មជ្ឈមណ្ឌលឯកសារកម្ពុជាជួបជុំក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាដែលធ្វើការនៅតំបន់ដាច់ ស្រយាលនៅប្រទេសកម្ពុជា

មជ្ឈមណ្ឌលឯកសារកម្ពុជាជួបជាមួយអ្នកស្ម័គ្រចិត្តកម្ពុជាចំនួន៦៨នាក់ ដែលកំពុងធ្វើការជាមួយអ្នករស់រានមានមានជីវិតពីរបបខ្មែរក្រហមនៅតាមតំបន់ដាច់ស្រយាលនៅប្រទេសកម្ពុជា រួមមានស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ, ស្រុកវាលវែង ខេត្តពោធិ៍សាត់, ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តព្រៃវែង និង ខេត្តតាកែវ។ ជំនួបនេះចាប់គឺពីថ្ងៃទី២៦ និង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងឲ្យអ្នកស្ម័គ្រកម្ពុជាស្គាល់ការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅទីក្រុងភ្នំពេញ, បណ្ណាល័យសម្តេចម៉ែ និងចូលរួមសិក្ខាសាលា «ការចងក្រងឯកសារ និងការបញ្ចូលទិន្នន័យ» ។

នៅថ្ងៃទីមួយនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាដឹកនាំដោយលោក ព្រំ ផល្លា ជំនួយការគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានទៅទស្សនកិច្ចវិមាន ឈ្នះ ឈ្នះ ដែលស្ថិតនៅជាយក្រុងភ្នំពេញ។ នៅទីនោះអ្នកស្ម័គ្រចិត្តកម្ពុជា បានឈ្វេងយល់ពីអំពីសង្រ្គាមស៊ីវិលនៅប្រទេសកម្ពុជា ដោយក្រុមឧទ្ទាមខ្មែរក្រហមដែលបានទៅប្រមូលម្តុំគ្នានៅតាមបណ្តោយព្រំដែនភាគខាងលិច បន្ទាប់ពីរបបនេះត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩​ រហូតដល់ដំណើរការចរចាបញ្ចប់សង្រ្គាមស៊ីវិលនៅប្រទេសកម្ពុជា និងការទទួលបាននូវសន្តិភាពទាំងស្រុងនៅចុងឆ្នាំ១៩៩៨ តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ នៅរសៀលថ្ងៃដដែល ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាបានទស្សនកិច្ច ព្រះបរមរាជរាំង ការិយាល័យកណ្តាលមជ្ឈមណ្ឌលឯកសារកម្ពុជា បណ្ណាល័យសម្តេចម៉ែ បន្ទាប់មកបានដើរទស្សនាអគារខ្ពស់ៗ ផ្សារទំនើប និងជីវភាពរស់នៅរបស់ប្រជាជននៅទីក្រុងភ្នំពេញ។

នៅថ្ងៃទីពីរ អ្នកស្ម័គ្រចិត្តកម្ពុជាបានចូលរួមសិក្ខាសាលាអំពី «ការចងក្រងឯកសារ និង ការបញ្ចូលទិន្នន័យ» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ អ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់ត្រូវបានទទួលស្វាគមន៍ និងរាក់ទាក់ពីលោកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា។

មុនចាប់ផ្តើមកម្មវិធីសិក្ខាសាលា ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាបានឡើងណែនាំខ្លួន និងប្រាប់អំពីកិច្ចការដែលខ្លួនកំពុងអនុវត្តរៀងៗខ្លួនដោយមានការសម្របសម្រួលពីលោក ព្រំ ផល្លា។

បន្ទាប់មកលោក រស់ សំពៅ នាយកបណ្ណាល័យសម្តេចម៉ែ និងជាប្រធានបណ្ណសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានឡើងធ្វើបង្ហាញអំពីការប្រមែប្រមូល ការចងក្រង ការថែរក្សា និងការផ្សព្វផ្សាយ។ លោក រស់ សំពៅ បានបន្ថែមថា ឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជាមានពីរប្រភេទធំៗគឺ ១) ឯកសារខ្មែរក្រហមចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និង ២) ឯកសារសិទ្ធិមនុស្ស គឺមុនឆ្នាំ១៩៧៥ និងក្រោយ ឆ្នាំ១៩៧៩ ដែលនៅក្នុងឯកសារធំៗទាំងពីខាងលើនេះ បែងចែកចេញជាប្រភេទឯកសារតូចៗផ្សេងទៀតដែលមជ្ឈមណ្ឌលឯកសារកម្ពុជាប្រមូលបា​ន និង​បានមកពីការបរិច្ចាករបស់សប្បុរសជន ដែលសរុបទាំងអស់មានចំនួនជាង១លានទំព័រ។ ឯកសារនៅមជ្ឈមណ្ឌលឯកសារត្រូវបានផ្តល់ទៅសាលាក្តីខ្មែរក្រហមដើម្បីជាភ័ស្តុតាងកាត់ទោសមេដឹកនាំខ្មែរក្រហម

តមកលោក ឆេង វ៉េង គឺជាប្រធានបណ្ណាល័យនៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានឡើងធ្វើបទបង្ហាញអំពីការគ្រប់គ្រងសៀវភៅ និងចុះបញ្ជីសៀវភៅ ថា បណ្ណាល័យនេះបានបង្កើតឡើងនៅឆ្នាំ១៩៩៨។ ដំបូងបណ្ណាល័យមជ្ឈមណ្ឌលឯកសារកម្ពុជាមានសៀវភៅតែ២០០ក្បាលតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន សៀវភៅ បានកើនឡើងជាង៣០០០ក្បាល។​ ការចុះបញ្ជីសៀវ ត្រូវបានបែងចែកជា១០ក្រុមធំៗ និងកំណត់ដោយលំដាប់លេខ ដូចតទៅគឺ ៖ ១) ស្នាដៃទូទៅ ពីលេខ 000–0៩៩, ២) ទស្សនវិទ្យា និងចិត្តវិទ្យា ពីលេខ១00 ដល់លេខ ១៩៩,  ៣) សាសនា ពីលេខ ២00 ដល់លេខ ២៩៩, ៤) វិទ្យាសាស្ត្រសង្គម ពីលេខ ៣00 ដល់ លេខ ៣៩៩, ៥) ភាសា ពីលេខ ៤00 ដល់លេខ ៤៩៩, ៦) វិទ្យាសាស្ត្រធម្មជាតិ និងគណិតវិទ្យា ពីលេខ ៥00 ដល់លេខ ៥៩៩​​, ៧) បច្ចេកវិទ្យា ពីលេខ៦00 ដល់លេខ ៦៩៩, ៨) សិល្បៈ ពីលេខ ៧០០ ដល់លេខ ៧៩៩, ៩) អក្សរសាស្រ្ត និងវោហាសាស្រ្ត ពីលេខ ៨00 ដល់លេខ ៨៩៩ ១០) ប្រវត្តិសាស្ត្រ – ជីវប្រវត្តិ និងភូមិសាស្ត្រ ពីលេខ ៩០០ ដល់លេខ ៩៩៩

លោក ឆេង វ៉េង លើកឡើងថា ការចុះបញ្ជីសៀវភៅគឺជាកិច្ចដែលត្រូវយកចិត្តដាក់ព្រោះអ្នកចុះបញ្ជីត្រូវអានខ្លឹមសារនៅក្នុងសៀវភៅទាំងអស់ដើម្បីងាយស្រួលចុះលេខរៀងទៅតាមក្រុមសៀវភៅ។ ការយល់ដឹងអំពីការចុះបញ្ជីសៀវភៅគឺមានសារសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកសរសេរសៀវភៅ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតដែលកំពុងសិក្សានៅតាមសា​កលវិទ្យាល័យនៅក្នុងស្រុក និងនៅបរទេស។

ខាងក្រោមនេះគឺជាការយល់ឃើញរបស់អ្នកស្ម័គ្រចិត្តកម្ពុជា នៅតាមបណ្ដាខេត្តដាច់ស្រយាលដែលបានចូលរួមសិក្ខាសាលា ៖

ខ្ញុំឈ្មោះ សុទី អាស៊ីរ៉ស់ គឺជាអ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តកំពង់ចាម។ ខ្ញុំមានអាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ នៅវិទ្យាល័យកោះសូទិន។ ខ្ញុំបានចូលរួមការងារស្ម័គ្រចិត្តរបស់គម្រោងសុខភាពបានរយៈពេល២ខែមកហើយ។ ថ្ងៃនេះខ្ញុំបានចូលរួមកម្មវិធីសិក្ខាសាលាអំពី «ការចងក្រងឯកសារ និង ការបញ្ចូលទិន្នន័យ» ធ្វើឲ្យខ្ញុំទទួលបានចំណេះដឹងច្រើនអំពីប្រភេទឯកសារ ការរៀបចំឯកសារ និងរក្សាទុកឯកសារ ដែលពីមុនមកខ្ញុំមិនបានដឹងថាឯកសារសំខាន់របស់មជ្ឈមណ្ឌលឯកសារកម្ពុជាមានអ្វីខ្លះនោះទេ។ ខ្ញុំសប្បាយចិត្តដែលបានចូលរួមផ្ទាល់ហើយក៏សូមអរគុណដល់វាគ្មិនដែលបានពន្យល់ពីប្រភេទឯកសារដែលខ្ញុំមិនបានដឹងពីមុនមក។

ខ្ញុំឈ្មោះ ធី គឹមហុង គឺជាអ្នកស្ម័គ្រចិត្តកម្ពុជា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំទើបតែរៀបចប់ថ្នាក់ទី១២ ហើយខ្ញុំមានឱកាសធ្វើជាអ្នកស្ម័គ្រចិត្តកម្ពុជាលើគម្រោងសុខភាព និងបានជួបសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២០នាក់។ ពេលខ្ញុំចូលរួមសិក្ខាសាលាអំពី «ការចងក្រងឯកសារ និងការបញ្ចូលទិន្នន័យ» ធ្វើឲ្យខ្ញុំដឹងអំពីប្រភេទឯកសារសំខាន់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងបានដឹងថាមជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្ដល់ឯកសារដល់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។

ខ្ញុំឈ្មោះ លី ស៊ី  មានអាយុ១៩ឆ្នាំ គឺជាអ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តត្បូងឃ្មុំ។ ខ្ញុំបានចូលធ្វើការងារស្ម័គ្រចិត្តបានរយៈពេល២ខែហើយ។ ខ្ញុំចូលចិត្តការងារស្ម័គ្រចិត្តនេះព្រោះខ្ញុំបានជួបជាមួយចាស់ទុំនៅក្នុងភូមិ និងបានស្ដាប់រឿងរ៉ាវរបស់គាត់។ ថ្ងៃនេះ ខ្ញុំបានចូលរួមកម្មវិធីសិក្ខាសាលាអំពី «ការចងក្រងឯកសារ និងការបញ្ចូលទិន្នន័យ»។ ដំបូងខ្ញុំមិនរំពឹងថាទទួលបានបទពិសោធ៍ថ្មីៗទេ ប៉ុន្តែខុសពីការរំពឹងទុកពីមុន គឺខ្ញុំទទួលបានចំណេះដឹងថ្មី បទពិសោធ៍ថ្មីៗ ស្គាល់ឯកសារសំខាន់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា គឺឯកសារក្នុងរបបកម្ពុជាប្រជាធិបតេយ្យ  និងឯកសារសិទ្ធិមនុស្ស ដែលធ្វើឲ្យខ្ញុំស្រឡាញ់កិច្ចការងារស្ម័គ្រចិត្តនេះ។

ខ្ញុំឈ្មោះ មឿន ស្រីនាង គឺជាអ្នកស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ ខ្ញុំរៀននៅវិទ្យាស្ថានសន្តិប៉ូល ឆ្នាំទី២ ផ្នែកក្សេតសាស្រ្ត។  ខ្ញុំបានធ្វើការជាអ្នកស្ម័គ្រចិត្តបានរយៈពេលប្រហែលជា២ខែហើយ។ ខ្ញុំបានជួបសម្ភាន៍ចាស់ៗចំនួន៩នាក់នៅក្នុងភូមិ ហើយចាស់ទុំមួយចំនួនបានបាត់សាច់ញាត់របស់ខ្លួននៅសម័យខ្មែរក្រហម។

ខ្ញុំឈ្មោះ យ៉េត លាងស្រេង អាយុ១៧ឆ្នាំ គឺជាអ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តព្រៃវែង។ ខ្ញុំបានចូលរួមធ្វើការងារស្ម័គ្រចិត្តបានរយៈពេល១ខែ។ ខ្ញុំសប្បាយរីករាយ និងទទួលបានចំណេះដឹងថ្មីៗអំពីការងារឯកសារនៅមជ្ឈមណ្ឌលឯសារកម្ពុជាបន្ទាប់ពីខ្ញុំបានចូលរួមសិក្ខាសាលា «ការចងក្រងឯកសារ និងការបញ្ចូលទិន្នន័យ» ជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅរាជធានីភ្នំពេញ។

ខ្ញុំឈ្មោះ ភួន សុរីន អាយុ ២០ឆ្នាំ គឺជាអ្នកស្ម័គ្រចិត្តកម្ពុជាមកពីមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។  តាមរយៈសិក្ខាសាលានៅថ្ងៃនេះ ខ្ញុំទទួលបានចំណេះដឹងច្រើនអំពីរបៀបរក្សាទុកឯកសារ និងដឹងថាឯកសារមានប៉ុន្មានប្រភេទនៅមជ្ឈមណ្ឌលឯកសារកម្ពុជា រួមទាំងការរៀបចំចុះបញ្ជីសៀវភៅនៅបណ្ណាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា ។

ក្រោយបញ្ចប់សិក្ខាសាលា​ អ្នកស្ម័គ្រចិត្តកម្ពុជានៅតាមបណ្ដាខេត្ត នឹងត្រូវបានជ្រើសរើសឲ្យមកបំពេញការងារយៈពេលមួយខែនៅមជ្ឈមណ្ឌលឯកសារកម្ពុជានៅក្រុងភ្នំពេញ។

អត្ថបទ៖ ដារ៉ារដ្ឋ មេត្តា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖