វត្តរោងដំរី ស្ថិតនៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ បើតាមព្រះតេជគុណ យាង ភាល័ត ព្រះចៅអធិការវត្តរោងដំរី មានសង្ឃដីកាថា កាលពីសម័យដើម វត្តរោងដំរីមានព្រះអង្គធ្វើពីសំរឹទ្ធសុទ្ធមួយអង្គដែលបានដាក់តម្កល់ទុកនៅព្រះវិហារ។ ក្រោយមកនៅអំឡុងសម័យសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាក៏មានការទម្លាក់គ្រាប់បែកយ៉ាងច្រើននៅជុំវិញវត្តរោងដំរី និងលើព្រះវិហារវត្តរោងដំរីនេះ ប៉ុន្តែគ្រាប់បែកដែលទម្លាក់មកទាំងនោះមិនផ្ទុះ និងពុំដែលចំព្រះវិហារឡើយ ព្រោះនៅក្នុងព្រះវិហារមានព្រះអង្គធ្វើពីសំរឹទ្ធសុទ្ធដែលតាមវិទ្យាសាស្រ្តសំរិទ្ធគឺមានសារធាតុដែលមិនអាចឲ្យគ្រាប់បែកផ្ទុះ ហើយម្យ៉ាងទៀតដោយសារមានជំនឿថាវត្តនេះមានបារមីស័ក្តិសិទ្ធិ។
មកដល់របបខ្មែរក្រហម កម្មាភិបាលខ្មែរក្រហមបានយកកុដិព្រះសង្ឃដែលសង់អំពីថ្មធ្វើជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺ និងយកព្រះវិហារធ្វើជាកន្លែងចិញ្ចឹមជ្រូក ហើយទីតាំងធម្មសាលា ខ្មែរក្រហមប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃ។ ចំណែកព្រះអង្គសំរឹទ្ធិគឺរក្សាទុកនៅព្រះវិហារដដែល។ ព្រះអង្គមានសង្ឃដីកាបន្តថា ក្រោយពីរបបខ្មែរក្រហមដួលរលំ លោកយាយ លោកតា និងពុទ្ធបរិស័ទ្ធបាននាំគ្នាបោសសម្អាតព្រះវិហារដែលបន្សល់ទុកសុទ្ធតែលាមកជ្រូក និងទីធ្លាវត្ត ដើម្បីរៀបចំប្រើប្រាស់ជាកន្លែងគោរពបូជាឡើងវិញ។ ដោយសារព្រួយបារម្ភពីការបាត់បង់ព្រះអង្គសំរឹទ្ធ ពុទ្ធបរិស័ទបាននាំគ្នាសែងព្រះអង្គសំរឹទ្ធពីបល្ល័ងមករក្សាទុកនៅកុដិព្រះសង្ឃវិញ ប៉ុន្តែមិនអាចរំកិលព្រះអង្គសំរឹទ្ធបានឡើយ។ ក្រោយមកទើបអាចារ្យ និងពុទ្ធបរិស័ទលេងភ្លេងពិណពាទ្យចំនួន៧បទថ្វាយ និងបន់ស្រន់ទើបអាចរំកិលព្រះអង្គសំរឹទ្ធចេញពីបល្ល័ង្កបាន។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ព្រះអង្គសំរិទ្ធនោះត្រូវបានចោរចូលមកយកនៅវេលាម៉ោង៣ទៀបភ្លឺ ទោះបីពេលនោះព្រះសង្ឃនិងអាចារ្យវត្តដឹងក៏ដោយក៏មិនអាចធ្វើការទប់ស្កាត់បានដែរ ព្រោះក្រុមចោរបានប្រើកាំភ្លើងដើម្បីគំរាម។ ចាប់តាំងពីពេលនោះមក គឺនៅសល់តែបល្ល័ងព្រះអង្គសំរឹទ្ធតែប៉ុណ្ណោះ។
បច្ចុប្បន្ន នៅក្នុងបរិវេណវត្តរោងដំរីនេះនៅមានសេសសល់សំណង់ចេតិយដែលមានអាយុយ៉ាងតិច៦០ឆ្នាំជាច្រើន, កុដិ និងធម្មសាលាមានអាយុកាលច្រើនឆ្នាំ ត្រូវបានថែរក្សាទុកបានយ៉ាងល្អ។ ចំណែកផ្នែកខ្លះនៃព្រះវិហារត្រូវបានកែលម្អដោយដាក់ពិដាន និងមានការគូរគំនូរ ហើយដំបូលត្រូវបានជំនួសដោយក្បឿងថ្មី ក្រៅពីនោះគឺនៅរក្សាទម្រង់ដើមដដែល ដូចជា ផ្ទោង ផ្លាន ធ្នឹម ហោជាង ទ្វា បង្អូច ដែលសាងសង់ពីឈើ ចំណែកជញ្ជាំងសង់ពីឥដ្ឋលាយបាយអរ។ តាមសង្ឃដីការរបស់ព្រះចៅអធិការវត្ត សសរទាំងអស់នៅព្រះវិហារនេះគឺសង់អំពីឈើទាំងអស់ ដែលដឹកតាមកប៉ាល់មកពីខេត្តក្រចេះនៅមុនសម័យបារាំងទៅទៀត។ សសរឈើទាំងនេះនៅរឹងមាំ និងទ្រទ្រង់ព្រះវិហារបាននៅឡើយ ដោយគ្រាន់តែមានការលាបថ្នាំ និងគូរគំនូរពីលើ។ ដោយសារវត្តរោងដំរីមានអាយុកាលច្រើនឆ្នាំ និងមានសំណង់ ព្រមទាំងចេតិយបុរាណច្រើនទើបមានពុទ្ធបរិស័ទនិងក្រុមការងារព្រះបរមរាជវាំងមកធ្វើបុណ្យជាញឹកញាប់។
អត្ថបទ និង រូបថត ៖ សោម ប៊ុនថន និពន្ធនាយកទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា