ការស្រាវជ្រាវតំបន់ប្រវត្តិសាស្រ្តតាមរយៈការចងចាំ

ស្ពានតាម៉ុក

ស្ពានតាម៉ុក ដែលទ្រុឌទ្រោមប្រើការលែងបានធ្វើពីស៊ីម៉ងត៍ ត្រូវប្រជាជនក្នុងតំបន់ស្គាល់គ្រប់គ្នាថាជាស្ពានតាម៉ុក ត្រូវបានសាងសង់ឡើងដំណាលគ្នាជាមួយនឹងផ្ទះ និងព្រែកជីក តាម៉ុក។ ស្ពាននេះ អាចមើលឃើញពីត្រើយម្ខាងបានយ៉ាងច្បាស់និងមានសភាពស្ងាត់ជ្រងំ។ ជារៀងរាល់ថ្ងៃប្រជាកសិករ​ធ្វើដំណើរតាមទូកឆ្លងកាត់ក្រោមស្ពាននេះដើម្បីធ្វើស្រែ។ ពុំមានផ្លូវថ្នល់ ឬផ្លូវដែលអាចធ្វើដំណើរដោយថ្មើរជើងឬជិះទៅកាន់ទីនោះឡើយ ក្រៅពីធ្វើដំណើរដោយទូកឬទូកកាណូត។ ផ្លូវដែលតភ្ជាប់ពីស្ពាននេះទាំងមុខនឹងក្រោយគឺជាទំនប់ដ៏ធំមួយ ដែលប្រើការលែងបាននាពេលបច្ចុប្បន្ន។ នៅប្រមាណជា៣០០ម៉ែត្រពីគល់ស្ពានភាគខាងជើងគឺជាប្រឡាយដ៏ធំ ដែលតភ្ជាប់រហូតដល់ប្រទេសវៀតណាម។ ទំនប់តាម៉ុក ត្រូវបានកាត់ផ្តាច់ត្រង់ប្រឡាយនេះនៅដើមទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីបើកច្រកចេញចូលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម។

ទំនប់ តាម៉ុក

ទំនប់ តាម៉ុក ដ៏ធំត្រូវបានលើក ក្នុងរបបខ្មែរក្រហម ក្នុងស្រុកបូរីជលសារ ក្រោមការដឹកនាំរបស់តាម៉ុក។ ទំនប់នេះ បានដាច់ដោយអន្លើៗនាពេលបច្ចុប្បន្ន និងមិនអាចធ្វើចរាចរបានឡើយ។ ពីត្រើយម្ខាងដែលជាថ្នល់ជាតិ យើងអាចមើលឃើញទំនប់នេះលឹមៗនៅចំកណ្តាលវាលស្រែដ៏ធំល្វឹងល្វើយ។ បើតាមលោកអភិបាលរងស្រុក បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងកសាងទំនប់នេះឡើងវិញក្នុងពេលអនាគតដ៏ខ្លី។ នៅក្បាលទំនប់នេះ មានផ្ទះតូចមួយសង់នៅពីលើ ហើយនៅប្រមាណតែកន្លះគីឡូពីផ្ទះតូចនោះ មានផ្ទះតូចល្មមមួយទៀត ក៏ត្រូវបានសាងសង់ឡើងនៅជាប់នឹងគល់ស្ពានតាម៉ុក។ ក្រៅពីផ្ទះពីរខ្នងនេះ ពុំឃើញមានការសាងសង់អ្វីពីលើទំនប់នេះទៀតទេ។

ព្រែកជីក តាម៉ុក

តភ្ជាប់ពីស្ពានតាម៉ុក យើងឃើញមានព្រែកជីកមួយដែលមានទំហំទទឹងប្រមាណ២០ម៉ែត្រ លាតសន្ធឹកយ៉ាងវែងកាត់ពីស្រុកបូរីជលសារ រហូតដល់ស្រុកអង្គរបូរី។ ព្រែកជីកនេះ ត្រូវបានជីកឡើងនៅក្នុងឆ្នាំ១៩៧៥ ដោយកម្លាំងប្រជាជន។ ផ្ទះតាម៉ុក ស្ថិតនៅចម្ងាយប្រមាណ៥០ម៉ែត្រពីព្រែកនេះ។

ផ្ទះតាម៉ុក

ក្រៅពីផ្ទះវីឡាដ៏ធំស្កឹមស្កៃស្ថិតនៅចំកណ្តាលផ្ទៃទឹកនាក្រុងដូនកែវ ទីរួមខេត្តតាកែវ តាម៉ុក នៅមានផ្ទះចំនួនពីរខ្នងទៀត ស្ថិតនៅដាច់សង្វែងពីភូមិប្រជាជន គឺនៅក្នុងវាលស្រែដ៏ធំល្វឹងល្វើយ ក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។ ផ្លូវទៅកាន់ផ្ទះតាម៉ុក គឺផ្លូវទឹក។ ផ្ទះនេះ សព្វថ្ងៃនៅសេសសល់តែខឿន ជណ្តើរ និងអាងទឹកប៉ុណ្ណោះ។ បើតាមសាក្សីជាម្ចាស់ទូកកាណូត ដែលមានអាយុ៤៣ឆ្នាំ បានឲ្យដឹងថា គាត់ធ្លាប់មកឃ្វាលគោនៅទីទួលក្បែរផ្ទះតាម៉ុក កាលពីអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០ និងបានឃើញផ្ទះនេះស្ថិតនៅក្នុងទ្រង់ទ្រាយដើមដែលមានប្រក់ក្បឿងក្បាច់ ពាសជញ្ជាំងក្តារ និងរៀបបេតុងនៅផ្នែកខាងក្រោម។ ម្ចាស់ទូកកាណូតបានប្រាប់ថា ផ្ទះខ្នងធំជាងគេ មានទំហំប្រមាណ៨គុណនឹង៩ម៉ែត្រ ហើយផ្ទះតូចៗនៅក្បែរផ្ទះធំ មានទំហំប្រមាណ៥គុណនឹង៦ម៉ែត្រ។ ជួបតាមទូរសព្ទជាមួយមេឃុំបូរីជលសារ លោកមេឃុំបានប្រាប់ថា តាម៉ុក ស្នាក់នៅផ្ទះនេះ ត្រឹមតែរយៈខ្លីៗ និងម្តងម្កាលប៉ុណ្ណោះ ក្នុងពេលដែលគាត់ធ្វើដំណើរឆ្លងកាត់ទៅកាន់ស្រុកអង្គរបូរី តាមទំនប់ដ៏ធំមួយជីកដោយកម្លាំងប្រជាជនក្នុងអំឡុងពេលកាន់កាប់ដោយខ្មែរក្រហម។ ចំណែកម្ចាស់ទូក បានប្រាប់ទៀតថា ផ្ទះរបស់តាម៉ុក ត្រូវប្រជាជនរុះរើអស់គ្មានសល់នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយជើងសសរផ្ទះដែលមានទំហំធំៗ ត្រូវប្រជាជននាំយកទៅប្រគេនព្រះសង្ឃក្នុងវត្តចំនួនពីរ នាស្រុកបូរីជលសារ។ លោកអភិបាលរង នៃគណៈអភិបាលស្រុកបូរីជលសារ មានប្រសាសន៍ថា ទីទួលដីអតីតផ្ទះតាម៉ុក គឺស្ថិតនៅក្រោមការកាន់កាប់ពីអាជ្ញាធរស្រុក ដើម្បីរក្សាទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃផ្ទះតាម៉ុក។

អត្ថបទ និង រូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

អត្ថបទផ្សេងទៀត៖