សិស្សវិទ្យាល័យបឹងព្រះ ទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

សិស្សានុសិស្សពីរក្រុមចំនួន៥១នាក់ (ប្រុស១០នាក់ និងស្រី៤១នាក់) មកពីវិទ្យាល័យ បឹងព្រះ បានមកធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងនៅទីតាំងទួលជ្រៃ ស្ថិតនៅក្នុងភូមិទួលជ្រៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ដំណើរទស្សនកិច្ចសិក្សានេះ ប្រព្រឹត្តទៅនៅក្នុងពេលតែមួយនៃការមកចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដែលក្រុមទី១ មកធ្វើទស្សនកិច្ចមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង នៅថ្ងៃទី៨ និងក្រុមទី២ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង សិស្សានុសិស្សទស្សនាពិព័រណ៍អចិន្ត្រៃយ៍ដែលព្យួរនៅតាមជញ្ជាំងការិយាល័យ និងអានសៀវភៅទស្សនាវដ្តីស្វែងការពិត និងឯកសារខ្មែរក្រហមដែលដាក់តម្កល់នៅក្នុងបណ្ណាល័យរបស់មជ្ឈមណ្ឌល។ ការអានឯកសារទាំងនេះ បានធ្វើឲ្យសិស្សានុសិស្សមួយចំនួនអាចដោះស្រាយចម្ងល់របស់ខ្លួន ហើយសិស្សានុសិស្សខ្លះទៀតបានបង្កើនចម្ងល់ទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម។ ចម្ងល់របស់សិស្សទាំងអស់ ត្រូវបានដោះស្រាយភ្លាមៗ បន្ទាប់ពីសិស្សទាំងនោះចូលរួមនៅក្នុង​វេទិកាថ្នាក់រៀន និងបន្ទាប់ពីដំណើរទស្សនកិច្ចសិក្សា។

នៅពេលរសៀលថ្ងៃដដែល សិស្សានុសិស្សទាំងអស់បានចេញដំណើរទៅកាន់ទីតាំង «ទួលជ្រៃ» ដើម្បីពិនិត្យមើលវត្ថុតាងមួយចំនួនដែលបាន​បន្សល់ទុកពីរបបខ្មែរក្រហម ដូចជា ទីតាំងសម្លាប់ ចេតិយតម្កល់អដ្ឋិធាតុអ្នកស្លាប់ក្នុងរបបខ្មែរក្រហម និងជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅនឹងទីតាំងផ្ទាល់ សិស្សានុសិស្សភាគច្រើនបានផ្តោតអារម្មណ៍ចំពោះភ័ស្តុតាងដែលបានបន្សល់ទុកពីរបបខ្មែរក្រហម និងស្តាប់ការចែករំលែករឿងរ៉ាវពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អំពីប្រវត្តិផ្ទាល់ខ្លួនរបស់គាត់ ប្រវត្តិរឿងរ៉ាវក្នុងភូមិ និងប្រវត្តិសាស្ត្រនៃការសម្លាប់មនុស្សនៅទួលជ្រៃ។ ចុងបញ្ចប់នៃការធ្វើទស្សនកិច្ចសិក្សានៅទួលជ្រៃ សិស្សានុសិស្សទាំងអស់ បានយល់ដឹងកាន់តែច្រើនអំពីប្រវត្តិនៃការសម្លាប់មនុស្សនៅទួលជ្រៃ តាមរយៈសាក្សីប្រវត្តិសាស្ត្រដែលនៅមានជីវិតនៅឡើយ ហើយកំពុងតែស្ថិតក្នុងភាពចាស់ជរា។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖