ជំនួបជាមួយលោក ឯក ចិន្តា ចៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣

នារសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានធ្វើការទាក់ទង និងបានទៅជួបជាមួយ លោក ឯក ចិន្តា ចៅសង្កាត់កំពង់លាវដើម្បីជម្រាបអំពីគោលបំណងនៃការអនុវត្តកម្មវិធីចំនួន៤ ដែលមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានធ្វើឡើងជា​រៀងរាល់ខែនៅក្នុងការិយាល័យរបស់ខ្លួន ស្ថិតនៅក្នុង ភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

បន្ទាប់ពីស្តាប់របាយការណ៍រួច លោកចៅសង្កាត់បានទទួលស្វាគមន៍ក្រុមការងារ ដោយទឹកមុខសប្បាយរីករាយ។ ជាកិច្ចចាប់ផ្តើម ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានជម្រាបបន្ថែមអំពីដំណើរការនៃសកម្មភាពការងាររបស់មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែងចំនួន៤ ដែលត្រូវបានធ្វើឡើងជារៀងរាល់ខែ គឺ ទី១) វេទិកាថ្នាក់រៀនជាមួយសិស្សានុ​សិស្ស ទី២) វេទិកាអប់រំសហគមន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សានុសិស្ស ទី៣) វេទិកាអប់រំសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទី៤) វេទិកាប្រវត្តិសាស្ត្រគ្រួសារ។

ជាមួយគ្នានេះដែរ ចំពោះគម្រោងវេទិកាប្រវត្តិសាស្ត្រគ្រួសារ ភា រស្មី បានបន្ថែមថា ខាងមជ្ឈមណ្ឌលសុំការអនុញ្ញាតពីលោកចៅសង្កាត់ដើម្បីចុះសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតនៅតាមផ្ទះនីមួយៗ ដែលរស់នៅក្នុងសង្កាត់កំពង់លាវទាំងមូល ដើម្បីប្រមូលសាច់រឿងរបស់ អ្នករស់នៅក្រោមរបបខ្មែរក្រហម មកចងក្រងធ្វើជាឯកសារតម្កល់ទុកសម្រាប់ក្មេងជំនាន់ក្រោយបានសិក្សារៀនសូត្រ។

បន្ថែមពីលើនេះ ភា រស្មី បានជម្រាបអំពីដំណើរការនៃការជ្រើសរើស អ្នកស្ម័គ្រចិត្តក៏ដូចជាបុគ្គលិកកិច្ចសន្យាក្នុងរយៈពេលមួយឆ្នាំពេញដល់លោកចៅសង្កាត់។ ឱកាសនោះ លោកចៅសង្កាត់ បានលើកឡើងថា ជាការល្អដែលមជ្ឈមណ្ឌលឯកសារបានជម្រាបជួនគាត់អំពីដំណើរការនៃការចុះអនុវត្តការងារនីមួយៗ ការពារមានអ្នកសួរនាំច្រើន និងដើម្បីសុវត្ថិភាពនៅតាមភូមិឃុំ ក៏ដូចជា ដំណើរការនៃការចុះអនុវត្តគម្រោងបានប្រព្រឹត្តទៅយ៉ាងរលូន។

ជាចុងក្រោយ ភា រស្មី​ តំណាងឲ្យមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង បានថ្លែងអំណរគុណលោកចៅសង្កាត់ ចំពោះការសហការ និងការអនុញ្ញាតឲ្យមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃអនុវត្តគម្រោងរបស់ខ្លួនដោយរលួន។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

រូបថត​ ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»