែសម្ពាធឈាមរបស់អ្នកជំងឺនៅតែខ្ពស់ វេជ្ជបណ្ឌិតនៅមណ្ឌសុខភាពនឹងបន្ថែមកម្រិតថ្នាំជូនអ្នកជំងឺដើម្បីឲ្យរក្សាសម្ពាធឈាមឲ្យបានល្អ។ ផ្ទុយទៅវិញ ប្រសិនបើសម្ពាធឈាមរបស់អ្នកជំងឺបានល្អ ឬថយចុះ វេជ្ជបណ្ឌិតនឹងបន្ថយកម្រិតថ្នាំដល់អ្នកជំងឺដើម្បីរក្សាសម្ពាធឈាមឲ្យបានល្អដូចគ្នា។ ករណីជំងឺលើសឈាមដែលបានរកឃើញលើអ្នកភូមិកូនក្រពើក្រោយពីបានសួរនាំពីរបបអាហារ អ្នកជំងឺភាគច្រើនផឹកស្រា ជក់បារី និងហូបអាហារដែលមានសារជាតិប្រៃខ្លាំងដូចជា ត្រី ឬ សាច់ប្រឡាក់ និងអាហារផ្អាប់ដូចជា ប្រហុក ផ្អក និងម៉ាំជាដើម។

ក្នុងកំឡុងពេល​៣សប្តាហ៍កន្លងមកនេះ មានការរីករាលដាលនៃជំងឺគ្រុនឈាម ជំងឺគ្រុនពោះវៀន និងជំងឺផ្តាស​សាយនៅក្នុងភូមិ ក្នុងនោះអ្នកដែលរងគ្រោះខ្លាំងគឺក្មេងៗនៅក្នុងភូមិ មានអាការក្តៅខ្លួនខ្លាំងរហូតត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនដែលនៅជិត​​ និងព្យាបាលដោយការព្យួសេរ៉ូម។ ដោយមើលឃើញថា មានការចម្លងជំងឺគ្រុនឈាមច្រើន ហើយខែនេះគឺជារដូវវស្សាដែលមានភ្លៀងធ្លាក់ និងដក់ទឹកដែលជាជម្រកនៃមូសខ្លា វេជ្ជបណ្ឌិត ដោក រដ្ឋា បានផ្តល់ជាការណែនាំឲ្យប្រជាជនដេកនៅក្នុងមុង មិនថាមនុស្សចាស់ ឬក្មេងឡើយ ព្រោះជំងឺគ្រុនឈាមកើតលើមនុស្សគ្រប់វ័យទាំងអស់។

ជារួមការពិនិត្យសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលរស់នៅភូមិកូនក្រពើចំនួន ៣៧នាក់​ វេជ្ជបណ្ឌិត ដោក រដ្ឋា ​បានរកឃើញអ្នកជំងឺអស់កម្លាំង៦នាក់, វិលមុខ៦នាក់, រលាកក្រពះ ១០នាក់, រលាកសន្លាក់១នាក់, លើសឈាម១៥នាក់, ក្អក១នាក់, រលាកសួត១នាក់, រលាកផ្លោកនោម១នាក់, ឈឺចង្កេះ១នាក់ និងទឹកនោមផ្អែម១នាក់។ ក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង ៣៧នាក់ គឺដេកមិនសូវលក់នៅពេលយប់។

លោក ជឹម លឹម មានអាយុ៥១ឆ្នាំ គឺជាមេភូមិកូនក្រពើ ដែលបានសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា និងជួយរៀបចំកម្មវិធីដើម្បីពិនិត្យសុខភាពបឋមដល់អ្នកភូមិកូនក្រពើ មានប្រសាសន៍ថា គាត់ត្រេកអរណាស់ ព្រោះកន្លងមកក្រៅពីរដ្ឋាភិបាលពុំដែលមានអង្គការក្រៅរដ្ឋាភិបាលចុះមកអប់រំពីការថែទាំសុខភាពដល់ភូមិផ្ទាល់បែបនេះទេ។ គាត់បន្តថា ដោយសារភូមិកូនក្រពើគឺជាភូមិនៅដាច់ស្រយាល ហើយផ្លូវធ្វើដំណើរពិបាក ទើបមិនមានអ្នកចុះមកជួយអប់រំអំពីការថែទាំសុខភាពដល់អ្នកភូមិ ហើយសូម្បីតែសាលារៀនដែលមានតាំងពីទសវត្សរ៍ឆ្នាំ៩០ ក៏មិនសូវមានគ្រូបង្រៀនដែរ ដែលជាមូលហេតុធ្វើឲ្យក្មេងៗជំនាន់ក្រោយដែលរស់នៅក្នុងភូមិនេះមិនបានសិក្សារៀនសូត្របានខ្ពង់ខ្ពស់​។

លោក នាង​ ភា មានអាយុ​៦០ឆ្នាំ រស់នៅភូមិកូនក្រពើ មានប្រសាសន៍ថា ភូមិកូនក្រពើចាប់ផ្តើមមានសាលារៀនតាំង​ពីឆ្នាំ១៩៩១ ប៉ុន្តែមិនមានគ្រូបង្រៀនទេ គឺមានតែមនុស្សចាស់នៅក្នុងភូមិដែលចេះ អក្សរជួយបង្រៀនក្មេងជំនាន់ក្រោយឲ្យត្រឹមតែចេះអានតិចតួចប៉ុណ្ណោះ។ រហូតដល់ឆ្នាំ២០១១ ទើបមានគ្រូបង្រៀន ប៉ុន្តែនៅតែខ្វះខាត និងមិនបានង្រៀនគ្រប់គ្រាន់ទេ​ដោយសារលោកគ្រូអ្នកគ្រូត្រូវធ្វើដំណើរពីទីរួមស្រុកមេមត់​មកបង្រៀននៅភូមិដែលមានចម្ងាយប្រមាណ៣៥គីឡូ​ម៉ែត្រ។ ចំពោះកម្មវិធីពិនិត្យសុខភាពដល់ប្រជាជនក្នុងភូមិរយៈពេល២ថ្ងៃនេះ​ គឺគាត់មានការត្រេកអរព្រោះមានវេជ្ជបណ្ឌិតចុះមកពិនិត្យសុខភាពជូនគាត់ផ្ទាល់។ គាត់បានពិគ្រោះ និងពិនិត្យជំងឺដោយមានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវដោយវេជ្ជបណ្ឌិតជំនាញច្បាស់លាស់ និងទទួលបានវេជ្ជបញ្ជាដើម្បីទិញថ្នាំផឹកព្យាបាលជំងឺបានត្រឹមត្រូវ។ គាត់បានស្នើឲ្យមានការចុះមកពន្យល់ពីការថែទាំសុខភាពដល់អ្នកភូមិដើម្បីឲ្យអ្នកភូមិមានសុខភាពល្អប្រសើរជាងមុន។

យាយ ព្រំ ទូច អាយុ​៧៨ឆ្នាំ មានអាការញ័រខ្លួន វិលមុខ យូឆ្នាំមកហើយ ប៉ុន្តែដោយសារ គាត់មានជីវភាពក្រក្រី គាត់មិនបានទៅពេទ្យដើម្បីពិនិត្យសុខភាពឡើយ ប៉ុន្តែក្រោយពីបានទទួលការពិនិត្យសុខភាព​ដោយវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ បានធ្វើរោគវិនិច្ឆ័យជូនគាត់ និងបានចេញវេជ្ជបញ្ជាឲ្យគាត់ទិញថ្នាំ គាត់នឹងធ្វើតាមការណែនាំរបស់គ្រូពេទ្យដើម្បីគាត់មានអាយុវែង និងមានសុខភាពល្អឡើងវិញ។ គាត់បន្ថែមទៀតថា​ បន្ទាប់ពីបានជួបពិគ្រោះ និងពិនិត្យសុខភាពថ្ងៃនេះរួច គាត់ជឿជាក់ថាគាត់នឹងដេកលក់ស្រួល។ គាត់សូមជូនពរដល់ក្រុមការងារឲ្យ​បាន​ជោគជ័យ​គ្រប់ភារកិច្ច និងមានសុខភាពល្អ។

អត្ថបទ ៖ គឹម សុវណ្ណដានី បុគ្គលិកគម្រោងសុខភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»