ខ្ញុំឈ្មោះ ង៉ែត យុន ភេទស្រី អាយុ៨០ឆ្នាំ មានស្រុកកំណើតនៅភូមិទុល្លភ៍ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ប៉ុន្តែសព្វថ្ងៃខ្ញុំរស់នៅឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ខ្ញុំរៀនបានត្រឹមថ្នាក់មជ្ឈិមដ្ឋាន ដោយដំបូងឡើយខ្ញុំរៀននៅវត្ត ក្រោយមករៀននៅសាលានរាយណ៍ ស្ថិតនៅ ស្រុកឈូក ខេត្តកំពត។ បន្ទាប់មក ខ្ញុំឈប់រៀន ហើយមកជួយមើលគោ និងធ្វើការងារឪពុកម្ដាយ។ ខ្ញុំរៀបការនៅក្នុងរបប លន់ នល់។ ប្ដីរបស់ខ្ញុំមកពីខេត្តតាកែវ។ អំឡុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។ នៅក្នុងរបប លន់ នល់ ខ្ញុំសន្សំប្រាក់ទិញបានកង់មួយគ្រឿង ហើយពេលទៅណាមកណាខ្ញុំបានជិះកង់នោះ។ កង់របស់ខ្ញុំធ្វើពីដេរ៉ា ដោយកាលនោះខ្ញុំទិញក្នុងតម្លៃ៣៥០រៀល។ ខ្ញុំស្រឡាញ់កង់នោះនិងចាត់ទុកជាទ្រព្យសម្បត្តិមានតម្លៃសម្រាប់ខ្ញុំ។
ពេលខ្មែរក្រហមចូលមកគ្រប់គ្រងក្នុងភូមិ មេភូមិបានរឹបអូសកង់ខ្ញុំដាក់ជារបស់រួម។ ខ្ញុំត្រូវតែយល់ព្រមតាមការស្នើសុំ។ កាលនោះគ្រួសារខ្ញុំមានជីវភាពមធ្យមព្រោះមានបាយហូបគ្រប់គ្រាន់ ដូច្នេះអង្គការបានចាត់ទុកគ្រួសារខ្ញុំជាវណ្ណៈកណ្ដាល។ ឪពុករបស់ខ្ញុំត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារខាងសង្គមកិច្ច ប៉ុន្តែគាត់មិនទទួលបានរបបខោអាវ ដែលអង្គការបើកឲ្យនោះទេ។ ចំណែកខ្ញុំអង្គការចាត់តាំងឲ្យទៅកងចល័តរែកដី និងលើកទំនប់។ អង្គការសង្កេតមើលនរណាដែលមានកម្លាំងមាំមួន មាឌធំ ដើម្បីចែកបង្គីធំៗឲ្យសម្រាប់រែកដី និងចាត់ចូលទៅក្នុងកងពិសេស។ ទំនប់ដែលខ្ញុំចូលរួមលើកកាលនោះ រួមមាន ទំបន់អូរខ្លី, ទំបន់ម្លេច និង ស្ទឹងថេរ។ ខ្ញុំធ្វើការងារបានទាំងអស់តាមការចាត់តាំងរបស់អង្គការ។
ថ្ងៃមួយអង្គការបានធ្វើបាបឪពុកខ្ញុំ ដោយឲ្យគាត់ហូបពោតលីងដែលរឹងទោះបីជាដឹងថាធ្មេញរបស់គាត់ពុកបាក់អស់នៅសល់តែអញ្ចាញប៉ុណ្ណោះ បន្ទាប់ពីអង្គការបង្អត់បាយគាត់អស់រយៈពេល៣ថ្ងៃ។ ខ្ញុំឃើញមានប្រជាជនថ្មី ឬប្រជាជន១៧ មេសា ដែលទើបជម្លៀសមកដល់ ត្រូវបានអង្គការយកទៅវាយចោលទាំងអស់។
ខ្ញុំដើរលើផ្លូវដែលខ្ញុំតែងតែដើររាល់លើកពេលចេញទៅនិងមកពីធ្វើការ ពេលនោះខ្ញុំឃើញសាកសពមនុស្សដែលខ្មែរក្រហមវាយចោល ហើយមិនបានយកទៅកប់។ ពេលខ្លះ ខ្ញុំឃើញឡានដឹកសាកសពមកទម្លាក់ចោលនៅទីនោះទៀត។ ខ្ញុំបានឃើញហេតុការណ៍នោះនៅម៉ោង៥ល្ងាចពេលខ្ញុំត្រឡប់មកពីធ្វើការវិញ។ ខ្ញុំមានសំណាងល្អបាននៅរស់ជីវិតមកដល់សព្វថ្ងៃ។
អត្ថបទ ៖ ដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត